Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លោកុ‌ប្បត្តិ 27 - អាល់គីតាប


ណាពី​យ៉ាកកូប​លួច​យក​ពរ​របស់​អេសាវ

1 អ៊ីសា‌ហាក់​មាន​វ័យ​ចាស់​ជរា ហើយ​ភ្នែក​របស់​គាត់​ចុះ​អន់​ថយ រហូត​មើល​លែង​ឃើញ​ទៀត។ ពេល​នោះ​គាត់​ហៅ​អេសាវ ជា​កូន​ច្បង មក​ថា៖ «កូន​អើយ!»។ អេសាវ​តប​មក​វិញ​ថា៖ «បាទ លោក​ឪពុក!»។

2 គាត់​និយាយ​ទៀត​ថា៖ «ឪពុក​ចាស់​ហើយ ពុំ​ដឹង​ជា​ស្លាប់​ថ្ងៃ​ណា​ទេ។

3 ហេតុ​នេះ ចូរ​កូន​យក​ប្រដាប់​បរ​បាញ់ គឺ​ព្រួញ និង​ធ្នូ ចេញ​ទៅ​បាញ់​សត្វ​នៅ​ព្រៃ យក​សាច់​មក​ឲ្យ​ឪពុក។

4 បន្ទាប់​មក ចូរ​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ឪពុក​ចូល​ចិត្ត ហើយ​យក​មក​ឲ្យ​ឪពុក​បរិភោគ។ ឪពុក​នឹង​ឲ្យ​ពរ​កូន មុន​ពេល​ឪពុក​ស្លាប់»។

5 ពេល​អ៊ីសា‌ហាក់​និយាយ​ទៅ​កាន់​អេសាវ រ៉ហ្វ៊ីកា​ក៏​បាន​លួច​ស្តាប់​ដែរ។ អេសាវ​ចេញ​ដំណើរ​ទៅ​ព្រៃ ដើម្បី​បរ​បាញ់​សត្វ​នាំ​យក​មក​ផ្ទះ​វិញ។

6 ពេល​នោះ រ៉ហ្វ៊ីកា​ពោល​ទៅ​កាន់​យ៉ាកកូប​ជា​កូន​ថា៖ «ម្តាយ​បាន​ឮ​ឪពុក​កូន​និយាយ​ទៅ​កាន់​អេសាវ ជា​បង​របស់​កូន​ថា

7 “ចូរ​ទៅ​បាញ់​សត្វ​នៅ​ព្រៃ​យក​មក ហើយ​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់​ឲ្យ​ឪពុក​បរិភោគ។ ឪពុក​នឹង​ឲ្យ​ពរ​កូន នៅ​មុខអុលឡោះ‌តាអាឡា មុន​ពេល​ឪពុក​ស្លាប់”។

8 ឥឡូវ​នេះ​កូន​អើយ ចូរ​ស្តាប់​ពាក្យ​ដែល​ម្តាយ​ប្រាប់​ឲ្យ​ធ្វើ។

9 ចូរ​ទៅ​យក​កូន​ពពែ​ធាត់​ល្អៗ​ពីរ​មក ម្តាយ​នឹង​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ដែល​ឪពុក​កូន​ចូល​ចិត្ត។

10 បន្ទាប់​មក កូន​នឹង​យក​ម្ហូប​នោះ​ជូន​ឪពុក​ពិសា គាត់​នឹង​ឲ្យ​ពរ​កូន​មុន​ពេល​គាត់​ស្លាប់»។

11 យ៉ាកកូប​តប​ទៅ​រ៉ហ្វ៊ីកា ជា​ម្តាយ​វិញ​ថា៖ «បង​អេសាវ​មាន​រោម​ពេញ​ខ្លួន​តែ​កូន​អត់​មាន​ទេ។

12 ប្រសិន​បើ​ឪពុក​ស្ទាប​កូន ហើយ​ឃើញ​ថា​កូន​បញ្ឆោត​គាត់​នោះ កូន​មុខ​ជា​ទទួល​បណ្តាសា​មិន​ខាន គឺ​មិន​មែន​ទទួល​ពរ​ទេ»។

13 ម្តាយ​តប​មក​វិញ​ថា៖ «កូន​អើយ ទុក​ឲ្យ​បណ្តាសា​នោះ​ធ្លាក់​មក​លើ​ម្តាយ​ចុះ! រីឯ​កូន​គ្រាន់​តែ​ស្តាប់​ពាក្យ​ម្តាយ​ប៉ុណ្ណោះ ចូរ​ទៅ​យក​កូន​ពពែ​មក»។

14 យ៉ាកកូប​ក៏​ទៅ​យក​កូន​ពពែ​មក​ជូន​ម្តាយ ហើយ​ម្តាយ​ក៏​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ដែល​ឪពុក​ចូល​ចិត្ត។

15 បន្ទាប់​មក រ៉ហ្វ៊ីកា​យក​សម្លៀក​បំពាក់​របស់​អេសាវ ជា​កូន​ច្បង គឺ​សម្លៀក​បំពាក់​ស្អាត​ជាង​គេ​នៅ​ក្នុង​ផ្ទះ មក​ពាក់​ឲ្យ​យ៉ាកកូប​ជា​កូន​ពៅ។

16 គាត់​ក៏​យក​រោម​ពពែ​មក​រុំ​ដៃ និង​រុំ​ក​របស់​យ៉ាកកូប ត្រង់​កន្លែង​ដែល​គ្មាន​រោម។

17 បន្ទាប់​មក​ទៀត គាត់​យក​ម្ហូប​ដ៏​ឆ្ងាញ់ និង​នំបុ័ង​ដែល​គាត់​បាន​ធ្វើ មក​ឲ្យ​យ៉ាកកូប​ជា​កូន​កាន់។

18 យ៉ាកកូប​យក​ទៅ​ជូន​ឪពុក ទាំង​ពោល​ថា៖ «លោក​ឪពុក!»។ អ៊ីសា‌ហាក់​ឆ្លើយ​ឡើង​ថា៖ «ឪពុក​នៅ​ឯ​ណេះ! តើ​កូន​ណា​មួយ​ហ្នឹង?»។

19 យ៉ាកកូប​ឆ្លើយ​ទៅ​ឪពុក​វិញ​ថា៖ «ខ្ញុំ​ជា​អេសាវ កូន​ច្បង​របស់​លោក​ឪពុក កូន​ធ្វើ​ដូច​លោក​ឪពុក​បាន​ប្រាប់ សូម​លោក​ឪពុក​ក្រោក​ឡើង ហើយ​អញ្ជើញ​ពិសា​សាច់​ដែល​កូន​បាន​បាញ់​ពី​ព្រៃ​សិន រួច​សឹម​ឲ្យ​ពរ​កូន»។

20 អ៊ីសា‌ហាក់​តប​វិញ​ថា៖ «កូន​បាញ់​សត្វ​បាន​រហ័ស​ណាស់!»។ យ៉ាកកូប​ឆ្លើយ​ថា៖ «មក​ពីអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​លោក​ឪពុក​បាន​ជួយ​កូន»។

21 អ៊ីសា‌ហាក់​និយាយ​ទៅ​យ៉ាកកូប​ទៀត​ថា៖ «ចូរ​កូន​ខិត​មក​ជិត​ឪពុក​បន្តិច ឪពុក​នឹង​ស្ទាប​មើល ដើម្បី​ឲ្យ​ដឹង​ថា កូន​ពិត​ជា​អេសាវ​មែន ឬ​មិន​មែន»។

22 យ៉ាកកូប​ចូល​ទៅ​ជិត​អ៊ីសា‌ហាក់ ជា​ឪពុក ហើយ​គាត់​ក៏​ស្ទាប​មើល ទាំង​ពោល​ថា៖ «សំឡេង​ជា​សំឡេង​យ៉ាកកូប តែ​ដៃ​ជា​ដៃ​របស់​អេសាវ»។

23 គាត់​ពុំ​បាន​ដឹង​ថា​ជា​យ៉ាកកូប​ទេ ព្រោះ​ដៃ​គាត់​មាន​រោម​ដូច​ដៃ​របស់​អេសាវ​ដែរ។ ប៉ុន្តែ មុន​នឹង​ឲ្យ​ពរ

24 គាត់​សួរ​បញ្ជាក់​ថា៖ «កូន​ពិត​ជា​អេសាវ​មែន​ឬ?» យ៉ាកកូប​ឆ្លើយ​ថា៖ «បាទ​មែន!»។

25 អ៊ីសា‌ហាក់​ក៏​និយាយ​ថា៖ «លើក​ម្ហូប​ឲ្យ​ឪពុក​មក ឪពុក​នឹង​បរិភោគ​សាច់​ដែល​កូន​បាញ់​បាន រួច​សឹម​ឪពុក​ឲ្យ​ពរ​កូន»។ យ៉ាកកូប​រៀប​ចំ​ជូន​ឪពុក​ពិសា គាត់​បាន​ចាក់​ទឹក​ទំពំាង​បាយ​ជូរ​ជូន​គាត់​ពិសា​ដែរ។

26 បន្ទាប់​មក អ៊ីសា‌ហាក់​ជា​ឪពុក​និយាយ​ទៅ​គាត់​ថា៖ «កូន​អើយ ចូរ​ខិត​មក​ជិត​ឪពុក ហើយ​ថើប​ឪពុក​សិន»។

27 យ៉ាកកូប​ក៏​ខិត​ទៅ​ជិត​ឪពុក ហើយ​ថើប​គាត់។ ពេល​នោះ អ៊ីសា‌ហាក់​ស្គាល់​ក្លិន​សម្លៀក​បំពាក់​របស់​អេសាវ ក៏​ឲ្យ​ពរ​យ៉ាកកូប ដូច​តទៅ​នេះ៖ «ក្លិន​របស់​កូន​ប្រៀប​បាន​នឹង​ក្លិន​ចម្ការ មួយ​ដែល​ទទួល​ពរ​ពីអុលឡោះ‌តាអាឡា។

28 សូម​អុលឡោះ​ប្រទាន​ទឹក​សន្សើម ពី​លើ​មេឃ​មក​ឲ្យ​កូន ព្រម​ទាំង​ដី​ដែល​មាន​ជី​ជាតិ​ល្អ​ផង​ដែរ។ អុលឡោះ​ប្រទាន​ឲ្យ​កូន​មាន​ស្រូវ និង​មាន​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​យ៉ាង​បរិបូណ៌។

29 សូម​ឲ្យ​ជាតិ​សាសន៍​នា​នា​បាន​ទៅ​ជា ខ្ញុំ​បម្រើ​របស់​កូន ហើយ​ឲ្យ​ប្រជា‌ជាតិ​ជា​ច្រើន ក្រាប​ចុះ​ចំពោះ​កូន!។ សូម​ឲ្យ​កូន​គ្រប់​គ្រង​លើ​បង‌ប្អូន​របស់​កូន! សូម​ឲ្យ​បង‌ប្អូន​បង្កើត​ទាំង​ប៉ុន្មាន​របស់​កូន ក្រាប​ចុះ​ចំពោះ​កូន! អ្នក​ណា​ដាក់​បណ្តា​សា​កូន អ្នក​នោះ​មុខ​ជា​ទទួល​បណ្តាសា​មិន​ខាន! រីឯ​អ្នក​ណា​ឲ្យ​ពរ​កូន អ្នក​នោះ​ក៏​នឹង​ទទួល​ពរ​ដែរ»។

30 ពេល​អ៊ីសា‌ហាក់​ឲ្យ​ពរ​យ៉ាកកូប​ចប់​សព្វ​គ្រប់​ហើយ យ៉ាកកូប​ក៏​ចាក​ចេញ​ពី​ឪពុក​ទៅ។ អេសាវ​វិល​ត្រឡប់​មក​ពី​បាញ់​សត្វ​វិញ។

31 គាត់​រៀប​ចំ​ម្ហូប​យ៉ាង​ឆ្ងាញ់​យក​មក​ជូន​ឪពុក​ដែរ គាត់​ជម្រាប​ឪពុក​ថា៖ សូម​អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាញ់​បាន​នេះ​ទៅ រួច​សឹម​ឲ្យ​ពរ​កូន។

32 អ៊ីសា‌ហាក់​ជា​ឪពុក​សួរ​ថា៖ «នរណា​ហ្នឹង?» អេសាវ​តប​ថា៖ «ខ្ញុំ អេសាវ​ជា​កូន​ច្បង​របស់​លោក​ឪពុក»។

33 អ៊ីសា‌ហាក់​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង សួរ​ថា៖ «តើ​អ្នក​ដែល​បាន​បាញ់​សត្វ​យក​មក​ឲ្យ​ឪពុក​អំបាញ់​មិញ​នេះ ជា​នរណា? មុន​កូន​មក​ដល់ ឪពុក​បាន​បរិភោគ​អស់​ស្រេច​ទៅ​ហើយ ឪពុក​ក៏​ឲ្យ​ពរ​វា វា​នឹង​ទទួល​ពរ​រហូត»។

34 ពេល​អេសាវ​ឮ​ពាក្យ​របស់​ឪពុក​ដូច្នេះ ក៏​ស្រែក​ឡើង​យ៉ាង​ខ្លាំង ព្រោះ​ក្តៅ​ក្រហាយ​ពេក គាត់​អង្វរ​ឪពុក​ថា៖ «លោក​ឪពុក សូម​ឲ្យ​ពរ​មក​កូន​ផង​ដែរ!»។

35 អ៊ីសា‌ហាក់​ឆ្លើយ​វិញ​ថា៖ «ប្អូន​របស់​កូន​បាន​ប្រើ​កល‌ល្បិច ដណ្តើម​យក​ពរ​របស់​កូន​បាត់​ទៅ​ហើយ!»។

36 អេសាវ​ពោល​ថា៖ «គេ​ដាក់​ឈ្មោះ​វា​ថា “យ៉ាកកូប” ដូច្នេះ ត្រូវ​ហើយ ព្រោះ​វា​បាន​បោក​បញ្ឆោត​ខ្ញុំ​ដល់​ទៅ​ពីរ​ដង គឺ​វា​ដណ្តើម​យក​សិទ្ធិ​ជា​កូន​ច្បង​ពី​ខ្ញុំ រួច​ស្រេច​ទៅ​ហើយ ឥឡូវ​នេះ វា​បោក​យក​ពរ​ពី​ខ្ញុំ​ទៀត! តើ​លោក​ឪពុក​នៅ​មាន​សល់​ពរ​ណា​ទៀត​សម្រាប់​កូន​ឬ​ទេ?»។

37 អ៊ីសា‌ហាក់​និយាយ​ទៅ​កាន់​អេសាវ​វិញ​ថា៖ «ឪពុក​បាន​ឲ្យ​វា​ធ្វើ​ជា​ម្ចាស់​លើ​កូន​ឯង និង​ឲ្យ​បង‌ប្អូន​របស់​វា​ទាំង​អស់​ទៅ​ជា​អ្នក​បម្រើ​របស់​វា​ហើយ។ ឪពុក​ក៏​បាន​ឲ្យ​ស្រូវ និង​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ទៅ​វា​ដែរ ដូច្នេះ ឪពុក​មិន​អាច​ធ្វើ​អ្វី​ទៀត​សម្រាប់​កូន​ទេ»។

38 អេសាវ​អង្វរ​ឪពុក​ទៀត​ថា៖ «តើ​លោក​ឪពុក​មាន​ពរ​តែ​មួយ​ហ្នឹង​ទេ​ឬ? លោក​ឪពុក​អើយ សូម​ឲ្យ​ពរ​កូន​ផង​ដែរ!»។ ពេល​នោះ អេសាវ​ទ្រហោ​យំ។

39 អ៊ីសា‌ហាក់ ជា​ឪពុក​តប​ទៅ​គាត់​វិញ​ថា៖ «កូន​នឹង​រស់​នៅ​លើ​ដី​ដែល​គ្មាន​ជី​ជាតិ ហើយ​ក៏​គ្មាន​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មក​ដែរ។

40 កូន​នឹង​ចិញ្ចឹម​ជីវិត​ដោយ​មុខ​ដាវ កូន​នឹង​បាន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​ប្អូន​កូន ក៏​ប៉ុន្តែ សន្សឹមៗ​កូន​នឹង​រើ​បំរះ​ចេញ​ផុត​ពី​នឹម​របស់​ប្អូន​កូន»។


ណាពី​យ៉ាកកូប​ទៅ​នៅ​ជា​មួយ​ឡាបាន់

41 អេសាវ​ចង​គំនុំ​យ៉ាកកូប​យ៉ាង​ខ្លាំង ព្រោះ​យ៉ាកកូប​បាន​ទទួល​ពរ​ពី​ឪពុក។ គាត់​គិត​នៅ​ក្នុង​ចិត្ត​ថា៖ «ឪពុក​ខ្ញុំ​នឹង​លា​ចាក​លោក​នេះ​ទៅ​ក្នុង​ពេល​ឆាប់ៗ ចាំ​ដល់​ពេល​នោះ សឹម​ខ្ញុំ​សម្លាប់​យ៉ាកកូប​ចោល»។

42 មាន​គេ​ជម្រាប​រ៉ហ្វ៊ីកា អំពី​បំណង​កូន​ច្បង​របស់​គាត់ គាត់​ក៏​ឲ្យ​គេ​ទៅ​ហៅ​យ៉ាកកូប ជា​កូន​ពៅ​មក​ប្រាប់​ថា៖ «មើល៍ អេសាវ​បង​របស់​កូន ចង់​សម្លាប់​កូន ដើម្បី​សង​គំនុំ។

43 ឥឡូវ​នេះ​កូន​អើយ ចូរ​ស្តាប់​ម្តាយ គឺ​កូន​ត្រូវ​រត់​ភៀស​ខ្លួន​ទៅ​នៅ​ជា​មួយ​ឡាបាន់ ជា​ឪពុក​ធំ​របស់​កូន​នៅ​ឯ​ស្រុក​ខារ៉ាន​ទៅ។

44 កូន​ត្រូវ​ទៅ​នៅ​ជា​មួយ​គាត់​មួយ​រយៈ​សិន ទំរាំ​បង​របស់​កូន​ត្រជាក់​ចិត្ត​វិញ។

45 ពេល​ណា​បង​របស់​កូន​បាត់​ខឹង​នឹង​កូន ព្រម​ទាំង​ភ្លេច​នូវ​អំពើ​ដែល​កូន​បាន​ប្រព្រឹត្ត​ចំពោះ​វា​ហើយ​នោះ ម្តាយ​នឹង​ប្រើ​គេ​ឲ្យ​ទៅ​ហៅ​កូន​មក​វិញ ដ្បិត​ម្តាយ​មិន​ចង់​ឲ្យ​កូន​ទាំង​ពីរ​នាក់ បាត់​បង់​ជីវិត​ក្នុង​ថ្ងៃ​តែ​មួយ​ឡើយ»។

46 រ៉ហ្វ៊ីកា​ជម្រាប​អ៊ីសា‌ហាក់​ថា៖ «ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ស្ត្រី​ជន‌ជាតិ​ហេត​នេះ​ណាស់។ បើ​យ៉ាកកូប​រៀប​ការ​នឹង​ស្ត្រី​ជន‌ជាតិ​ហេត​នៅ​ស្រុក​នេះ​ដែរ នោះ​ជីវិត​ខ្ញុំ​នឹង​គ្មាន​ន័យ​អ្វី​ទៀត​ឡើយ!»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម