ពេលពួកហោរាពីក្រុងយេរីខូរឈរមើលឃើញពីត្រើយម្ខាង គេពោលថា៖ «វិញ្ញាណរបស់លោកអេលីយ៉ាបានសណ្ឋិតលើអេលីសេហើយ» ពួកគេបានមកទទួលលោក ហើយក្រាបចុះដល់ដីនៅចំពោះលោក។
២ កូរិនថូស 12:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងបានពេញខ្នាត នៅក្នុងភាពទន់ខ្សោយ»។ ដូច្នេះ ខ្ញុំនឹងអួតពីភាពទន់ខ្សោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តារបស់ព្រះគ្រីស្ទបានសណ្ឋិតក្នុងខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះអង្គមានបន្ទូលនឹងខ្ញុំថា៖“គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងបានគ្រប់លក្ខណៈនៅក្នុងភាពខ្សោយ”។ ដូច្នេះ ផ្ទុយទៅវិញ ខ្ញុំនឹងអួតអំពីភាពខ្សោយរបស់ខ្ញុំដោយអំណរយ៉ាងខ្លាំង ដើម្បីឲ្យព្រះចេស្ដារបស់ព្រះគ្រីស្ទបានសណ្ឋិតលើខ្ញុំ។ Khmer Christian Bible ប៉ុន្ដែព្រះអង្គមានបន្ទូលមកខ្ញុំថា៖ «គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងនឹងសម្រេចនៅក្នុងភាពកម្សោយ»។ ដូច្នេះហើយ ខ្ញុំនឹងអួតអំពីភាពកម្សោយរបស់ខ្ញុំដោយអំណរបំផុត ដើម្បីឲ្យព្រះចេស្ដារបស់ព្រះគ្រិស្ដបានសណ្ឋិតលើខ្ញុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា «ព្រះគុណរបស់យើងបានផ្ដល់មកល្មមគ្រប់គ្រាន់សម្រាប់អ្នកហើយ ដ្បិតឫទ្ធានុភាពរបស់យើងនឹងលេចចេញមកយ៉ាងខ្លាំងបំផុត ក្នុងមនុស្សទន់ខ្សោយ»។ ដូច្នេះ ខ្ញុំចូលចិត្តអួតខ្លួនអំពីភាពទន់ខ្សោយរបស់ខ្ញុំជាង ដើម្បីឲ្យឫទ្ធានុភាពរបស់ព្រះគ្រិស្តមកសណ្ឋិតលើខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទ្រង់មានបន្ទូលមកខ្ញុំថា គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្ដីកំសោយ ដូច្នេះ ខ្ញុំនឹងស៊ូអួតពីសេចក្ដីកំសោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ អាល់គីតាប ក៏ប៉ុន្ដែ គាត់និយាយមកខ្ញុំថា «គុណរបស់យើងបានផ្ដល់មកល្មមគ្រប់គ្រាន់សម្រាប់អ្នកហើយ ដ្បិតអំណាចរបស់យើងនឹងលេចចេញមកយ៉ាងខ្លាំងបំផុត ក្នុងមនុស្សទន់ខ្សោយ»។ ដូច្នេះ ខ្ញុំចូលចិត្ដអួតខ្លួនអំពីភាពទន់ខ្សោយរបស់ខ្ញុំជាង ដើម្បីឲ្យអំណាចរបស់អាល់ម៉ាហ្សៀសមកសណ្ឋិតលើខ្ញុំ។ |
ពេលពួកហោរាពីក្រុងយេរីខូរឈរមើលឃើញពីត្រើយម្ខាង គេពោលថា៖ «វិញ្ញាណរបស់លោកអេលីយ៉ាបានសណ្ឋិតលើអេលីសេហើយ» ពួកគេបានមកទទួលលោក ហើយក្រាបចុះដល់ដីនៅចំពោះលោក។
ព្រះអង្គបានតាំងឲ្យមានពាក្យសរសើរ ដោយសារមាត់កូនក្មេង និងកូនដែលនៅបៅដោះ ដោយព្រោះបច្ចាមិត្តរបស់ព្រះអង្គ ដើម្បីធ្វើឲ្យខ្មាំងសត្រូវ ព្រមទាំងពួកសងសឹក បាននៅស្ងៀម។
ព្រះវិញ្ញាណនៃព្រះយេហូវ៉ា នឹងសណ្ឋិតនៅលើអ្នកនោះ គឺជាព្រះវិញ្ញាណនៃប្រាជ្ញានឹងយោបល់ ជាព្រះវិញ្ញាណនៃគំនិតវាងវៃ និងឫទ្ធានុភាព ជាព្រះវិញ្ញាណនៃសេចក្ដីចេះដឹង និងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា។
កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។
ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក ព្រះអង្គគង់នៅកណ្ដាលអ្នក ព្រះអង្គជាព្រះដ៏មានឥទ្ធិឫទ្ធិដែលនឹងសង្គ្រោះ ព្រះអង្គនឹងរីករាយចំពោះអ្នកដោយអរសប្បាយ ព្រះអង្គនឹងធ្វើឲ្យអ្នកមានចិត្តស្ងប់ ដោយសេចក្ដីស្រឡាញ់របស់ព្រះអង្គ ព្រះអង្គនឹងរីករាយចំពោះអ្នក ដោយសំឡេងច្រៀងយ៉ាងឮ។
ព្រះយេស៊ូវយាងមកជិតគេ ហើយមានព្រះបន្ទូលថា៖ «គ្រប់ទាំងអំណាចនៅស្ថានសួគ៌ និងនៅលើផែនដី បានប្រគល់មកខ្ញុំហើយ។
ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚
ដ្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញាដែលគ្មានគូវិវាទណារបស់អ្នករាល់គ្នាអាចនឹងតតាំង ឬប្រកែកជំទាស់បានឡើយ។
គ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះទ្រង់ស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យអ្នករាល់គ្នាត្រូវល្បួង ហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។
ប៉ុន្តែ ដែលខ្ញុំជាយ៉ាងណាសព្វថ្ងៃនេះ គឺដោយសារព្រះគុណរបស់ព្រះ ហើយព្រះគុណរបស់ព្រះអង្គចំពោះខ្ញុំ មិនមែនឥតប្រយោជន៍ឡើយ។ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការលើសជាងអ្នកទាំងនោះទៅទៀត ប៉ុន្តែ មិនមែនខ្ញុំទេ គឺព្រះគុណរបស់ព្រះ ដែលស្ថិតនៅជាមួយខ្ញុំវិញ។
ដើម្បីកុំឲ្យជំនឿរបស់អ្នករាល់គ្នាពឹងផ្អែកលើប្រាជ្ញារបស់មនុស្ស តែពឹងផ្អែកលើព្រះចេស្តារបស់ព្រះវិញ។
ប្រាកដជាគ្មានប្រយោជន៍ឲ្យខ្ញុំអួតខ្លួនទេ ប៉ុន្តែ ខ្ញុំនឹងនិយាយអំពីនិមិត្ត និងការបើកសម្ដែងរបស់ព្រះអម្ចាស់ទៀត។
ហេតុនេះបានជាខ្ញុំអរសប្បាយក្នុងពេលទន់ខ្សោយ ក្នុងពេលគេត្មះតិះដៀល ក្នុងពេលជួបលំបាក ក្នុងពេលគេបៀតបៀន ហើយក្នុងពេលមានទុក្ខព្រួយ ដោយព្រោះព្រះគ្រីស្ទ ដ្បិតពេលណាខ្ញុំខ្សោយ នោះខ្ញុំរឹងមាំវិញ។
ឯខ្ញុំ ខ្ញុំពេញចិត្តនឹងចំណាយអ្វីៗដែលខ្ញុំមាន ហើយអស់រលីងពីខ្លួនផង ដោយព្រោះព្រលឹងអ្នករាល់គ្នា។ បើខ្ញុំស្រឡាញ់អ្នករាល់គ្នាកាន់តែខ្លាំងយ៉ាងនេះ តើអ្នករាល់គ្នាស្រឡាញ់ខ្ញុំកាន់តែតិចឬ?
ខ្ញុំនឹងអួតពីមនុស្សនោះ តែសម្រាប់ខ្លួនខ្ញុំ ខ្ញុំមិនអួតទេ លើកលែងតែពីភាពទន់ខ្សោយរបស់ខ្ញុំប៉ុណ្ណោះ។
ខ្ញុំអធិស្ឋានសូមព្រះអង្គប្រោសប្រទានឲ្យអ្នករាល់គ្នាបានចម្រើនកម្លាំងមនុស្សខាងក្នុង ដោយព្រះចេស្ដា តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ តាមសិរីល្អដ៏ប្រសើរក្រៃលែងរបស់ព្រះអង្គ
សូមឲ្យអ្នករាល់គ្នាមានកម្លាំង ប្រកបដោយព្រះចេស្ដាគ្រប់ជំពូក ដោយឫទ្ធិបារមីដ៏រុងរឿងរបស់ព្រះអង្គ ហើយឲ្យអ្នករាល់គ្នាចេះទ្រាំទ្រ និងអត់ធ្មត់គ្រប់យ៉ាង ដោយអំណរ
ហើយព្រះគុណរបស់ព្រះអម្ចាស់នៃយើង បានចម្រើនហូរហៀរដល់ខ្ញុំ ទាំងប្រោសឲ្យខ្ញុំមានជំនឿ និងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។
បានពន្លត់ភ្លើងដែលឆេះពេញអំណាច បានគេចផុតពីមុខដាវ មានកម្លាំងនៅពេលកំពុងតែទន់ខ្សោយ ត្រឡប់ជាពូកែក្នុងចម្បាំង កម្ចាត់ពលទ័ពសាសន៍ដទៃ។
ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
តើយើងមិនបានបង្គាប់អ្នកទេឬ? ចូរឲ្យមានកម្លាំង និងចិត្តក្លាហានចុះ។ កុំខ្លាច ក៏កុំឲ្យស្រយុតចិត្តឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក គង់នៅជាមួយអ្នកគ្រប់ទីកន្លែងដែលអ្នកទៅ»។