លោកុប្បត្តិ 41:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះព្រឹកឡើង ផារ៉ោនមានព្រះហឫទ័យខ្វល់ខ្វាយណាស់ ស្ដេចចាត់គេឲ្យទៅហៅពួកគ្រូទាយ និងពួកអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីព្ទមក រួចផារ៉ោនតំណាលសប្ដិនោះប្រាប់ពួកគេ តែគ្មានអ្នកណាម្នាក់អាចកាត់ស្រាយថ្វាយស្ដេចបានឡើយ។ ព្រះគម្ពីរខ្មែរសាកល លុះព្រឹកឡើង ទ្រង់មានអំពល់ក្នុងវិញ្ញាណរបស់ទ្រង់ ដូច្នេះទ្រង់ក៏ចាត់គេឲ្យទៅហៅអស់ទាំងគ្រូធ្មប់ និងអស់ទាំងហោរាចារ្យនៃអេហ្ស៊ីបមក។ រួចផារ៉ោនក៏រៀបរាប់សុបិនរបស់ទ្រង់ដល់ពួកគេ ប៉ុន្តែគ្មានអ្នកណាអាចកាត់ស្រាយថ្វាយផារ៉ោនបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រឹកឡើងព្រះចៅផារ៉ោនមានព្រះហឫទ័យខ្វល់ខ្វាយយ៉ាងខ្លាំង ស្ដេចកោះហៅគ្រូទាយ និងអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីបមក ហើយតំណាលអំពីសុបិនរបស់ស្ដេចប្រាប់ពួកគេ តែគ្មាននរណាអាចកាត់ស្រាយសុបិននោះថ្វាយព្រះចៅផារ៉ោនបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះព្រឹកឡើងទ្រង់មានព្រះទ័យវិតក្កណាស់ ទើបចាត់គេឲ្យទៅហៅពួកហោរ នឹងពួកអ្នកប្រាជ្ញ នៅស្រុកអេស៊ីព្ទមក រួចទ្រង់សំដែងប្រាប់សុបិននោះដល់គេ តែគ្មានអ្នកណាមួយអាចនឹងកាត់ស្រាយថ្វាយទ្រង់បានឡើយ។ អាល់គីតាប ព្រឹកឡើងស្តេចហ្វៀរ៉អ៊ូនមានចិត្តខ្វល់ខ្វាយយ៉ាងខ្លាំង ស្តេចកោះហៅគ្រូទាយ និងអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីបមក ហើយដំណាលអំពីសុបិនរបស់ស្តេចប្រាប់ពួកគេ តែគ្មាននរណាអាចកាត់ស្រាយសុបិននោះ ជូនស្តេចហ្វៀរ៉អ៊ូនបានឡើយ។ |
គេឆ្លើយថា៖ «យើងបានយល់សប្តិ តែគ្មានអ្នកណាអាចកាត់ស្រាយសប្ដិនេះបានទេ»។ លោកយ៉ូសែបពោលទៅគេថា៖ «តើការកាត់ស្រាយមិនមែនជាកិច្ចការរបស់ព្រះទេឬ? សូមលោកប្រាប់សប្តិនោះមកខ្ញុំមើល»។
ផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «យើងបានយល់សប្តិ តែគ្មានអ្នកណាអាចកាត់ស្រាយបានឡើយ ហើយយើងបានឮថា ពេលគេតំណាលសប្តិប្រាប់អ្នក អ្នកអាចកាត់ស្រាយបាន»។
ឯកួរស្រូវគ្រាប់តូចៗក៏លេបកួរស្រូវធំៗថ្លោសល្អទាំងប្រាំពីរនោះទៅ។ យើងបានតំណាលសប្តិនេះប្រាប់ពួកគ្រូទាយដែរ តែគ្មានអ្នកណាម្នាក់អាចកាត់ស្រាយប្រាប់យើងបានឡើយ»។
កួរស្រូវតូចៗក៏លេបកួរស្រូវធំថ្លោសល្អទាំងប្រាំពីរនោះអស់ទៅ រួចផារ៉ោនក៏តើនឡើង ហើយមើល៍ នោះជាសុបិនទេ។
មេត្រីភាពរបស់ព្រះយេហូវ៉ា គឺសម្រាប់អស់អ្នកណាដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គសម្ដែងឲ្យគេស្គាល់ សេចក្ដីសញ្ញារបស់ព្រះអង្គ។
ប៉ុន្តែ ផារ៉ោនកោះហៅពួកអ្នកប្រាជ្ញ និងពួកគ្រូធ្មប់មក ឯពួកគ្រូនៅស្រុកអេស៊ីព្ទទាំងនោះ ក៏ធ្វើដូច្នោះដោយប្រើមន្តអាគមរបស់គេដែរ។
ពួកគ្រូនៅស្រុកអេស៊ីព្ទក៏ធ្វើដូច្នោះ ដោយប្រើមន្តអាគមរបស់គេ។ ដូច្នេះ ផារ៉ោននៅតែមានព្រះហឫទ័យរឹងទទឹង មិនព្រមស្តាប់លោកទាំងពីរឡើយ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុកស្រាប់។
ប៉ុន្ដែ ពួកគ្រូក៏ធ្វើដូច្នោះដែរ ដោយប្រើមន្តអាគមរបស់គេ ហើយធ្វើឲ្យមានកង្កែបឡើងមកលើស្រុកអេស៊ីព្ទដូចគ្នា។
ពួកគ្រូមន្តអាគមមិនអាចឈរនៅមុខលោកម៉ូសេបានឡើយ ព្រោះតែបូស ដ្បិតបូសកើតលើពួកគ្រូមន្តអាគម និងលើសាសន៍អេស៊ីព្ទទាំងអស់។
គំនិតរបស់សាសន៍អេស៊ីព្ទ នឹងសូន្យបាត់នៅកណ្ដាលគេ ហើយយើងនឹងបំផ្លាញសេចក្ដីប្រឹក្សារបស់គេដែរ នោះគេនឹងទៅរករូបព្រះ គ្រូសន្ធាប់ គ្រូខាប និងពួកគ្រូគាថារបស់គេ
ហេតុនោះ យើងនឹងធ្វើការមួយយ៉ាងអស្ចារ្យ នៅកណ្ដាលសាសន៍នេះទៀត ជាការអស្ចារ្យ ហើយចំឡែក នោះប្រាជ្ញានៃពួកអ្នកប្រាជ្ញរបស់គេនឹងត្រូវសាបសូន្យទៅ ហើយយោបល់នៃពួកវាងវៃរបស់នឹងត្រូវបិទបាំងដែរ។
កាលបើអ្នកណាពោលដល់អ្នកថា ចូររកពួកគ្រូខាប និងគ្រូគាថា ដែលចេញសំឡេងអ៊ីអ៊ុ ហើយងុមៗ នោះត្រូវឆ្លើយថា គួរគប្បីឲ្យបណ្ដាជនស្វែងរកព្រះរបស់ខ្លួនវិញ តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី
ក្នុងគ្រប់ទាំងរឿងខាងឯប្រាជ្ញា និងយោបល់ ដែលស្ដេចសួរដល់ពួកគេ នោះក៏ឃើញថា យុវជនទាំងនោះពូកែជាងពួកគ្រូមន្តអាគម និងគ្រូអង្គុយធម៌ទាំងប៉ុន្មាននៅក្នុងនគររបស់ស្ដេច មួយជាដប់។
នេះជាសុបិនដែលយើងជាស្តេចនេប៊ូក្នេសាបានឃើញ។ ឥឡូវនេះ ឱបេលថិស្សាសារអើយ សូមកាត់ស្រាយប្រាប់យើងផង ព្រោះពួកអ្នកប្រាជ្ញទាំងប៉ុន្មានក្នុងនគរយើង មិនអាចកាត់ស្រាយប្រាប់យើងបានទេ គឺមានតែលោកម្នាក់ប៉ុណ្ណោះដែលអាចកាត់ស្រាយបាន ដ្បិតវិញ្ញាណរបស់ព្រះដ៏បរិសុទ្ធសណ្ឋិតនៅក្នុងខ្លួន"»។
ពេលនោះ ដានីយ៉ែល ដែលមានឈ្មោះថា បេលថិស្សាសារ ក៏មានចិត្តតក់ស្លុតមួយសម្ទុះ។ គំនិតរបស់លោកធ្វើឲ្យលោកភ័យរន្ធត់ តែស្ដេចមានរាជឱង្ការថា៖ «បេលថិស្សាសារអើយ កុំឲ្យសុបិននេះ ឬសេចក្ដីកាត់ស្រាយនាំឲ្យអ្នកភ័យរន្ធត់ឡើយ»។ បេលថិស្សាសារទូលតបថា៖ «បពិត្រព្រះអម្ចាស់នៃទូលបង្គំ សូមឲ្យសុបិននេះធ្លាក់ទៅលើអស់អ្នកដែលស្អប់ព្រះកុរណា ហើយសេចក្ដីកាត់ស្រាយធ្លាក់ទៅលើខ្មាំងសត្រូវរបស់ព្រះករុណាវិញ!
យើងបានសុបិនឃើញ ដែលធ្វើឲ្យយើងតក់ស្លុត ហើយគំនិតដែលយើងនឹកគិតនៅក្នុងដំណេក និងនិមិត្តក្នុងគំនិតរបស់យើង ក៏ធ្វើឲ្យយើងភ័យខ្លាច។
ដូច្នេះ យើងបានចេញបញ្ជាឲ្យនាំអ្នកប្រាជ្ញទាំងប៉ុន្មានក្នុងស្រុកបាប៊ីឡូន មកចំពោះយើង ដើម្បីឲ្យគេបានកាត់ស្រាយសុបិននិមិត្តនោះប្រាប់យើង។
ពេលនោះ ពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ពួកខាល់ដេ និងគ្រូទាយក៏ចូលមក ហើយយើងបានប្រាប់សុបិននោះដល់គេ តែគេមិនអាចកាត់ស្រាយសុបិននោះប្រាប់យើងបានឡើយ។
ក្នុងនគររបស់ព្រះករុណា មានបុរសម្នាក់ឈ្មោះដានីយ៉ែល ជាអ្នកដែលមានវិញ្ញាណនៃព្រះដ៏បរិសុទ្ធនៅក្នុងខ្លួន។ កាលពីជំនាន់បិតារបស់ព្រះកុរណា គេឃើញមានពន្លឺ យោបល់ និងប្រាជ្ញា ដូចប្រាជ្ញារបស់ព្រះនៅក្នុងអ្នកនោះ។ ព្រះបាទនេប៊ូក្នេសា ជាព្រះបិតារបស់ព្រះករុណា បានតែងតាំងអ្នកនោះជាអធិបតីលើពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ពួកខាល់ដេ និងពួកគ្រូទាយ
សេចក្ដីនេះចប់តែប៉ុណ្ណេះ។ ចំណែកឯខ្ញុំ ដានីយ៉ែល គំនិតរបស់ខ្ញុំបានធ្វើឲ្យខ្ញុំតក់ស្លុតជាខ្លាំង ហើយមុខខ្ញុំក៏ស្លេកស្លាំង តែខ្ញុំរក្សារឿងនោះទុកនៅក្នុងចិត្ត។
ដូច្នេះ ខ្ញុំដានីយ៉ែល ក៏ខ្សោះល្វើយ ហើយឈឺអស់បួនដប់ថ្ងៃ រួចខ្ញុំក្រោកឡើងទៅបំពេញកិច្ចការរបស់ស្តេចវិញ តែខ្ញុំតក់ស្លុតជាខ្លាំងដោយសារនិមិត្តនោះ ហើយគ្មានអ្នកណាអាចយល់បាន។
អ្នករាល់គ្នាមិនត្រូវបែរទៅតាមពួកគ្រូខាប ឬគ្រូមន្តគាថាឡើយ កុំឲ្យពឹងរកគេឲ្យសោះ ក្រែងអ្នកទៅជាស្មោកគ្រោកដោយសារគេដែរ យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។
អ្នកណាដែលបែរទៅតាមពួកគ្រូខាប ឬពួកគ្រូមន្តគាថា ដែលផិតទៅតាមគេ នោះយើងនឹងតាំងមុខទាស់ចំពោះអ្នកនោះ ហើយកាត់ចេញពីសាសន៍ខ្លួនទៅ។
ខ្ញុំបានឮ ហើយខ្ញុំក៏ញ័ររន្ធត់ បបូរមាត់ខ្ញុំក៏ញ័រ ដោយឮសំឡេងនោះ ក្នុងឆ្អឹងរបស់ខ្ញុំពុកទៅៗ ខ្ញុំក៏ទន់ជើងនៅស្ងៀម ព្រោះខ្ញុំត្រូវរង់ចាំថ្ងៃវេទនាដោយអំណត់ គឺរង់ចាំសាសន៍ដែលទន្ទ្រានចូល បានមកដល់។
ពេលព្រះយេស៊ូវប្រសូតនៅភូមិបេថ្លេហិម ស្រុកយូដា ក្នុងរាជ្យព្រះបាទហេរ៉ូឌ មានពួកហោរពីទិសខាងកើតធ្វើដំណើរមកក្រុងយេរូសាឡិម សួរថា៖
មានទស្សនវិទូខ្លះខាងអេពីគួរ និងខាងស្តូអ៊ីក ក៏បានសន្ទនាជាមួយលោក ខ្លះពោលថា៖ «តើអ្នកដែលនិយាយប៉ប៉ាច់ប៉ប៉ោចនេះចង់និយាយពីអ្វី?» ខ្លះទៀតពោលថា៖ «មើលទៅដូចជាគាត់ប្រកាសពីព្រះពួកបរទេស»។ ដ្បិតលោកកំពុងប្រកាសអំពីព្រះយេស៊ូវ និងអំពីការរស់ពីស្លាប់។
លោកបានរៀនសូត្រគ្រប់អស់ទាំងចំណេះវិជ្ជារបស់សាសន៍អេស៊ីព្ទ ហើយលោកពូកែទាំងការនិយាយស្ដី ពូកែទាំងការងារ។
ព្រោះមានសេចក្តីចែងទុកមកថា៖ «យើងនឹងបំផ្លាញប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយលើកចំណេះរបស់ពួកអ្នកចេះចោលចេញ»។
ឯពួកភីលីស្ទីនបានហៅពួកសង្ឃ និងពួកគ្រូថ្លែងទំនាយមកសួរថា៖ «តើយើងត្រូវធ្វើដូចម្តេចចំពោះហិបនៃព្រះយេហូវ៉ានេះ? ចូរប្រាប់ឲ្យយើងដឹងថាត្រូវធ្វើដូចម្តេចផង ដើម្បីនឹងបញ្ជូនទៅកន្លែងដើមវិញ»។