លោកុប្បត្តិ 16:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯលោកស្រីសារ៉ាយ ប្រពន្ធរបស់លោកអាប់រ៉ាម មិនបានបង្កើតកូនឲ្យលោកសោះ។ គាត់មានស្រីបម្រើសាសន៍អេស៊ីព្ទម្នាក់ ឈ្មោះនាងហាការ ព្រះគម្ពីរខ្មែរសាកល រីឯសារ៉ាយប្រពន្ធរបស់អាប់រ៉ាម មិនបានបង្កើតកូនឲ្យគាត់ទេ។ នាងមានបាវបម្រើស្រីជនជាតិអេហ្ស៊ីបម្នាក់ ឈ្មោះហាការ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រីសារ៉ាយ ជាភរិយារបស់លោកអាប់រ៉ាម ពុំបានបង្កើតកូនជូនលោកទេ។ គាត់មានស្រីបម្រើជាតិអេស៊ីបម្នាក់ ឈ្មោះនាងហាការ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯសារ៉ាយ ប្រពន្ធអាប់រ៉ាម នាងមិនបង្កើតកូនឲ្យគាត់សោះ តែនាងមានបាវស្រីសាសន៍អេស៊ីព្ទម្នាក់ឈ្មោះហាការ អាល់គីតាប សារ៉ាយ ជាភរិយារបស់អ៊ីប្រាំ ពុំបានបង្កើតកូនជូនប្ដីទេ។ គាត់មានស្រីបម្រើជាតិអេស៊ីបម្នាក់ ឈ្មោះហាជើរ។ |
ស្ដេចក៏ប្រព្រឹត្តល្អចំពោះលោកអាប់រ៉ាម ដោយព្រោះប្រពន្ធរបស់លោក ហើយលោកបានហ្វូងចៀម ហ្វូងគោ លាឈ្មោល បាវបម្រើប្រុសស្រី លាញី និងអូដ្ឋទៀតផង។
ប៉ុន្តែ ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកអ័ប្រាហាំថា៖ «កុំពិបាកចិត្តព្រោះតែក្មេងនេះ និងស្រីបម្រើរបស់អ្នកឡើយ ចូរធ្វើតាមពាក្យទាំងប៉ុន្មានដែលសារ៉ាបានប្រាប់អ្នកចុះ ដ្បិតពូជអ្នកនឹងត្រូវរាប់តាមអ៊ីសាកទេ។
ក្មេងនេះរស់នៅក្នុងទីរហោស្ថានប៉ារ៉ាន ហើយម្តាយបានយកស្ត្រីម្នាក់ពីស្រុកអេស៊ីព្ទ មកឲ្យធ្វើជាប្រពន្ធ។
លោកអ៊ីសាកបានទូលអង្វរដល់ព្រះយេហូវ៉ា សូមឲ្យព្រះអង្គប្រោសប្រណីដល់ប្រពន្ធរបស់លោក ព្រោះនាងជាស្ត្រីអារ។ ព្រះយេហូវ៉ាទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋានរបស់លោក រួចហើយនាងរេបិកាប្រពន្ធរបស់លោកក៏មានផ្ទៃពោះ។
មើល៍! អេលីសាបិត ជាញាតិរបស់នាងក៏មានផ្ទៃពោះជាកូនប្រុស ក្នុងកាលដែលនាងមានវ័យចាស់ហើយដែរ នាងមានផ្ទៃពោះប្រាំមួយខែហើយ គឺអ្នកដែលគេបានហៅថាជាស្ត្រីអារ។
លោកគ្មានកូនសោះ ដ្បិតអេលីសាបិតជាស្ត្រីអារ ហើយអ្នកទាំងពីរក៏មានវ័យចាស់ណាស់ផង។
នេះជាការប្រៀបធៀប ស្ត្រីទាំងពីរនេះជាគំរូនៃសេចក្ដីសញ្ញាពីរ មួយនៅភ្នំស៊ីណាយ ដែលបង្កើតកូនជាបាវបម្រើ នោះគឺនាងហាកា។
គ្រានោះ មានបុរសម្នាក់នៅសូរ៉ាស់ ក្នុងកុលសម្ព័ន្ធដាន់ ឈ្មោះម៉ាណូអា។ ប្រពន្ធរបស់គាត់ជាស្ត្រីអារ គ្មានកូនសោះ។
តែបានចែកដល់ហាណាទ្វេរជាពីរវិញ ព្រោះគាត់ស្រឡាញ់ហាណាជាង ទោះបើព្រះយេហូវ៉ាបានបង្ខាំងផ្ទៃនាងមិនមានកូនក៏ដោយ។