១ សាំយូអែល 6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦សាសន៍ភីលីស្ទីនបញ្ជូនហិបសញ្ញាទៅស្រុកអ៊ីស្រាអែលវិញ 1 ហិបនៃព្រះយេហូវ៉ាបាននៅស្រុកភីលីស្ទីនអស់រយៈពេលប្រាំពីរខែ។ 2 ឯពួកភីលីស្ទីនបានហៅពួកសង្ឃ និងពួកគ្រូថ្លែងទំនាយមកសួរថា៖ «តើយើងត្រូវធ្វើដូចម្តេចចំពោះហិបនៃព្រះយេហូវ៉ានេះ? ចូរប្រាប់ឲ្យយើងដឹងថាត្រូវធ្វើដូចម្តេចផង ដើម្បីនឹងបញ្ជូនទៅកន្លែងដើមវិញ»។ 3 គេឆ្លើយថា៖ «បើអ្នករាល់គ្នាបញ្ជូនហិបនៃព្រះរបស់សាសន៍អ៊ីស្រាអែលទៅវិញ កុំបញ្ជូនទៅដោយទទេឡើយ គឺត្រូវផ្ញើតង្វាយដោយព្រោះការរំលង ទៅដល់ព្រះរបស់គេផង នោះអ្នករាល់គ្នានឹងបានជាសះស្បើយ ក៏នឹងដឹងថាមានហេតុអ្វី ដែលនាំឲ្យព្រះហស្តនៃព្រះយេហូវ៉ានៅជាប់នឹងអ្នករាល់គ្នា»។ 4 គេក៏សួរថា៖ «តើយើងត្រូវផ្ញើតង្វាយយ៉ាងណាទៅថ្វាយព្រះអង្គ?»។ ពួកគេឆ្លើយថា៖ «គឺរូបឫសដូងបាតប្រាំ ធ្វើពីមាស និងកណ្តុរមាសប្រាំ តាមចំនួនពួកមេនៃសាសន៍ភីលីស្ទីន ដ្បិតអ្នករាល់គ្នា និងពួកមេរបស់អ្នករាល់គ្នា ក៏កើតមានសេចក្ដីវេទនាតែមួយ 5 ដូច្នេះ អ្នករាល់គ្នាត្រូវធ្វើជារូបឫសដូងបាត និងរូបកណ្តុរ ដែលបានបំផ្លាញស្រុក រួចសរសើរដល់ព្រះនៃសាសន៍អ៊ីស្រាអែលទៅ ប្រហែលជាព្រះអង្គនឹងសម្រាលព្រះហស្តចេញពីអ្នករាល់គ្នា និងពីព្រះ ហើយពីស្រុករបស់អ្នករាល់គ្នាទេដឹង។ 6 ហេតុអ្វីបានជាអ្នករាល់គ្នាតាំងចិត្តរឹងរូស ដូចជាពួកសាសន៍អេស៊ីព្ទ និងផារ៉ោនដូច្នេះ? កាលក្រោយដែលព្រះអង្គបានធ្វើការអស្ចារ្យក្នុងពួកគេ តើគេមិនបានបើកឲ្យពួកអ៊ីស្រាអែលចេញទៅបាត់ទេឬ? 7 ដូច្នេះ ចូរធ្វើរទេះមួយថ្មី និងយកគោញីពីរ ដែលបំបៅកូន ឥតដែលមានអ្នកណាយកនឹមមកទឹមនៅឡើយ រួចឲ្យទឹមនឹងរទេះនោះ ហើយដេញកូនពីវាឲ្យទៅផ្ទះវិញ។ 8 នោះត្រូវយកហិបនៃព្រះយេហូវ៉ាដាក់លើរទេះទៅ ហើយដាក់គ្រឿងមាសទាំងប៉ុន្មាន ដែលអ្នករាល់គ្នាថ្វាយនោះ ទៅក្នុងប្រអប់ដាក់ខាងហិប រួចលែងវាឲ្យនាំទៅវិញចុះ។ 9 ចាំមើល ប្រសិនបើវាឡើងតាមផ្លូវដែលនាំទៅឯបេត-សេមែស ក្នុងដែនស្រុករបស់គេ នោះគឺជាព្រះអង្គហើយ ដែលបានធ្វើឲ្យយើងកើតមានសេចក្ដីអាក្រក់យ៉ាងធំនេះ តែបើមិនដូច្នោះ នោះយើងនឹងដឹងថា មិនមែនព្រះហស្តរបស់ព្រះអង្គដែលបានវាយយើងទេ គឺជាគ្រោះរបស់យើងវិញ»។ 10 គេក៏ធ្វើដូច្នោះ គឺគេយកគោញីពីរដែលបំបៅកូន នាំមកទឹមនឹងរទេះ រួចបង្ខាំងកូនទុកនៅក្នុងក្រោលវិញ។ 11 ហើយយកហិបនៃព្រះយេហូវ៉ាមកដាក់លើរទេះ ព្រមទាំងប្រអប់ដែលមានរូបកណ្តុរមាស និងរូបឫសដូងបាតរបស់គេផង។ 12 រួចគោនោះក៏ចេញតម្រង់តាមផ្លូវទៅបេត-សេមែស គឺទៅតាមថ្នល់តែមួយនោះ ទាំងរោទ៍បណ្តើរ ឥតមានងាកបែរទៅខាងស្តាំឬខាងឆ្វេងឡើយ ពួកមេនៃសាសន៍ភីលីស្ទីនក៏ដើរតាមរហូតដល់ព្រំប្រទល់បេត-សេមែស។ 13 គ្រានោះ ពួកអ្នកនៅបេត-សេមែស គេកំពុងតែច្រូតស្រូវនៅវាលច្រកភ្នំ។ លុះគេងើបមុខឡើង ក៏អរសប្បាយ ដោយឃើញហិបនៃព្រះមកវិញ។ 14 រទេះក៏មកដល់ក្នុងចម្ការរបស់យ៉ូស្វេ ជាអ្នកនៅបេត-សេមែសនោះ ហើយឈប់នៅទីនោះ ជាកន្លែងដែលមានថ្មមួយធំ ដូច្នេះ គេពុះបំបែករទេះ ហើយថ្វាយគោនោះជាតង្វាយដុតដល់ព្រះយេហូវ៉ា។ 15 ពួកលេវីគេយកហិបនៃព្រះយេហូវ៉ា និងប្រអប់ដែលមានគ្រឿងមាសទាំងប៉ុន្មាន ចុះមកដាក់លើថ្មធំនោះ រួចពួកបេត-សេមែសក៏ថ្វាយតង្វាយដុត និងយញ្ញបូជាដល់ព្រះយេហូវ៉ានៅថ្ងៃនោះ។ 16 កាលពួកមេនៃសាសន៍ភីលីស្ទីនទាំងប្រាំនាក់បានឃើញហើយ នោះគេនាំគ្នាត្រឡប់ទៅក្រុងអេក្រុនវិញ នៅថ្ងៃនោះដែរ។ 17 ឯរូបឫសដូងបាតធ្វើពីមាស ដែលពួកភីលីស្ទីនគេថ្វាយដល់ព្រះយេហូវ៉ា ទុកជាតង្វាយដោយព្រោះការរំលង នោះគឺមួយពីក្រុងអាសដូឌ មួយពីក្រុងកាសា មួយពីក្រុងអាសកាឡូន មួយពីក្រុងកាថ ហើយមួយពីក្រុងអេក្រុន 18 ក៏មានរូបកណ្តុរមាសតាមចំនួនទីក្រុងនៃសាសន៍ភីលីស្ទីន ដែលជារបស់មេទាំងប្រាំនាក់នោះដែរ គឺទាំងក្រុងមានកំផែង និងភូមិនៅស្រុកស្រែទាំងប៉ុន្មានផង ពីគ្រប់ក្នុងស្រុកភីលីស្ទីនរហូតដល់ថ្មធំ ជាទីដែលគេបានដាក់ហិបនៃព្រះយេហូវ៉ានោះ ឯថ្មនោះក៏នៅក្នុងចម្ការរបស់យ៉ូស្វេ ជាអ្នកនៅបេត-សេមែស ដរាបដល់សព្វថ្ងៃនេះ។ ហិបនៃព្រះនៅក្រុងគារយ៉ាត់-យារីម 19 ព្រះយេហូវ៉ាប្រហារពួកបេត-សេមែសដែរ ព្រោះគេបានបើកមើលទៅក្នុងហិបនៃព្រះយេហូវ៉ា ព្រះអង្គប្រហារជីវិតគេអស់ប្រាំម៉ឺនចិតសិបនាក់ ហើយគេក៏នាំគ្នាយំសោក ព្រោះព្រះយេហូវ៉ាបានប្រហារគេអស់ជាច្រើនដូច្នេះ។ 20 ពួកបេត-សេមែសនិយាយឡើងថា៖ «តើមានអ្នកណាអាចនឹងឈរនៅចំពោះព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនេះបាន? តើព្រះអង្គត្រូវចេញពីយើងខ្ញុំឡើងទៅឯអ្នកណាវិញ?» 21 រួចគេចាត់មនុស្សឲ្យទៅឯពួកគារយ៉ាត់-យារីម ប្រាប់ថា៖ «ពួកភីលីស្ទីនបាននាំយកហិបនៃព្រះយេហូវ៉ាមកវិញហើយ ដូច្នេះ សូមអ្នករាល់គ្នាចុះទៅ នាំឡើងទៅឯអ្នករាល់គ្នាវិញចុះ»។ |
© 2016 United Bible Societies
Bible Society in Cambodia