២ កូរិនថូស 4:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះដែលមានព្រះបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីសេចក្តីងងឹត» ទ្រង់បានបំភ្លឺក្នុងចិត្តយើង ដើម្បីឲ្យយើងស្គាល់ពន្លឺសិរីល្អរបស់ព្រះ ដែលភ្លឺពីព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះដែលមានបន្ទូលថា៖ “ចូរឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត” ព្រះអង្គបានបំភ្លឺក្នុងចិត្តរបស់យើង ដើម្បីផ្ដល់ពន្លឺនៃចំណេះដឹងអំពីសិរីរុងរឿងរបស់ព្រះ ដែលមានលើព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។ Khmer Christian Bible ពីព្រោះព្រះជាម្ចាស់ដែលបានមានបន្ទូលឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត ព្រះអង្គបានផ្ដល់ពន្លឺមកក្នុងចិត្ដរបស់យើង ដើម្បីបំភ្លឺការយល់ដឹងអំពីសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលនៅលើព្រះភក្រ្ដព្រះយេស៊ូគ្រិស្ដ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ដែលមានព្រះបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីងងឹត!» ព្រះអង្គក៏បានបំភ្លឺចិត្តគំនិតរបស់យើងឲ្យស្គាល់យ៉ាងច្បាស់នូវសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលភ្លឺចាំងពីព្រះភ័ក្ត្ររបស់ព្រះគ្រិស្តដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគឺជាព្រះ ដែលមានបន្ទូលបង្គាប់ ឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត ទ្រង់បានបំភ្លឺមកក្នុងចិត្តយើងខ្ញុំ ឲ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ ដែលនៅព្រះភក្ត្រនៃព្រះយេស៊ូវគ្រីស្ទ។ អាល់គីតាប អុលឡោះដែលមានបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីងងឹត!» ទ្រង់ក៏បានបំភ្លឺចិត្ដគំនិតរបស់យើងឲ្យស្គាល់យ៉ាងច្បាស់ នូវសិរីរុងរឿងរបស់អុលឡោះ ដែលភ្លឺចាំងពីមុខរបស់អាល់ម៉ាហ្សៀសដែរ។ |
ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីបរិសុទ្ធ ទាំងសម្លឹងមើលព្រះចេស្ដា និងសិរីល្អរបស់ព្រះអង្គ។
ពេលថ្ងៃជារបស់ព្រះអង្គ ហើយពេលយប់ក៏ជារបស់ព្រះអង្គដែរ ព្រះអង្គបានបង្កើតឲ្យមានពន្លឺ និងព្រះអាទិត្យ។
សូមសម្ដែងកិច្ចការរបស់ព្រះអង្គ ឲ្យពួកអ្នកបម្រើរបស់ព្រះអង្គបានឃើញ ហើយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ឲ្យកូនចៅរបស់គេឃើញផង។
គឺនឹងផ្កាឡើងយ៉ាងសន្ធឹក ក៏នឹងរីករាយដោយអំណរ និងបទចម្រៀងផង គេនឹងលើកសេចក្ដីសរសើរពីលម្អនៃព្រៃល្បាណូន ផ្ទេរទៅឲ្យដល់សមុទ្រខ្សាច់វិញ ព្រមទាំងសេចក្ដីរុងរឿងនៃភ្នំកើមែល និងវាលសារ៉ុនផង គេនឹងឃើញសិរីល្អរបស់ព្រះយេហូវ៉ា គឺជាសេចក្ដីរុងរឿងរបស់ព្រះនៃយើងរាល់គ្នា។
នោះសិរីល្អនៃព្រះយេហូវ៉ានឹងសម្ដែងមក គ្រប់មនុស្សទាំងឡាយនឹងបានឃើញព្រមគ្នា ដ្បិតព្រះឧស្ឋនៃព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ»។
គឺយើងដែលបង្កើតពន្លឺ ហើយក៏ធ្វើឲ្យមានងងឹតផង យើងធ្វើឲ្យមានសន្តិសុខ ហើយឲ្យមានសេចក្ដីវេទនាដែរ គឺយើងនេះហើយ ជាយេហូវ៉ា ដែលធ្វើគ្រប់ការទាំងនេះ។
ដ្បិតមើល៍ សេចក្ដីងងឹតនឹងគ្របលើផែនដី ហើយសេចក្ដីសូន្យសុងនឹងគ្របលើអស់ទាំងជនជាតិ តែព្រះយេហូវ៉ានឹងរះឡើងភ្លឺដល់អ្នក ហើយគេនឹងឃើញសិរីល្អនៃព្រះអង្គស្ថិតលើអ្នក។
គ្រប់សេចក្តីទាំងអស់សុទ្ធតែបានប្រទានមកខ្ញុំ ពីព្រះវរបិតារបស់ខ្ញុំ គ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេ មានតែព្រះវរបិតាមួយប៉ុណ្ណោះ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មានតែព្រះរាជបុត្រា និងអ្នកណាដែលព្រះរាជបុត្រាសព្វព្រះហឫទ័យ បើកឲ្យស្គាល់ព្រះអង្គប៉ុណ្ណោះ»។
ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយគង់នៅក្នុងចំណោមយើង យើងបានឃើញសិរីល្អរបស់ព្រះអង្គ គឺជាសិរីល្អនៃព្រះរាជបុត្រាតែមួយ ដែលមកពីព្រះវរបិតា មានពេញដោយព្រះគុណ និងសេចក្តីពិត។
ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «តើខ្ញុំមិនបានប្រាប់នាងថា ប្រសិនបើនាងជឿ នោះនាងនឹងឃើញសិរីល្អនៃព្រះទេឬ?»
ដើម្បីបំភ្លឺភ្នែកគេ ឲ្យបានបែរចេញពីសេចក្តីងងឹត មករកពន្លឺ និងពីអំណាចរបស់អារក្សសាតាំង បែរមករកព្រះវិញ ដើម្បីឲ្យគេបានរួចពីបាប ហើយបានទទួលមត៌ករួមជាមួយអស់អ្នកដែលបានញែកជាបរិសុទ្ធ ដោយសារមានជំនឿដល់ខ្ញុំ"។
ដ្បិតទ្រង់ប្រទានឲ្យម្នាក់មានពាក្យសម្ដីប្រកបដោយប្រាជ្ញា តាមរយៈព្រះវិញ្ញាណ ឲ្យម្នាក់ទៀតមានពាក្យសម្ដីប្រកបដោយចំណេះដឹង តាមព្រះវិញ្ញាណដដែល
បើអ្នករាល់គ្នាអត់ទោសឲ្យអ្នកណា នោះខ្ញុំក៏អត់ទោសឲ្យអ្នកនោះដែរ ចំពោះខ្ញុំ ប្រសិនបើខ្ញុំបានអត់ទោសពីរឿងអ្វីមួយមែន នោះដោយព្រោះអ្នករាល់គ្នានៅចំពោះព្រះគ្រីស្ទ
យើងទាំងអស់គ្នា ដែលគ្មានស្បៃបាំងមុខ កំពុងតែរំពឹងមើលសិរីល្អរបស់ព្រះអម្ចាស់ ដូចជារូបឆ្លុះនៅក្នុងកញ្ចក់ យើងកំពុងតែផ្លាស់ប្រែឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អមួយ ទៅសិរីល្អមួយ ដ្បិតនេះមកពីព្រះអម្ចាស់ ដែលជាព្រះវិញ្ញាណ។
ជាអ្នកដែលព្រះរបស់លោកីយ៍នេះ បានធ្វើឲ្យគំនិតរបស់គេដែលមិនជឿ ទៅជាងងឹត មិនឲ្យគេឃើញពន្លឺដំណឹងល្អនៃសិរីល្អរបស់ព្រះគ្រីស្ទ ដែលជារូបអង្គព្រះភ្លឺដល់គេ។
សូមឲ្យព្រះរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ជាព្រះវរបិតាដ៏មានសិរីល្អ ប្រទានព្រះវិញ្ញាណ ដែលប្រោសឲ្យអ្នករាល់គ្នាមានប្រាជ្ញា និងការបើកសម្ដែងឲ្យអ្នករាល់គ្នាស្គាល់ព្រះអង្គ
ឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យបានដឹងថា សេចក្ដីសង្ឃឹមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាជាយ៉ាងណា ហើយថា សម្បត្តិជាមត៌កដ៏មានសិរីល្អរបស់ព្រះអង្គក្នុងចំណោមពួកបរិសុទ្ធជាយ៉ាងណា
ដ្បិតកាលពីដើម អ្នករាល់គ្នាងងឹតមែន តែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូររស់នៅដូចជាកូននៃពន្លឺចុះ
ទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ តែមិនបានរាប់ឋានៈដែលស្មើនឹងព្រះនោះ ទុកជាសេចក្ដីដែលគួរកាន់ខ្ជាប់ឡើយ
ព្រះអង្គជារូបអង្គព្រះដែលមើលមិនឃើញ ជាកូនច្បងនៃអ្វីៗទាំងអស់ ដែលព្រះបានបង្កើតមក
ដោយទូន្មាន និងលើកទឹកចិត្ត ហើយសូមឲ្យអ្នករាល់គ្នារស់នៅឲ្យស័ក្តិសមនឹងព្រះ ដែលត្រាស់ហៅអ្នករាល់គ្នាមកក្នុងព្រះរាជ្យ និងក្នុងសិរីល្អរបស់ព្រះអង្គ។
ព្រះអង្គជារស្មីភ្លឺនៃសិរីល្អរបស់ព្រះ និងជារូបភាពអង្គព្រះសុទ្ធសាធ ហើយព្រះអង្គទ្រទ្រង់អ្វីៗទាំងអស់ ដោយសារព្រះបន្ទូលដ៏មានព្រះចេស្តារបស់ព្រះអង្គ។ ក្រោយពីបានជម្រះអំពើបាបរបស់យើងរួចហើយ ព្រះអង្គក៏គង់នៅខាងស្តាំព្រះដ៏មានតេជានុភាពនៅលើស្ថានដ៏ខ្ពស់
ដ្បិតអស់អ្នកដែលបានភ្លឺម្តងមកហើយ ហើយបានភ្លក់អំណោយទានពីស្ថានសួគ៌ ក៏មានចំណែកជាមួយព្រះវិញ្ញាណបរិសុទ្ធ
ព្រះបានសម្តែងឲ្យគេដឹងថា ការទាំងនោះមិនមែនសម្រាប់គេទេ គឺសម្រាប់អ្នករាល់គ្នា ជាអ្វីដែលឥឡូវនេះ អស់អ្នកផ្សាយដំណឹងល្អបានប្រាប់មកអ្នករាល់គ្នា តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះអង្គបានចាត់ពីស្ថានសួគ៌មក ហើយពួកទេវតាក៏ចូលចិត្តចង់ពិនិត្យមើលការទាំងនោះដែរ។
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
យើងខ្ញុំមានពាក្យទំនាយដែលពិតប្រាកដ ដែលគួរឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់ធ្វើតាមឲ្យបានល្អ ទុកដូចជាចង្កៀងដែលភ្លឺក្នុងទីងងឹត រហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះក្នុងចិត្តអ្នករាល់គ្នា