ពួកចៅហ្វាយ 14 - អាល់គីតាបអាពាហ៍ពិពាហ៍របស់សាំសុន 1 ថ្ងៃមួយ លោកសាំសុនធ្វើដំណើរ ទៅក្រុងធីមណា នៅទីនោះ គាត់បានឃើញស្ត្រីក្រមុំជាតិភីលីស្ទីនម្នាក់។ 2 ពេលត្រឡប់មកដល់ផ្ទះវិញ គាត់ជម្រាបឪពុកម្តាយថា៖ «ខ្ញុំពេញចិត្តស្ត្រីក្រមុំជាតិភីលីស្ទីនម្នាក់ នៅធីមណា។ សូមពុកម៉ែទៅស្តីដណ្តឹងនាងនោះឲ្យខ្ញុំផង ដ្បិតខ្ញុំចង់រៀបការជាមួយនាង»។ 3 ឪពុកម្តាយតបទៅគាត់វិញថា៖ «ក្នុងក្រុមញាតិរបស់យើង ឬជនជាតិយើង តើគ្មានស្ត្រីក្រមុំទេឬបានជាកូនចង់រៀបការជាមួយស្ត្រីជាតិភីលីស្ទីន ជាសាសន៍ដទៃទៅវិញដូច្នេះ?»។ ប៉ុន្តែ លោកសាំសុនពោលទៅកាន់ឪពុកថា៖ «សូមពុកទៅស្តីដណ្តឹងនាងឲ្យខ្ញុំមក ដ្បិតខ្ញុំពេញចិត្តតែនាងនេះម្នាក់ប៉ុណ្ណោះ»។ 4 ឪពុកម្តាយរបស់លោកសាំសុនមិនបានដឹងថា អុលឡោះតាអាឡាបណ្តាលឲ្យលោកសាំសុនមានចិត្តដូច្នេះ ដើម្បីរកឱកាសបង្កជម្លោះជាមួយជនជាតិភីលីស្ទីន ព្រោះនៅជំនាន់នោះជនជាតិភីលីស្ទីនត្រួតត្រាលើស្រុកអ៊ីស្រអែល។ 5 លោកសាំសុនក៏ធ្វើដំណើរទៅធីមណា ជាមួយឪពុកម្តាយគាត់។ លុះទៅដល់ត្រង់ចម្ការទំពាំងបាយជូរក្បែរធីមណា ស្រាប់តែមានសត្វសិង្ហស្ទាវមួយហក់មកលើលោកសាំសុនទាំងគ្រហឹម។ 6 រំពេចនោះ រសនៃអុលឡោះតាអាឡាមកសណ្ឋិតលើគាត់ គាត់ក៏ចាប់ហែកសិង្ហនោះដោយដៃ ដូចគេហែកកូនពពែ។ លោកមិនបានរៀបរាប់ហេតុការណ៍នេះប្រាប់ឪពុកម្តាយទេ។ 7 គាត់ក៏បន្តដំណើរទៅដល់ធីមណា រួចនិយាយជាមួយស្ត្រីក្រមុំភីលីស្ទីននោះ គាត់ពេញចិត្តនឹងនាងណាស់។ 8 ប៉ុន្មានថ្ងៃក្រោយមក គាត់ក៏ត្រឡប់មកធីមណាវិញ ដើម្បីរៀបការជាមួយនាង។ តាមផ្លូវគាត់ឆៀងចូលទៅមើលខ្មោចសិង្ហ ហើយឃើញសំបុកឃ្មុំនៅក្នុងខ្មោចសត្វនោះ ដែលមានទឹកឃ្មុំពេញ។ 9 គាត់បេះឃ្មុំកាន់នៅដៃ ដើរបណ្តើរបរិភោគបណ្តើរ ហើយពេលជួបឪពុកម្តាយ គាត់ក៏យកឃ្មុំនោះជូនគាត់ពិសាដែរ ប៉ុន្តែ មិនបានជម្រាបថា គាត់យកឃ្មុំពីក្នុងខ្មោចសិង្ហមកឡើយ។ លោកសាំសុនចោទប្រស្នាដល់ពួកភីលីស្ទីន 10 ឪពុករបស់លោកសាំសុនបានទៅដល់ផ្ទះខាងស្រី នៅទីនោះ លោកសាំសុនបានរៀបចំពិធីជប់លៀងមួយតាមទំនៀមទម្លាប់ដែលកូនកំលោះត្រូវធ្វើ។ 11 ពេលជនជាតិភីលីស្ទីនឃើញគាត់ គេក៏ជ្រើសរើសយុវជនសាមសិបនាក់ ឲ្យមកកំដរគាត់។ 12 លោកសាំសុនពោលទៅកាន់ពួកអ្នកកំដរថា៖ «ខ្ញុំមានប្រស្នាមួយសម្រាប់អ្នករាល់គ្នា ប្រសិនបើអ្នកណាដោះស្រាយរួច ក្នុងអំឡុងពេលប្រាំពីរថ្ងៃនៃពិធីអាពាហ៍ពិពាហ៍នេះ ខ្ញុំនឹងជូនអាវសាមសិប និងសម្លៀកបំពាក់សម្រាប់ពិធីបុណ្យសាមសិបបន្លាស់ថែមទៀត។ 13 ប្រសិនបើដោះស្រាយមិនរួចទេ នោះអ្នករាល់គ្នាត្រូវប្រគល់អាវចំនួនសាមសិប និងសម្លៀកបំពាក់សម្រាប់ពិធីបុណ្យចំនួនសាមសិបបន្លាស់មកឲ្យខ្ញុំ»។ ពួកគេពោលថា៖ «ចូរចោទប្រស្នារបស់អ្នកមក ពួកយើងចាំស្តាប់។ 14 លោកសាំសុនក៏ឆ្លើយថា៖ «មានចំណីចេញពីអ្នកឆី ហើយមានអាផ្អែមចេញពីអាខ្លាំងតើជាអ្វី?»។ បីថ្ងៃក្រោយមក យុវជនទាំងនោះនៅតែដោះប្រស្នាពុំរួចដដែល។ 15 លុះដល់ថ្ងៃទីប្រាំពីរ ពួកគេនាំគ្នាទៅគំរាមប្រពន្ធលោកសាំសុនថា៖ «ចូរទៅលួងលោមប្ដីរបស់នាងឲ្យបកស្រាយប្រស្នា រួចមកប្រាប់យើងឲ្យដឹងផង បើមិនដូច្នោះទេ យើងនឹងដុតនាង ព្រមទាំងក្រុមគ្រួសារនាងឲ្យស្លាប់ទាំងអស់គ្នា។ ពួកនាងអញ្ជើញយើងមកដើម្បីប្លន់យើងឬ?»។ 16 ប្រពន្ធលោកសាំសុនទៅនិយាយជាមួយប្ដីទាំងយំថា៖ «បងមិនបានស្រឡាញ់ខ្ញុំទេ គឺបងស្អប់ខ្ញុំ! បងបានចោទប្រស្នាដល់ជនជាតិខ្ញុំ ដោយមិនបកស្រាយន័យឲ្យខ្ញុំដឹងសោះ!»។ លោកសាំសុនតបវិញថា៖ «សូម្បីតែឪពុកម្តាយរបស់បង ក៏បងមិនបានបកស្រាយប្រស្នានេះឲ្យដឹងផង ហេតុអ្វីបានជាបងត្រូវបកស្រាយប្រាប់អូនទៅវិញ?»។ 17 ប្រពន្ធគាត់យំរំអុកលោក ក្នុងរវាងប្រាំពីរថ្ងៃនៃពិធីជប់លៀងនោះ។ នៅថ្ងៃទីប្រាំពីរ ដោយនាងចេះតែរំអុកខ្លាំងពេក លោកសាំសុនក៏បកស្រាយប្រស្នាប្រាប់ប្រពន្ធ។ នាងប្រញាប់ប្រញាល់នាំចម្លើយទៅប្រាប់ជនជាតិរបស់នាង។ 18 នៅថ្ងៃទីប្រាំពីរមុនពេលថ្ងៃលិច អ្នកក្រុងនាំគ្នាមកនិយាយជាមួយលោកសាំសុនថា៖ «តើមានអ្វីផ្អែមជាងទឹកឃ្មុំ? តើមានអ្វីខ្លាំងជាងសត្វសិង្ហ?»។ គាត់ក៏ឆ្លើយទៅពួកគេវិញថា៖ «ប្រសិនបើអ្នករាល់គ្នាមិនភ្ជួរដី ដោយប្រើគោញីរបស់ខ្ញុំទេនោះ អ្នកពុំអាចរកចម្លើយឃើញទេ»។ 19 ដូច្នេះ រសនៃអុលឡោះតាអាឡាបានមកសណ្ឋិតលើគាត់ ធ្វើឲ្យគាត់មានកម្លាំងខ្លាំងក្លា។ គាត់ចុះទៅក្រុងអាសកាឡូន សម្លាប់អ្នកស្រុកនោះអស់សាមសិបនាក់ ហើយយកសម្លៀកបំពាក់របស់គេមកប្រគល់ឲ្យអស់អ្នកដែលបានបកស្រាយប្រស្នា។ បន្ទាប់មក ដោយខឹងខ្លាំងពេក គាត់ក៏វិលត្រឡប់ទៅផ្ទះឪពុករបស់គាត់វិញ។ 20 គេក៏លើកប្រពន្ធរបស់លោកទៅឲ្យបុរសម្នាក់ ដែលជាអ្នកកំដររបស់លោក។ |
© 2014 United Bible Societies, UK.
United Bible Societies