ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយគេដឹងថា គេនៅខ្លួនទទេ ហើយគេក៏យកស្លឹកល្វាមកខ្ទាស់ ធ្វើជាប៉ឹងបិទបាំងកាយ។
បរិទេវ 1:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងយេរូសាឡិមបានធ្វើបាបយ៉ាងធ្ងន់ ហេតុនោះបានជាត្រូវត្រឡប់ដូចជារបស់ស្មោកគ្រោក អស់អ្នកដែលធ្លាប់លើកមុខនាង ឥឡូវគេមើលងាយវិញ ពីព្រោះគេបានឃើញកេរខ្មាសនាងហើយ នាងកំពុងតែថ្ងូរ ហើយបែរថយក្រោយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យេរូសាឡឹមប្រព្រឹត្តអំពើបាបជាច្រើន ហេតុនេះហើយបានជានាងក្លាយទៅ ជាមិនបរិសុទ្ធ* អស់អ្នកដែលធ្លាប់តែសរសើរនាងកាលពីមុន បែរជានាំគ្នាមើលងាយនាង ដោយឃើញនាងនៅខ្លួនទទេ នាងយំថ្ងូរ ហើយដកខ្លួនថយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រុងយេរូសាឡិមបានធ្វើបាបយ៉ាងធ្ងន់ ហេតុនោះបានជាត្រូវត្រឡប់ដូចជារបស់ស្មោកគ្រោក អស់អ្នកដែលធ្លាប់លើកមុខនាង ឥឡូវគេមើលងាយវិញ ពីព្រោះគេបានឃើញកេរខ្មាសនាងហើយ អើ នាងកំពុងតែថ្ងូរ ហើយបែរថយក្រោយ អាល់គីតាប យេរូសាឡឹមប្រព្រឹត្តអំពើបាបជាច្រើន ហេតុនេះហើយបានជានាងក្លាយទៅ ជាមិនបរិសុទ្ធ អស់អ្នកដែលធ្លាប់តែសរសើរនាងកាលពីមុន បែរជានាំគ្នាមើលងាយនាង ដោយឃើញនាងនៅខ្លួនទទេ នាងយំថ្ងូរ ហើយដកខ្លួនថយ។ |
ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយគេដឹងថា គេនៅខ្លួនទទេ ហើយគេក៏យកស្លឹកល្វាមកខ្ទាស់ ធ្វើជាប៉ឹងបិទបាំងកាយ។
តែបើកាលណាអ្នកបែរចេញលែងប្រព្រឹត្តតាមយើង ទោះទាំងអ្នក ឬកូនចៅរបស់អ្នក ហើយមិនកាន់តាមបទបញ្ជា និងក្រឹត្យរបស់យើងទាំងប៉ុន្មាន ដែលយើងបានដាក់នៅមុខអ្នកទេ គឺទៅគោរពប្រតិបត្តិ ហើយថ្វាយបង្គំដល់ព្រះដទៃ
នោះយើងនឹងកាត់សាសន៍អ៊ីស្រាអែលចេញពីស្រុកដែលយើងបានឲ្យដល់គេ ហើយព្រះវិហារនេះដែលយើងបានញែកចេញជាបរិសុទ្ធ សម្រាប់ឈ្មោះរបស់យើង នោះយើងនឹងបោះបង់ចោលពីមុខយើងចេញ ដូច្នេះ សាសន៍អ៊ីស្រាអែលនឹងត្រឡប់ជាទីប្រៀបផ្ទឹម ហើយជាទីដំណៀល នៅក្នុងពួកសាសន៍ទាំងអស់។
នោះគេនឹងឆ្លើយឡើងថា "គឺព្រោះគេបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃគេ ដែលព្រះអង្គបាននាំបុព្វបុរសគេចេញពីស្រុកអេស៊ីព្ទមក ហើយគេបានទៅភ្ជាប់ខ្លួននឹងព្រះដទៃ ព្រមទាំងថ្វាយបង្គំ ហើយគោរពប្រតិបត្តិតាម គឺហេតុនោះ បានជាព្រះយេហូវ៉ាបាននាំគ្រប់ទាំងសេចក្ដីអាក្រក់នេះមកលើគេ"»។
កាយអាក្រាតរបស់អ្នកនឹងត្រូវបើកចំហ គេនឹងឃើញកេរខ្មាសរបស់អ្នក យើងនឹងសងសឹក ឥតប្រណីដល់អ្នកណាឡើយ។
បើអ្នកនឹកសួរក្នុងចិត្តថា៖ ហេតុអ្វីបានជាការទាំងនេះកើតដល់យើងដូច្នេះ នោះគឺដោយព្រោះអំពើទុច្ចរិតដ៏បរិបូររបស់អ្នកទេ បានជាសំពត់របស់អ្នកត្រូវបើកសើយឡើង ហើយអ្នកត្រូវនៅកែងជើងទទេផង។
ហេតុនោះ យើងនឹងបើកសើយសំពត់ របស់អ្នកឡើងគ្របលើមុខអ្នក ហើយកេរខ្មាសរបស់អ្នកនឹងបានឃើញច្បាស់។
យើងនឹងបោះទៅកណ្ដាលអស់ទាំងសាសន៍នៅផែនដី ដោយព្រោះម៉ាណាសេ ជាបុត្រាហេសេគា ស្តេចស្រុកយូដា និងការដែលទ្រង់បានប្រព្រឹត្តនៅក្រុងយេរូសាឡិម។
យើងនឹងប្រគល់គេទៅឲ្យត្រូវសាត់អណ្តែត នៅកណ្ដាលអស់ទាំងនគរនៅផែនដី ឲ្យបានសេចក្ដីអាក្រក់ ដើម្បីឲ្យគេបានជាទីដៀលត្មះ ជាពាក្យទំនៀម ជាទីអុចអាល ហើយជាទីផ្ដាសា នៅគ្រប់ទីកន្លែងណាដែលយើងនឹងបណ្តេញទៅនោះ។
គេក៏ចូលមកចាប់យកស្រុក ប៉ុន្តែ មិនបានស្តាប់តាមព្រះបន្ទូលនៃព្រះអង្គ ឬដើរតាមក្រឹត្យវិន័យរបស់ព្រះអង្គឡើយ ក៏មិនបានធ្វើអ្វីមួយដែលព្រះអង្គបានបង្គាប់ដល់គេដែរ។ ហេតុនោះបានជាព្រះអង្គបណ្ដាលឲ្យការអាក្រក់ទាំងនេះមកលើគេ។
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ អ្នករាល់គ្នាមិនបានស្តាប់តាមយើង ដើម្បីប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់បងប្អូនអ្នករៀងខ្លួន និងដល់អ្នកជិតខាងអ្នករៀងខ្លួនទេ ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់អ្នករាល់គ្នាវិញ គឺឲ្យរួចទៅដល់ដាវ ដល់អាសន្នរោគ ហើយដល់អំណត់ដែរ យើងនឹងធ្វើឲ្យអ្នករាល់គ្នាត្រូវសាត់អណ្តែត នៅក្នុងចំណោមអស់ទាំងនគរនៅផែនដី។
ដ្បិតខ្ញុំបានឮសំឡេងមួយ ដូចជាសំឡេងរបស់ស្រី ដែលឈឺហៀបសម្រាលកូន ជាសេចក្ដីព្រួយបារម្ភរបស់ស្រី ដែលសម្រាលកូនជាដំបូង គឺជាសំឡេងកូនស្រីស៊ីយ៉ូន ដែលដកដង្ហើមថ្ងូរ ហើយស្រងាកដៃ ដោយថា "វរហើយខ្ញុំ ដ្បិតព្រលឹងខ្ញុំល្វើយណាស់ នៅចំពោះពួកកាប់សម្លាប់នេះ"»។
គេសុទ្ធតែជាពួកបះបោរ គេដើរទៅមក ទាំងមួលបង្កាច់មនុស្ស គេសុទ្ធតែជាលង្ហិន និងដែក គេប្រព្រឹត្តសេចក្ដីដ៏លាមកអាក្រក់គ្រប់ៗគ្នា។
បណ្ដាជនរបស់នាងកំពុងតែថ្ងូរ គេរកអាហារ គេបានឲ្យរបស់ ដែលគាប់ចិត្តខ្លួនទាំងប៉ុន្មាន ប្ដូរនឹងអាហារ សម្រាប់ចម្រើនកម្លាំងឡើងវិញ ឱព្រះយេហូវ៉ាអើយ សូមទតមើល ដ្បិតខ្ញុំម្ចាស់បានត្រឡប់ជាទាបថោកហើយ។
ក្រុងស៊ីយ៉ូនលូកដៃទៅ តែគ្មានអ្នកណានឹងជួយដោះទុក្ខសោះ ព្រះយេហូវ៉ាបានបង្គាប់ពីដំណើរយ៉ាកុបថា ត្រូវឲ្យពួកអ្នកដែលនៅជុំវិញ ធ្វើជាខ្មាំងសត្រូវនឹងគាត់ ក្រុងយេរូសាឡិមនៅកណ្ដាលគេ ទុកដូចជារបស់ស្មោកគ្រោក
ពួកចាស់ទុំរបស់កូនស្រីស៊ីយ៉ូនអង្គុយនៅដី ឥតមានមាត់កអ្វីឡើយ គេបានបាចធូលីដីលើក្បាល ហើយស្លៀកសំពត់ធ្មៃ។ ស្រីក្រមុំនៃក្រុងយេរូសាឡិម ដើរឱនមុខទៅដីយ៉ាងអាម៉ាស់។
ឱកូនស្រីស្រុកអេដុម ជាអ្នកដែលអាស្រ័យនៅស្រុកអ៊ូសអើយ ចូរមានចិត្តរីករាយ ហើយសប្បាយឡើង ពែងនេះនឹងឆ្លងដល់នាងដែរ នាងនឹងស្រវឹង ហើយនៅខ្លួនទទេ។
គេនឹងប្រព្រឹត្តចំពោះអ្នកដោយចិត្តស្អប់ គេនឹងដកយកអស់ទាំងផលរបស់អ្នកទៅ ទុកឲ្យអ្នកនៅជាអាក្រាត ហើយខ្លួនទទេ នោះសេចក្ដីអាម៉ាស់ខ្មាសនៃការកំផិតរបស់អ្នកនឹងបានបើកនៅចំហ ព្រមទាំងការអាស្រូវបារាយណ៍ និងការពេស្យារបស់អ្នកផង។
ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា យើងនឹងនាំមនុស្សមួយពួកឡើងមកទាស់នឹងនាង ហើយនឹងប្រគល់នាងទៅគេ ឲ្យត្រូវបៀតបៀន ហើយជិះជាន់។
ឯពួកសាសន៍ដទៃ គេនឹងដឹងថា ពួកវង្សអ៊ីស្រាអែលបានត្រូវដឹកនាំទៅជាឈ្លើយ ដោយព្រោះអំពើទុច្ចរិតរបស់ខ្លួន ដោយព្រោះគេប្រព្រឹត្តរំលងទាស់នឹងយើងហើយ បានជាយើងគេចមុខចេញពីគេ ដោយហេតុនោះ បានជាយើងប្រគល់គេ ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ ហើយគេត្រូវដួលដោយដាវទាំងអស់គ្នា
ឥឡូវនេះ យើងនឹងបើកកេរខ្មាសរបស់នាង នៅមុខគូស្នេហ៍របស់នាង គ្មានអ្នកណាអាចដោះនាងចេញពីដៃយើងបានឡើយ។
ពុំនោះទេ យើងនឹងសម្រាតឲ្យនាងនៅខ្លួនទទេ ហើយធ្វើឲ្យនាងត្រឡប់ដូចជាថ្ងៃដែលកើតមក ឲ្យនាងបានដូចជាទីរហោស្ថាន គឺដូចជាដីហួតហែង ក៏នឹងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។
ដូច្នេះ យើងទូន្មានឲ្យអ្នកទិញមាសដែលបន្សុទ្ធដោយភ្លើងពីយើង ដើម្បីឲ្យអ្នកបានធ្វើជាអ្នកមាន ហើយទិញសម្លៀកបំពាក់សទៅស្លៀកពាក់ កុំឲ្យគេឃើញកេរខ្មាសដែលអ្នកនៅអាក្រាត ព្រមទាំងថ្នាំលាបភ្នែកផង ដើម្បីឲ្យអ្នកមើលឃើញច្បាស់។
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលថា "យើងបានសន្យាដល់គ្រួសាររបស់អ្នក និងពូជពង្សបុព្វបុរសរបស់អ្នក ថាឲ្យដើរនៅមុខយើងជារៀងរហូត" តែឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលយ៉ាងនេះវិញថា "យើងបានបោះបង់គំនិតនោះចោលឆ្ងាយពីយើងទៅហើយ ព្រោះអស់អ្នកណាដែលលើកតម្កើងយើង នោះយើងនឹងតម្កើងអ្នកនោះឡើងដែរ ហើយអ្នកណាដែលមើលងាយដល់យើង នោះយើងក៏មិនរាប់អានដល់គេដែរ។