យេរេមា 6:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងរាល់គ្នាបានឮសូរពីការនោះហើយ ដៃយើងក៏បានខ្សោយទៅ ហើយយើងមានការព្រួយបារម្ភ ព្រមទាំងឈឺចាប់ ដូចជាស្រីដែលរៀបនឹងសម្រាលកូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «យើងខ្ញុំបានឮដំណឹងនេះ យើងខ្ញុំក៏ទន់ដៃទន់ជើង ភ័យតក់ស្លុត និងឈឺចាប់ដូចស្ត្រីកំពុងសម្រាលកូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងរាល់គ្នាបានឮសូរពីការនោះហើយ ដៃយើងក៏បានខ្សោយទៅ ហើយយើងកើតមានសេចក្ដីបារម្ភព្រួយ ព្រមទាំងឈឺចាប់ ដូចជាស្រីដែលរៀបនឹងសំរាលកូន អាល់គីតាប «យើងខ្ញុំបានឮដំណឹងនេះ យើងខ្ញុំក៏ទន់ដៃទន់ជើង ភ័យតក់ស្លុត និងឈឺចាប់ដូចស្ត្រីកំពុងសំរាលកូន។ |
ហេតុនោះបានជាចង្កេះខ្ញុំចុកសៀតជាខ្លាំង សេចក្ដីឈឺចាប់បានគ្របសង្កត់ខ្ញុំ ដូចជាស្ត្រីឈឺនឹងសម្រាល ខ្ញុំបានវល់គំនិត ដល់ម៉្លេះបានជាស្តាប់អ្វីមិនឮ ក៏ញ័រខ្លួនទទាក់ ដល់ម៉្លេះបានជាមើលអ្វីមិនឃើញ។
សេចក្ដីអន្តរាយនោះហូរកាត់មកវេលាណា ក៏នឹងកៀរយកអ្នករាល់គ្នាទៅតែម្តង ដ្បិតរាល់ព្រឹកនឹងហូរកាត់មក ហើយទាំងថ្ងៃទាំងយប់ផង ការដែលគ្រាន់តែឮដំណឹង នោះនឹងបានជាសេចក្ដីគួរស្ញែងខ្លាច។
តើអ្នកនឹងថាដូចម្តេច ក្នុងកាលដែលព្រះអង្គតាំងពួកមិត្តសម្លាញ់ របស់អ្នកឡើងឲ្យគ្រប់គ្រងលើអ្នក ដ្បិតគឺអ្នកហើយដែលបានបង្រៀនគេឲ្យធ្វើដូច្នេះ តើសេចក្ដីទុក្ខព្រួយដូចជាស្ត្រី ដែលឈឺចាប់នឹងសម្រាលកូនមិនចាប់អ្នកទេឬ?
ឱអ្នកដែលអាស្រ័យនៅព្រៃល្បាណូន ដែលធ្វើសម្បុកនៅដើមតាត្រៅអើយ កាលណាសេចក្ដីទុក្ខវេទនាមកលើអ្នក ដូចជាស្ត្រីដែលឈឺចាប់សម្រាលកូន នោះអ្នកគួរឲ្យអាណិតយ៉ាងណាទៅ!។
ចូរស៊ើបសួរឥឡូវ ឲ្យដឹង តើមនុស្សប្រុសដែលឈឺសម្រាលកូនឬ? ចុះហេតុអ្វីបានជាឃើញប្រុសៗទាំងអស់ កំពុងតែយកដៃស្ទឹមចុចចង្កេះ ដូចជាស្រីដែលឈឺចាប់ ហៀបនឹងសម្រាលកូន ហើយមុខគេក៏ស្លេកស្លាំងគ្រប់គ្នាដូច្នេះ?
ដ្បិតខ្ញុំបានឮសំឡេងមួយ ដូចជាសំឡេងរបស់ស្រី ដែលឈឺហៀបសម្រាលកូន ជាសេចក្ដីព្រួយបារម្ភរបស់ស្រី ដែលសម្រាលកូនជាដំបូង គឺជាសំឡេងកូនស្រីស៊ីយ៉ូន ដែលដកដង្ហើមថ្ងូរ ហើយស្រងាកដៃ ដោយថា "វរហើយខ្ញុំ ដ្បិតព្រលឹងខ្ញុំល្វើយណាស់ នៅចំពោះពួកកាប់សម្លាប់នេះ"»។
កេរីយ៉ុតត្រូវចាប់យកហើយ គេក៏ចាប់បានទីមាំមួនទាំងប៉ុន្មានដែរ នៅថ្ងៃនោះ ចិត្តនៃមនុស្សខ្លាំងពូកែក្នុងសាសន៍ម៉ូអាប់ នឹងបានដូចជាចិត្តរបស់ស្រីដែលឈឺនឹងសម្រាលកូន។
ក្រុងដាម៉ាសបានក្លាយទៅជាខ្សោយ គេបែរទៅរៀបនឹងរត់ សេចក្ដីភ័យញ័រក៏ចាប់គេហើយ គេកើតមានសេចក្ដីថប់ព្រួយ និងសេចក្ដីទុក្ខវេទនា ដូចជាស្រីដែលឈឺហៀបនឹងសម្រាលកូន។
ស្តេចក្រុងបាប៊ីឡូនបានឮដំណឹងពីគេ ព្រះហស្តរបស់ទ្រង់ក៏ខ្សោយទៅ មានសេចក្ដីថប់ព្រួយចាប់ទ្រង់ ទ្រង់ក៏ឈឺចាប់ ដូចជាស្រីដែលឈឺនឹងសម្រាលកូន។
ដូច្នេះ ព្រះបាទបេលសាសារតក់ស្លុតជាខ្លាំង ហើយព្រះភក្ត្រស្ដេចប្រែជាស្លេកស្លាំង ឯពួកសេនាបតីរបស់ស្ដេចក៏ទាល់គំនិតដែរ។
ខ្ញុំបានឮ ហើយខ្ញុំក៏ញ័ររន្ធត់ បបូរមាត់ខ្ញុំក៏ញ័រ ដោយឮសំឡេងនោះ ក្នុងឆ្អឹងរបស់ខ្ញុំពុកទៅៗ ខ្ញុំក៏ទន់ជើងនៅស្ងៀម ព្រោះខ្ញុំត្រូវរង់ចាំថ្ងៃវេទនាដោយអំណត់ គឺរង់ចាំសាសន៍ដែលទន្ទ្រានចូល បានមកដល់។
កាលគេកំពុងនិយាយថា «មានសេចក្ដីសុខសាន្តហើយ មានសន្ដិសុខហើយ!» ពេលនោះ នឹងមានមហន្តរាយកើតមានដល់គេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺចាប់នឹងសម្រាល ហើយពុំអាចគេចផុតបានឡើយ។