អេសាយ 24:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ព្រះចន្ទនឹងត្រូវជ្រប់មុខ ហើយព្រះអាទិត្យនឹងត្រូវអៀនខ្មាស ដោយព្រះយេហូវ៉ានៃពួកពលបរិវារសោយរាជ្យ លើភ្នំស៊ីយ៉ូននៅក្រុងយេរូសាឡិម នោះនឹងមានសិរីល្អនៅចំពោះមុខ ពួកចាស់ទុំរបស់ព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ព្រះចន្ទនឹងទទួលការអាប់យស ហើយព្រះអាទិត្យនឹងអាម៉ាស់មុខ ដ្បិតព្រះយេហូវ៉ានៃពលបរិវារសោយរាជ្យនៅលើភ្នំស៊ីយ៉ូន និងនៅយេរូសាឡិម ហើយសិរីរុងរឿងរបស់ព្រះអង្គនឹងនៅចំពោះពួកចាស់ទុំរបស់ព្រះអង្គ៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះច័ន្ទត្រូវបាក់មុខ ព្រះអាទិត្យត្រូវអាម៉ាស់។ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងគ្រងរាជ្យ នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹម ហើយសិរីរុងរឿងរបស់ព្រះអង្គ ភ្លឺចិញ្ចែងចិញ្ចាចនៅមុខអស់លោកព្រឹទ្ធាចារ្យ របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ព្រះចន្ទនឹងត្រូវជ្រប់មុខ ហើយព្រះអាទិត្យនឹងត្រូវអៀនខ្មាស ដោយព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់សោយរាជ្យនៅលើភ្នំស៊ីយ៉ូននាក្រុងយេរូសាឡិម នោះនឹងមានសិរីល្អនៅចំពោះមុខពួកចាស់ទុំរបស់ទ្រង់។ អាល់គីតាប ពេលនោះ ព្រះច័ន្ទត្រូវបាក់មុខ ព្រះអាទិត្យត្រូវអាម៉ាស់។ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងគ្រងរាជ្យ នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹម ហើយសិរីរុងរឿងរបស់ទ្រង់ ភ្លឺចិញ្ចែងចិញ្ចាចនៅមុខអស់អ្នកដែលជាអះលីជំអះ។ |
លោកស្រីម៉ារាមក៏ច្រៀងឆ្លើយនឹងគេថា៖ «ចូរច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតព្រះអង្គមានជ័យជម្នះយ៉ាងត្រចះត្រចង់ ព្រះអង្គបានបោះទាំងសេះ ទាំងអ្នកជិះ ទៅក្នុងសមុទ្រ»។
ឱពួកអ្នកនៅក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងឡើង ហើយស្រែកហ៊ោដោយអំណរចុះ ដ្បិតព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គធំប្រសើរនៅកណ្ដាលអ្នករាល់គ្នា។
ពីព្រោះអស់ទាំងផ្កាយនៅលើមេឃនិងផ្កាយចក្ររាសី នឹងលែងបញ្ចេញពន្លឺ ព្រះអាទិត្យនឹងងងឹត តាំងតែពីរះឡើង ហើយព្រះចន្ទក៏នឹងអាប់រស្មីទៅដែរ។
មួយទៀតពន្លឺនៃព្រះចន្ទនឹងបានដូចជាពន្លឺព្រះអាទិត្យ ហើយពន្លឺនៃព្រះអាទិត្យនឹងភ្លឺជាងធម្មតាមួយជាប្រាំពី គឺដូចជាពន្លឺនៃថ្ងៃប្រាំពីររួមមកតែមួយ។ នៅគ្រាដែលព្រះយេហូវ៉ាបានរុំកន្លែងបាក់បែកនៃប្រជារាស្ត្រព្រះអង្គ ហើយប្រោសឲ្យកន្លែងដែលគេត្រូវវាយបានជាវិញ។
«ភ្នែកអ្នកនឹងបានឃើញមហាក្សត្រ មានទាំងសេចក្ដីលម្អរុងរឿងរបស់ព្រះអង្គ គេនឹងមើលទៅឃើញទឹកដីធំទូលាយ។
ពីព្រោះព្រះយេហូវ៉ាជាចៅក្រមនៃយើងរាល់គ្នា ព្រះយេហូវ៉ាជាអ្នកតែងច្បាប់ឲ្យយើងរាល់គ្នា ព្រះយេហូវ៉ាជាមហាក្សត្រនៃយើងរាល់គ្នា ព្រះអង្គនឹងជួយសង្គ្រោះយើង។
ល្អណាស់ហ្ន៎ គឺជើងអ្នកនោះដែលដើរលើភ្នំ ជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ គឺជាអ្នកដែលពោលដល់ក្រុងស៊ីយ៉ូនថា ព្រះនៃអ្នកព្រះអង្គសោយរាជ្យ។
ចូរក្រោកឡើង ហើយភ្លឺមកចុះ ដ្បិតពន្លឺរបស់អ្នកបានមកដល់ហើយ សិរីល្អនៃព្រះយេហូវ៉ាក៏បានរះឡើងដល់អ្នកដែរ។
គ្រានោះ ព្រះអាទិត្យនឹងលែងធ្វើជាពន្លឺ ដល់អ្នកនៅពេលថ្ងៃ ឯព្រះចន្ទក៏នឹងលែងធ្វើជាពន្លឺដល់អ្នកនៅពេលយប់ តទៅ គឺព្រះយេហូវ៉ានឹងធ្វើជាពន្លឺដល់អ្នកជារៀងរហូត ហើយព្រះរបស់អ្នកនឹងបានជាសិរីល្អដល់អ្នក។
ព្រះអាទិត្យរបស់អ្នកនឹងលែងលិច ហើយព្រះចន្ទរបស់អ្នកនឹងមិនជ្រេទៀតឡើយ ព្រោះព្រះយេហូវ៉ានឹងជាពន្លឺដ៏នៅអស់កល្បជានិច្ចដល់អ្នក ហើយគ្រានៃសេចក្ដីសោកសៅរបស់អ្នកនឹងផុតទៅ។
ប្រវែងជុំវិញទីក្រុងនោះ ត្រូវជាមួយម៉ឺនប្រាំបីពាន់ខ្នាត តាំងពីថ្ងៃនោះតទៅ ទីក្រុងនោះត្រូវមានឈ្មោះថា «ព្រះយេហូវ៉ាគង់នៅទីនេះ»។:៚
ប៉ុន្ដែ ពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត នឹងទទួលរាជ្យនោះ ហើយបានរាជ្យនោះជារបស់ខ្លួនអស់កល្បជានិច្ច គឺអស់កល្បជាអង្វែងតរៀងទៅ។
នោះរាជ្យ និងអំណាចគ្រប់គ្រង និងភាពឧត្តុង្គឧត្តមនៃនគរទាំងឡាយ នៅក្រោមមេឃទាំងមូល នឹងត្រូវប្រគល់ឲ្យប្រជាជន ជាពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត រាជ្យរបស់គេនឹងបានជារាជ្យមួយ ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយអំណាចគ្រប់គ្រងទាំងប៉ុន្មាននឹងបម្រើ ហើយស្តាប់បង្គាប់ពួកបរិសុទ្ធនោះ»។
ព្រះអាទិត្យនឹងប្រែទៅជាងងឹត ព្រះចន្ទនឹងទៅជាឈាម មុននឹងថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាមកដល់។
អស់អ្នកដែលបានសង្គ្រោះនឹងឡើងមកភ្នំស៊ីយ៉ូន ដើម្បីគ្រប់គ្រងភ្នំរបស់អេសាវ ហើយរាជ្យនោះនឹងបានជារបស់ព្រះយេហូវ៉ា។:៚
ឯពួកអ្នកខ្វិន នឹងទុកជាសំណល់ ហើយពួកដែលត្រូវបោះចោលទៅជាឆ្ងាយ ឲ្យបានជានគរមួយខ្លាំងពូកែ នោះព្រះយេហូវ៉ានឹងសោយរាជ្យលើគេ នៅភ្នំស៊ីយ៉ូន ចាប់តាំងពីគ្រានោះជាដរាបតទៅ។
ថ្ងៃនោះខុសពីធម្មតា មានតែព្រះយេហូវ៉ាដែលដឹង មិនមែនជាថ្ងៃ ក៏មិនមែនជាយប់ ប៉ុន្តែ នៅពេលព្រលប់ ក៏មានពន្លឺដែរ។
ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល៍! ស្តេចរបស់នាងយាងមករកនាងហើយ ព្រះអង្គជាអ្នកសុចរិត ហើយមានជ័យជម្នះ ព្រះអង្គក៏សុភាព ព្រះអង្គគង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា។
«លុះគ្រាទុក្ខវេទនានោះកន្លងផុតភ្លាម ថ្ងៃនឹងទៅជាងងឹត ហើយខែនឹងលែងបញ្ចេញពន្លឺ ផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនានានៅលើមេឃ នឹងត្រូវកក្រើករំពើក
សូមឲ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់ សូមឲ្យព្រះហឫទ័យព្រះអង្គបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។
សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសយើងខ្ញុំឲ្យរួចពីអាកំណាចវិញ [ដ្បិតរាជ្យ ព្រះចេស្តា និងសិរីល្អជារបស់ព្រះអង្គ នៅអស់កល្បជានិច្ច។ អាម៉ែន។]
ប៉ុន្ដែ អ្នករាល់គ្នាបានមកដល់ភ្នំស៊ីយ៉ូន មកដល់ទីក្រុងរបស់ព្រះដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡិមនៅស្ថានសួគ៌ ហើយមកដល់ទេវតាទាំងសល់សែនកំពុងជួបជុំយ៉ាងអរសប្បាយ
ទេវតាទីប្រាំពីរផ្លុំត្រែរបស់ខ្លួនឡើង ស្រាប់តែមានឮសំឡេងជាខ្លាំងបន្លឺឡើងនៅលើមេឃថា៖ «រាជ្យក្នុងលោកនេះ បានត្រឡប់ជារាជ្យរបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គ ហើយទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ»។
បន្ទាប់មក ខ្ញុំមើលទៅឃើញកូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ នៅជាមួយព្រះអង្គ ដែលអ្នកទាំងនោះមានព្រះនាមព្រះអង្គ និងព្រះនាមព្រះវរបិតារបស់ព្រះអង្គកត់នៅលើថ្ងាស។
ពួកចាស់ទុំទាំងម្ភៃបួននាក់ និងសត្វមានជីវិតទាំងបួន ក៏ក្រាបចុះថ្វាយបង្គំព្រះដែលគង់លើបល្ល័ង្ក ទាំងពោលថា៖ «អាម៉ែន! ហាលេលូយ៉ា!»។
បន្ទាប់មក ខ្ញុំឮសូរដូចជាសំឡេងមនុស្សច្រើនកុះករ ដូចស្នូរសន្ធឹកមហាសាគរ ហើយដូចសូរផ្គរលាន់យ៉ាងខ្លាំងថា៖ «ហាលេលូយ៉ា ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ដែលមានព្រះចេស្តាបំផុត ទ្រង់សោយរាជ្យឡើងហើយ។
ក្រុងនោះមិនត្រូវការព្រះអាទិត្យ ឬព្រះចន្ទ សម្រាប់បំភ្លឺទេ ដ្បិតសិរីល្អរបស់ព្រះជាពន្លឺរបស់ក្រុងនោះ ហើយកូនចៀមក៏ជាចង្កៀងរបស់ក្រុងនោះដែរ។
ក្រុងនោះនឹងលែងមានយប់ទៀតហើយ គេមិនត្រូវការចង្កៀង ឬពន្លឺព្រះអាទិត្យទេ ដ្បិតព្រះជាព្រះអម្ចាស់ ទ្រង់ជាពន្លឺរបស់គេ ហើយគេនឹងសោយរាជ្យអស់កល្បជានិច្ចរៀងរាបតទៅ។