ជនគណនា 28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥យញ្ញបូជាប្រចាំថ្ងៃ 1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរបង្គាប់កូនចៅអ៊ីស្រាអែលដូចតទៅ: អ្នករាល់គ្នាត្រូវយកចិត្តទុកដាក់នាំយកតង្វាយ និងអាហារសម្រាប់ដុតមកថ្វាយព្រះអម្ចាស់ ឲ្យបានតាមពេលកំណត់ គឺតង្វាយដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអង្គ។ 3 រៀងរាល់ថ្ងៃ ត្រូវយកកូនចៀមពីរដែលមានអាយុមួយខួប ល្អឥតខ្ចោះ មកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល។ តង្វាយដុតទាំងមូលនេះជាតង្វាយដែលត្រូវថ្វាយជានិច្ចនិរន្តរ៍តរៀងទៅ។ 4 ចូរថ្វាយកូនចៀមមួយនៅពេលព្រឹក កូនចៀមមួយទៀតនៅពេលល្ងាច។ 5 ត្រូវយកម្សៅម៉ដ្ដមួយភាគដប់នៃអេផា* លាយជាមួយប្រេងអូលីវដ៏ល្អមួយភាគបួននៃហ៊ីន* មកថ្វាយជាមួយផង។ 6 នេះជាតង្វាយដុតជានិច្ចនិរន្តរ៍ដែលគេថ្វាយនៅលើភ្នំស៊ីណៃ គឺជាតង្វាយដុតទាំងមូលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 7 ត្រូវយកស្រាមួយភាគបួននៃហ៊ីន* មកថ្វាយជាមួយកូនចៀមនីមួយៗផងដែរ។ ចូរធ្វើពិធីច្រួចស្រាថ្វាយព្រះអម្ចាស់នៅក្នុងទីសក្ការៈ។ 8 ចូរថ្វាយកូនចៀមទីពីរនៅពេលល្ងាច ជាមួយតង្វាយម្សៅ ប្រេង និងស្រា ដូចនៅពេលព្រឹកដែរ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់»។ យញ្ញបូជានៅថ្ងៃសប្ប័ទ 9 «នៅថ្ងៃសប្ប័ទ* អ្នករាល់គ្នាត្រូវយកកូនចៀមពីរអាយុមួយខួប ល្អឥតខ្ចោះ មកថ្វាយជាមួយម្សៅម៉ដ្ដពីរភាគដប់នៃអេផា* លាយជាមួយប្រេង និងស្រាសម្រាប់ធ្វើពិធីច្រួច។ 10 រាល់ថ្ងៃសប្ប័ទ ចូរថ្វាយតង្វាយដុតទាំងមូលនេះថែមពីលើតង្វាយដុត និងស្រាដែលត្រូវថ្វាយប្រចាំថ្ងៃ»។ យញ្ញបូជាប្រចាំខែ 11 «នៅដើមខែ ត្រូវយកគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល។ 12 គោនីមួយៗត្រូវថ្វាយជាមួយម្សៅម៉ដ្ដបីភាគដប់នៃអេផា* លាយនឹងប្រេង។ ចៀមឈ្មោលត្រូវថ្វាយជាមួយម្សៅម៉ដ្ដពីរភាគដប់នៃអេផា លាយជាមួយប្រេង។ 13 កូនចៀមនីមួយៗត្រូវថ្វាយជាមួយម្សៅម៉ដ្ដមួយភាគដប់នៃអេផា លាយជាមួយប្រេង។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 14 រីឯស្រាសម្រាប់ធ្វើពិធីច្រួច ត្រូវថ្វាយស្រាទំពាំងបាយជូរកន្លះហ៊ីន*សម្រាប់គោស្ទាវមួយ មួយភាគបីនៃហ៊ីន សម្រាប់ចៀមឈ្មោលមួយ និងមួយភាគបួននៃហ៊ីនសម្រាប់កូនចៀមមួយ។ នេះជាតង្វាយដុតដែលត្រូវថ្វាយនៅដើមខែ គឺក្នុងមួយឆ្នាំៗត្រូវថ្វាយរៀងរាល់ខែ។ 15 លើសពីនេះ ត្រូវថ្វាយពពែឈ្មោលមួយទៀតជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងស្រាដែលត្រូវច្រួចជាមួយ»។ យញ្ញបូជាសម្រាប់ពិធីបុណ្យចម្លង 16 «នៅថ្ងៃទីដប់បួនក្នុងខែទីមួយ ជាថ្ងៃបុណ្យចម្លង*របស់ព្រះអម្ចាស់។ 17 ថ្ងៃទីដប់ប្រាំក្នុងខែនោះ ជាថ្ងៃផ្ដើមបុណ្យ។ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតមេ ក្នុងអំឡុងពេលប្រាំពីរថ្ងៃ។ 18 នៅថ្ងៃទីមួយនៃពិធីបុណ្យ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ 19 ចូរយកគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល។ 20 ត្រូវថ្វាយម្សៅម៉ដ្ដបីភាគដប់នៃអេផា* លាយនឹងប្រេង សម្រាប់គោមួយ ពីរភាគដប់នៃអេផាសម្រាប់ចៀមឈ្មោលមួយ 21 មួយភាគដប់នៃអេផា សម្រាប់កូនចៀមមួយ។ 22 ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយរំដោះបាប ដើម្បីធ្វើពិធីលោះបាបឲ្យអ្នករាល់គ្នា។ 23 ត្រូវថ្វាយសត្វទាំងនេះជាយញ្ញបូជាថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ ដែលអ្នករាល់គ្នាថ្វាយនៅពេលព្រឹក។ 24 រៀងរាល់ថ្ងៃ ក្នុងរយៈពេលប្រាំពីរថ្ងៃ ចូរយកអាហារទាំងនោះមកដុត ថ្វាយជាយញ្ញបូជា ដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ត្រូវថ្វាយតង្វាយនេះថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងស្រា ដែលត្រូវច្រួចជាមួយ។ 25 នៅថ្ងៃទីប្រាំពីរនៃពិធីបុណ្យ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ»។ យញ្ញបូជាសម្រាប់បុណ្យថ្ងៃទីហាសិប 26 «នៅថ្ងៃបុណ្យផលដំបូង ជាថ្ងៃអ្នករាល់គ្នាយកស្រូវទើបនឹងច្រូតមកថ្វាយព្រះអម្ចាស់ ក្នុងឱកាសបុណ្យថ្ងៃទីហាសិប ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ គឺអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ 27 ចូរយកគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 28 ត្រូវថ្វាយម្សៅម៉ដ្ដបីភាគដប់នៃអេផា លាយជាមួយប្រេង សម្រាប់គោនីមួយៗ 29 ពីរភាគដប់នៃអេផាសម្រាប់ចៀមឈ្មោល និងមួយភាគដប់នៃអេផាសម្រាប់កូនចៀមនីមួយៗក្នុងចំណោមកូនចៀមទាំងប្រាំពីរ។ 30 ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយ ដើម្បីធ្វើពិធីលោះបាបឲ្យអ្នករាល់គ្នា។ 31 ត្រូវថ្វាយយញ្ញបូជាទាំងនេះ ព្រមទាំងស្រាដែលត្រូវធ្វើពិធីច្រួចថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ដែលត្រូវថ្វាយជាមួយ។ ត្រូវយកសត្វដែលល្អឥតខ្ចោះមកថ្វាយ»។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies