ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 12:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រំពេច​នោះ មាន​ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​ក្បែរ​លោក ហើយ​មាន​ពន្លឺ​មួយ​ភ្លឺ​ជះ​ចូលទៅ​ក្នុង​គុក។ ទេវតា​នោះ​ក៏​គោះ​លោក​ពី​ចំហៀង ហើយ​ដាស់​លោក​ថា៖ «សូម​ក្រោក​ឡើង​ជា​ប្រញាប់!» នោះ​ច្រវាក់​ក៏​របូត​ធ្លាក់​ពី​ដៃ​លោក។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលនោះ មើល៍! ទូតសួគ៌​របស់​ព្រះអម្ចាស់​មកឈរនៅក្បែរ ហើយ​មាន​ពន្លឺ​ភ្លឺចែងចាំង​ក្នុង​គុក​។ ទូតសួគ៌​ក៏​ដាស់​ពេត្រុស​ឡើង​ដោយ​ទះ​ចំហៀងខ្លួន​គាត់ ទាំង​និយាយថា​៖ “ចូរ​ក្រោកឡើង​ជា​ប្រញាប់​!” នោះ​ច្រវាក់​ក៏​របូតធ្លាក់​ពី​ដៃ​ទាំងពីរ​របស់​គាត់​។

សូមមើលជំពូក

Khmer Christian Bible

ស្រាប់តែ​ទេវតា​របស់​ព្រះអម្ចាស់​បាន​ចូល​មក​ជិត​ ហើយ​ពន្លឺ​បាន​ចែងចាំង​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ ទេវតា​នោះ​បាន​អង្រួន​លោក​ពេត្រុស​ពី​ចំហៀង​ឲ្យ​គាត់​ភ្ញាក់​ឡើង​ដោយ​និយាយ​ថា៖​ «ចូរ​ក្រោក​ឡើង​ជា​ប្រញាប់!»​ ពេល​នោះ​ច្រវាក់​បាន​របូត​ចេញ​ពី​ដៃ​របស់​គាត់។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ដល់ ហើយ​មាន​ពន្លឺ​ភ្លឺ​ក្នុង​ទី​ឃុំ‌ឃាំង។ ទេវតា​ដាស់​លោក​ពេត្រុស ដោយ​កេះ​លោក​ពី​ចំហៀង ទាំង​ពោល​ថា៖ «សូម​ក្រោក​ឡើង​ជា​ប្រញាប់!»។ ច្រវាក់​ក៏​របូត​ធ្លាក់​ពី​ដៃ​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​មើល មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​ឈរ​ខាង​គាត់ ក៏​មាន​ពន្លឺ​ផ្សាយ​មក​ក្នុង​គុក ទេវតា​នោះ​ក៏​គោះ​ពី​ខាង​ចំហៀង ដាស់​គាត់​ឡើង​ថា ចូរ​ក្រោក​ឡើង​ជា​ប្រញាប់ នោះ​ច្រវាក់​ក៏​ជ្រុះ​ពី​ដៃ​គាត់​ចេញ

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់​មក​ដល់ ហើយ​មាន​ពន្លឺ​ភ្លឺ​ក្នុង​ទី​ឃុំ‌ឃាំង។ ម៉ាឡា‌អ៊ីកាត់​ដាស់​ពេត្រុស​ដោយ​កេះ​គាត់​ពី​ចំហៀង ទាំង​ពោល​ថា៖ «សូម​ក្រោក​ឡើង​ជា​ប្រញាប់!»។ ច្រវាក់​ក៏​របូត​ធ្លាក់​ពី​ដៃ​គាត់។

សូមមើលជំពូក



កិច្ចការ 12:7
37 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ចង្កៀង​នៃ​ទូល‌បង្គំ ព្រះ‌យេហូវ៉ា​បំភ្លឺ​ក្នុង​ទី​ងងឹត​របស់​ទូល‌បង្គំ។


លោក​ក៏​ប្រះ​ខ្លួន​ដេក​លក់ នៅ​ក្រោម​ដើម​ដង្កោ​នោះ មាន​ទេវតា​មក​ដាស់​លោក​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង បរិ‌ភោគ​សិន»។


ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដាស់​ម្តង​ទៀត​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង បរិ‌ភោគ​ទៅ ដ្បិត​ផ្លូវ​ដែល​ត្រូវ​ដើរ នោះ​ហួស​កម្លាំង​ឯង​ណាស់»។


ព្រះ‌អង្គ​បាន​នាំ​គេ​ចេញ​ពី​ទី​ងងឹត និង​ម្លប់​នៃ​សេចក្ដី​ស្លាប់ ព្រម​ទាំង​ផ្ដាច់​ចំណង​របស់​គេ​ចេញ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ កូន​របស់​ស្ត្រី​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​ស្រាយ​ចំណង​របស់​ទូល‌បង្គំ​ហើយ។


ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ​ពួក​អ្នក ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ព្រះ‌អង្គ​ប្រទាន​អាហារ​ដល់​អស់​អ្នក ដែល​ស្រេក​ឃ្លាន។ ព្រះ‌យេហូវ៉ា​ដោះ​លែង​អ្នក​ជាប់​ឃុំ​ឃាំង


ទេវតា​របស់​ព្រះ‌យេហូវ៉ា ចោម‌រោម​ជុំ‌វិញ​អស់​អ្នក​ដែល កោត​ខ្លាច​ព្រះ‌អង្គ ហើយ​រំដោះ​គេ​ឲ្យ​រួច។


ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មនុស្ស​ឯកោ មាន​ផ្ទះ​សំបែង​រស់​នៅ ព្រះ‌អង្គ​នាំ​អ្នក​ជាប់​ឃុំ​ឃាំង ចេញទៅ​រកភាព​ចម្រុង​ចម្រើន តែ​ពួក​បះ​បោរ​វិញ នឹង​រស់​ក្នុង​ទឹក​ដីហួត‌ហែង។


ការ​នេះ​នឹង​បាន​ជា​ទី​សម្គាល់​ដល់​អ្នក​រាល់​គ្នា គឺ​នៅ​ឆ្នាំ​នេះ អ្នក​រាល់​គ្នា​នឹង​បរិ‌ភោគ​ផល​ដែល​ដុះ​ឯង ដល់​ឆ្នាំ​ទី​ពីរ នោះ​នឹង​បរិ‌ភោគ​ផល​ដែល​កើត​ពី​នោះ​ទៀត តែ​ដល់​ឆ្នាំ​ទី​បី អ្នក​រាល់​គ្នា​ត្រូវ​សាប‌ព្រោះ ច្រូត​កាត់ ហើយ​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ រួច​បរិ‌ភោគ​ផល​ទាំង​នោះ​វិញ។


ចូរ​ក្រោក​ឡើង ហើយ​ភ្លឺ​មក​ចុះ ដ្បិត​ពន្លឺ​របស់​អ្នក​បាន​មក​ដល់​ហើយ សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​បាន​រះ​ឡើង​ដល់​អ្នក​ដែរ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ហោរា​យេរេមា ក្រោយ​ដែល​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ បាន​លែង​លោក​នៅ​ត្រង់​រ៉ាម៉ា ក្នុង​កាល​ដែល​គេ​បាន​ចាប់​លោក​ដាក់​ច្រវាក់ ជា‌មួយ​ពួក​ក្រុង​យេរូ‌សាឡិម និង​ពួក​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​នាំទៅ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន​នោះ។


ហើយ​មើល៍! សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​មក​តាម​ផ្លូវ​ពី​ទិស​ខាង​កើត ព្រះ‌សូរ‌សៀង​ព្រះ‌អង្គ​ឮ​ដូច​ជា​សូរ​នៃ​ទឹក​ច្រើន ហើយ​ផែនដី​បាន​ភ្លឺ ដោយ‌សារ​សិរី‌ល្អ​របស់​ព្រះ‌អង្គ។


ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ឲ្យ​ព្រះ​របស់​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​បាន​ចាត់​ទេវតា​របស់​ព្រះ‌អង្គ ឲ្យ​មក​រំដោះ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។ គេ​មិន​បាន​ធ្វើ​តាម​បញ្ជា​របស់​ស្តេច​ទេ តែ​សុខ​ចិត្ត​ប្រថុយ​ខ្លួន ជា​ជាង​គោរព​បម្រើ ឬ​ថ្វាយ‌បង្គំ​ព្រះ​ណា​ផ្សេង ក្រៅ​ពី​ព្រះ​របស់​ខ្លួន​ឡើយ។


ព្រះ​របស់​ទូល‌បង្គំ​បាន​ចាត់​ទេវតា​របស់​ព្រះ‌អង្គ ឲ្យ​មក​បិទ​មាត់​សិង្ហ មិន​ឲ្យ​វាធ្វើ​បាប​ទូល‌បង្គំ​ទេ ព្រោះ​នៅ​ចំពោះ​ព្រះ‌អង្គ មិន​ឃើញ​ថា​ទូល‌បង្គំ​មាន​ទោស​អ្វី​ឡើយ ហើយ​បពិត្រ​ព្រះ‌ករុណា នៅ​ចំពោះ​ព្រះ​ករុណា ក៏​ទូល‌បង្គំ​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ដែរ»។


ខ្ញុំ​នឹង​រង‌ទ្រាំ​ចំពោះ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ‌អង្គ​ហើយ គឺ​នឹង​រង​ទ្រាំ​ដរាប​ដល់​ព្រះ‌អង្គ​កាន់​ក្ដី​ជំនួស​ខ្ញុំ ហើយ​បាន​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ខ្ញុំ នោះ​ព្រះ‌អង្គ​នឹង​នាំ​ចេញ​មក​ឯ​ពន្លឺ រួច​ខ្ញុំ​នឹង​រំពឹង​មើល​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ


ឯ​ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ ក៏​ឈប់​ទ្រឹង​នៅ ដោយ​ឃើញ​ពន្លឺ​នៃ​ព្រួញ​ព្រះ‌អង្គ​កំពុង​ហោះ​ទៅ និង​ពន្លឺ​ចាំង​ពី​លំពែង​ដ៏​ភ្លឺ​ផ្លេកៗ​របស់​ព្រះ‌អង្គ។


សេចក្ដី​រុងរឿង​របស់​ព្រះ‌អង្គ​ក៏​ដូច​ជា​ពន្លឺ មាន​រស្មី​ចេញ​ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នោះ​ឯង​ជា​ទី​លាក់​ទុក​នូវ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ


កាល​ពួក​ហោ​ចេញ​ទៅ​ផុត ទេវតា​មួយ​របស់​ព្រះ‌អម្ចាស់​លេច​មក​ប្រាប់​យ៉ូសែប​ក្នុង​យល់​សប្តិ​ថា៖ «ចូរ​ក្រោក​ឡើង នាំ​បុត្រ​តូច និង​មាតា​របស់​ព្រះ‌អង្គ​គេច​ចេញ​ទៅ​ស្រុក​អេស៊ីព្ទ​ទៅ ហើយ​នៅ​ស្រុក​នោះ រហូត​ទាល់​តែ​យើង​ប្រាប់​ឲ្យ​ត្រឡប់​មក​វិញ ដ្បិត​ហេរ៉ូឌ​ប្រុង​នឹង​ស៊ើប​សួរ​រក​បុត្រ​នោះ ដើម្បី​ធ្វើ​គុត​ព្រះ‌អង្គ»។


ពេល​នោះ មាន​ទេវតា​របស់​ព្រះ‌អម្ចាស់​មួយ​រូប​មក​ឈរ​ជិត​គេ ហើយ​សិរី​ល្អ​របស់​ព្រះ‌អម្ចាស់​ក៏​ភ្លឺ​ឆ្វាត់​ជុំ‌វិញ​គេ ធ្វើ​ឲ្យ​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។


កំពុង​ដែល​មាន​ការ​ងឿង​ឆ្ងល់​អំពី​ការ​នោះ ស្រាប់​តែ​ឃើញ​មាន​ពីរ​នាក់​ស្លៀក​ពាក់​ភ្លឺ​ចែង​ចាំង ឈរ​នៅ​ជិត​គេ។


លោក​កូនេ‌លាស​ឆ្លើយ​ថា៖ «បួន​ថ្ងៃ​មុន ពេល​ថ្មើនេះ កាល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ នៅ​វេលា​ម៉ោង​បី​រសៀល ឃើញ​មាន​បុរសម្នាក់​ឈរ​នៅ​មុខ​ខ្ញុំ ទាំង​មាន​សម្លៀក​បំពាក់ភ្លឺ​ចិញ្ចាច


រំពេច​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់ក៏ប្រហារ​ស្តេច ព្រោះ​ស្តេច​មិន​បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះ ស្ដេច​ក៏​ត្រូវ​ដង្កូវ​ចោះ ហើយ​ផុត​ដង្ហើម​ទៅ។


នៅ​យប់​មុន​ពេលដែល​ព្រះ‌បាទ​ហេរ៉ូឌបម្រុង​នឹង​នាំ​លោក​ពេត្រុស​ចេញ លោក​ដេក​នៅ​កណ្តាល​ទាហាន​ពីរ​នាក់ ទាំង​ជាប់​ច្រវាក់​ពីរ​ខ្សែ ហើយ​មាន​ទាហាន​ចាំ​យាម​នៅ​មាត់​ទ្វារ​គុកទៀត​ផង។


ទេវតា​នេះ​ពោល​មក​កាន់​លោក​ថា៖ «សូម​ក្រវាត់​ចង្កេះ ហើយ​ពាក់​ស្បែក​ជើង​ទៅ!» លោក​ក៏​ធ្វើ​តាម។ ទេវតា​ប្រាប់​លោក​ថា៖ «សូម​ពាក់​អាវ ហើយ​មក​តាម​ខ្ញុំ»។


រំពេច​នោះ ស្រាប់​តែ​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង ធ្វើ​ឲ្យ​គ្រឹះ​គុក​រញ្ជួយ​ឡើង ហើយ​ទ្វារ​ទាំង​ប៉ុន្មាន​ក៏​របើក​ឡើង​ភ្លាម ឯ​ច្រវ៉ាក់​ដែល​គេ​ដាក់​អ្នក​ទោស​ក៏​របូត​ចេញ​អស់​ដែរ។


ប៉ុន្តែ ព្រះ​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដោយ​ដោះ​លែង​ព្រះ‌អង្គ​ចេញ​ពី​សេចក្តី​ស្លាប់ ព្រោះ​សេចក្តី​ស្លាប់​គ្មាន​អំណាច​នឹង​ឃុំ​ព្រះ‌អង្គ​ទុក​បាន​ឡើយ។


ប៉ុន្តែ នៅ​វេលា​យប់​នោះ មាន​ទេវតា​មួយ​រូប​របស់​ព្រះ‌អម្ចាស់​បាន​មក​បើក​ទ្វារ​គុក នាំ​ពួក​លោក​ចេញ ហើយ​ប្រាប់​ថា៖


ពេល​គាត់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស ស្រាប់​តែ​មាន​ពន្លឺ​ពី​លើ​មេឃ ចាំង​មក​ជុំ​វិញ​គាត់។


ដ្បិត​គឺ​ពន្លឺ​ហើយ​ដែល​គេ​មើល​ឃើញ​អ្វីៗ​ទាំង​អស់។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​សេចក្ដី​ថ្លែង​ទុក​មក​ថា «អ្នក​ដែល​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ពី​ពួក​មនុស្ស​ស្លាប់​ឡើង នោះ​ព្រះ‌គ្រីស្ទ​នឹង​ចាំង​ពន្លឺ​មក​លើ​អ្នក»។


តើ​ទេវតា​ទាំង​នោះ​មិន​មែន​ជា​វិញ្ញាណ​បម្រើ ដែល​ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​មក​បម្រើ សម្រាប់​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ​សង្គ្រោះ​ជា​មត៌ក​ទេ​ឬ?


ក្រោយ​នោះ​មក ខ្ញុំ​ឃើញ​ទេវតា​មួយ​ទៀត​ចុះ​ពី​ស្ថាន‌សួគ៌​មក មាន​អំណាច​ជា​ខ្លាំង ហើយ​សិរី‌ល្អ​របស់​ទេវតា​នោះ​ក៏​ភ្លឺ​ចាំង​មក​លើ​ផែនដី។