ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 36:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រហែល​ជា​គេ​នឹង​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​គេ​រៀង​ខ្លួន​ទេ​ដឹង ដ្បិត​សេចក្ដី​ក្រោធ និង​សេចក្ដី​ឃោរ‌ឃៅ ដែល​ព្រះ‌យេហូវ៉ា​បាន​ពោល​ទាស់​នឹង​សាសន៍​នេះ នោះ​ធ្ងន់​ក្រៃ‌លែង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ប្រហែល​ជា​នាំ​គ្នា​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ហើយ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ ដ្បិត​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង​ទាស់​នឹង​ប្រជា‌ជន​នេះ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប្រហែល​ជា​គេ​នឹង​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​នឹង​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​គេ​រៀង​ខ្លួន​ទេ​ដឹង ដ្បិត​សេចក្ដី​ខ្ញាល់ នឹង​សេចក្ដី​ឃោរ‌ឃៅ ដែល​ព្រះ‌យេហូវ៉ា​បាន​ពោល​ទាស់​នឹង​សាសន៍​នេះ នោះ​ធ្ងន់​ក្រៃ‌លែង

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​ប្រហែល​ជា​នាំ​គ្នា​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ហើយ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ ដ្បិត​ទ្រង់​ខឹង​យ៉ាង​ខ្លាំង​ទាស់​នឹង​ប្រជា‌ជន​នេះ»។

សូមមើលជំពូក



យេរេមា 36:7
36 ការដាក់ឲ្យឆ្លើយតបគ្នា  

«ចូរ​អ្នក​រាល់​គ្នា​ទៅ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ពី​ដំណើរ​ព្រះ‌បន្ទូល​ដែល​មាន​ក្នុង​គម្ពីរ ដែល​គេ​បាន​ឃើញ​នេះ ឲ្យ​យើង និង​ពួក​បណ្ដា‌ជន ជា​ពួក​យូដា​ទាំង​អស់​គ្នា​ផង ដ្បិត​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ព្រះ‌យេហូវ៉ា ដែល​កើត​ឡើង​ទាស់​នឹង​យើង​រាល់​គ្នា នោះ​ខ្លាំង​ក្រៃ‌លែង ព្រោះ​បុព្វ‌បុរស​យើង​រាល់​គ្នា មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ​នេះ ដើម្បី​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​បង្គាប់​មក​យើង​រាល់​គ្នា​ទេ»។


គេ​បាន​បោះ‌បង់​ចោល​យើង ហើយ​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ ជា​ការ​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្ដី​ក្រោធ ដោយ‌សារ​ការ​ទាំង​ប៉ុន្មាន​ដែល​ដៃ​គេ​ធ្វើ ដោយ​ហេតុ​នោះ​បាន​ជា​សេចក្ដី​ក្រោធ​របស់​យើង នឹង​ឆេះ‌ឆួល​ឡើង​ទាស់​នឹង​ទី​នេះ ហើយ​នឹង​ពន្លត់​មិន​បាន​ផង។


«ចូរ​ទៅ​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​យើង និង​ពួក​អ្នក​ដែល​សល់​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល ហើយ​នឹង​ពួក​យូដា ឲ្យ​យើង​បាន​ដឹង​ពី​ដំណើរ​ពាក្យ​នៃ​គម្ពីរ ដែល​ប្រទះ​ឃើញ​នេះ ដ្បិត​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ដែល​បាន​ចាក់​មក​លើ​យើង​រាល់​គ្នា នោះ​សម្បើម​ណាស់ ព្រោះ​បុព្វ‌បុរស​យើង​រាល់​គ្នា មិន​បាន​កាន់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ទេ»។


ក៏​មាន​មក​ដល់ នៅ​ក្នុង​រាជ្យ​យ៉ូយ៉ាគីម ជា​បុត្រ​ព្រះបាទ​យ៉ូសៀស ជា​ស្តេច​ស្រុក​យូដា ដរាប​ដល់​ផុត​ឆ្នាំ​ទី​ដប់​មួយ ក្នុង​រាជ្យ​ព្រះបាទ​សេដេគា ជា​បុត្រ​ព្រះបាទ​យ៉ូសៀស ដែល​ជា​ស្តេច​ស្រុក​យូដា គឺ​ដល់​ខែ​ស្រាពណ៍ ជា​គ្រា​ដែល​ពួក​ក្រុង​យេរូ‌សាឡិម ត្រូវ​ចាប់​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ​ឯង។


ពេល​ណា​អ្នក​បាន​ប្រាប់​ពាក្យ​ទាំង​នេះ​ដល់​ជន​ជាតិ​នេះ​រួច​ជា​ស្រេច ហើយ​គេ​សួរ​អ្នក​ថា៖ ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល ពី​ការ​អាក្រក់​យ៉ាង​ធំ​ទាំង​នេះ​ទាស់​នឹង​យើង​ដូច្នេះ? តើ​យើង​មាន​អំពើ​ទុច្ចរិត​ណា ឬ​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ណា ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង?


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! យើង​នឹង​នាំ​គ្រប់​ទាំង​សេចក្ដី​អាក្រក់​មក​លើក្រុង​នេះ និង​អស់​ទាំង​តំបន់​នៅ​ជុំ‌វិញ ដូច​ជា​យើង​បាន​ប្រកាស​ប្រាប់​ទាស់​នឹង​គេ ពី​ព្រោះ​គេ​បាន​តាំង​ចិត្ត​រឹង‌រូស ដើម្បី​មិន​ឲ្យ​ឮ​ពាក្យ​របស់​យើង​ឡើយ។


ហើយ​ខ្លួន​យើង​ក៏​ច្បាំង​ត​នឹង​អ្នក​រាល់​គ្នា ដោយ​ដៃ​លូក​ចេញ និង​ដើម​ដៃ​ខ្លាំង​ពូកែ គឺ​ដោយ​កំហឹង សេចក្ដី​ក្រោធ និង​សេចក្ដី​គ្នាន់‌ក្នាញ់​ជា​ខ្លាំង។


ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​អ្នក​រាល់​គ្នា​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន ហើយ​ពី​អំពើ​អាក្រក់​ដែល​គ្រប់​គ្នា​ប្រព្រឹត្ត​ឥឡូវ​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ដល់​អ្នក និង​បុព្វ‌បុរស​អ្នក តាំង​ពី​បុរាណ ហើយ​រហូត​តទៅ។


ប្រហែល​ជា​គេ​នឹង​ស្តាប់​តាម ហើយ​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​ដែល​គេ​ប្រព្រឹត្ត​រៀង​ខ្លួន ដើម្បី​ឲ្យ​យើង​បាន​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់ ដែល​យើង​សម្រេច​នឹង​ធ្វើ​ដល់​គេ ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​គេ​ប្រព្រឹត្ត​នោះ។


ប្រហែល​ជា​ពួក​វង្ស​យូដា​នឹង​ស្តាប់​អស់​ទាំង​សេចក្ដី​អាក្រក់ ដែល​យើង​សម្រេច​នឹង​ធ្វើ​ដល់​គេ​ទេ​ដឹង ប្រយោជន៍​ឲ្យ​គេ​បាន​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​គេ​រៀង​ខ្លួន ដើម្បី​ឲ្យ​យើង​បាន​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​គេ។


ឥឡូវ​នេះ ឱ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ​អើយ សូម​ទ្រង់‌សណ្តាប់ សូម​មេត្តា​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ទូល‌អង្វរ​បន្តិច សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រឡប់​ទៅ​ក្នុង​ផ្ទះ​របស់​ស្មៀន​យ៉ូណាថាន​ទៀត​ឡើយ ក្រែង​ទូល‌បង្គំ​ស្លាប់​នៅ​ទី​នោះ»។


ឱ​មនុស្ស​នៅ​ស្រុក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​អ្នក​រាល់​គ្នា​កាត់​ស្បែក​ថ្វាយ​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា ចូរ​កាត់​យក​ស្បែក​ចិត្ត​អ្នក​ចោល​ចុះ ក្រែង​សេចក្ដី​ក្រោធ​របស់​យើង​ចេញ​មក​ដូច​ជា​ភ្លើង ហើយ​ឆេះ​ឥត​មាន​អ្នក​ណា​ពន្លត់​បាន ដោយ​ព្រោះ​សេចក្ដី​អាក្រក់ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​នោះ»។


ហើយ​គេ​និយាយ​ទៅ​កាន់​ហោរា​យេរេមា​ថា៖ «សូម​លោក​មេត្តា​ស្តាប់​សេចក្ដី​ដែល​យើង​ខ្ញុំ​អង្វរ​ដល់​លោក ហើយ​សូម​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក​ឲ្យ​យើង​ខ្ញុំ​ផង គឺ​ឲ្យ​ពួក​មនុស្ស​ដែល​សល់​នៅ​ទាំង​នេះ ដ្បិត​យើង​ខ្ញុំ​ដែល​មាន​គ្នា​ច្រើន បាន​សល់​នៅ​តែ​បន្តិច​ទេ ដូច​ជា​លោក​ឃើញ​ស្រាប់


ព្រះ‌យេហូវ៉ា​ក្រោធ​យ៉ាង​ខ្លាំង ព្រះ‌អង្គ​បាន​ចាក់​សេចក្ដី​ក្រោធ​ដ៏​សហ័ស របស់​ព្រះ‌អង្គ​ចេញ​ហើយ ព្រះ‌អង្គ​បាន​បង្កាត់​ភ្លើង​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន ជា​ភ្លើង​ដែល​ឆេះ​ទាំង​ឫស​ជញ្ជាំង​ផង។


ដូច្នេះ កូន​មនុស្ស​អើយ ចូរ​រៀបចំ​អីវ៉ាន់ សម្រាប់​ដំណើរ​និរទេស ហើយ​ដើរ​ចេញ​ទៅ ទាំង​ថ្ងៃ​នៅ​ចំពោះ​ភ្នែក​គេ​ចុះ អ្នក​ត្រូវ​រើ​ចេញ​ពី​កន្លែង​អ្នក ទៅ​កន្លែង​មួយ​ទៀត នៅ​ចំពោះ​ភ្នែក​គេ ប្រហែល​ជា​គេ​នឹង​ពិចារ‌ណា​យល់ ទោះ​បើ​គេ​ជា​វង្ស​រឹង​ចចេស​ក៏​ដោយ។


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នឹង​រំលំ​កំផែង​នោះ ដោយ​ខ្យល់​គំហុក ក្នុង​សេចក្ដី​ក្រោធ​របស់​យើង ហើយ​នឹង​មាន​ភ្លៀង​ធ្លាក់យ៉ាង​ខ្លាំង ដោយ​កំហឹង​របស់​យើង ព្រម​ទាំង​គ្រាប់​ព្រឹល​ធំៗ ដោយ​សេចក្ដី​ក្រោធ​របស់​យើង មក​បំផ្លាញ​កំផែង​នោះ។


ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ ប្រាកដ​ជា​យើង​នឹង​សោយ‌រាជ្យ​លើ​អ្នក​រាល់​គ្នា​ដោយ​ដៃ​ខ្លាំង​ពូកែ ហើយ​លើក​សម្រេច ព្រម​ទាំង​ចាក់​សេចក្ដី​ក្រោធ​ចេញ។


ដូច​ជា​គេ​ប្រមូល​ប្រាក់ លង្ហិន ដែក សំណ និង​ស៊ីវិឡាត ដាក់​ក្នុង​ឡ ដើម្បី​សប់​ភ្លើង​រំលាយ​ទៅ​ដែរ គឺ​យ៉ាង​នោះ​ដែល​យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​កំហឹង និង​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង គឺ​យើង​នឹង​ដាក់​អ្នក​រាល់​គ្នា​នៅ​ទី​នោះ ហើយ​រំលាយ​ទៅ។


គឺ​យ៉ាង​នោះ​ឯង ដែល​សេចក្ដី​ក្រោធ​របស់​យើង​នឹង​បាន​សម្រេច ហើយ​យើង​នឹង​ឲ្យ​សេចក្ដី​ក្រោធ​របស់​យើង​នៅ​លើ​គេ នោះ​យើង​នឹង​បាន​រសាយ​ចិត្ត កាល​ណា​យើង​បាន​សម្រេច​សេចក្ដី​ក្រោធ​របស់​យើង​ដល់​គេ នោះ​គេ​នឹង​ដឹង​ថា ជា​យើង​នេះ​ហើយ គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​ប្រច័ណ្ឌ។


ដូច្នេះ យើង​នឹង​ប្រព្រឹត្ត​ដោយ​សេចក្ដី​ក្រោធ​ដែរ ភ្នែក​យើង​នឹង​មិន​ប្រណី​ឡើយ យើង​នឹង​មិន​អាណិត​មេត្តា​ទេ ទោះ​បើ​គេ​អំពាវ‌នាវ ដោយ​សំឡេង​យ៉ាង​ខ្លាំង​ដាក់​ត្រចៀក​យើង​ក៏​ដោយ គង់​តែ​យើង​មិន​ព្រម​ស្តាប់​ឡើយ»។


សេចក្ដី​អាក្រក់​ទាំង​ប៉ុន្មាន​នេះ បាន​ធ្លាក់​មក​លើ​យើង​ខ្ញុំ ដូច​បាន​ចែង​ទុក​មក​នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ហើយ ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ទូល‌អង្វរ​ស្វែង​រក​ព្រះ‌គុណ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ក៏​មិន​បាន​បែរ​ចេញ​ពី​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ ដើម្បី​ឲ្យ​មាន​គំនិត​វាង‌វៃ ដោយ​សារ​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ​ឡើយ។


ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់ សូម​បើក​ព្រះ‌នេត្រ​ទត​មើល​សេចក្ដី​វេទនា​របស់​យើង​ខ្ញុំ និង​ទី​ក្រុង​ដែល​បាន​ហៅ​តាម​ព្រះ‌នាម​ព្រះ‌អង្គ​ផង ដ្បិត​យើង​ខ្ញុំ​មិន​មែន​ទូល‌អង្វរ​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​ព្រោះ​សេចក្ដី​សុចរិត​របស់​យើង​ខ្ញុំ​ទេ គឺ​ដោយ​ព្រោះ​ព្រះ​ហឫទ័យ​មេត្តា‌ករុណា​ដ៏​ធំ​របស់​ព្រះ‌អង្គ​វិញ។


យើង​នឹង​វិល​ត្រឡប់​ទៅ​រក​កន្លែង​របស់​យើង រហូត​ទាល់​តែ​គេ​បាន​ទទួល​ស្គាល់​ទោស​របស់​ខ្លួន ហើយ​ស្វែង​រក​មុខ​យើង ដ្បិត​នៅ​ពេល​ណាគេ​មាន​អាសន្ន គេ​នឹង​ស្វែង​រក​យើង​យ៉ាង​អស់​ពី​ចិត្ត។


ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា ឥឡូវ​នេះ ចូរ​នាំ​គ្នា​វិល​មក​រក​យើង​ដោយ​អស់​ពី​ចិត្ត ទាំង​តម​អត់ ទាំង​យំ​សោក ហើយ​កាន់​ទុក្ខ


មិន​ត្រូវ​ហែក​អាវ​ខ្លួន​ទេ គឺ​ត្រូវ​ហែក​ចិត្ត ហើយ​វិល​មក​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​វិញ ដ្បិត​ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌គុណ និង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ជា​បរិបូរ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ដាក់​ទោស​ទេ។


ទាំង​អស់​គ្នា​ត្រូវ​ឃ្លុំ​ខ្លួន​ដោយ​សំពត់​ធ្មៃ គឺ​ទាំង​មនុស្ស និង​សត្វ​ផង ហើយ​គ្រប់​គ្នា​ត្រូវ​អំពាវ‌នាវ​យ៉ាង​ខ្លាំង​ដល់​ព្រះ អើ ត្រូវ​ឲ្យ​គេ​លាក​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ​រៀង​ខ្លួន ហើយ​ពី​ការ​ច្រឡោត​ដែល​នៅ​ដៃ​ខ្លួន​ផង។


កុំ​ប្រព្រឹត្ត​ដូច​ជា​បុព្វ‌បុរស​របស់​ឯង​រាល់​គ្នា ដែល​ពួក​ហោរា​ពី​ដើម​បាន​ស្រែក​ប្រាប់​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​វិល​ត្រឡប់​ពី​ផ្លូវ​អាក្រក់ និង​ពី​ការប្រព្រឹត្ដ​អាក្រក់​របស់​ឯង​រាល់​គ្នា​មក​វិញ​ឥឡូវ តែ​គេ​មិន​បាន​ឮ ឬ​ស្តាប់​តាម​យើង​ទេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «មើល៍ អ្នក​ត្រូវ​ដេក​លក់​ទៅ​ជា‌មួយ​បុព្វ​បុរស​របស់​អ្នក។ បន្ទាប់​មក ប្រជា‌ជន​នេះ​នឹង​លើក​គ្នា ហើយ​ផិត​ទៅ​តាម​ព្រះ​ដទៃ ជា​ព្រះ​របស់​ស្រុក​ដែល​គេ​ចូល​ទៅ​នៅ​កណ្ដាល​នោះ។ គេ​នឹង​បោះ‌បង់​ចោល​យើង ហើយ​ផ្តាច់​សេចក្ដី‌សញ្ញា​ដែល​យើង​បាន​តាំង​ជាមួយ​គេ។


ពេល​នោះ កំហឹង​របស់​យើង​នឹង​ឆួល​ឡើង​ទាស់​នឹង​គេ​នៅ​ថ្ងៃ​នោះ។ យើង​នឹង​បោះ‌បង់​ចោល​គេ ហើយ​គេច​មុខ​ចេញ​ពី​គេ គេ​នឹង​ត្រូវ​បាន​លេប​ត្របាក់​អស់​ទៅ។ សេចក្ដី​អាក្រក់ និង​សេចក្ដី​វេទនា​ជា​ច្រើន​នឹង​កើត​ឡើង​ដល់​គេ ដល់​ម៉្លេះ​បាន​ជា​គេ​នឹង​និយាយ​នៅ​ថ្ងៃ​នោះ​ថា "សេចក្ដី​អាក្រក់​ទាំង​នេះ​បាន​កើត​ឡើង​ដល់​យើង តើ​មិនមែន​ដោយ​ព្រោះ​តែ​ព្រះ​នៃ​យើង​មិន​គង់​ក្នុង​ចំណោម​យើង​ទេឬ?"