ពួកចៅហ្វាយ 16:5 - អាល់គីតាប ស្តេចត្រាញ់របស់ជនជាតិភីលីស្ទីនបាននាំគ្នាទៅនិយាយនឹងនាងដេលីឡាថា៖ «ចូរនាងលួងលោមសាំសុន ដើម្បីឲ្យដឹងថា គាត់មានកម្លាំងដ៏ខ្លាំងក្លានេះមកពីណា ធ្វើដូចម្ដេចឲ្យយើងអាចឈ្នះគាត់បាន? យើងនឹងចាប់ចង បង្ក្រាបគាត់ រួចហើយយើងនឹងឲ្យប្រាក់នាងចំនួនមួយពាន់មួយរយស្លឹងក្នុងម្នាក់ៗ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកមេលើសាសន៍ភីលីស្ទីនក៏ឡើងទៅនិយាយនឹងនាងថា៖ «ចូរលួងលោមវា ដើម្បីឲ្យដឹងថា វាមានកម្លាំងខ្លាំងក្លាដល់ម៉្លេះមកពីណា ហើយធ្វើដូចម្តេចឲ្យយើងអាចឈ្នះវា ដើម្បីឲ្យយើងចាប់ចង បង្ក្រាបវាបាន នោះយើងនឹងឲ្យប្រាក់សុទ្ធដល់នាង ចំនួនមួយពាន់មួយរយស្លឹងក្នុងម្នាក់ៗ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនបាននាំគ្នាទៅនិយាយនឹងនាងដេលីឡាថា៖ «ចូរនាងលួងលោមសាំសុន ដើម្បីឲ្យដឹងថា គាត់មានកម្លាំងដ៏ខ្លាំងក្លានេះមកពីណា ធ្វើដូចម្ដេចឲ្យយើងអាចឈ្នះគាត់បាន? យើងនឹងចាប់ចង បង្ក្រាបគាត់ រួចហើយយើងនឹងឲ្យប្រាក់នាងចំនួនមួយពាន់មួយរយស្លឹងក្នុងម្នាក់ៗ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះពួកមេលើសាសន៍ភីលីស្ទីនក៏ឡើងទៅបបួលនាងថា ចូរលួងលោមវាមើល ដែលវាមានកំឡាំងខ្លាំងម៉្លេះពីណាមក ហើយធ្វើដូចម្តេចឲ្យយើងឈ្នះវា ដើម្បីនឹងចាប់ចងបង្ក្រាបវាទៅបាន នោះយើងគ្រប់គ្នានឹងឲ្យប្រាក់១១០០ម្នាក់ដល់នាង |
ពួកគេពូកែប្រព្រឹត្តអំពើអាក្រក់ណាស់ ទាំងមេដឹកនាំ ទាំងចៅក្រម នាំគ្នាស៊ីសំណូក។ អ្នកធំមានចិត្តលោភលន់ ហើយឃុបឃិតគ្នា ប្រព្រឹត្តតាមបំណងរបស់ខ្លួន។
ជម្រាបថា៖ «បើខ្ញុំប្រគល់អ៊ីសាជូនអស់លោក តើអស់លោកឲ្យអ្វីខ្ញុំ?»។ ពួកអ៊ីមុាំក៏រាប់ប្រាក់ឲ្យគាត់សាមសិបស្លឹង។
ពោលគឺទឹកដីដែលចាត់ទុកថាជាទឹកដីរបស់ជនជាតិកាណាន លាតសន្ធឹងចាប់តាំងពីទឹកធ្លាក់ស៊ីហោ នៅព្រំប្រទល់ស្រុកអេស៊ីប រហូតដល់តំបន់អេក្រូននៅទិសខាងជើង។ នៅលើទឹកដីនោះមាននគរប្រាំរបស់ជនជាតិភីលីស្ទីនដែលមានរាជធានីនៅក្រុងកាសា ក្រុងអាសដូឌ ក្រុងអាសកាឡូន ក្រុងកាថ និងក្រុងអេក្រូន។ ជនជាតិអាវីមក៏រស់នៅលើទឹកដីដែរ។
លុះដល់ថ្ងៃទីប្រាំពីរ ពួកគេនាំគ្នាទៅគំរាមប្រពន្ធលោកសាំសុនថា៖ «ចូរទៅលួងលោមប្ដីរបស់នាងឲ្យបកស្រាយប្រស្នា រួចមកប្រាប់យើងឲ្យដឹងផង បើមិនដូច្នោះទេ យើងនឹងដុតនាង ព្រមទាំងក្រុមគ្រួសារនាងឲ្យស្លាប់ទាំងអស់គ្នា។ ពួកនាងអញ្ជើញយើងមកដើម្បីប្លន់យើងឬ?»។
បន្ទាប់ពីនោះមក លោកសាំសុនបានចាប់ចិត្តស្រឡាញ់ស្ត្រីម្នាក់ឈ្មោះ ដេលីឡា ដែលរស់នៅត្រង់ច្រកភ្នំសូរេក។
ពេលនោះ នាងដេលីឡាសួរលោកសាំសុនថា៖ «បងអើយ សូមប្រាប់ខ្ញុំឲ្យដឹងផង តើបងបានកម្លាំងដ៏ខ្លាំងនេះមកពីណា? តើធ្វើដូចម្តេចឲ្យគេអាចចាប់ចងបង្ក្រាបបងបាន?»។
ថ្ងៃមួយគាត់បានប្រកាសប្រាប់ម្តាយគាត់ថា៖ «តើម៉ែមាននឹកចាំទេ នៅពេលដែលគេលួចប្រាក់ម៉ែចំនួនមួយពាន់មួយរយស្លឹងនោះ ម៉ែបានដាក់បណ្តាសាចោរនៅចំពោះមុខខ្ញុំ។ មើលនែ៎ ប្រាក់ទាំងនេះនៅជាមួយខ្ញុំ គឺខ្ញុំដែលបានយកប្រាក់»។ ម្តាយរបស់គាត់ក៏និយាយថា៖ «សូមអុលឡោះតាអាឡាប្រទានពរដល់កូន»។
ប្រជាជាតិទាំងនោះមានដូចតទៅ: ជនជាតិភីលីស្ទីនទាំងប្រាំនគរ ជនជាតិកាណានទាំងអស់ ជនជាតិស៊ីដូន និងជនជាតិហេវី ដែលរស់នៅតាមតំបន់ភ្នំលីបង់ ចាប់តាំងពីភ្នំបាល-ហ៊ើរម៉ូន រហូតដល់ហាម៉ាត់។
ស្តេចអគីសក៏ហៅទតមក ហើយនិយាយថា៖ «យើងសូមស្បថក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្បជានិច្ចថា លោកពិតជាមនុស្សត្រឹមត្រូវមែន។ យើងពេញចិត្តនឹងឲ្យលោកចេញទៅច្បាំងជាមួយយើង ព្រោះតាំងពីពេលដែលលោកស្នាក់នៅនឹងយើងរហូតដល់ពេលនេះ យើងពុំដែលឃើញលោកប្រព្រឹត្តអ្វីខុសឆ្គងឡើយ។ ប៉ុន្តែ ពួកស្តេចត្រាញ់ឯទៀតៗនៃជនជាតិភីលីស្ទីន ពុំពេញចិត្តនឹងលោកទេ។