ប៉ុន្ដែពេលពួកអ្នកខាងគណៈផារិស៊ីស្ដាប់ឮ ក៏និយាយថា៖ «អ្នកនេះបណ្ដេញពួកអារក្សបានដូច្នេះ គឺដោយសារបេលសេប៊ូល ជាមេអារក្សទេតើ»។
យ៉ាកុប 3:6 - Khmer Christian Bible រីឯអណ្តាតក៏ជាភ្លើងម្យ៉ាងដែរ វាជាពិភពនៃសេចក្ដីទុច្ចរិត ហើយអណ្ដាតត្រូវបានដាក់ក្នុងចំណោមអវយវៈរបស់យើង ដែលអាចធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ហើយបញ្ឆេះអស់ទាំងដំណើរជីវិត គឺបញ្ឆេះដោយភ្លើងមកពីនរក ព្រះគម្ពីរខ្មែរសាកល អណ្ដាតជាភ្លើង ជាពិភពនៃសេចក្ដីទុច្ចរិត; អណ្ដាតត្រូវបានដាក់នៅក្នុងចំណោមអវយវៈរបស់យើង ទាំងធ្វើឲ្យរូបកាយទាំងមូលសៅហ្មង ក៏បញ្ឆេះដំណើរជីវិត ហើយខ្លួនវាក៏ត្រូវបានបញ្ឆេះដោយភ្លើងស្ថាននរកដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយអណ្តាតក៏ជាភ្លើងម្យ៉ាង ជាពិភពនៃអំពើទុច្ចរិត។ អណ្ដាតជាផ្នែកមួយនៃអវយវៈរបស់យើង ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះដំណើរជីវិតទាំងមូល ហើយភ្លើងឆេះនោះមកពីស្ថាននរក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អណ្ដាតក៏ជាភ្លើងម្យ៉ាង ជាពិភពនៃអំពើទុច្ចរិត។ អណ្ដាតជាផ្នែកមួយក្នុងចំណោមសរីរាង្គរបស់យើង ដែលធ្វើឲ្យរូបកាយទាំងមូលទៅជាសៅហ្មង និងធ្វើឲ្យដំណើរជីវិតរបស់យើងត្រូវខ្លោចផ្សា ព្រោះមានភ្លើងនរកនៅក្នុងអណ្ដាតនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអណ្តាតក៏ជាភ្លើងដែរ គឺជាលោកីយដ៏ពេញដោយសេចក្ដីទុច្ចរិត ជាគ្រឿងរាប់បញ្ចូលជា១នឹងអវយវៈឯទៀតរបស់យើង ជារបស់ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះទាំងផ្លូវជីវិតផង ហើយភ្លើងឆេះនោះមកពីស្ថាននរកដែរ អាល់គីតាប អណ្ដាតក៏ជាភ្លើងម្យ៉ាង ជាពិភពនៃអំពើទុច្ចរិត។ អណ្ដាតជាផ្នែកមួយក្នុងចំណោមសរីរាង្គរបស់យើង ដែលធ្វើឲ្យរូបកាយទាំងមូលទៅជាសៅហ្មង និងធ្វើឲ្យដំណើរជីវិតរបស់យើងត្រូវខ្លោចផ្សា ព្រោះមានភ្លើងនរ៉កានៅក្នុងអណ្ដាតនេះ។ |
ប៉ុន្ដែពេលពួកអ្នកខាងគណៈផារិស៊ីស្ដាប់ឮ ក៏និយាយថា៖ «អ្នកនេះបណ្ដេញពួកអារក្សបានដូច្នេះ គឺដោយសារបេលសេប៊ូល ជាមេអារក្សទេតើ»។
ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលខឹងនឹងបងប្អូនខ្លួនឯង នោះនឹងត្រូវជាប់ទោសដែរ ហើយអ្នកណាហៅបងប្អូនខ្លួនឯងថា «អាឡប់» អ្នកនោះនឹងត្រូវក្រុមប្រឹក្សាកំពូលដាក់ទោស។ អ្នកណាដែលជេរគេថា «អាឆ្កួត» អ្នកនោះនឹងត្រូវធ្លាក់ក្នុងភ្លើងនរក។
គ្មានអ្វីនៅខាងក្រៅដែលចូលក្នុងមនុស្ស អាចធ្វើឲ្យមនុស្សមិនបរិសុទ្ធនោះទេ ប៉ុន្ដែអ្វីដែលចេញមកពីខាងក្នុងមនុស្សវិញទេតើ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ
គាត់ក៏ស្រែកហៅថា លោកឪពុកអ័ប្រាហាំអើយ! សូមមេត្ដាដល់ខ្ញុំផង គឺសូមឲ្យឡាសារជ្រលក់ចុងម្រាមដៃរបស់គាត់ក្នុងទឹក ហើយបន្ដក់លើអណ្ដាតរបស់ខ្ញុំដើម្បីឲ្យខ្ញុំបានត្រជាក់ផង ព្រោះខ្ញុំកំពុងរងទុក្ខវេទនាក្នុងភ្លើងនេះ។
ហើយនៅក្នុងចំណោមអ្នករាល់គ្នា ក៏នឹងមានមនុស្សនិយាយបង្ខូចគ្នាឯងដែរ ដើម្បីអូសទាញពួកសិស្សឲ្យទៅតាមពួកគេ។
ពេលនោះ លោកពេត្រុសនិយាយថា៖ «ឱ អាណានាសអើយ! ហេតុអ្វីបានជាអារក្សសាតាំងនៅពេញក្នុងចិត្ដរបស់អ្នក ធ្វើឲ្យអ្នកកុហកព្រះវិញ្ញាណបរិសុទ្ធ ហើយលាក់ប្រាក់លក់ដីមួយចំណែកទុកដូច្នេះ?
ពួកគេបានរៀបចំពួកសាក្សីក្លែងក្លាយឲ្យនិយាយថា៖ «មនុស្សនេះចេះតែនិយាយពាក្យជំទាស់នឹងទីបរិសុទ្ធនេះ ព្រមទាំងគម្ពីរវិន័យឥតឈប់ឈរឡើយ
ដូច្នេះ ត្រូវតែបិទមាត់អ្នកទាំងនោះ ដ្បិតដោយព្រោះតែការចំណេញដ៏ថោកទាប ពួកគេបានបំផ្លាញគ្រួសារទាំងឡាយដោយបង្រៀនសេចក្ដីដែលមិនគួរបង្រៀន។
ដ្បិតគ្រប់ទាំងពូជសត្វព្រៃ សត្វស្លាប សត្វលូនវារ និងសត្វក្នុងសមុទ្រ នោះអាចផ្សាំងបាន ហើយក៏មានមនុស្សដែលបានផ្សាំងពួកវារួចហើយ
មុនដំបូង ចូរដឹងអំពីសេចក្ដីនេះចុះថា នៅគ្រាចុងក្រោយបំផុត នឹងមានមនុស្សចំអកដែលដើរតាមសេចក្ដីប៉ងប្រាថ្នារបស់គេមក ទាំងចំអក
ដូច្នេះ ពេលខ្ញុំមកដល់ ខ្ញុំនឹងរំលឹកពីការដែលគាត់ធ្វើ គាត់ចេះតែនិយាយអំពីយើងដោយពាក្យអាក្រក់ ហើយប៉ុណ្ណឹងមិនស្កប់ចិត្ដទេ គាត់ថែមទាំងមិនទទួលបងប្អូន ហើយហាមឃាត់អស់អ្នកដែលចង់ទទួល ទាំងបណ្ដេញពួកគេចេញពីក្រុមជំនុំទៀតផង។
នោះនាគដ៏ធំនោះត្រូវបានទម្លាក់ចុះមក គឺជាពស់ពីបុរាណដែលហៅថាមេអារក្សផង និងសាតាំងផង ជាអ្នកដែលនាំឲ្យមនុស្សនៅលើផែនដីទាំងមូលវង្វេង វាត្រូវបានទម្លាក់ចុះមកផែនដី ហើយពួកទេវតារបស់វាក៏ត្រូវបានទម្លាក់ចុះមកជាមួយវាដែរ
ហើយវាបោកបញ្ឆោតពួកអ្នកដែលរស់នៅលើផែនដីដោយសារទីសំគាល់ដែលវាបានទទួលអំណាចនឹងធ្វើនៅពីមុខសត្វសាហាវនោះ ទាំងប្រាប់ពួកអ្នកដែលរស់នៅលើផែនដីឲ្យធ្វើរូបចម្លាក់មួយសម្រាប់សត្វសាហាវដែលមានរបួសដោយសារដាវ ហើយនៅមានជីវិតនោះ។
ពន្លឺចង្កៀងនឹងលែងភ្លឺនៅក្នុងអ្នកទៀត ហើយសំឡេងកូនកំលោះ និងកូនក្រមុំនឹងលែងមានឮនៅក្នុងអ្នកទៀតដែរ ដ្បិតពួកឈ្មួញរបស់អ្នក គឺជាអ្នកធំនៅលើផែនដី ហើយជនជាតិទាំងអស់បានវង្វេងដោយសារមន្ដអាគមរបស់អ្នក
សត្វសាហាវនោះត្រូវចាប់បានជាមួយនឹងអ្នកនាំព្រះបន្ទូលក្លែងក្លាយដែលធ្វើទីសំគាល់នៅមុខវា ហើយដោយសារទីសំគាល់ទាំងនោះ វាបានបោកបញ្ឆោតអស់អ្នកដែលទទួលសញ្ញាសំគាល់របស់សត្វសាហាវនោះ និងអស់អ្នកដែលថ្វាយបង្គំរូបចម្លាក់របស់សត្វសាហាវនោះ។ ពួកវាទាំងពីរត្រូវបានបោះទាំងរស់ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ