អេសាយ 46:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនឹកចាំអំពីព្រឹត្តិការណ៍ ដែលកើតមាននៅគ្រាដើមដំបូង ហើយដឹងថា យើងជាព្រះជាម្ចាស់ ក្រៅពីយើង គ្មានព្រះណាទៀតទេ យើងជាព្រះជាម្ចាស់ គ្មានអ្វីផ្សេងទៀតអាចផ្ទឹមស្មើ នឹងយើងបានឡើយ។ ព្រះគម្ពីរខ្មែរសាកល ចូរនឹកចាំការពីមុនតាំងពីបុរាណមក ដ្បិតយើងហ្នឹងហើយជាព្រះ គ្មានអ្នកណាទៀតឡើយ។ គឺយើងហ្នឹងហើយជាព្រះ ហើយគ្មានអ្នកណាដូចយើងឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរនឹកចាំពីការដែលកន្លងទៅ តាំងពីបុរាណ ដ្បិតយើងនេះហើយជាព្រះ ឥតមានព្រះណាទៀតឡើយ យើងជាព្រះ ហើយគ្មានអ្នកណាដូចជាយើងសោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរនឹកចាំពីការដែលកន្លងទៅហើយ តាំងពីបុរាណ ដ្បិតអញនេះហើយជាព្រះ ឥតមានណាទៀតឡើយ អញជាព្រះ ហើយគ្មានអ្នកណាដូចអញសោះ អាល់គីតាប ចូរនឹកចាំអំពីព្រឹត្តិការណ៍ ដែលកើតមាននៅគ្រាដើមដំបូង ហើយដឹងថា យើងជាអុលឡោះ ក្រៅពីយើង គ្មានម្ចាស់ណាទៀតទេ យើងជាអុលឡោះ គ្មានអ្វីផ្សេងទៀតអាចផ្ទឹមស្មើ នឹងយើងបានឡើយ។ |
ព្រះអង្គសព្វព្រះហឫទ័យឲ្យយើង នឹកដល់ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ព្រះអម្ចាស់តែងតែប្រណីសន្ដោស ហើយប្រកបដោយព្រះហឫទ័យអាណិតអាសូរ។
ព្រះអម្ចាស់អើយ តើមានព្រះណាអាចផ្ទឹមនឹង ព្រះអង្គបាន? តើនរណាមានភាពថ្កុំថ្កើងដ៏វិសុទ្ធដូចព្រះអង្គ។ ព្រះអង្គជាព្រះគួរឲ្យកោតស្ញប់ស្ញែង គួរសរសើរតម្កើង ព្រះអង្គសម្តែងឫទ្ធិបាដិហារិយ៍ដ៏អស្ចារ្យ។
ព្រះចៅផារ៉ោនពោលថា៖ «ថ្ងៃស្អែក»។ លោកម៉ូសេឆ្លើយថា៖ «ទូលបង្គំនឹងធ្វើតាមព្រះរាជឱង្ការ ដើម្បីឲ្យព្រះករុណាទទួលស្គាល់ថា គ្មានព្រះឯណាដូចព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំឡើយ។
លើកនេះ យើងប្រើគ្រោះកាចគ្រប់បែបយ៉ាងប្រហារអ្នក ព្រមទាំងនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់អ្នក ដើម្បីឲ្យអ្នកទទួលស្គាល់ថា គ្មាននរណាម្នាក់នៅលើផែនដីអាចប្រៀបផ្ទឹមនឹងយើងឡើយ។
តើនរណាបានថ្លែងប្រាប់អំពីហេតុការណ៍ ទាំងនេះជាមុន ដើម្បីឲ្យយើងទទួលស្គាល់ និងពោលថា ហេតុការណ៍នោះពិតជាកើតមានដូច្នោះមែន! ទេ! គ្មាននរណាផ្ដល់ដំណឹងជាមុន ហើយក៏គ្មាននរណាប្រាប់ឲ្យគេដឹងដែរ គ្មាននរណាឮពាក្យសម្ដីអ្នករាល់គ្នាឡើយ។
យើងទេតើ ដែលបាននាំដំណឹងមកដល់ ក្រុងស៊ីយ៉ូនមុនគេ ដោយចាត់អ្នកនាំសារមកប្រាប់ អ្នកក្រុងយេរូសាឡឹម។
មើលចុះ! ហេតុការណ៍ផ្សេងៗដែលកើតមាន នៅគ្រាដំបូង បានសម្រេចជារូបរាងអស់ហើយ យើងក៏ប្រាប់ឲ្យអ្នករាល់គ្នាដឹង នូវហេតុការណ៍ឯទៀតៗដែលនឹងកើតមាន គឺយើងប្រាប់ឲ្យអ្នករាល់គ្នាដឹងមុន ហេតុការណ៍ទាំងនោះកកើតជារូបរាង។
ព្រះអម្ចាស់មានព្រះបន្ទូលថា: អ្នករាល់គ្នានេះហើយជាសាក្សីរបស់យើង អ្នករាល់គ្នានេះហើយជាអ្នកបម្រើរបស់យើង។ យើងបានជ្រើសរើសអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងឮ និងជឿលើយើង ព្រមទាំងយល់ថា មានតែយើងនេះទេ ជាព្រះជាម្ចាស់។ នៅមុនយើងគ្មានព្រះណាទេ នៅក្រោយយើងក៏គ្មានព្រះណាទៀតដែរ។
ព្រះអម្ចាស់មានព្រះបន្ទូលថា: សម្បត្តិរបស់ស្រុកអេស៊ីប និងភោគទ្រព្យរបស់ស្រុកអេត្យូពី រីឯប្រជាជនមានមាឌខ្ពស់ៗមកពីស្រុកសេបា នឹងឆ្លងកាត់តាមអ្នក ហើយក្លាយទៅជាទ្រព្យសម្បត្តិរបស់អ្នក។ ប្រជាជាតិទាំងនោះនឹងដើរតាមក្រោយអ្នក ទាំងជាប់ច្រវាក់ គេនាំគ្នាក្រាបនៅចំពោះមុខអ្នក ហើយប្រកាសប្រាប់អ្នកថា: “ព្រះជាម្ចាស់គង់នៅជាមួយអស់លោកពិតមែន ក្រៅពីព្រះអង្គ គ្មានព្រះណាទៀតទេ ដ្បិតព្រះទាំងឡាយសុទ្ធតែឥតបានការ។
ព្រះអម្ចាស់បានបង្កើតផ្ទៃមេឃ ព្រមទាំងសូនផែនដី ព្រះអង្គបានពង្រឹងផែនដីឲ្យរឹងមាំ ព្រះអង្គមិនបានបង្កើតផែនដីមក ដើម្បីឲ្យនៅទទេឡើយ គឺព្រះអង្គបានបង្កើតផែនដី ឲ្យសត្វលោកស្នាក់អាស្រ័យនៅ។ ព្រះអង្គមានព្រះបន្ទូលថា: “គឺយើងនេះហើយជាព្រះអម្ចាស់ ក្រៅពីយើង គ្មានព្រះអម្ចាស់ឯណាទៀតទេ។
តើអ្នករាល់គ្នាប្រៀបប្រដូចយើងទៅព្រះណា អ្នករាល់គ្នាយកព្រះណាមកផ្ទឹមស្មើនឹងយើង? តើអ្នករាល់គ្នាចង់ឲ្យយើងដូចព្រះណា?
យើងបានប្រាប់ឲ្យអ្នករាល់គ្នាដឹងអំពី ព្រឹត្តិការណ៍ដើមដំបូងនោះ តាំងពីយូរលង់ណាស់មកហើយ យើងបានប្រាប់អ្នករាល់គ្នាផ្ទាល់មាត់ ឲ្យអ្នករាល់គ្នាដឹងឮ យើងក៏បានធ្វើឲ្យការទាំងនោះសម្រេច ចេញជារូបរាងឡើងមួយរំពេចដែរ។
យើងនឹងបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី អ្វីៗដែលកើតមានកាលពីមុន គេលែងនឹកនាទៀតហើយ គឺគ្មាននរណានឹងឃើញទៀតទេ។
សត្វសិង្ហលោតចេញពីមាត់ទន្លេយ័រដាន់ ចូលទៅក្នុងគុម្ពោតព្រៃរហ័សយ៉ាងណា យើងក៏នឹងធ្វើឲ្យប្រជាជនរត់ចេញពី ស្រុកអេដុមរហ័សយ៉ាងនោះដែរ។ យើងនឹងតែងតាំងអ្នកគ្រប់គ្រងដែលយើងបាន ជ្រើសរើសឲ្យគ្រប់គ្រងលើស្រុកនេះ។ តើមាននរណាអាចផ្ទឹមស្មើនឹងយើង? តើនរណាហ៊ានប្ដឹងយើង? តើអ្នកដឹកនាំណាអាចប្រឆាំងនឹងយើង?»។
សត្វសិង្ហលោតចេញពីមាត់ទន្លេយ័រដាន់ ចូលទៅក្នុងគុម្ពោតព្រៃរហ័សយ៉ាងណា យើងក៏នឹងធ្វើឲ្យអ្នកស្រុកបាប៊ីឡូន រត់ចេញទៅរហ័សយ៉ាងនោះដែរ។ យើងនឹងតែងតាំងអ្នកគ្រប់គ្រងដែលយើងបាន ជ្រើសរើសឲ្យគ្រប់គ្រងលើស្រុកនេះ។ តើមាននរណាអាចផ្ទឹមស្មើនឹងយើង? តើនរណាហ៊ានប្ដឹងយើង? តើអ្នកដឹកនាំណាអាចប្រឆាំងនឹងយើង?
ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: «ចូរឈប់មួយសន្ទុះ ហើយពិចារណាមើល៍ ចូររំពឹងគិតអំពីមាគ៌ាជំនាន់ដើម ដើម្បីឲ្យដឹងថា តើមាគ៌ាណាជាមាគ៌ាល្អ រួចនាំគ្នាដើរតាមមាគ៌ានោះទៅ ចិត្តរបស់អ្នករាល់គ្នានឹងបានស្ងប់។ ប៉ុន្តែ ពួកគេឆ្លើយមកវិញថា: “យើងខ្ញុំមិនដើរតាមផ្លូវនោះទេ!”។
អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងគង់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ក្រៅពីយើង គ្មានព្រះណាផ្សេងទៀតទេ ពេលនោះ ប្រជាជនរបស់យើង នឹងលែងអាម៉ាស់ទៀតហើយ។
ក៏យើងជឿថា មានព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ។ ព្រះអង្គជាព្រះបិតាដែលបានបង្កើតអ្វីៗសព្វសារពើមក ហើយយើងមានជីវិតរស់សម្រាប់ព្រះអង្គ។ យើងជឿទៀតថា មានព្រះអម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ គឺព្រះយេស៊ូគ្រិស្ត*។ អ្វីៗសព្វសារពើកើតមកដោយសារព្រះអង្គ ហើយយើងមានជីវិតរស់ក៏ដោយសារព្រះអង្គដែរ។
ចូរនឹកចាំពីអតីតកាល ចូររិះគិតអំពីឆ្នាំនានាដែលកន្លងហួសមកហើយ ចូរសុំឲ្យឪពុកម្ដាយ និងជីដូនជីតារបស់អ្នក រៀបរាប់អំពីហេតុការណ៍នៅជំនាន់មុនៗ។
យេស៊ូរូនអើយ គ្មានព្រះណាអាចផ្ទឹមស្មើ នឹងព្រះរបស់អ្នកឡើយ ព្រះអង្គយាងកាត់ផ្ទៃមេឃ មកសង្គ្រោះអ្នក ដោយគង់យ៉ាងរុងរឿងនៅលើពពក*។