នៅថ្ងៃទីបួន គេប្រជុំគ្នានៅជ្រលងភ្នំបេរ៉ាកា ព្រោះនៅទីនោះគេបានថ្វាយព្រះពរដល់ព្រះយេហូវ៉ា បានជាគេហៅទីនោះថា ជ្រលងភ្នំបេរ៉ាកា រហូតដល់សព្វថ្ងៃ។
យ៉ូអែល 3:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះយើងនឹងប្រមូលសាសន៍ទាំងអស់ ហើយនាំគេចុះទៅក្នុងជ្រលងភ្នំយេហូសាផាត នៅទីនោះយើងនឹងវិនិច្ឆ័យទោសពួកគេ ដោយព្រោះប្រជារាស្ត្ររបស់យើង គឺអ៊ីស្រាអែល ជាមត៌ករបស់យើង ដែលគេកម្ចាត់កម្ចាយទៅនៅអស់ទាំងសាសន៍ ហើយគេបានបែងចែកទឹកដីរបស់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងប្រមូលប្រជាជាតិទាំងអស់ ឲ្យមកជួបជុំគ្នានៅជ្រលងភ្នំយេហូសាផាត ។ នៅទីនោះ យើងនឹងវិនិច្ឆ័យទោសពួកគេ ព្រោះតែអំពើដែលពួកគេបានប្រព្រឹត្តចំពោះ អ៊ីស្រាអែល ជាប្រជារាស្ត្រ និងជាចំណែកមត៌ករបស់យើង ដោយកម្ចាត់កម្ចាយឲ្យទៅនៅក្នុងចំណោម ជាតិសាសន៍ទាំងឡាយ។ យើងក៏នឹងវិនិច្ឆ័យទោសពួកគេ ព្រោះគេ យកទឹកដីរបស់យើងទៅបែងចែកគ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអញនឹងប្រមូលសាសន៍ទាំងអស់នាំគេចុះទៅក្នុងច្រកភ្នំយេហូសាផាត នៅទីនោះអញនឹងសំរេចតាមសេចក្ដីយុត្តិធម៌ដល់គេ ដោយព្រោះរាស្ត្រអញ គឺអ៊ីស្រាអែលជាមរដករបស់អញ ដែលគេកំចាត់កំចាយទៅនៅអស់ទាំងសាសន៍ ព្រមទាំងបែងចែកស្រុករបស់អញផង អាល់គីតាប យើងនឹងប្រមូលប្រជាជាតិទាំងអស់ ឲ្យមកជួបជុំគ្នានៅជ្រលងភ្នំយេហូសាផាត។ នៅទីនោះ យើងនឹងវិនិច្ឆ័យទោសពួកគេ ព្រោះតែអំពើដែលពួកគេបានប្រព្រឹត្តចំពោះ អ៊ីស្រអែល ជាប្រជារាស្ត្រ និងជាចំណែកមត៌ករបស់យើង ដោយកំចាត់កំចាយឲ្យទៅនៅក្នុងចំណោម ជាតិសាសន៍ទាំងឡាយ។ យើងក៏នឹងវិនិច្ឆ័យទោសពួកគេ ព្រោះគេ យកទឹកដីរបស់យើងទៅបែងចែកគ្នាដែរ។ |
នៅថ្ងៃទីបួន គេប្រជុំគ្នានៅជ្រលងភ្នំបេរ៉ាកា ព្រោះនៅទីនោះគេបានថ្វាយព្រះពរដល់ព្រះយេហូវ៉ា បានជាគេហៅទីនោះថា ជ្រលងភ្នំបេរ៉ាកា រហូតដល់សព្វថ្ងៃ។
ដ្បិតព្រះយេហូវ៉ានឹងសម្រេចតាមសេចក្ដីយុត្តិធម៌ ដល់មនុស្សទាំងអស់ ដោយសារភ្លើង និងដោយសារដាវរបស់ព្រះអង្គ ដូច្នេះ ពួកអ្នកដែលព្រះយេហូវ៉ាប្រហារជីវិត នោះមានគ្នាច្រើនណាស់។
យើងស្គាល់អស់ទាំងកិច្ចការ និងគំនិតរបស់គេហើយ យើងនឹង មកប្រមូលមនុស្សគ្រប់ជាតិសាសន៍ និងគ្រប់ភាសា ហើយគេនឹងចូលមក ឃើញសិរីល្អរបស់យើង។
ព្រះយេហូវ៉ាមានព្រះបន្ទូលទាស់នឹងអស់អ្នកជិតខាងដ៏អាក្រក់របស់ខ្ញុំថា៖ ពួកអ្នកដែលប៉ះពាល់មត៌កដែលយើងបានចែកឲ្យពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង នោះមើល៍ យើងនឹងដករំលើងគេចេញពីស្រុកទៅ ហើយនឹងដករំលើងពួកវង្សយូដាចេញពីកណ្ដាលគេដែរ។
ព្រះសូរសៀងនឹងឮរហូតដល់ចុងបំផុតផែនដី ដ្បិតព្រះយេហូវ៉ាមានការណ៍ទាស់ទទឹង នឹងសាសន៍ទាំងប៉ុន្មាន ព្រះអង្គនឹងកាត់ក្ដីមនុស្សគ្នា ឯពួកមនុស្សអាក្រក់ ព្រះអង្គនឹងប្រគល់ដល់ដាវ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ពីពួកកូនចៅអាំម៉ូន។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «តើអ៊ីស្រាអែលគ្មានកូនប្រុសទេឬ? តើគ្មានអ្នកណានឹងគ្រងមត៌កទេឬ? ចុះហេតុអ្វីបានជាព្រះម៉ូឡុក បានគ្រងស្រុកកាឌជាមត៌ក ហើយពួកវាអាស្រ័យនៅក្នុងទីក្រុងនៃស្រុកនោះដូច្នេះ?
ពួកអ៊ីស្រាអែលប្រៀបដូចជាចៀមដែលត្រូវប្រដេញកម្ចាយ ពួកសិង្ហបានដេញកម្ចាយគេហើយ មុនដំបូង គឺស្តេចអាសស៊ើរបានត្របាក់ស៊ីគេ បន្ទាប់មក នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានបំបាក់ឆ្អឹងគេ។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ដោយព្រោះស្រុកម៉ូអាប់ និងស្រុកសៀរពោលថា មើល៍ ពួកវង្សយូដាគេក៏ដូចជាអស់ទាំងសាសន៍ដែរ
ហ្វូងចៀមរបស់យើងបានដើរចុះឡើង នៅលើអស់ទាំងភ្នំធំ និងភ្នំតូចទាំងប៉ុន្មាន ហ្វូងចៀមរបស់យើងត្រូវកម្ចាត់កម្ចាយ នៅពេញពាសលើផែនដី ឥតមានអ្នកណាទៅស៊ើបសួរ ឬស្វែងរកវាសោះ។
ដោយព្រោះអ្នកបានថា សាសន៍ទាំងពីរ និងស្រុកទាំងពីរនោះ ជារបស់យើង យើងនឹងចាប់បានជារបស់យើង ទោះបើព្រះយេហូវ៉ាគង់នៅទីនោះក៏ដោយ
«កូនមនុស្សអើយ ចូរថ្លែងទំនាយដល់អស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែលដែរថា ឱភ្នំអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ
គឺព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា សំណល់នៃអស់ទាំងសាសន៍ ព្រមទាំងស្រុកអេដុមទាំងមូល ដែលបានតម្រូវស្រុកយើងទុកជារបស់គេ ដោយអំណរអស់ពីចិត្ត ទាំងមានចិត្តមើលងាយផង ដើម្បីបោះបង់ចោលទុកជារំពា នោះប្រាកដជាយើងបានតបនឹងគេដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់យើង។
យើងនឹងសម្រេចទោសដល់វា ដោយអាសន្នរោគ និងឈាម យើងនឹងបង្អុរភ្លៀងរំលា ព្រមទាំងព្រឹលយ៉ាងធំ និងភ្លើង ហើយស្ពាន់ធ័រមកលើវា និងពួកកកកុញរបស់វា ហើយលើបណ្ដាសាសន៍ជាច្រើនដែលមកជាមួយផង។
គ្រានោះ យើងនឹងឲ្យកន្លែងមួយដល់ពួកកុក សម្រាប់ជាទីបញ្ចុះសពនៅក្នុងស្រុកអ៊ីស្រាអែល គឺនៅជ្រលងភ្នំរបស់អ្នកដំណើរ ខាងកើតសមុទ្រ។ ជ្រលងភ្នំនោះនឹងបិទខ្ទប់អ្នកដំណើរ ហើយនៅទីនោះគេនឹងកប់សាកសពពួកកុក និងប្រជាជនជាច្រើនឥតគណនាទាំងប៉ុន្មានរបស់វា គេនឹងហៅជ្រលងភ្នំនោះថា ហាមុន-កុក ។
ត្រូវឲ្យសាសន៍ទាំងប៉ុន្មានភ្ញាក់ឡើង ហើយមកឯជ្រលងភ្នំយេហូសាផាត ដ្បិតនៅទីនោះ យើងនឹងអង្គុយជំនុំជម្រះ សាសន៍ទាំងប៉ុន្មានដែលនៅព័ទ្ធជុំវិញ។
មានមនុស្សទាំងហ្វូង អើ មានទាំងហ្វូងនៅជ្រលងភ្នំនៃការសម្រេចទោស! ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ាជិតដល់ហើយ នៅក្នុងច្រកភ្នំនៃការសម្រេចទោស!
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់សាសន៍អេដុម អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានកាន់ដាវ ដេញតាមបងប្អូនរបស់ខ្លួន ក៏គ្មានចិត្តមេត្តាប្រណីទាល់តែសោះ គេចេះតែហែកហួរតាមកំហឹងរបស់គេ ក៏ចេះតែចងកំហឹងជាដរាប។
ប៉ុន្តែ គេមិនស្គាល់គំនិតរបស់ព្រះយេហូវ៉ាទេ ក៏មិនយល់សេចក្ដីប្រឹក្សារបស់ព្រះអង្គដែរ ដ្បិតព្រះអង្គបានប្រមូលគេនៅទីលានដូចជាកណ្ដាប់ស្រូវ។
ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ចូររង់ចាំយើង គឺរង់ចាំថ្ងៃដែលយើងក្រោកឡើងសង្គ្រុបលើគេ។ ដ្បិតយើងសម្រេចនឹងប្រមូលអស់ទាំងសាសន៍ ដើម្បីប្រជុំអស់ទាំងនគរ ប្រយោជន៍នឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់យើង គឺជាសេចក្ដីក្រេវក្រោធដ៏សហ័សរបស់យើងទៅលើគេ ដ្បិតផែនដីទាំងមូលនឹងត្រូវឆេះ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់យើង។
ជាតិសាសន៍នានាមានកំហឹង តែសេចក្តីក្រោធរបស់ព្រះអង្គក៏មកដល់ ហើយជាពេលកំណត់ដែលត្រូវជំនុំជម្រះពួកមនុស្សស្លាប់ និងប្រទានរង្វាន់ដល់ពួកហោរា ពួកបរិសុទ្ធ និងអស់អ្នកដែលកោតខ្លាចព្រះនាមព្រះអង្គ គឺជាអ្នកបម្រើរបស់ព្រះអង្គទាំងតូចទាំងធំ ហើយក៏ជាពេលត្រូវបំផ្លាញអស់អ្នកដែលបំផ្លាញផែនដីដែរ»។
វិញ្ញាណទាំងនោះ ជាវិញ្ញាណរបស់ពួកអារក្ស ដែលចេញទៅរកពួកស្តេច នៅផែនដីទាំងមូល ទាំងធ្វើទីសម្គាល់ ដើម្បីប្រមូលស្តេចទាំងនោះមកច្បាំង នៅថ្ងៃយ៉ាងធំរបស់ព្រះដ៏មានព្រះចេស្តាបំផុត។
ដ្បិតគេបានកម្ចាយឈាមពួកបរិសុទ្ធ និងពួកហោរា ហើយព្រះអង្គឲ្យគេផឹកឈាមដូច្នេះ គឺគេសមនឹងទទួលហើយ!»។
ហើយវានឹងចេញទៅ បញ្ឆោតជាតិសាសន៍នានា នៅជ្រុងទាំងបួននៃផែនដីឲ្យវង្វេង គឺសាសន៍កុក និងសាសន៍ម៉ាកុក ដើម្បីប្រមូលគេមកច្បាំង។ ពួកគេមានចំនួនច្រើនដូចគ្រាប់ខ្សាច់នៅមាត់សមុទ្រ។