ពួកចៅហ្វាយ 3 - អាល់គីតាប1 អុលឡោះតាអាឡាបានទុកប្រជាជាតិទាំងនោះឲ្យរស់នៅក្នុងស្រុក ដើម្បីល្បងលកូនចៅអ៊ីស្រអែលទាំងប៉ុន្មាន ដែលមិនចូលរួមធ្វើសង្គ្រាមដណ្តើមយកទឹកដីកាណាន។ 2 ទ្រង់គ្រាន់តែពេញចិត្តឲ្យកូនចៅអ៊ីស្រអែលជំនាន់ក្រោយ គឺពួកដែលមិនធ្លាប់ច្បាំងបានហាត់រៀនធ្វើសង្គ្រាម។ 3 ប្រជាជាតិទាំងនោះមានដូចតទៅ: ជនជាតិភីលីស្ទីនទាំងប្រាំនគរ ជនជាតិកាណានទាំងអស់ ជនជាតិស៊ីដូន និងជនជាតិហេវី ដែលរស់នៅតាមតំបន់ភ្នំលីបង់ ចាប់តាំងពីភ្នំបាល-ហ៊ើរម៉ូន រហូតដល់ហាម៉ាត់។ 4 អុលឡោះតាអាឡាទុកសាសន៍ទាំងនោះ ដើម្បីល្បងលមើលឲ្យដឹងថា តើជនជាតិអ៊ីស្រអែលគោរពតាមបទបញ្ជា ដែលទ្រង់ប្រទានមកបុព្វបុរសរបស់គេ តាមរយៈម៉ូសាឬយ៉ាងណា។ 5 ហេតុនេះហើយបានជា ជនជាតិអ៊ីស្រអែលរស់នៅក្នុងចំណោមជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរីស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។ 6 គេយកកូនស្រីរបស់សាសន៍ទាំងនោះមកធ្វើជាប្រពន្ធ ហើយក៏លើកកូនស្រីរបស់ខ្លួនឲ្យរៀបការជាមួយកូនប្រុសរបស់សាសន៍ទាំងនោះ ព្រមទាំងនាំគ្នាគោរពថ្វាយបង្គំព្រះនៃសាសន៍ទាំងនោះថែមទៀតផង។ ចៅហ្វាយដប់ពីររូប លោកអូធ្នាល 7 ជនជាតិអ៊ីស្រអែលបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ។ ពួកគេបំភ្លេចទ្រង់ ហើយបែរទៅគោរពព្រះបាល និងព្រះអាសថារ៉ូតវិញ។ 8 អុលឡោះតាអាឡាខឹងជាមួយពួកគេ ហើយប្រគល់គេ ទៅក្នុងកណ្តាប់ដៃរបស់ស្តេចគូសាន-រីសាថែម ជាស្តេចស្រុកអើរ៉ាម-ណាហារេម។ ជនជាតិអ៊ីស្រអែលនៅជាចំណុះស្តេចនោះអស់រយៈពេលប្រាំបីឆ្នាំ។ 9 ជនជាតិអ៊ីស្រអែលស្រែកអង្វរអុលឡោះតាអាឡា ទ្រង់ក៏ធ្វើឲ្យមានអ្នកសង្គ្រោះម្នាក់ងើបឡើងសង្គ្រោះជនជាតិអ៊ីស្រអែល គឺលោកអូធ្នាល ជាកូនរបស់លោកកេណាស ដែលត្រូវជាប្អូនរបស់លោកកាលែប។ 10 រសនៃអុលឡោះតាអាឡាសណ្ឋិតលើលោកអូធ្នាល គាត់ក៏ធ្វើជាមេដឹកនាំរបស់ប្រជាជនអ៊ីស្រអែល។ លោកអូធ្នាលចេញទៅច្បាំង ហើយអុលឡោះតាអាឡាប្រទានឲ្យគាត់មានជ័យជំនះ ដោយប្រគល់ស្តេចគូសាន-រីសាថែម ជាស្តេចស្រុកអើរ៉ាម-ណាហារេម មកក្នុងកណ្តាប់ដៃរបស់គាត់។ 11 ស្រុកទេសបានសុខសាន្តត្រាណ អស់រយៈពេលសែសិបឆ្នាំ។ ក្រោយមក លោកអូធ្នាល ជាកូនរបស់លោកកេណាសស្លាប់ទៅ។ លោកអេហ៊ូដ 12 ជនជាតិអ៊ីស្រអែលប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់បំណងអុលឡោះតាអាឡាសាជាថ្មី។ ហេតុនេះអុលឡោះតាអាឡាបានពង្រឹងអំណាចរបស់ស្តេចអេក្លូន ជាស្តេចស្រុកម៉ូអាប់ ឲ្យប្រឆាំងនឹងជនជាតិអ៊ីស្រអែល។ 13 ស្តេចអេក្លូនបានពួតដៃជាមួយជនជាតិអាំម៉ូន និងជនជាតិអាម៉ាឡេក ទៅច្បាំងនឹងអ៊ីស្រអែល ហើយដណ្តើមបានក្រុងដើមលម៉ើ។ 14 ជនជាតិអ៊ីស្រអែលនៅចំណុះស្តេចអេក្លូនជាស្តេចស្រុកម៉ូអាប់ អស់រយៈពេលដប់ប្រាំបីឆ្នាំ។ 15 ជនជាតិអ៊ីស្រអែលស្រែកអង្វរអុលឡោះតាអាឡា ទ្រង់ក៏ធ្វើឲ្យមានអ្នកសង្គ្រោះម្នាក់ងើបឡើងសង្គ្រោះពួកគេ គឺលោកអេហ៊ូដ ជាកូនរបស់លោកកេរ៉ា ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន លោកអេហ៊ូដប្រើតែដៃឆ្វេងប៉ុណ្ណោះ។ នៅគ្រានោះ ជនជាតិអ៊ីស្រអែលចាត់លោកអេហ៊ូដឲ្យនាំសួយសារអាករទៅជូនស្តេចអេក្លូនជាស្តេចស្រុកម៉ូអាប់។ 16 លោកអេហ៊ូដធ្វើកាំបិតមុខពីរ ដែលមានប្រវែងប្រហែលមួយហត្ថ ហើយចងផ្អោបនឹងភ្លៅស្តាំ លាក់ក្នុងសម្លៀកបំពាក់របស់លោក។ 17 លោកនាំសួយសារអាករទៅជូនស្តេចអេក្លូន ជាស្តេចស្រុកម៉ូអាប់។ ស្តេចអេក្លូនធាត់ណាស់។ 18 ក្រោយបានជូនសួយសារអាកររួចហើយ លោកក៏វិលទៅវិញជាមួយអស់អ្នកដែលកាន់សួយសារអាករមក។ 19 លុះមកដល់ត្រង់រូបបដិមា ដែលនៅជិតគីលកាល់ លោកបកក្រោយ ហើយជម្រាបស្តេចថា៖ «សូមជម្រាបស្តេចខ្ញុំមានកិច្ចការសម្ងាត់មួយ និយាយជម្រាបស្តេច»។ ស្តេចបញ្ជាទៅអ្នកបម្រើឲ្យចេញទៅ អស់អ្នកដែលនៅជាមួយស្តេច ក៏នាំគ្នាចេញទៅ។ 20 ពេលនោះស្តេចនៅក្នុងបន្ទប់ត្រជាក់ខាងលើ ជាកន្លែងលំហែកាយសម្រាប់ស្តេចផ្ទាល់។ លោកអេហ៊ូដចូលទៅជិតប្រាប់ថា៖ «ខ្ញុំមានបន្ទូលពីអុលឡោះតាអាឡា សម្រាប់ជម្រាបស្តេចផ្ទាល់!» ស្តេចក៏ក្រោកពីកៅអី។ 21 រំពេចនោះ លោកអេហ៊ូដលូកដៃឆ្វេងដកកាំបិត ដែលចងផ្អោបនៅភ្លៅស្តាំ រួចចាក់ត្រង់ពោះស្តេច 22 មុតកប់រហូតដល់ដង ហើយខ្លាញ់ពោះក៏បិទភ្ជិតកាំបិតនោះ។ លោកអេហ៊ូដមិនបានដកកាំបិតចេញមកវិញទេ។ 23 បន្ទាប់មក លោកអេហ៊ូដបានបិទទ្វារបន្ទប់ និងចាក់សោយ៉ាងជិត រួចចេញមកក្រៅវិញតាមច្រកខាងក្រោយ។ 24 កាលលោកអេហ៊ូដចេញផុតទៅ អ្នកបម្រើមកដល់ ឃើញទ្វារបន្ទប់បិទជិត ពួកគេគិតគ្នាថា «ប្រហែលជាស្តេចកំពុងតែដោះទុក្ខសត្វ នៅខាងក្នុងនោះហើយមើលទៅ!»។ 25 គេនាំគ្នារង់ចាំ រហូតទាល់តែចាប់ផ្តើមបារម្ភ ព្រោះមិនឃើញស្តេចបើកទ្វារបន្ទប់។ ដូច្នេះ គេក៏យកសោទៅចាក់បើកទ្វារ ហើយឃើញម្ចាស់របស់គេស្លាប់នៅលើឥដ្ឋ។ 26 ក្នុងរយៈពេលដែលគេរង់ចាំនោះ លោកអេហ៊ូដរត់ឆ្ងាយហួសរូបបដិមា ហើយទៅដល់តំបន់សៃរ៉ា។ 27 ពេលទៅដល់ គាត់ផ្លុំស្នែងក្នុងតំបន់ភ្នំអេប្រាអ៊ីម ជនជាតិអ៊ីស្រអែលចុះពីភ្នំទៅជាមួយគាត់ គាត់ក៏នាំមុខគេ។ 28 លោកប្រកាសថា៖ «ចូរមកតាមខ្ញុំ ដ្បិតអុលឡោះតាអាឡាបានប្រគល់សាសន៍ម៉ូអាប់ ជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា មកក្នុងកណ្តាប់ដៃអ្នករាល់គ្នាហើយ!»។ ពួកគេទៅជាមួយគាត់ ហើយវាយយកកន្លែងទឹករាក់ សម្រាប់ឆ្លងទន្លេយ័រដាន់ ពីជនជាតិម៉ូអាប់ ពួកគេមិនឲ្យនរណាម្នាក់ឆ្លងតាមនោះឡើយ។ 29 នៅគ្រានោះ ពួកគេបានសម្លាប់ជនជាតិម៉ូអាប់ អស់ប្រហែលមួយម៉ឺននាក់ដែលសុទ្ធតែជាអ្នកខ្លាំងពូកែ ហើយក្លាហានផង គឺឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។ 30 ចាប់តាំងពីពេលនោះមក ជនជាតិម៉ូអាប់ស្ថិតនៅក្រោមអំណាចត្រួតត្រារបស់ជនជាតិអ៊ីស្រអែល ហើយស្រុកទេសក៏បានសុខសាន្តត្រាណ អស់រយៈពេលប៉ែតសិបឆ្នាំ។ លោកសាំកើរ 31 បន្ទាប់ពីលោកអេហ៊ូដ លោកសាំកើរ ជាកូនរបស់លោកអណាត ក៏បានសង្គ្រោះជនជាតិអ៊ីស្រអែលដែរ គឺគាត់បានសម្លាប់ជនជាតិភីលីស្ទីន អស់ប្រាំមួយរយនាក់ ដោយប្រើជន្លួញគោ។ |
© 2014 United Bible Societies, UK.
United Bible Societies