ចោទិយកថា 31:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរសរសេរបទចម្រៀងនេះ ហើយបង្ហាត់បង្រៀនដល់ពួកកូនចៅអ៊ីស្រាអែលចុះ។ ចូរដាក់បទចម្រៀងនេះនៅក្នុងមាត់របស់គេ ដើម្បីឲ្យបទចម្រៀងនេះធ្វើបន្ទាល់ឲ្យយើង ទាស់នឹងប្រជាជនអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរសរសេរបទចម្រៀងនេះទុក ព្រមទាំងបង្រៀនជនជាតិអ៊ីស្រាអែលឲ្យចេះច្រៀង ហើយឲ្យបទចម្រៀងនេះធ្វើជាសាក្សីរបស់យើង ប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះចូរឯងកត់ទំនុកនេះទុកសំរាប់ឯងរាល់គ្នា ហើយបង្ហាត់បង្រៀនដល់ពួកកូនចៅអ៊ីស្រាអែលចុះ ចូរដាក់ទំនុកនេះចុះក្នុងមាត់គេ ដើម្បីឲ្យបានធ្វើជាទីបន្ទាល់នៃអញ ទាស់នឹងពួកកូនចៅអ៊ីស្រាអែល អាល់គីតាប ចូរសរសេរបទចំរៀងនេះទុក ព្រមទាំងបង្រៀនជនជាតិអ៊ីស្រអែលឲ្យចេះច្រៀង ហើយឲ្យបទចំរៀងនេះធ្វើជាសាក្សីរបស់យើង ប្រឆាំងនឹងជនជាតិអ៊ីស្រអែល។ |
៙ សូមឲ្យសេចក្ដីទាំងនេះបានកត់ត្រាទុក សម្រាប់មនុស្សជំនាន់ក្រោយ ដើម្បីឲ្យប្រជារាស្ត្រមួយដែលនឹងកើតឡើង បានសរសើរតម្កើងព្រះយេហូវ៉ា។
អ្នកត្រូវប្រាប់គាត់ ហើយឲ្យគាត់និយាយជំនួសអ្នក យើងនឹងនៅជាមួយមាត់របស់អ្នក និងជាមួយមាត់របស់គាត់ ក៏នឹងបង្រៀនអ្នកពីអ្វីដែលអ្នកត្រូវធ្វើផង។
យើងបានដាក់ពាក្យពេចន៍របស់យើងនៅក្នុងមាត់អ្នក ហើយបានគ្របបាំងអ្នកដោយស្រមោលដៃរបស់យើង ដើម្បីឲ្យយើងបានដាំផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ហើយពោលទៅកាន់ក្រុងស៊ីយ៉ូនថា អ្នកជាប្រជារាស្ត្ររបស់យើង។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងនេះជាសេចក្ដីសញ្ញាដែលយើងបានតាំងនឹងគេ គឺថាវិញ្ញាណរបស់យើងដែលសណ្ឋិតនៅលើអ្នក ហើយពាក្យដែលយើងបានដាក់នៅក្នុងមាត់អ្នក នោះនឹងមិនដែលឃ្លាតចេញពីមាត់អ្នក ពីមាត់ពូជពង្សរបស់អ្នក ឬពីមាត់នៃកូនចៅគេ ចាប់តាំងពីឥឡូវនេះដរាបដល់អស់កល្បរៀងទៅ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
នោះព្រះយេហូវ៉ាលូកព្រះហស្តមកពាល់មាត់ខ្ញុំ ហើយមានព្រះបន្ទូលថា៖ «មើល៍ យើងបានដាក់ពាក្យរបស់យើងនៅក្នុងមាត់អ្នកហើយ
ទោះបើគេស្តាប់ ឬមិនស្ដាប់ក្តី (ដ្បិតគេជាពូជពង្សរឹងចចេស) គង់តែគេនឹងដឹងថា មានហោរាមួយបានមកក្នុងពួកគេហើយ។
អ្នករាល់គ្នានឹងត្រូវគេបញ្ជូនទៅឲ្យលោកទេសាភិបាល និងស្តេច ដោយព្រោះខ្ញុំ ទុកជាបន្ទាល់ដល់អ្នកទាំងនោះ និងដល់ពួកសាសន៍ដទៃ។
អ្នកណាដែលបដិសេធ ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមដែលកាត់ទោសហើយ គឺពាក្យដែលខ្ញុំបាននិយាយនឹងកាត់ទោសគេ នៅថ្ងៃចុងបំផុត។
ត្រូវបង្រៀនសេចក្ដីទាំងនេះដល់កូនចៅអ្នករាល់គ្នា ដោយនិយាយប្រាប់ពួកគេ ពេលអ្នកអង្គុយនៅក្នុងផ្ទះ ពេលអ្នកដើរតាមផ្លូវ ពេលអ្នកចូលដំណេក និងពេលអ្នកក្រោកពីដំណេកផង។
នៅថ្ងៃនោះ យើងនឹងគេចមុខចេញជាប្រាកដ ដោយសារតែសេចក្ដីអាក្រក់ទាំងប៉ុន្មានដែលគេបានប្រព្រឹត្ត ព្រោះគេបានងាកបែរទៅរកព្រះដទៃ។
«ចូរយកគម្ពីរក្រឹត្យវិន័យនេះ ទៅដាក់នៅចំហៀងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាទៅ ដើម្បីឲ្យគម្ពីរនេះបាននៅទីនោះ ទុកជាបន្ទាល់ទាស់នឹងអ្នក។
បន្ទាប់មក លោកម៉ូសេសូត្រពាក្យនៅក្នុងបទចម្រៀងនេះ ឲ្យក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងមូលស្ដាប់រហូតដល់ចប់។
«ឱផ្ទៃមេឃអើយ ចូរផ្ទៀងត្រចៀកចុះ ខ្ញុំនឹងថ្លែង ហើយសូមឲ្យផែនដីស្តាប់ពាក្យដែលចេញពីមាត់ខ្ញុំដែរ
ត្រូវបង្រៀនសេចក្ដីទាំងនេះដល់កូនចៅរបស់អ្នក ហើយត្រូវដំណាលសេចក្ដីទាំងនេះ ពេលអ្នកអង្គុយនៅក្នុងផ្ទះ ពេលដើរតាមផ្លូវ ពេលដេក និងពេលក្រោកឡើងផង។
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងអស់ថា៖ «មើល៍ ថ្មនេះនឹងបានជាបន្ទាល់ទាស់នឹងយើងរាល់គ្នា ដ្បិតថ្មនេះបានឮអស់ទាំងព្រះបន្ទូល ដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកយើង។ ដូច្នេះ ថ្មនេះនឹងបានជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ក្រែងអ្នករាល់គ្នាធ្វើជាមិនស្គាល់ព្រះរបស់អ្នករាល់គ្នា»។