ដើម្បីឲ្យគេបានប្រតិបត្តិ តាមច្បាប់របស់ព្រះអង្គ ហើយប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះអង្គ ហាលេលូយ៉ា !
អេសេគាល 36:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងដាក់វិញ្ញាណរបស់យើងនៅក្នុងអ្នករាល់គ្នា បណ្ដាលឲ្យអ្នករាល់គ្នាដើរតាមក្រឹត្យក្រម ហើយរក្សាបញ្ញត្តិច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងដាក់វិញ្ញាណរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចធ្វើតាមច្បាប់ ហើយកាន់តាមវិន័យរបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងដាក់វិញ្ញាណរបស់អញនៅក្នុងឯងរាល់គ្នា ហើយបណ្តាលឲ្យឯងរាល់គ្នាដើរតាមក្រឹត្យក្រម ហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមផង អាល់គីតាប យើងនឹងដាក់រសរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចធ្វើតាមហ៊ូកុំ ហើយកាន់តាមវិន័យរបស់យើង។ |
ដើម្បីឲ្យគេបានប្រតិបត្តិ តាមច្បាប់របស់ព្រះអង្គ ហើយប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះអង្គ ហាលេលូយ៉ា !
កាលណាយើងបន្ទោស នោះចូរអ្នករាល់គ្នាស្តាប់តាមចុះ យើងនឹងចាក់វិញ្ញាណយើងទៅលើអ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាបានយល់ពាក្យរបស់យើង។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងនេះជាសេចក្ដីសញ្ញាដែលយើងបានតាំងនឹងគេ គឺថាវិញ្ញាណរបស់យើងដែលសណ្ឋិតនៅលើអ្នក ហើយពាក្យដែលយើងបានដាក់នៅក្នុងមាត់អ្នក នោះនឹងមិនដែលឃ្លាតចេញពីមាត់អ្នក ពីមាត់ពូជពង្សរបស់អ្នក ឬពីមាត់នៃកូនចៅគេ ចាប់តាំងពីឥឡូវនេះដរាបដល់អស់កល្បរៀងទៅ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
គឺព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ សេចក្ដីសញ្ញាដែលយើងតាំងចំពោះពួកវង្សអ៊ីស្រាអែល ក្នុងពេលក្រោយគ្រា គឺយ៉ាងដូច្នេះ យើងនឹងដាក់ក្រឹត្យវិន័យរបស់យើង នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះយើងនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជាប្រជារាស្ត្ររបស់យើង។
យើងនឹងតាំងសេចក្ដីសញ្ញានឹងគេ ជាសេចក្ដីសញ្ញាដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចថា យើងនឹងមិនបែរចេញពីគេឡើយ គឺនឹងឲ្យគេបានសេចក្ដីល្អវិញ យើងនឹងដាក់សេចក្ដីកោតខ្លាចដល់យើងក្នុងចិត្តគេ ប្រយោជន៍កុំឲ្យគេឃ្លាតចេញពីយើង។
ដើម្បីឲ្យគេបានប្រព្រឹត្តតាមក្រឹត្យក្រមរបស់យើង ហើយរក្សាបញ្ញត្តិច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមផង នោះគេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះដល់គេ។
គ្រានោះ យើងនឹងដាក់វិញ្ញាណយើងនៅក្នុងអ្នករាល់គ្នា អ្នកនឹងមានជីវិតរស់ ហើយយើងនឹងតាំងអ្នក ឲ្យរស់នៅក្នុងស្រុកដែលជារបស់អ្នក នោះអ្នករាល់គ្នានឹងដឹងថា គឺយើង ជាព្រះយេហូវ៉ានេះ បានចេញវាចាហើយ ក៏បានសម្រេចតាមផង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា»។
ដាវីឌជាអ្នកបម្រើរបស់យើង នឹងធ្វើជាស្តេចលើគេ ហើយគេទាំងអស់គ្នានឹងមានគង្វាលតែម្នាក់ គេនឹងដើរតាមក្រឹត្យក្រមរបស់យើង ហើយរក្សាបញ្ញត្តិច្បាប់ទាំងប៉ុន្មានរបស់យើង ព្រមទាំងប្រព្រឹត្តតាមផង។
យើងក៏នឹងមិនគេចមុខពីគេទៀតដែរ ដ្បិតយើងបានចាក់វិញ្ញាណយើងទៅលើពួកវង្សអ៊ីស្រាអែលហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
បើគេមានសេចក្ដីខ្មាសចំពោះការទាំងប៉ុន្មានដែលគេប្រព្រឹត្តនោះ ត្រូវឲ្យគេស្គាល់រាង និងបែបផែននៃព្រះវិហារ ព្រមទាំងផ្លូវចេញចូល និងសណ្ឋានគ្រប់យ៉ាង ហើយក្រឹត្យក្រមគ្រប់ជំពូក នូវអស់ទាំងបញ្ញត្តិច្បាប់នៃព្រះវិហារផង ចូរកត់ទុកទាំងអស់នៅចំពោះភ្នែកគេ ដើម្បីឲ្យគេបានរក្សាទុកនូវសណ្ឋានគ្រប់យ៉ាង និងក្រឹត្យក្រមទាំងប៉ុន្មាន ព្រមទាំងធ្វើតាមផង។
«យើងនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ និងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នក ដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះ ដូចជាយំនឹងកូនច្បងរបស់ខ្លួន។
បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ ចុះចំណង់បើព្រះវរបិតាដែលគង់ស្ថានសួគ៌ តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត»?។
ប៉ុន្តែ ដោយព្រះវិញ្ញាណរបស់ព្រះសណ្ឋិតក្នុងអ្នករាល់គ្នា អ្នករាល់គ្នាមិននៅខាងសាច់ឈាមទៀតទេ គឺនៅខាងព្រះវិញ្ញាណវិញ។ អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជារបស់ព្រះអង្គទេ។
តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះ ហើយថា ព្រះវិញ្ញាណរបស់ព្រះសណ្ឋិតក្នុងអ្នករាល់គ្នា?
ប៉ុន្ដែ ខ្ញុំសូមជម្រាបថា ចូរដើរដោយព្រះវិញ្ញាណ មិនត្រូវបំពេញសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
ដ្បិតដោយសារជំនឿ យើងទន្ទឹងរង់ចាំសេចក្ដីសង្ឃឹមនៃសេចក្ដីសុចរិត តាមរយៈព្រះវិញ្ញាណ។
អ្នកនឹងស្ដាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាវិញ ហើយប្រព្រឹត្តតាមគ្រប់ទាំងបទបញ្ជារបស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ។
ដូច្នេះ អ្នករាល់គ្នាបានទទួលព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់យ៉ាងណា ចូររស់នៅក្នុងព្រះអង្គយ៉ាងនោះតទៅទៀតចុះ
រីឯយើងវិញ បងប្អូនស្ងួនភ្ងារបស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណដល់ព្រះជានិច្ច អំពីអ្នករាល់គ្នា ព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នា ជាផលដំបូងដើម្បីឲ្យបានសង្គ្រោះ ដោយសារព្រះវិញ្ញាណញែកជាបរិសុទ្ធ និងដោយសារជំនឿតាមសេចក្ដីពិត។
ប្រោសប្រទានឲ្យអ្នករាល់គ្នាមានគ្រប់ទាំងការល្អ ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដោយធ្វើការនៅក្នុងយើង ជាកិច្ចការដែលគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមលើកតម្កើងសិរីល្អរបស់ព្រះអង្គ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
ជាអ្នកដែលព្រះ ជាព្រះវរបិតាបានជ្រើសរើស និងបានបម្រុងទុក ហើយព្រះវិញ្ញាណបានញែកជាបរិសុទ្ធ ដើម្បីឲ្យបានស្តាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទ ព្រមទាំងបានព្រះលោហិតរបស់ព្រះអង្គប្រោះលើខ្លួន។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត កាន់តែច្រើនឡើង។
ដោយអ្នករាល់គ្នាបានជម្រះព្រលឹងឲ្យបានស្អាតបរិសុទ្ធ ដោយស្តាប់តាមសេចក្តីពិត ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ជាបងប្អូន នោះចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យអស់ពីចិត្តចុះ។
អ្នកណាដែលកាន់តាមបទបញ្ជារបស់ព្រះអង្គ អ្នកនោះស្ថិតនៅជាប់ក្នុងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅជាប់ក្នុងគេដែរ។ យើងដឹងដោយសារសេចក្ដីនេះថា ព្រះអង្គស្ថិតនៅជាប់ក្នុងយើង ដោយសារព្រះវិញ្ញាណដែលព្រះអង្គប្រទានមកយើង។
នេះហើយជាសេចក្ដីស្រឡាញ់ គឺយើងប្រព្រឹត្តតាមបទបញ្ជារបស់ព្រះអង្គ។ នេះហើយជាបទបញ្ជា ដូចដែលអ្នករាល់គ្នាបានឮតាំងតែពីដើមរៀងមក ដើម្បីឲ្យអ្នករាល់គ្នាប្រព្រឹត្តតាម។