លោកុប្បត្តិ 9:27 - អាល់គីតាប សូមអុលឡោះប្រទានឲ្យយ៉ាផេត មានចិត្តទូលំទូលាយ ឲ្យគេបានស្នាក់នៅក្នុងជំរំរបស់សិម ហើយឲ្យកាណានបានទៅជាទាសករ របស់អ្នកទាំងពីរ»។ ព្រះគម្ពីរខ្មែរសាកល សូមឲ្យព្រះពង្រីកយ៉ាផែត សូមឲ្យវាស្នាក់នៅក្នុងរោងរបស់សិម ហើយឲ្យកាណានទៅជាបាវបម្រើដល់យ៉ាផែត”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះទ្រង់វាតទីឲ្យ យ៉ាផែត សូមឲ្យវាបានអាស្រ័យនៅក្នុងជំរំរបស់សិម ហើយសូមឲ្យកាណានធ្វើជាបាវបម្រើរបស់វា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះជាម្ចាស់ប្រទានឲ្យយ៉ាផេត មានចិត្តទូលំទូលាយ ឲ្យគេបានស្នាក់នៅ ក្នុងជំរំរបស់សិម ហើយឲ្យកាណាន បានទៅជាទាសកររបស់អ្នកទាំងពីរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមព្រះទ្រង់វាតទីឲ្យយ៉ាផែត សូមឲ្យវាបានអាស្រ័យនៅក្នុងទីលំនៅរបស់សិម ហើយឲ្យកាណានបានធ្វើជាបាវបំរើរបស់វាដែរ។ |
សូមឲ្យជាតិសាសន៍នានាបានទៅជា ខ្ញុំបម្រើរបស់កូន ហើយឲ្យប្រជាជាតិជាច្រើន ក្រាបចុះចំពោះកូន!។ សូមឲ្យកូនគ្រប់គ្រងលើបងប្អូនរបស់កូន! សូមឲ្យបងប្អូនបង្កើតទាំងប៉ុន្មានរបស់កូន ក្រាបចុះចំពោះកូន! អ្នកណាដាក់បណ្តាសាកូន អ្នកនោះមុខជាទទួលបណ្តាសាមិនខាន! រីឯអ្នកណាឲ្យពរកូន អ្នកនោះក៏នឹងទទួលពរដែរ»។
នៅគ្រានោះ អុលឡោះតាអាឡានឹងលើកស្តេច ដែលប្រសូតចេញពីពូជពង្សលោកអ៊ីសាយ ឲ្យធ្វើជាទង់ សម្រាប់ប្រជាជនទាំងឡាយ ប្រជាជាតិទាំងនោះនឹងស្វែងរកស្តេច ហើយកន្លែងដែលគាត់សម្រាក នឹងបានថ្កុំថ្កើងរុងរឿង។
យើងនឹងដាក់ទីសំគាល់មួយជាសញ្ញា នៅកណ្ដាលជាតិសាសន៍ទាំងនោះ។ យើងនឹងចាត់អ្នកខ្លះក្នុងចំណោមអស់អ្នកដែលបានរួចជីវិត ឲ្យទៅកាន់ប្រទេសនៃប្រជាជាតិទាំងឡាយ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ (អ្នកស្រុកនោះជាអ្នកបាញ់ព្រួញដ៏ចំណាន) ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ព្រមទាំងកោះឆ្ងាយៗទាំងប៉ុន្មាន អ្នកស្រុកទាំងនោះមិនដែលឮគេនិយាយអំពីយើង ហើយក៏មិនដែលឃើញសិរីរុងរឿងរបស់យើងដែរ។ អ្នកដែលយើងចាត់ឲ្យទៅនឹងថ្លែងពីសិរីរុងរឿងរបស់យើង នៅក្នុងចំណោមប្រជាជាតិទាំងឡាយ។
ហេតុនេះយើងនឹងទាក់ទាញចិត្តនាង ដោយនាំនាងទៅវាលរហោស្ថាន យើងនឹងនិយាយលួងលោមចិត្តនាង។
ចាប់ពីទិសខាងកើត រហូតដល់ទិសខាងលិច នាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់ទីកន្លែង គេនាំគ្នាដុតគ្រឿងក្រអូប ដើម្បីលើកតម្កើងនាមរបស់យើង ព្រមទាំងនាំយកជំនូនបរិសុទ្ធមកជាមួយផង ដ្បិតនាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
ឃើញដូច្នោះ ពួកបងប្អូនបាននាំលោកប៉ូលឆ្ពោះទៅមាត់សមុទ្រភ្លាម រីឯលោកស៊ីឡាស និងលោកធីម៉ូថេវិញ ស្នាក់នៅទីនោះដដែល។
ប្រសិនបើកំហុសរបស់សាសន៍យូដា នាំឲ្យពិភពលោកទទួលពរដ៏លើសលប់ ហើយការចុះអន់ថយរបស់គេ នាំឲ្យសាសន៍ដទៃទទួលពរដ៏លើសលប់យ៉ាងហ្នឹងទៅហើយ ចុះទំរាំបើពួកគេបានចំរើនឡើងយ៉ាងពោរពេញវិញនោះ តើពរនឹងមានកាន់តែច្រើនលើសលប់យ៉ាងណាទៅទៀត?។
ណាពីអេសាយក៏មានប្រសាសន៍ថាៈ «ពូជរបស់លោកអ៊ីសាយនឹងមកដល់ គាត់នឹងក្រោកឡើង ដើម្បីដឹកនាំជាតិសាសន៍នានា ហើយជាតិសាសន៍ទាំងនោះ នឹងសង្ឃឹមលើគាត់»។
ហេតុនេះ បងប្អូនលែងជាជនបរទេស ឬជាអាណិកជនទៀតហើយ គឺបងប្អូនជាជនរួមជាតិជាមួយប្រជាជនដ៏បរិសុទ្ធ និងជាក្រុមគ្រួសាររបស់អុលឡោះ។
ហេតុនេះ សូមបងប្អូនកុំធ្លាក់ទឹកចិត្ដ ដោយខ្ញុំរងទុក្ខវេទនា ដើម្បីជាប្រយោជន៍ដល់បងប្អូននោះឡើយ ទុក្ខវេទនាទាំងនេះជាសិរីរុងរឿងរបស់បងប្អូនវិញទេ។
គឺថា ដោយសារដំណឹងល្អ សាសន៍ដទៃមានសិទ្ធិចូលរួមទទួលមត៌ក មានសិទ្ធិចូលរួមក្នុងរូបកាយតែមួយ និងមានសិទ្ធិទទួលពរ តាមបន្ទូលសន្យានៃអុលឡោះរួមជាមួយសាសន៍អ៊ីស្រអែល ក្នុងអាល់ម៉ាហ្សៀសអ៊ីសាដែរ។