Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លោកុ‌ប្បត្តិ 33 - អាល់គីតាប


ណាពី​យ៉ាកកូប និង​អេសាវ​ជា​នា​គ្នា​វិញ

1 យ៉ាកកូប​ងើប​មុខ​ឡើង ឃើញ​អេសាវ​មក​ដល់ ដោយ​មាន​គ្នា​បួន​រយ​នាក់​មក​ជា​មួយ​ផង គាត់​ក៏​ចែក​កូន​ឲ្យ​លេអា រ៉ាជែល និង​ស្ត្រី​បម្រើ​ទាំង​ពីរ។

2 គាត់​ដាក់​ស្ត្រី​បម្រើ​ទាំង​ពីរ និង​កូន​របស់​នាង​ឲ្យ​ដើរ​មុខ​គេ បន្ទាប់​មក លេអា និង​កូន​របស់​គាត់ ហើយ​រ៉ាជែល និង​យូសុះ ដើរ​ក្រោយ​គេ។

3 រីឯ​ខ្លួន​គាត់​ផ្ទាល់ គាត់​ដើរ​មុខ​គេ​បង្អស់ ហើយ​គាត់​ក្រាប​សំពះ​ដល់​ដី​ប្រាំ​ពីរ​ដង រហូត​ទៅ​ជិត​ដល់​អេសាវ។

4 អេសាវ​រត់​មក​ជួប​គាត់ រួច​ឱប​គាត់​ទៀត​ផង។ គាត់​អោប​ក​គាត់ ថើប​គាត់ ហើយ​ទាំង​ពីរ​នាក់​ក៏​នាំ​គ្នា​យំ។

5 អេសាវ​ងើប​មុខ​ឡើង ឃើញ​ស្រីៗ និង​ក្មេងៗ គាត់​សួរ​ថា៖ «តើ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ប្អូន​នេះ ជា​នរណា​ដែរ?»។ យ៉ាកកូប​ឆ្លើយ​ថា៖ «នេះ​ជា​កូន​ដែល​អុលឡោះ​ប្រោស​ប្រទាន​មក​ខ្ញុំ»។

6 ស្ត្រី​បម្រើ​ក៏​នាំ​គ្នា​ចូល​មក​ជា​មួយ​កូនៗ​របស់​នាង រួច​ក្រាប​សំពះ​អេសាវ។

7 លេអា និង​កូនៗ​របស់​គាត់​ក៏​ចូល​មក​ក្រាប​សំពះ ហើយ​យូសុះ និង​រ៉ាជែល នាំ​គ្នា​ចូល​មក​ក្រាប​សំពះ​ដែរ។

8 អេសាវ​ពោល​ថា៖ «តើ​ប្អូន​មាន​បំណង​យក​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន ដែល​បង​បាន​ជួប​នោះ ទៅ​ធ្វើ​អ្វី?»។ យ៉ាកកូប​ឆ្លើយ​ថា៖ «ខ្ញុំ​យក​មក​ជូន​លោក​បង ដើម្បី​សុំ​លោក​បង​មេត្តា​អធ្យា‌ស្រ័យ​ដល់​ខ្ញុំ»។

9 អេសាវ​តប​ថា៖ «ប្អូន​អើយ បង​មាន​ច្រើន​បរិបូណ៌​ហើយ ចូរ​រក្សា​ទុក​អ្វីៗ​ដែល​ជា​របស់​ប្អូន​ទៅ»។

10 យ៉ាកកូប​ឆ្លើយ​វិញ​ថា៖ «ទេ ប្រសិន​បើ​លោក​បង​យល់​អធ្យា‌ស្រ័យ​ដល់​ខ្ញុំ​មែន សូម​ទទួល​យក​ជំនូន​នេះ ពី​ដៃ​ខ្ញុំ​ផ្ទាល់​ទៅ។ ពេល​ខ្ញុំ​ឃើញ​មុខ​លោក​បង ក៏​ដូច​ជា​បាន​ឃើញ​មុខ​អុលឡោះ​ដូច្នោះ​ដែរ ព្រោះ​លោក​បង​បាន​ទទួល​ខ្ញុំ​យ៉ាង​រាក់​ទាក់។

11 ដូច្នេះ សូម​លោក​បង​ទទួល​យក​ជំនូន ដែល​ខ្ញុំ​ជូន​នេះ​ទៅ ដ្បិត​អុលឡោះ​បាន​ប្រទាន​ពរ​ដល់​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​មាន​សព្វ​គ្រប់​ទាំង​អស់»។ ដោយ​យ៉ាកកូប​ចេះ​តែ​បង្ខំ​ខ្លាំង​ពេក អេសាវ​ក៏​យល់​ព្រម​ទទួល។

12 អេសាវ​ពោល​ថា៖ «តោះ យើង​ចេញ​ដំណើរ​ទៅ បង​នឹង​ទៅ​ជា​មួយ​ប្អូន»។

13 យ៉ាកកូប​តប​វិញ​ថា៖ «លោក​បង​ដឹង​ស្រាប់​ហើយ ថា​ធ្វើ​ដំណើរ​ជា​មួយ​កូន​ក្មេង​មិន​ស្រួល​ទេ ហើយ​ខ្ញុំ​ក៏​មាន​ចៀម និង​គោ​ដែល​បំបៅ​កូន​មក​ជា​មួយ​ដែរ។ បើ​យើង​បង្ខំ​ឲ្យ​ដើរ​លឿន​តែ​មួយ​ថ្ងៃ ហ្វូង​ចៀម​មុខ​ជា​ត្រូវ​វិនាស​អស់​មិន​ខាន

14 ដូច្នេះ សូម​លោក​បង​អញ្ជើញ​ទៅ​មុន​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ដើរ​សន្សឹម​តាម​ក្រោយ ជា​មួយ​ហ្វូង​សត្វ និង​ក្មេងៗ​រហូត​ទៅ​ដល់​ទី​លំនៅ​របស់​លោក​បង នៅ​ស្រុក​សៀរ»។

15 អេសាវ​ពោល​ថា៖ «យ៉ាង​ហោច​ណាស់​ក៏​បង​ចង់​ទុក​គ្នា​បង​ខ្លះ ឲ្យ​រួម​ដំណើរ​ជា​មួយ​ប្អូន​ដែរ»។ យ៉ាកកូប​តប​ថា៖ «មិន​ចាំ​បាច់​ទេ លោក​បង​បាន​អធ្យា‌ស្រ័យ​ដល់​រូប​ខ្ញុំ​តែ​ប៉ុណ្ណេះ ក៏​ល្មម​ហើយ»។

16 នៅ​ថ្ងៃ​ដដែល​នោះ អេសាវ​វិល​ត្រឡប់​ទៅ​ស្រុក​សៀរ​វិញ។

17 រីឯ​យ៉ាកកូប គាត់​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ស៊ូកូត។ គាត់​បាន​សង់​ផ្ទះ​មួយ​សម្រាប់​គាត់ និង​សង់​រោង​សម្រាប់​ហ្វូង​សត្វ​របស់​គាត់​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ស៊ូកូត។


ណាពី​យ៉ាកកូប​តាំង​ទី​លំនៅ​នៅ​ជិត​ស៊ីគែម

18 យ៉ាកកូប​បាន​វិល​ពី​ស្រុក​ប៉ាដាន់-អើរ៉ាម​វិញ មក​ដល់​ក្រុង​ស៊ីគែម ក្នុង​ស្រុក​កាណាន ដោយ​សុខ‌សាន្ត ហើយ​គាត់​ក៏​បោះ​ជំរំ​ទល់​មុខ​នឹង​ទី​ក្រុង​នោះ។

19 គាត់​បាន​ទិញ​ដី​មួយ​កន្លែង ពី​កូន​ចៅ​របស់​ហាម៉ោរ ដែល​ត្រូវ​ជា​ឪពុក​របស់​ស៊ីគែម តម្លៃ​ប្រាក់​សុទ្ធ​មួយ​រយ​ស្លឹង សម្រាប់​បោះ​ជំរំ​នោះ។

20 គាត់​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ដែល​គាត់​ដាក់​ឈ្មោះ​ថា «អុលឡោះ​ជា​ម្ចាស់​របស់​អ៊ីស្រ‌អែល»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម