និក្ខមនំ 33:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងចាត់ទេវតាមួយឲ្យនាំមុខអ្នក ហើយយើងនឹងបណ្តេញពួកសាសន៍កាណាន សាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសចេញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងចាត់ទេវតារបស់យើងឲ្យនាំមុខអ្នក យើងនឹងបណ្ដេញជនជាតិកាណាន ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងចាត់ទេវតា១ឲ្យនាំមុខឯង ហើយនឹងបណ្តេញពួកសាសន៍កាណាន សាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូសចេញ អាល់គីតាប យើងនឹងចាត់ម៉ាឡាអ៊ីកាត់របស់យើងឲ្យនាំមុខអ្នក យើងនឹងបណ្តេញជនជាតិកាណាន ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរីស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។ |
ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ដែលបានយកខ្ញុំចេញពីក្រុមគ្រួសារឪពុករបស់ខ្ញុំ និងពីស្រុកកំណើតរបស់ខ្ញុំមក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំ ហើយស្បថនឹងខ្ញុំថា "យើងនឹងឲ្យស្រុកនេះដល់ពូជពង្សរបស់អ្នក" ព្រះអង្គនោះនឹងចាត់ទេវតារបស់ព្រះអង្គឲ្យទៅមុនអ្នក ដើម្បីឲ្យអ្នកបានដណ្ដឹងប្រពន្ធពីស្រុកនោះ មកឲ្យកូនប្រុសរបស់ខ្ញុំ។
មើល៍ យើងចាត់ទេវតាមួយរូបឲ្យនាំមុខអ្នក ដើម្បីការពារអ្នកតាមផ្លូវ និងនាំអ្នកទៅដល់ទីកន្លែងដែលយើងបានរៀបចំទុកឲ្យ។
យើងសម្រេចថា យើងនឹងនាំអ្នករាល់គ្នាចេញពីទុក្ខលំបាកនៅស្រុកអេស៊ីព្ទ ទៅកាន់ស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសវិញ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ"។
ដូច្នេះ យើងបានចុះមក ដើម្បីរំដោះគេឲ្យរួចចេញពីកណ្ដាប់ដៃរបស់ពួកសាសន៍អេស៊ីព្ទ ហើយនាំគេឡើងចេញពីស្រុកនោះ ទៅឯស្រុកមួយដ៏ល្អ ធំទូលាយ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ជាស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស។
ដូច្នេះ ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជាជនទៅកន្លែងដែលយើងបានប្រាប់អ្នក ទេវតារបស់យើងនឹងនាំមុខអ្នក។ ប៉ុន្តែ នៅថ្ងៃដែលយើងនឹងមកជំនុំជម្រះ នោះយើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។
លោកម៉ូសេទូលព្រះយេហូវ៉ាថា៖ «មើល៍! ព្រះអង្គបង្គាប់មកទូលបង្គំឲ្យនាំប្រជាជននេះទៅ តែព្រះអង្គមិនបានឲ្យទូលបង្គំដឹងថា ព្រះអង្គចាត់អ្នកណាឲ្យទៅជាមួយឡើយ។ ព្រះអង្គមានព្រះបន្ទូលថា "យើងស្គាល់អ្នកយ៉ាងច្បាស់ ហើយអ្នកក៏ប្រកបដោយគុណរបស់យើងដែរ"។
ចូរប្រតិបត្តិតាមសេចក្ដីដែលយើងបង្គាប់អ្នកនៅថ្ងៃនេះ។ មើល៍! យើងនឹងបណ្តេញសាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសចេញពីមុខអ្នក។
ដ្បិតយើងនឹងបណ្តេញអស់ទាំងសាសន៍ដទៃចេញពីមុខអ្នក ហើយពង្រីកព្រំប្រទល់របស់អ្នកឲ្យធំទូលាយ កាលណាអ្នកឡើងមកបង្ហាញខ្លួននៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នកបីដងក្នុងមួយឆ្នាំ នោះគ្មានអ្នកណាលោភចង់បានស្រុករបស់អ្នកឡើយ។
នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងការពារពួកអ្នកនៅក្រុងយេរូសាឡិម ហើយនៅថ្ងៃនោះ អ្នកណាក្នុងពួកគេដែលខ្សោយ នឹងបានដូចជាដាវីឌ ហើយពួកវង្សរបស់ដាវីឌនឹងបានដូចជាព្រះ គឺដូចជាទេវតានៃព្រះយេហូវ៉ា នៅមុខពួកគេ។
ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងបណ្តេញសាសន៍ទាំងនោះ ចេញពីមុខអ្នកបន្តិចម្តងៗ។ អ្នកមិនអាចបំផ្លាញពួកគេទាំងអស់ភ្លាមៗបានឡើយ បើមិនដូច្នោះទេ សត្វព្រៃនឹងចម្រើនឡើង ហើយធ្វើទុក្ខអ្នកមិនខាន។
ពេលអ្នករាល់គ្នាបានឆ្លងទន្លេយ័រដាន់ មកដល់ក្រុងយេរីខូរ ពួកមេដឹកនាំក្រុងយេរីខូរក៏ច្បាំងនឹងអ្នករាល់គ្នា ហើយមានសាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍កាណាន សាសន៍ហេត សាសន៍គើកាស៊ី សាសន៍ហេវី និងសាសន៍យេប៊ូស រួមជាមួយដែរ តែយើងបានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា។
លោកយ៉ូស្វេមានប្រសាសន៍ថា៖ «អ្នករាល់គ្នានឹងដឹងដោយសារសេចក្ដីនេះថា ព្រះដ៏មានព្រះជន្មរស់ ព្រះអង្គគង់នៅក្នុងចំណោមអ្នករាល់គ្នា ហើយថា ព្រះអង្គនឹងបណ្តេញសាសន៍កាណាន សាសន៍ហេត សាសន៍ហេវី សាសន៍ពេរិស៊ីត សាសន៍គើកាស៊ី សាសន៍អាម៉ូរី និងសាសន៍យេប៊ូសចេញពីមុខអ្នករាល់គ្នា។
យើងបានរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ពួកសាសន៍អេស៊ីព្ទ និងពីកណ្ដាប់ដៃរបស់អស់អ្នកដែលសង្កត់សង្កិនអ្នករាល់គ្នា ក៏បានបណ្តេញគេចេញពីមុខអ្នករាល់គ្នាទៅ ហើយបានប្រគល់ស្រុករបស់គេមកឲ្យអ្នករាល់គ្នា។