ពួកចៅហ្វាយ 20:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ពួកកូនចៅអ៊ីស្រាអែលទាំងអស់ គឺកងទ័ពទាំងមូលនាំគ្នាឡើងទៅយំនៅបេត-អែល។ គេអង្គុយនៅទីនោះ នៅចំពោះព្រះយេហូវ៉ា ព្រមទាំងតមនៅថ្ងៃនោះរហូតដល់ល្ងាច ហើយគេថ្វាយតង្វាយដុត និងតង្វាយមេត្រីនៅចំពោះព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាឡើងទៅឯបេតអែល អង្គុយយំសោកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ថ្ងៃនោះ ពួកគេបានតមអាហាររហូតដល់ល្ងាច។ ពួកគេបានយកសត្វមកថ្វាយជាតង្វាយដុត*ទាំងមូល និងយញ្ញបូជាមេត្រីភាព*ចំពោះព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកកូនចៅអ៊ីស្រាអែល នឹងបណ្តាទ័ពទាំងអស់ ក៏ឡើងទៅឯបេត-អែល អង្គុយយំនៅទីនោះចំពោះព្រះយេហូវ៉ា ព្រមទាំងតមក្នុងថ្ងៃនោះរហូតដល់ល្ងាច គេក៏ថ្វាយដង្វាយដុត នឹងដង្វាយមេត្រីនៅចំពោះព្រះយេហូវ៉ាដែរ អាល់គីតាប ដូច្នេះ ប្រជាជនអ៊ីស្រអែលទាំងមូល នាំគ្នាឡើងទៅឯបេតអែល អង្គុយយំសោកនៅចំពោះអុលឡោះតាអាឡា។ ថ្ងៃនោះ ពួកគេបានតមអាហាររហូតដល់ល្ងាច។ ពួកគេបានយកសត្វមកធ្វើជាគូរបានដុតទាំងមូល និងគូរបានមេត្រីភាពចំពោះអុលឡោះតាអាឡា។ |
ពេលនោះ ប្រជាជនទាំងប៉ុន្មានក៏មូលមក ដើម្បីនឹងតឿនឲ្យព្រះបាទដាវីឌសោយព្រះស្ងោយ ក្នុងពេលដែលនៅភ្លឺនៅឡើយ ប៉ុន្តែ ព្រះបាទដាវីឌស្បថថា៖ «បើយើងគ្រាន់តែភ្លក់អាហារ ឬអ្វីទៀតមុនដែលថ្ងៃលិច នោះសូមឲ្យព្រះធ្វើដល់យើងដូច្នេះ ហើយលើសទៅទៀតផងចុះ»។
ព្រះបាទយេហូសាផាតក៏ភ័យខ្លាច ហើយតាំងព្រះហឫទ័យស្វែងរកព្រះយេហូវ៉ា ទ្រង់ប្រកាសប្រាប់ឲ្យមានការតមអត់ នៅពេញក្នុងស្រុកយូដា
«បន្ទាប់មក ខ្ញុំបានប្រកាសឲ្យមានការតមអាហារនៅទីនោះ គឺនៅមាត់ទន្លេអាហាវ៉ា ដើម្បីឲ្យយើងបន្ទាបខ្លួន នៅចំពោះព្រះនៃយើង សូមព្រះអង្គប្រោសប្រទានឲ្យយើងធ្វើដំណើរដោយសុខសាន្ត រួមទាំងកូនចៅ និងទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់យើងផង។
នៅខែទីប្រាំបួន ក្នុងឆ្នាំទីប្រាំនៃរាជ្យព្រះបាទយេហូយ៉ាគីម ជាបុត្រព្រះបាទយ៉ូសៀសស្តេចយូដា នោះប្រជាជនទាំងឡាយនៅក្រុងយេរូសាឡិម ហើយបណ្ដាជនដែលមកឯក្រុងយេរូសាឡិម ពីទីក្រុងស្រុកយូដាទាំងប៉ុន្មាន ក៏ប្រកាសឲ្យមានថ្ងៃតមនៅចំពោះព្រះយេហូវ៉ា។
ចូរញែកពិធីតមអាហារឲ្យបានបរិសុទ្ធ ចូរប្រកាសឲ្យមានការប្រជុំយ៉ាងឱឡារិក ត្រូវប្រមូលពួកចាស់ទុំ និងពួកអ្នកស្រុកទាំងអស់ ឲ្យមកឯព្រះដំណាក់នៃព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ហើយស្រែកអំពាវនាវរកព្រះយេហូវ៉ាទៅ។
លោកយ៉ូស្វេបានប្រមូលកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលទាំងអស់ ឲ្យមកជួបជុំគ្នានៅស៊ីគែម ហើយកោះហៅពួកចាស់ទុំ ពួកមេ ពួកចៅក្រម និងពួកនាយកនៃសាសន៍អ៊ីស្រាអែលឲ្យមក រួចគេក៏មកជួបជុំគ្នានៅចំពោះព្រះ។
លោកយ៉ូស្វេហែកសម្លៀកបំពាក់របស់ខ្លួន ហើយក្រាបចុះមុខដល់ដីនៅចំពោះហិបរបស់ព្រះយេហូវ៉ា រហូតដល់ល្ងាច រួមជាមួយពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល។ ពួកលោកយកធូលីដីរោយលើក្បាលរៀងៗខ្លួន។
ពួកកូនចៅអ៊ីស្រាអែលនាំគ្នាឡើងទៅបេត-អែល ដើម្បីទូលសួរព្រះថា៖ «ក្នុងចំណោមពួកយើង តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកកូនចៅបេនយ៉ាមីនមុនគេ?» ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ត្រូវឲ្យពួកយូដាទៅមុនគេ»។
ពួកកូនចៅអ៊ីស្រាអែលក៏ពង្រឹងទឹកចិត្តគ្នាឡើងវិញ ហើយតម្រៀបទ័ពម្តងទៀត នៅកន្លែងដដែលដូចថ្ងៃមុន។
នៅថ្ងៃទីពីរនោះ ពួកបេនយ៉ាមីនចេញពីក្រុងគីបៀរមកច្បាំងនឹងគេ ហើយគេបំផ្លាញពួកកូនចៅអ៊ីស្រាអែលស្លាប់អស់ចំនួនមួយម៉ឺនប្រាំបីពាន់នាក់។ មនុស្សទាំងអស់នេះសុទ្ធតែប្រដាប់ដោយដាវ។
ប្រជាជននាំគ្នាធ្វើដំណើរមកដល់បេត-អែល ហើយអង្គុយនៅទីនោះចំពោះព្រះរហូតដល់ល្ងាច ពួកគេស្រែកយំយ៉ាងខ្លាំង។
ស្អែកឡើង ប្រជាជននាំគ្នាក្រោកឡើងពីព្រលឹម រួចសង់អាសនាមួយនៅទីនោះ ហើយថ្វាយតង្វាយដុត និងតង្វាយមេត្រី។
ពេលអ្នកទាំងនោះមកថ្លែងប្រាប់ឲ្យប្រជាជនស្តាប់ នៅត្រង់គីបៀរស្រុករបស់ស្ដេចសូល នោះគេក៏ស្រែកយំគ្រប់គ្នា។
គេក៏ប្រជុំគ្នានៅត្រង់មីសប៉ា រួចដងទឹកយកទៅចាក់នៅចំពោះព្រះយេហូវ៉ា ហើយតមនៅថ្ងៃនោះ ដោយនិយាយថា៖ «យើងរាល់គ្នាបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ» នោះលោកសាំយូអែលក៏វិនិច្ឆ័យរឿងរបស់ពួកកូនចៅអ៊ីស្រាអែលនៅត្រង់មីសប៉ា។