ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ថែស្សាឡូនីច 1:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង យើង​នឹក​ចាំ​អំពី​កិច្ចការ​ដែល​បងប្អូន​បាន​ធ្វើ​ដោយ​ជំនឿ អំពី​ការ​នឿយ‌ហត់​ដែល​បងប្អូន​បំពេញ ដោយ​ចិត្ត​ស្រឡាញ់ និង​អំពី​ការ​ស៊ូ​ទ្រាំ​របស់​បងប្អូន ដោយ​ចិត្ត​សង្ឃឹម​លើ​ព្រះ‌យេស៊ូ​គ្រិស្ត​ជា​អម្ចាស់​នៃ​យើង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដោយ​នឹកចាំ​ឥតឈប់ឈរ​នៅចំពោះ​ព្រះដែលជាព្រះបិតា​របស់យើង អំពី​កិច្ចការ​នៃ​ជំនឿ​របស់អ្នករាល់គ្នា និង​ការនឿយហត់​នៃ​សេចក្ដីស្រឡាញ់ ព្រមទាំង​ការស៊ូទ្រាំ​នៃ​សេចក្ដីសង្ឃឹម​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។

សូមមើលជំពូក

Khmer Christian Bible

នៅ​ចំពោះ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​យើង​ យើង​នឹកចាំ​អំពី​កិច្ចការ​ដែល​អ្នក​រាល់គ្នា​ធ្វើ​ដោយ​ជំនឿ​ អំពី​ការ​នឿយ​ហត់​ដែល​អ្នក​រាល់គ្នា​បាន​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់​ និង​អំពី​ការ​ស៊ូទ្រាំ​របស់​អ្នក​រាល់គ្នា​ដោយ​សេចក្ដី​សង្ឃឹម​លើ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដោយ​នឹក​ចាំ​នៅ​ចំពោះ​ព្រះ​ជា​ព្រះ‌វរ‌បិតា​របស់​យើង ពី​កិច្ច​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដោយ​ជំនឿ ពី​ការ​នឿយ​ហត់​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ពី​សេចក្ដី​សង្ឃឹម​យ៉ាង​ខ្ជាប់​ខ្ជួនដែល​អ្នក​រាល់​គ្នា​មាន ក្នុង​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដោយ​នឹក​ចាំ​ជា​ដរាប ពី​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ ដោយ​សេចក្ដី​ជំនឿ នឹង​ពី​ការ​នឿយ‌ហត់ ដែល​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​មាំ‌មួន ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង​ផង

សូមមើលជំពូក

អាល់គីតាប

នៅ​ចំពោះ​អុលឡោះ​ជា​បិតា​របស់​យើង យើង​នឹក​ចាំ​អំពី​កិច្ចការ​ដែល​បង​ប្អូន​បាន​ធ្វើ​ដោយ​ជំនឿ អំពី​ការ​នឿយ‌ហត់​ដែល​បង​ប្អូន​បំពេញ ដោយ​ចិត្ដ​ស្រឡាញ់ និង​អំពី​ការ​ស៊ូ​ទ្រាំ​របស់​បង​ប្អូន ដោយ​ចិត្ដ​សង្ឃឹម​លើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង។

សូមមើលជំពូក



១ ថែស្សាឡូនីច 1:3
55 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​នៅ​បម្រើ​លោក​ឡាបាន់ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ ដើម្បី​បាន​នាង​រ៉ាជែល ប៉ុន្តែ ដោយ​លោក​ស្រឡាញ់​នាង​រ៉ាជែល​ជា​ខ្លាំង រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​នោះ​ហាក់​ដូច​ជា​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។


ដ្បិត​ព្រះ‌ជាម្ចាស់​ប្រទាន​ប្រាជ្ញា ការ​ចេះ​ដឹង និង​អំណរ ដល់​អ្នក​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ។ រីឯ​មនុស្ស​បាប​វិញ ព្រះអង្គ​ប្រទាន​ឲ្យ​គេ​ខ្វល់​ខ្វាយ គិត​តែ​ពី​ប្រមូល​ទ្រព្យ​សម្បត្តិ ប្រគល់​ឲ្យ​អស់​អ្នក​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។


មហា​សាគរ​ពុំ​អាច​ពន្លត់​ភ្លើង នៃ​សេចក្ដី​ស្នេហា​បាន​ឡើយ រីឯ​ទន្លេ​ទាំង​ប៉ុន្មាន​ក៏​ពុំ​អាច​ពន្លិច​សេចក្ដី ស្នេហា​បាន​ដែរ ផ្ទុយ​ទៅ​វិញ អ្នក​ណា​យក​ទ្រព្យ​សម្បត្តិ ទាំង​ប៉ុន្មាន​របស់​ខ្លួន​ទិញ​សេចក្ដី​ស្នេហា អ្នក​នោះ​ជា​មនុស្ស​គួរ​ឲ្យ​មើល‌ងាយ។


«ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​កាន់​តាម​បទ‌បញ្ជា​របស់​ខ្ញុំ


បើ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​ទុក​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ ឲ្យ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​មែន ដូច​ខ្ញុំ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បិតា ហើយ​ទុក​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ​ដែរ។


“លោក​កូនេ‌លាស​អើយ ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​លោក​ហើយ រីឯ​ទាន​របស់​លោក​ក៏​ព្រះអង្គ​មិន​ភ្លេច​ដែរ។


ហេតុ​នេះ សូម​កែ​ប្រែ​ចិត្ត​គំនិត ហើយ​វិល​មក​រក​ព្រះ‌ជាម្ចាស់​វិញ ដើម្បី​ឲ្យ​ព្រះអង្គ​លុប​បំបាត់​បាប​របស់​បងប្អូន។


ចូរ​សប្បាយ​រីក‌រាយ​ដោយ​ចិត្ត​សង្ឃឹម។ ចូរ​កាន់​ចិត្ត​អត់‌ធ្មត់​ក្នុង​ពេល​មាន​ទុក្ខ​លំបាក។ ចូរ​ព្យាយាម​អធិស្ឋាន*។


សូម​ព្រះ‌ជា‌ម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សង្ឃឹម ប្រោស​បងប្អូន​ដែល​មាន​ជំនឿ ឲ្យ​បាន​ពោរ‌ពេញ​ដោយ​អំណរ និង​សេចក្ដី​សុខ‌សាន្ត​គ្រប់​ប្រការ ដើម្បី​ឲ្យ​បងប្អូន​មាន​សង្ឃឹម​យ៉ាង​បរិបូណ៌​ហូរ‌ហៀរ ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ។


អ្វីៗ​ដែល​មាន​ចែង​ទុក​ពី​មុន​មក គឺ​ចែង​ទុក​សម្រាប់​អប់រំ​យើង។ ដោយ​គម្ពីរ​ជួយ​សម្រាល​ទុក្ខ​យើង និង​ឲ្យ​យើង​ចេះ​ស៊ូ‌ទ្រាំ យើង​មាន​សេចក្ដី​សង្ឃឹម។


តែ​ព្រះអង្គ​បាន​សម្តែង​ឲ្យ​យើង​ស្គាល់​នៅ​ពេល​នេះ​តាម​រយៈ​គម្ពីរ​ព្យាការី និង​ស្រប​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​គង់​នៅ​អស់‌កល្ប​ជានិច្ច ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​ស្គាល់ ហើយ​ឲ្យ​គេ​ជឿ និង​ស្ដាប់​តាម។


សូម​ជម្រាប​សួរ​នាង​ម៉ារី​ដែល​បាន​នឿយ‌ហត់​យ៉ាង​ច្រើន ដើម្បី​បងប្អូន។


ព្រះអង្គ​ប្រទាន​ជីវិត​អស់‌កល្ប​ជានិច្ច​ដល់​អស់​អ្នក ដែល​ព្យាយាម​ប្រព្រឹត្ត​អំពើ​ល្អ ហើយ​ស្វែង​រក​សិរី‌រុងរឿង កិត្តិយស និង​អ្វីៗ​ដែល​មិន​ចេះ​សាប‌សូន្យ


ឥឡូវ​នេះ មាន​សេចក្ដី​បី​យ៉ាង គឺ ជំនឿ សេចក្ដី​សង្ឃឹម សេចក្ដី​ស្រឡាញ់។ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​វិសេស​ជាង​គេ​បំផុត។


ហេតុ​នេះ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​មាន​ចិត្ត​រឹង‌ប៉ឹង​មាំ‌មួន​ឡើង។ ចូរ​ខំ​ប្រឹង​ធ្វើ​កិច្ចការ​របស់​ព្រះ‌អម្ចាស់​ឲ្យ​បាន​ចម្រើន​ឡើង​ជានិច្ច ដោយ​ដឹង​ថា កិច្ចការ​ដែល​បងប្អូន​ធ្វើ​រួម​ជា​មួយ​ព្រះ‌អម្ចាស់​ទាំង​នឿយ‌ហត់​នោះ មិន​មែន​ឥត​ប្រយោជន៍​ឡើយ។


យើង​មិន​មែន​ជា​អ្នក​ក្លែង​បន្លំ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដូច​មនុស្ស​មួយ​ចំនួន​ធំ​នោះ​ឡើយ គឺ​យើង​និយាយ​ដោយ​សុទ្ធ​ចិត្ត ក្នុង​នាម​ព្រះ‌ជាម្ចាស់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ និង​នៅ​ក្នុង​អង្គ​ព្រះ‌គ្រិស្ត។


ព្រះ‌អម្ចាស់​យេស៊ូ​បាន​បូជា​ព្រះ‌ជន្ម​របស់​ព្រះអង្គ​ផ្ទាល់ ព្រោះ​តែ​បាប​របស់​យើង ព្រះអង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​លោកីយ៍​ដ៏​អាក្រក់​នេះ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​យើង។


បងប្អូន​អើយ ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បងប្អូន​ឲ្យ​មាន​សេរី‌ភាព ក៏​ប៉ុន្តែ សូម​កុំ​យក​សេរី‌ភាព​នេះ​មក​ធ្វើ​ជា​លេស ដើម្បី​រស់​តាម​និស្ស័យ​លោកីយ៍​សោះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ត​ស្រឡាញ់


ចំពោះ​អ្នក​ដែល​រួម​រស់​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក​នោះ មិន​សំខាន់​អ្វី​ឡើយ គឺ​មាន​តែ​ជំនឿ​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​ដោយ​ចិត្ត​ស្រឡាញ់​ប៉ុណ្ណោះ ទើប​សំខាន់។


យើង​មិន​ត្រូវ​នឿយ‌ណាយ​នឹង​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ ដ្បិត​ប្រសិន​បើ​យើង​មិន​បាក់​ទឹក​ចិត្ត​ទេ​នោះ ដល់​ពេល​កំណត់ យើង​នឹង​ច្រូត​បាន​ផល​ជា​មិន​ខាន។


ឥឡូវ​នេះ លោក​ធីម៉ូថេ​ទើប​នឹង​វិល​ត្រឡប់​ទៅ​ដល់​យើង​វិញ ហើយ​គាត់​បាន​នាំ​ដំណឹង‌ល្អ អំពី​ជំនឿ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បងប្អូន មក​ប្រាប់​យើង។ គាត់​ប្រាប់​យើង​ថា​បងប្អូន​នៅ​នឹក​ចាំ​ពី​យើង​ជានិច្ច ហើយ​មាន​បំណង​ចង់​ជួប​យើង​វិញ​យ៉ាង​ខ្លាំង ដូច​យើង​ចង់​ជួប​បងប្អូន​ដែរ។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​អធិស្ឋាន​ឲ្យ​បងប្អូន​ជានិច្ច សូម​ព្រះ‌ជាម្ចាស់​នៃ​យើង​ប្រទាន​ឲ្យ​បងប្អូន​រស់​នៅ​បាន​សម​នឹង​ការ​ត្រាស់​ហៅ​របស់​ព្រះអង្គ។ សូម​ព្រះអង្គ​ប្រទាន​ឲ្យ​បងប្អូន​អាច​បំពេញ​បំណង​ដ៏​ល្អ​គ្រប់​យ៉ាង និង​ឲ្យ​ជំនឿ​របស់​បងប្អូន​បង្កើត​ផល​បាន​បរិបូណ៌ ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។


បងប្អូន​អើយ យើង​ត្រូវ​តែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ស្ដី​អំពី​បងប្អូន​ជានិច្ច យើង​ធ្វើ​ដូច្នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន ព្រោះ​ជំនឿ​របស់​បងប្អូន​កាន់​តែ​ចម្រើន​ឡើង ហើយ​បងប្អូន​ក៏​មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​រឹត​តែ​ខ្លាំង​ឡើងៗ​ដែរ។


ប៉ុន្តែ ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​នៃ​យើង​មាន​ច្រើន​ពន់​ប្រមាណ ព្រះអង្គ​ប្រោស​ឲ្យ​ខ្ញុំ​មាន​ជំនឿ និង​មាន​សេចក្ដី​ស្រឡាញ់ ដោយ​រួម​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ។


នេះ​ហើយ​ជា​ការ​ល្អ និង​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​របស់​យើង


គឺ​ត្រូវ​មាន​ចិត្ត​ស៊ូ​ទ្រាំ ដើម្បី​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ និង​ទទួល​ផល តាម​ព្រះ‌បន្ទូល​សន្យា


ដោយ‌សារ​ជំនឿ លោក​អប្រាហាំ​បាន​យក​អ៊ីសាក​ទៅ​ថ្វាយ​ជា​យញ្ញ‌បូជា នៅ​ពេល​ព្រះ‌ជាម្ចាស់​ល្បង‌ល​មើល​ចិត្ត​លោក។ លោក​ថ្វាយ​កូន​តែ​មួយ​គត់​របស់​លោក ថ្វី‌ដ្បិត​តែ​លោក​បាន​ទទួល​ព្រះ‌បន្ទូល​សន្យា


សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​បងប្អូន​មាន​សមត្ថ‌ភាព នឹង​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​យ៉ាង តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។ សូម​ព្រះអង្គ​សម្រេច​ការ​អ្វី​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​នៅ​ក្នុង​យើង​តាម​រយៈ​ព្រះ‌យេស៊ូ​គ្រិស្ត។ សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!


ហេតុ​នេះ យើង​ត្រូវ​តែ​ខ្នះ‌ខ្នែង​ចូល​ទៅ​រក​សម្រាក​ជា​មួយ​ព្រះអង្គ​នោះ​វិញ កុំ​ឲ្យ​មាន​នរណា​ម្នាក់​ធ្លាក់​ខ្លួន​ទៅ​យក​តម្រាប់​តាម​ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​នោះ​ឡើយ


ដោយ​លោក​អប្រាហាំ​ព្យាយាម​ទន្ទឹង​រង់‌ចាំ លោក​ក៏​បាន​ទទួល​តាម​ព្រះ‌បន្ទូល​សន្យា​មែន។


តែ​ត្រូវ​តុប‌តែង​ខាង​ក្នុង​ជម្រៅ​ចិត្ត​របស់​បងប្អូន​ដោយ​គ្រឿង​លំអ​ដែល​មិន​ចេះ​រលាយ ហើយ​មាន​តម្លៃ​ដ៏​លើស‌លុប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌ម្ចាស់​នោះ​វិញ គឺ​មាន​ចិត្ត​ស្លូត‌បូត ស្រគត់‌ស្រគំ។


កូន​ចៅ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់​ត្រឹម​តែ​បបូរ​មាត់ ឬ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ស្រឡាញ់​តាម​អំពើ​ដែល​យើង​ប្រព្រឹត្ត និង​តាម​សេចក្ដី​ពិត វិញ។


កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ប្រសិន​បើ​ចិត្ត​គំនិត​របស់​យើង​មិន​ដាក់​ទោស​យើង​ទេ នោះ​យើង​នឹង​មាន​ចិត្ត​រឹង‌ប៉ឹង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។


អ្នក​ណា​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះអង្គ​បែប​នេះ អ្នក​នោះ​បាន​ជម្រះ​ខ្លួន​ឲ្យ​បរិសុទ្ធ* ដូច​ព្រះអង្គ​បរិសុទ្ធ​ដែរ។


យើង​មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់​ក្នុង​ខ្លួន​មែន លុះ​ត្រា​តែ​យើង​កាន់​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន។ បទ​បញ្ជា​របស់​ព្រះអង្គ​មិន​តឹង‌តែង​ទេ


“យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ​ហើយ យើង​ដឹង​ថា អ្នក​មាន​ចិត្ត​ស្រឡាញ់ មាន​ជំនឿ ចេះ​បម្រើ​អ្នក​ដទៃ មាន​ចិត្ត​ព្យាយាម។ យើង​ដឹង​ទៀត​ថា អំពើ​ដែល​អ្នក​ប្រព្រឹត្ត​ថ្មីៗ​នេះ​មាន​ចំនួន​ច្រើន​លើស​មុន​ទៅ​ទៀត។


ដោយ​អ្នក​បាន​ព្យាយាម​ប្រតិបត្តិ​តាម​ពាក្យ​យើង យើង​ក៏​រក្សា​អ្នក​ឲ្យ​រួច​ផុត​ពី​គ្រា​លំបាក​ដែល​នឹង​កើត​មាន​ក្នុង​ពិភព​លោក​ទាំង​មូល ដើម្បី​ល្បង‌ល​មើល​មនុស្ស​នៅ​លើ​ផែនដី​ដែរ។