Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ សាំ‌យូ‌អែល 29 - អាល់គីតាប


ជន‌ជាតិ​ភីលី‌ស្ទីន​ដេញ​ទត​ចេញ​ពី​កង‌ទ័ព​របស់​ពួក​គេ

1 ជន‌ជាតិ​ភីលី‌ស្ទីន​បាន​ប្រមូល​ផ្តុំ​ទ័ព​ទាំង​មូល​របស់​ពួក​គេ​នៅ​អាផេក។ ចំណែក​ឯ​ពួក​អ៊ីស្រ‌អែល​វិញ បោះ​ទ័ព​ជិត​ប្រភព​ទឹក​នៅ​យេស‌រាល។

2 ពួក​ស្តេច​ត្រាញ់​នៃ​ជន‌ជាតិ​ភីលី‌ស្ទីន​បាន​នាំ​កង​ពល​តូច និង​កង​ពល​ធំ​ដើរ​ទៅ​មុខ រីឯ​ទត និង​ទាហាន​របស់​គាត់ នាំ​គ្នា​ហែ​ហម​ស្តេច​អគីស​នៅ​ខាង​ក្រោយ។

3 ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ភីលី‌ស្ទីន​សួរ​ថា៖ «តើ​ពួក​ហេប្រឺ​នេះ​មក​ធ្វើ​អ្វី​ដែរ?»។ ស្តេច​អគីស​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អស់​លោក​មិន​ស្គាល់​ទត​ទេ​ឬ? គាត់​ជា​អ្នក​បម្រើ​របស់​សូល ជា​ស្តេច​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។ គាត់​មក​នៅ​ជា​មួយ​ខ្ញុំ​ប្រហែល​មួយ​ឆ្នាំ ពីរ​ឆ្នាំ​ហើយ។ តាំង​ពី​ពេល​ដែល​គាត់​រត់​មក​នៅ​ជា​មួយ​ខ្ញុំ រហូត​ដល់​សព្វ​ថ្ងៃ ខ្ញុំ​មិន​ឃើញ​ថា​គាត់​ធ្វើ​អ្វី​ខុស​ឡើយ»។

4 ពួក​មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​ភីលី‌ស្ទីន​ខឹង​នឹង​ស្តេច​អគីស ហើយ​ជម្រាប​ថា៖ «សូម​ស្តេច​ដេញ​ជន​នេះ ឲ្យ​វិល​ត្រឡប់​ទៅ​ក្រុង​ដែល​ស្តេច​បាន​ឲ្យ​គេ​ស្នាក់​នៅ​នោះ​វិញ​ទៅ! មិន​ត្រូវ​ឲ្យ​គេ​ចេញ​ទៅ​ច្បាំង​ជា​មួយ​ពួក​យើង​ឡើយ ព្រោះ​គេ​អាច​បែរ​ខ្នង​មក​ប្រឆាំង​នឹង​យើង​វិញ ក្នុង​ពេល​កំពុង​ច្បាំង។ ជន​នេះ​មុខ​ជា​បំពេញ​ចិត្ត​ចៅហ្វាយ​ចាស់​របស់​គេ ដោយ​សម្លាប់​ទាហាន​របស់​យើង។

5 គឺ​ទត​នេះ​ហើយ ដែល​គេ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ថា: “ស្តេច​សូល​ប្រហារ​បាន​រាប់​ពាន់​នាក់ រីឯ​ទត​ប្រហារ​បាន​រាប់​ម៉ឺន​នាក់”»។

6 ស្តេច​អគីស​ក៏​ហៅ​ទត​មក ហើយ​និយាយ​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប​ជា​និច្ច​ថា លោក​ពិត​ជា​មនុស្ស​ត្រឹម​ត្រូវ​មែន។ យើង​ពេញ​ចិត្ត​នឹង​ឲ្យ​លោក​ចេញ​ទៅ​ច្បាំង​ជា​មួយ​យើង ព្រោះ​តាំង​ពី​ពេល​ដែល​លោក​ស្នាក់​នៅ​នឹង​យើង​រហូត​ដល់​ពេល​នេះ យើង​ពុំ​ដែល​ឃើញ​លោក​ប្រព្រឹត្ត​អ្វី​ខុស​ឆ្គង​ឡើយ។ ប៉ុន្តែ ពួក​ស្តេច​ត្រាញ់​ឯ​ទៀតៗ​នៃ​ជន‌ជាតិ​ភីលី‌ស្ទីន ពុំ​ពេញ​ចិត្ត​នឹង​លោក​ទេ។

7 ដូច្នេះ សូម​លោក​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឥឡូវ​នេះ​ចុះ។ សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត មិន​ត្រូវ​ធ្វើ​ឲ្យ​ស្តេច​ត្រាញ់​ទាំង​នោះ​ទាស់​ចិត្ត​ឡើយ»។

8 ទត​សួរ​ស្តេច​អគីស​ថា៖ «សូម​សួរ​ស្តេច​តើ​ខ្ញុំ​ធ្វើ​អ្វី​ខ្លះ? ចាប់​តាំង​ពី​ពេល​ដែល​ខ្ញុំ​មក​បម្រើ​ស្តេច រហូត​ដល់​ពេល​នេះ តើ​ស្តេច​ឃើញ​ថា ខ្ញុំ​មាន​កំហុស​អ្វី​ខ្លះ​ដែរ បាន​ជា​ខ្ញុំ​មិន​អាច​ចេញ​ទៅ​ច្បាំង​នឹង​សត្រូវ​របស់​ស្តេច​ដូច្នេះ?»។

9 ស្តេច​អគីស​និយាយ​មក​កាន់​ទត​ថា៖ «យើង​ដឹង​ហើយ យើង​ពេញ​ចិត្ត​នឹង​លោក​ដូច​ពេញ​ចិត្ត​នឹង​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ ប៉ុន្តែ ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ភីលី‌ស្ទីន​បាន​សម្រេច​ថា មិន​ឲ្យ​លោក​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​ពួក​យើង​ឡើយ។

10 ដូច្នេះ លោក និង​ទាហាន​របស់​ស្តេច​សូល​ដែល​នៅ​ជា​មួយ​លោក ត្រូវ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​នៅ​ពេល​ថ្ងៃ​រះ»។

11 ព្រឹក​ឡើង​ទត ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ក្រោក​ពី​ព្រលឹម វិល​ត្រឡប់​ទៅ​ស្រុក​ភីលី‌ស្ទីន​វិញ។ ចំណែក​ឯ​កង‌ទ័ព​ភីលី‌ស្ទីន​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​ដល់​យេស‌រាល។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម