Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 102 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ពាក្យ​អធិស្ឋាន​សុំ​ជំនួយពី​ព្រះ​មហាក្សត្រ​ដ៏​គង់​នៅ​អស់​កល្ប
ពាក្យ​អធិស្ឋាន​របស់​មនុស្ស​វេទនា នៅ​ពេល​អស់​សង្ឃឹម ហើយ​គេ​ទូល​អង្វរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់ ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ សូម​ឲ្យ​សម្រែក​ដែល​ទូល‌បង្គំ​អំពាវ‌នាវ បាន​ឮ​ដល់​ព្រះ‌អង្គ

2 សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ​ពី​ទូល‌បង្គំ ក្នុង​ថ្ងៃ​ដែល​ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ​ឡើយ! សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូល‌បង្គំ ក្នុង​ថ្ងៃ​ដែល​ទូល‌បង្គំ​ស្រែក​អង្វរ សូម​ឆ្លើយ​មក​ទូល‌បង្គំ​ជា​ប្រញាប់​កុំ​ខាន!

3 ៙ ដ្បិត​អស់​ទាំង​ថ្ងៃ​នៃ​ទូល‌បង្គំ រសាត់​ទៅ​ដូច​ជា​ផ្សែង ហើយ​អស់​ទាំង​ឆ្អឹង​របស់​ទូល‌បង្គំ ក៏​ឆេះ​ក្តៅ​ដូចរងើក​ភ្លើង។

4 ចិត្ត​ទូល‌បង្គំ​ទ្រោម​ចុះ​ដូច​ជា​ស្មៅ ហើយ​ក៏​ស្រពោន​ទៅ ទូល‌បង្គំ​ភ្លេច​ទាំង​ទទួល​ទាន​អាហារ​ទៀត​ផង។

5 ដោយ​ព្រោះ​សម្រែក​ដែល​ទូល‌បង្គំ​ថ្ងូរ ស្បែក​ទូល‌បង្គំ​នៅ​ជាប់​នឹង​ឆ្អឹងទៅ​ហើយ។

6 ទូល‌បង្គំ​ប្រៀប​ដូច​ជា​សត្វទីទុយ​នៅ​ទី​រហោ‌ស្ថាន គឺ​ដូច​ជាសត្វ​ទីទុយ​នៅ​ទី​ស្មសាន។

7 ទូល‌បង្គំ​នៅទន្ទឹង​រង់​ចាំ ដូច​ជា​សត្វ​ចាប​គ្មាន​គូ នៅ​លើ​ដំបូល​ផ្ទះ។

8 ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ ចំអក​ឡក​ឡឺយ​ទូល‌បង្គំ​រាល់​ថ្ងៃ ហើយ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ គេ​យក​ឈ្មោះ​ទូល‌បង្គំ​ទៅ​ដាក់​បណ្ដាសា។

9 ទូល‌បង្គំ​ទទួល​ទាន​ផេះ​ដូច​ជា​អាហារ ហើយ​ទូល‌បង្គំ​ផឹក​លាយ​ជាមួយ​ទឹក​ភ្នែក

10 ព្រោះ​តែ​សេចក្ដី​ថ្នាំង‌ថ្នាក់ និង​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំ​ឡើង ហើយ​បោះ​ចោល។

11 ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ ប្រៀប​ដូច​ជា​ស្រមោល​នៅ​ពេល​ល្ងាច ហើយ​ទូល‌បង្គំ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ។

12 ៙ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​តាំង‌រាជ្យអស់‌កល្ប​ជា‌និច្ច ហើយ​មនុស្ស​គ្រប់​ជំនាន់ នឹក​ចាំ​ពី​ព្រះ‌អង្គ​ត​រៀង​ទៅ។

13 ព្រះ‌អង្គ​នឹង​ក្រោក​ឡើង ហើយ​អាណិត​មេត្តា​ក្រុង​ស៊ីយ៉ូន ដ្បិត​ដល់​ពេល​ប្រណី​សន្ដោស​ក្រុង​នេះ​ហើយ អើ ពេល​កំណត់​បាន​មក​ដល់​ហើយ។

14 ដ្បិត​ពួក​អ្នក​បម្រើរបស់​ព្រះ‌អង្គ ស្រឡាញ់​ថ្ម​របស់​ក្រុង​នេះ ហើយ​ក៏​ស្រណោះ​នឹង​ធូលី​ដី នៃ​ការ​ខូច​បង់​របស់​ក្រុង​នេះ​ដែរ។

15 ជាតិ​សាសន៍​ទាំង​ឡាយ នឹង​កោត​ខ្លាចព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​ស្តេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នឹង​កោត​ខ្លាចសិរី‌ល្អ​របស់​ព្រះ‌អង្គ។

16 ដ្បិត​ព្រះ‌យេហូវ៉ា​សង់​ក្រុង​ស៊ីយ៉ូន​ឡើង​វិញ ព្រះ‌អង្គ​នឹង​លេច​មក​ក្នុង​សិរី‌ល្អ​របស់​ព្រះ‌អង្គ។

17 ព្រះ‌អង្គ​ទទួលពាក្យ​អធិស្ឋាន​របស់​មនុស្ស​វេទនា ហើយ​មិន​មើល‌ងាយ​ពាក្យ​ទូល​អង្វរ របស់​គេ​ឡើយ។

18 ៙ សូម​ឲ្យ​សេចក្ដី​ទាំង​នេះ​បាន​កត់​ត្រា​ទុក សម្រាប់​មនុស្សជំនាន់​ក្រោយ ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​មួយ​ដែល​នឹង​កើត​ឡើង បាន​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា។

19 ដ្បិត​ព្រះ‌អង្គ​បាន​ទតមើល​ពី​ទី​បរិសុទ្ធ របស់​ព្រះ‌អង្គ​នៅ​ស្ថានដ៏​ខ្ពស់ គឺ​ព្រះ‌យេហូវ៉ា​បាន​ទត​ពី​ស្ថាន‌សួគ៌ មើល​មក​ផែនដី

20 ដើម្បី​ស្តាប់​សំឡេងស្រែក​ថ្ងូរ​របស់​ពួក​ឈ្លើយ ហើយ​ដោះ​លែង​អស់​អ្នក ដែល​គេ​កាត់​ទោស​ឲ្យ​ស្លាប់

21 ប្រយោជន៍​ឲ្យ​គេ​បាន​ប្រកាស​ព្រះ‌នាម របស់​ព្រះ‌យេហូវ៉ា​នៅ​ក្រុង​ស៊ីយ៉ូន ហើយ​សរសើរតម្កើង​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡិម

22 នៅ​ពេល​ជាតិ​សាសន៍​នានា និង​នគរ​ទាំង​ប៉ុន្មាន​ជួប​ជុំ​គ្នា ដើម្បី​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា។

23 ៙ ព្រះ‌អង្គ​បានបំបាក់​កម្លាំង​ខ្ញុំ​នៅ​កណ្ដាល​ទី ព្រះ‌អង្គ​បាន​បង្រួញ​ថ្ងៃ​អាយុ​របស់​ខ្ញុំ។

24 ទូល‌បង្គំ​ទូល​ថា «ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​ស្ថិត‌ស្ថេរ ជា​រៀង​រហូត​គ្រប់​ជំនាន់​ត​ទៅ សូម​កុំ​ដក​ជីវិត​ទូល‌បង្គំ នៅ​ពាក់​កណ្ដាល​អាយុ​ឡើយ»។

25 កាល​ដើម​ដំបូង ព្រះ‌អង្គ​បាន​ចាក់​គ្រឹះ​ផែនដី ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះ‌ហស្ត របស់​ព្រះ‌អង្គ​ដែរ។

26 ផ្ទៃ​មេឃ និង​ផែន​ដី នឹង​វិនាស​សូន្យ​ទៅ តែ​ព្រះ‌អង្គ​នឹង​គង់​នៅ​ស្ថិត‌ស្ថេរ ផ្ទៃ​មេឃ និង​ផែន​ដី នឹង​រិចរឹល​ទៅ ដូច​សម្លៀក‌បំពាក់។ ព្រះ‌អង្គ​នឹង​ផ្លាស់​វា ដូច​ផ្លាស់​អាវ ហើយ​វា​នឹងបាត់​សូន្យ​ទៅ

27 ប៉ុន្ដែ ចំពោះ​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​នៅ​តែ​ដដែល ហើយ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ គ្មាន​ទី​បញ្ចប់​ឡើយ។

28 កូន​ចៅ​របស់​ពួក​អ្នក​បម្រើព្រះ‌អង្គ នឹង​រស់​នៅ​ដោយសុខ​សាន្ត ហើយ​ពូជ‌ពង្ស​របស់​គេ នឹង​តាំង​នៅជាប់​ចំពោះ​ព្រះ‌អង្គ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម