ព្រះអម្ចាស់បានយាងមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក»។ នៅទីនោះ លោកអាប់រ៉ាមបានសង់អាសនៈមួយ សម្រាប់ថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ដែលបានយាងមកឲ្យលោកឃើញ។
អែសរ៉ា 3:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយេសួរ ជាកូនរបស់យ៉ូសាដាក និងបូជាចារ្យឯទៀតៗ ដែលជាបងប្អូនលោកមកជាមួយផង ព្រមទាំងលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងបងប្អូនរបស់លោក នាំគ្នាសង់អាសនៈរបស់ព្រះនៃអ៊ីស្រាអែល ដើម្បីថ្វាយតង្វាយដុតទាំងមូល ដូចមានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ យេសួរ ជាកូនយ៉ូសាដាក និងពួកសង្ឃ ជាបងប្អូនរបស់លោក និងសូរ៉ូបាបិល ជាកូនសាលធាល ហើយបងប្អូនរបស់លោកក៏នាំគ្នាស្អាងអាសនារបស់ព្រះ ជាព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីឲ្យបានថ្វាយតង្វាយដុត តាមដែលបានកត់ទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ យេសួរ ជាកូនយ៉ូសាដាក ហើយពួកសង្ឃ ជាបងប្អូនលោក នឹងសូរ៉ូបាបិល ជាកូនសាលធាល ហើយបងប្អូនរបស់លោក ក៏នាំគ្នាស្អាងអាសនានៃព្រះ ជាព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីឲ្យបានថ្វាយដង្វាយដុត តាមដែលបានកត់ទុកក្នុងក្រិត្យវិន័យរបស់លោកម៉ូសេ ជាអ្នកសំណប់របស់ព្រះ អាល់គីតាប លោកយេសួរ ជាកូនរបស់យ៉ូសាដាក និងអ៊ីមុាំឯទៀតៗ ដែលជាបងប្អូនគាត់មកជាមួយផង ព្រមទាំងលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងបងប្អូនរបស់គាត់ នាំគ្នាសង់អាសនៈរបស់អុលឡោះជាម្ចាស់នៃអ៊ីស្រអែល ដើម្បីធ្វើគូរបានដុត ដូចមានចែងទុកក្នុងហ៊ូកុំរបស់ណាពីម៉ូសា ជាអ្នកជំនិតរបស់អុលឡោះ។ |
ព្រះអម្ចាស់បានយាងមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក»។ នៅទីនោះ លោកអាប់រ៉ាមបានសង់អាសនៈមួយ សម្រាប់ថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ដែលបានយាងមកឲ្យលោកឃើញ។
រីឯលោកម៉ូសេវិញ លោកជាអ្នកជំនិតរបស់ព្រះជាម្ចាស់ គេរាប់បញ្ចូលកូនៗរបស់លោកក្នុងចំណោមពួកលេវីឯទៀតៗដែរ។
បុត្ររបស់លោកពេដាយ៉ាគឺសូរ៉ូបាបិល និងស៊ីម៉ាយ។ បុត្ររបស់លោកសូរ៉ូបាបិល គឺមស៊ូឡាម និងហាណានា ព្រមទាំងនាងសឡូមីត។
គឺយើងបានជ្រើសរើសក្រុងយេរូសាឡឹម ដើម្បីសម្តែងនាមរបស់យើង ហើយជ្រើសរើសដាវីឌឲ្យធ្វើជាមេដឹកនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង”។
ក្នុងចំណោមក្រុមបូជាចារ្យ ដែលបានរៀបការជាមួយស្ត្រីសាសន៍ដទៃមាន: កូនចៅលោកយេសួរ កូនចៅលោកយ៉ូសាដាក និងកូនចៅរបស់បងប្អូនគាត់ គឺលោកម៉ាសេយ៉ា លោកអេលាស៊ើរ លោកយ៉ារីប និងលោកកេដាលា។
កូនចៅលោកហារីម គឺលោកម៉ាសេយ៉ា លោកអេលីយ៉ា លោកសេម៉ាយ៉ា លោកយេហ៊ីអែល និងលោកអ៊ូស៊ីយ៉ា
កូនចៅលោកប៉ាសហ៊ើរ គឺលោកអេលីយ៉ូណៃ លោកម៉ាសេយ៉ា លោកអ៊ីស្មាអែល លោកនេថានេល លោកយ៉ូសាបាដ និងលោកអេឡាសារ។
អ្នកទាំងនោះវិលត្រឡប់មកវិញ ក្រោមការដឹកនាំរបស់លោកសូរ៉ូបាបិល លោកយេសួរ លោកនេហេមា លោកសេរ៉ាយ៉ា លោករេអេឡាយ៉ា លោកម៉ាដេកាយ លោកប៊ីលសាន លោកមីសផា លោកប៊ីគវ៉ាយ លោករេហ៊ូម និងលោកបាណា។ ចំនួនមនុស្សក្នុងចំណោមប្រជាជនអ៊ីស្រាអែលមានដូចតទៅ:
នៅឆ្នាំទីពីរ ក្នុងខែទីពីរ ក្រោយពួកគេវិលត្រឡប់មកដល់ព្រះដំណាក់នៃព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹមវិញ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល លោកយេសួរ ជាកូនលោកយ៉ូសាដាក និងបូជាចារ្យឯទៀតៗជាបងប្អូនរបស់លោក ក្រុមលេវី ព្រមទាំងអស់អ្នកដែលត្រូវគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ក៏នាំគ្នាចាប់ផ្ដើមសង់ព្រះដំណាក់។ ពួកគេចាត់តាំងក្រុមលេវី ដែលមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ មើលខុសត្រូវលើការសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់។
គ្រានោះ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកយេសួរ ជាកូនរបស់លោកយ៉ូសាដាក ក៏នាំគ្នាងើបឡើង សង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញ ដោយមានព្យាការីរបស់ព្រះជាម្ចាស់ជួយគាំទ្រផង។
នេះជាបញ្ជីរាយនាមពួកបូជាចារ្យ និងពួកលេវីដែលបានវិលត្រឡប់មកស្រុកវិញជាមួយលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាមួយលោកយេសួរ: លោកសេរ៉ាយ៉ា លោកយេរេមា លោកអែសរ៉ា
ពួកលេវីមាន: លោកយេសួរ លោកប៊ីនុយ លោកកាឌមាល លោកសេរេប៊ីយ៉ា លោកយូដា លោកម៉ាថានា ដែលជាអ្នកដឹកនាំចម្រៀងសរសើរតម្កើងរួមជាមួយបងប្អូនរបស់លោក។
តែព្រះអង្គបានជ្រើសរើសកុលសម្ព័ន្ធយូដាវិញ ព្រះអង្គគាប់ព្រះហឫទ័យនឹងភ្នំស៊ីយ៉ូន។
ត្រូវធ្វើអាសនៈមួយពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងប្រាំហត្ថ និងកម្ពស់បីហត្ថ។
នៅឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស នៅថ្ងៃទីមួយ ក្នុងខែទីប្រាំមួយ ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីហាកាយ មកកាន់លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលនៃអាណាខេត្តយូដា ព្រមទាំងលោកមហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាក ដូចតទៅ:
ព្យាការីហាកាយបាននាំយកព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោក ទៅជម្រាបលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកមហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាក ព្រមទាំងប្រជាជនទាំងប៉ុន្មានដែលនៅសេសសល់។ ពួកគេស្ដាប់សេចក្ដីដែលព្រះអម្ចាស់ជាព្រះរបស់ពួកគេ មានព្រះបន្ទូលតាមរយៈព្យាការីហាកាយ ហើយកោតខ្លាចព្រះអម្ចាស់។
ព្រះអម្ចាស់ដាស់ស្មារតីលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលរបស់អាណាខេត្តយូដា ព្រមទាំងលោកមហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាក ហើយព្រះអង្គក៏ដាស់ស្មារតីរបស់ប្រជាជនដែលនៅសេសសល់ដែរ។ ពួកគេនាំគ្នាមក ហើយចាប់ផ្ដើមសង់ព្រះដំណាក់របស់ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ពួកគេ
ចូរប្រាប់សូរ៉ូបាបិល ជាទេសាភិបាលរបស់ អាណាខេត្តយូដាថា: យើងនឹងធ្វើឲ្យផ្ទៃមេឃ និងផែនដីកក្រើក
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «សូរ៉ូបាបិល ជាកូនរបស់សាលធាលអើយ អ្នកជាអ្នកបម្រើរបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - នៅថ្ងៃនោះ យើងនឹងតែងតាំងអ្នកឲ្យ ធ្វើជាត្រារបស់យើងផ្ទាល់ ព្រោះយើងបានជ្រើសរើសអ្នកហើយ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។
ព្រះអម្ចាស់បានឲ្យខ្ញុំឃើញលោកមហាបូជាចារ្យ*យេសួរ ឈរនៅមុខទេវតា*របស់ព្រះអង្គ ហើយមារ*សាតាំងឈរខាងស្ដាំ ដើម្បីចោទប្រកាន់លោក។
ដូច្នេះ មហាបូជាចារ្យយេសួរអើយ ចូរស្ដាប់! រីឯអ្នកឯទៀតៗដែលធ្វើការជាមួយអ្នក ក៏ត្រូវស្ដាប់ដែរ ដ្បិតអ្នករាល់គ្នាជាប្រផ្នូលអំពីកិច្ចការដែលនឹងកើតមាន។ យើងនឹងនាំ “ពន្លក” ជាអ្នកបម្រើរបស់យើងមក។
ចូរយកប្រាក់ និងមាស ទៅសិតធ្វើជាមកុដ បំពាក់ឲ្យមហាបូជាចារ្យយេសួរ ជាកូនរបស់យូសាដាក។
«ចូរបង្គាប់កូនចៅអ៊ីស្រាអែលដូចតទៅ: អ្នករាល់គ្នាត្រូវយកចិត្តទុកដាក់នាំយកតង្វាយ និងអាហារសម្រាប់ដុតមកថ្វាយព្រះអម្ចាស់ ឲ្យបានតាមពេលកំណត់ គឺតង្វាយដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអង្គ។
លោកយូដាជាបុត្រលោកយ៉ូអាណាន់ លោកយ៉ូអាណាន់ជាបុត្រលោករេសា លោករេសាជាបុត្រលោកសូរ៉ូបាបិល លោកសូរ៉ូបាបិលជាបុត្រលោកសាលធាល លោកសាលធាលជាបុត្រលោកនេរី
លោកគេឌានសង់អាសនៈមួយថ្វាយព្រះអម្ចាស់ ត្រង់កន្លែងនោះ ហើយដាក់ឈ្មោះថា៖ «ព្រះអម្ចាស់ប្រទានសេចក្ដីសុខសាន្ត»។ អាសនៈនេះនៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ នាភូមិអូប្រា ជាភូមិរបស់អំបូរអបៀស៊ើរ។