រ៉ូម 8:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែបើយើងសង្ឃឹមលើអ្វីដែលមើលមិនឃើញ នោះយើងរង់ចាំដោយអំណត់។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែប្រសិនបើយើងសង្ឃឹមលើអ្វីដែលយើងមើលមិនឃើញ នោះយើងទន្ទឹងរង់ចាំដោយការអត់ធ្មត់។ Khmer Christian Bible ប៉ុន្ដែបើយើងសង្ឃឹមលើអ្វីដែលមិនអាចមើលឃើញ នោះយើងមុខជាទន្ទឹងរង់ចាំដោយអំណត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ ប្រសិនបើយើងសង្ឃឹមទៅលើអ្វីៗ ដែលយើងមិនទាន់មាន នោះយើងទន្ទឹងរង់ចាំដោយចិត្តព្យាយាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើយើងសង្ឃឹមនឹងបានអ្វី ដែលមើលមិនឃើញវិញ នោះយើងនឹងរង់ចាំនៅដោយអំណត់ អាល់គីតាប ផ្ទុយទៅវិញ ប្រសិនបើយើងសង្ឃឹមទៅលើអ្វីៗ ដែលយើងមិនទាន់មាន នោះយើងទន្ទឹងរង់ចាំដោយចិត្ដព្យាយាម។ |
ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។
ព្រលឹងខ្ញុំរង់ចាំព្រះតែមួយព្រះអង្គ ដោយស្ងៀមស្ងាត់ ការសង្គ្រោះរបស់ខ្ញុំក៏មកតែពីព្រះអង្គដែរ។
នៅគ្រានោះ គេនឹងពោលថា៖ មើល៍ នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំព្រះអង្គ ហើយព្រះអង្គនឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំព្រះអង្គ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។
ឱព្រះយេហូវ៉ាអើយ យើងខ្ញុំបានរង់ចាំព្រះអង្គ នៅក្នុងផ្លូវនៃសេចក្ដីយុត្តិធម៌របស់ព្រះអង្គ ព្រលឹងយើងខ្ញុំប្រាថ្នានឹងថ្លែងព្រះនាមព្រះអង្គ គឺដល់សេចក្ដីដែលរំឭកពីព្រះអង្គ។
រីឯពូជនៅក្នុងដីល្អ គេជាពួកអ្នកដែលបានឮព្រះបន្ទូលហើយ ក៏រក្សាទុកជាប់ដោយចិត្តល្អទៀងត្រង់ ហើយបង្កើតផលដោយអត់ធ្មត់»។
ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។
ពួកអ្នកដែលប្រព្រឹត្តអំពើល្អដោយចិត្តស៊ូទ្រាំ ស្វែងរកសិរីល្អ កិត្តិយស និងសេចក្តីមិនពុករលួយ ព្រះអង្គនឹងប្រទានជីវិតអស់កល្បជានិច្ច
ហើយមិនត្រឹមតែប៉ុណ្ណោះ សូម្បីតែខ្លួនយើងផ្ទាល់ដែលមានផលដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងខ្លួនដែរ ទាំងរង់ចាំការទទួលជាកូន គឺជាការប្រោសលោះរូបកាយរបស់យើង។
សូមឲ្យអ្នករាល់គ្នាមានកម្លាំង ប្រកបដោយព្រះចេស្ដាគ្រប់ជំពូក ដោយឫទ្ធិបារមីដ៏រុងរឿងរបស់ព្រះអង្គ ហើយឲ្យអ្នករាល់គ្នាចេះទ្រាំទ្រ និងអត់ធ្មត់គ្រប់យ៉ាង ដោយអំណរ
ដោយនឹកចាំនៅចំពោះព្រះជាព្រះវរបិតារបស់យើង ពីកិច្ចការដែលអ្នករាល់គ្នាធ្វើដោយជំនឿ ពីការនឿយហត់ដែលអ្នករាល់គ្នាធ្វើដោយសេចក្ដីស្រឡាញ់ និងពីសេចក្ដីសង្ឃឹមយ៉ាងខ្ជាប់ខ្ជួនដែលអ្នករាល់គ្នាមាន ក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
សូមព្រះអម្ចាស់តម្រង់ចិត្តអ្នករាល់គ្នា ទៅរកសេចក្ដីស្រឡាញ់របស់ព្រះ និងសេចក្ដីខ្ជាប់ខ្ជួនរបស់ព្រះគ្រីស្ទកុំបីខាន។
ដ្បិតអ្នករាល់គ្នាត្រូវមានចិត្តស៊ូទ្រាំ ដើម្បីកាលណាអ្នករាល់គ្នាបានធ្វើតាមព្រះហឫទ័យរបស់ព្រះរួចហើយ អ្នករាល់គ្នានឹងទទួលបានតាមព្រះបន្ទូលសន្យា។
ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើព្រងើយកន្ដើយឡើយ គឺឲ្យត្រាប់តាមអស់អ្នកដែលទទួលបានព្រះបន្ទូលសន្យាទុកជាមត៌ក ដោយមានជំនឿ និងសេចក្ដីអត់ធ្មត់វិញ។
ដូច្នេះ ក្រោយពីលោកអ័ប្រាហាំបានរង់ចាំយ៉ាងអត់ធ្មត់ លោកក៏បានទទួលតាមសេចក្ដីសន្យានោះមែន។
ខ្ញុំ យ៉ូហាន ជាបងប្អូនរបស់អ្នករាល់គ្នា ជាអ្នកមានចំណែកជាមួយអ្នករាល់គ្នាក្នុងព្រះយេស៊ូវ គឺក្នុងសេចក្តីទុក្ខលំបាក ក្នុងព្រះរាជ្យ និងក្នុងសេចក្ដីអត់ធ្មត់របស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំនៅលើកោះ ឈ្មោះប៉ាត់ម៉ុស ព្រោះតែព្រះបន្ទូលរបស់ព្រះ និងបន្ទាល់របស់ព្រះយេស៊ូវគ្រីស្ទ។
បើអ្នកណាដែលត្រូវគេនាំទៅជាឈ្លើយ អ្នកនោះនឹងត្រូវទៅជាឈ្លើយ បើអ្នកណាត្រូវគេសម្លាប់ដោយដាវ អ្នកនោះនឹងត្រូវស្លាប់ដោយដាវដែរ នេះហើយជាសេចក្ដីអត់ធ្មត់ និងជំនឿរបស់ពួកបរិសុទ្ធ។
នេះហើយជាសេចក្ដីអត់ធ្មត់របស់ពួកបរិសុទ្ធ គឺអស់អ្នកដែលកាន់តាមបទបញ្ជារបស់ព្រះ និងកាន់តាមជំនឿរបស់ព្រះយេស៊ូវ។