ដោយយល់ដល់ព្រះបាទដាវីឌ ព្រះអម្ចាស់ ជាព្រះរបស់ស្ដេច បានប្រោសប្រទានឲ្យស្ដេចមានបុត្រាមួយអង្គ ដើម្បីកុំឲ្យរាជវង្សនេះផុតរលត់ ហើយឲ្យក្រុងយេរូសាឡឹមនៅស្ថិតស្ថេរជាដរាប
អេសាយ 38:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរវិលទៅប្រាប់ស្ដេចហេសេគាថា ព្រះអម្ចាស់ ជាព្រះរបស់ដាវីឌដែលជាអយ្យកោរបស់ព្រះករុណា មានព្រះបន្ទូលដូចតទៅនេះ: “យើងបានឮពាក្យអង្វររបស់អ្នក ហើយយើងក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។ យើងនឹងបន្ថែមអាយុឲ្យអ្នកដប់ប្រាំឆ្នាំទៀត។ ព្រះគម្ពីរខ្មែរសាកល “ចូរទៅប្រាប់ហេសេគាថា: ‘ព្រះយេហូវ៉ាដ៏ជាព្រះរបស់ដាវីឌដូនតារបស់ព្រះករុណា មានបន្ទូលដូច្នេះថា: “យើងបានឮពាក្យអធិស្ឋានរបស់អ្នក ក៏បានឃើញទឹកភ្នែករបស់អ្នកហើយ។ មើល៍! យើងនឹងបន្ថែមដប់ប្រាំឆ្នាំទៀតលើអាយុរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរទៅប្រាប់ហេសេគាថា ព្រះយេហូវ៉ាជាព្រះនៃដាវីឌ បុព្វបុរសអ្នក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងបានឮពាក្យអធិស្ឋានរបស់អ្នក ក៏បានឃើញទឹកភ្នែកអ្នកហើយ។ យើងនឹងចម្រើនអាយុអ្នកឡើងដប់ប្រាំឆ្នាំទៀត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរទៅប្រាប់ហេសេគាថា ព្រះយេហូវ៉ាជាព្រះនៃដាវីឌ ឰយុកោឯង ទ្រង់មានបន្ទូលដូច្នេះ អញបានឮពាក្យអធិស្ឋានរបស់ឯង ក៏បានឃើញទឹកភ្នែកឯងហើយ មើល អញនឹងចំរើនអាយុឯងឡើង១៥ឆ្នាំទៀត អាល់គីតាប «ចូរវិលទៅប្រាប់ស្ដេចហេសេគាថា អុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចទតដែលជាអយ្យកោរបស់ស្តេច មានបន្ទូលដូចតទៅនេះ: “យើងបានឮពាក្យអង្វររបស់អ្នក ហើយយើងក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។ យើងនឹងបន្ថែមអាយុឲ្យអ្នកដប់ប្រាំឆ្នាំទៀត។ |
ដោយយល់ដល់ព្រះបាទដាវីឌ ព្រះអម្ចាស់ ជាព្រះរបស់ស្ដេច បានប្រោសប្រទានឲ្យស្ដេចមានបុត្រាមួយអង្គ ដើម្បីកុំឲ្យរាជវង្សនេះផុតរលត់ ហើយឲ្យក្រុងយេរូសាឡឹមនៅស្ថិតស្ថេរជាដរាប
បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល! ឥឡូវនេះ សូមព្រះអង្គប្រោសប្រណីដល់អ្នកបម្រើព្រះអង្គ គឺព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាថា ប្រសិនបើពូជពង្សរបស់អ្នកប្រុងប្រយ័ត្នចំពោះមាគ៌ារបស់ខ្លួន ហើយប្រសិនគេដើរតាមយើង ដូចអ្នកបានដើរនៅចំពោះមុខយើងដែរនោះ ក្នុងចំណោមពួកគេ តែងតែមានម្នាក់ឡើងគ្រងរាជ្យលើអ៊ីស្រាអែលនៅចំពោះមុខយើងជានិច្ច។
នៅឆ្នាំទីដប់បួននៃរជ្ជកាលព្រះបាទហេសេគា ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកវាយដណ្ដើមយកក្រុងទាំងប៉ុន្មានដែលមានកំពែងរឹងមាំរបស់ស្រុកយូដា។
កាលស្ដេចឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុម្ភៃប្រាំវស្សា ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា អប៊ីយ៉ា ជាកូនរបស់លោកសាការី។
ពេលនោះ លោកអេសាយ ជាកូនរបស់លោកអម៉ូស បានចាត់គេឲ្យទៅទូលព្រះបាទហេសេគាថា៖ «ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលដូចតទៅ: “យើងបានឮពាក្យដែលអ្នកទូលអង្វរយើងស្ដីអំពីសានហេរីប ជាស្ដេចរបស់ស្រុកអាស្ស៊ីរីហើយ”។
នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្ដេច ក្នុងគ្រាដែលស្ដេចនៅក្មេងនៅឡើយ ព្រះបាទយ៉ូសៀសចាប់ផ្ដើមស្វែងរកព្រះរបស់ព្រះបាទដាវីឌ ជាអយ្យកោ។ នៅឆ្នាំទីដប់ពីរ ស្ដេចលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ព្រមទាំងបង្គោលរបស់ព្រះអាសេរ៉ា រូបបដិមា និងរូបចម្លាក់ឯទៀតៗដែលគេសិតធ្វើ ឲ្យអស់ពីស្រុកយូដា និងក្រុងយេរូសាឡឹម។
ព្រះអង្គកំណត់ចំនួនថ្ងៃនៃអាយុជីវិតរបស់គេ និងចំនួនខែដែលគេត្រូវរស់ ព្រះអង្គកំណត់ចុងបញ្ចប់ឲ្យគេ ដែលគេពុំអាចឆ្លងផុតជាដាច់ខាត។
ព្រះអង្គប្រោសអ្នកដែលមានចិត្តគ្រាំគ្រា ឲ្យបានធូរស្បើយ ព្រះអង្គរុំរបួសឲ្យគេ។
ឱព្រះអម្ចាស់អើយ សូមព្រះសណ្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្ដាប់សម្រែករបស់ទូលបង្គំផង សូមកុំព្រងើយកន្តើយនឹងទំនួញ យំសោករបស់ទូលបង្គំឡើយ ដ្បិតទូលបង្គំគ្រាន់តែស្នាក់នៅ ជាបណ្តោះអាសន្នជាមួយព្រះអង្គ ដូចបុព្វបុរសរបស់ទូលបង្គំប៉ុណ្ណោះ។
ព្រះអង្គជ្រាបច្បាស់ថា ទូលបង្គំរងទុក្ខយ៉ាងណា សូមត្រងទឹកភ្នែកទូលបង្គំទុក ព្រះអង្គបានរាប់តំណក់ទឹកភ្នែក ទាំងនោះក្នុងបញ្ជីស្រាប់ហើយ។
ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យ ទទូចអង្វររបស់ខ្ញុំ ព្រះអម្ចាស់ទទួលពាក្យអធិស្ឋានរបស់ខ្ញុំហើយ។
ពេលនោះ លោកអេសាយ ជាកូនរបស់លោកអម៉ូស ចាត់គេឲ្យទៅទូលព្រះបាទហេសេគាថា៖ «ព្រះករុណាបានទូលអង្វរព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ស្ដីអំពីសានហេរីបជាស្ដេចរបស់ស្រុកអាស្ស៊ីរី។ នេះជាព្រះបន្ទូលឆ្លើយតបរបស់ព្រះអម្ចាស់។
ព្រះអង្គព្រះសណ្ដាប់ឮសំឡេងដែលទូលបង្គំ ស្រែកអង្វរថា: “សូមកុំបែរព្រះកាណ៌ចេញពីទូលបង្គំឡើយ សូមស្ដាប់សម្រែកអង្វររបស់ទូលបង្គំ សូមជួយទូលបង្គំផង!”។
“យើងជាព្រះរបស់អប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប” តើអ្នករាល់គ្នាធ្លាប់អានឬទេ? ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត»។
ទេវតាក៏មានប្រសាសន៍ទៅកាន់លោកថា៖ «កុំខ្លាចអី លោកសាការីអើយ! ព្រះអម្ចាស់យល់ព្រមតាមពាក្យទូលអង្វររបស់លោកហើយ។ នាងអេលីសាបិត ជាភរិយារបស់លោក នឹងបង្កើតកូនប្រុសមួយ លោកត្រូវដាក់ឈ្មោះកូននោះថា “យ៉ូហាន” ។
ប្រាប់ថា “ប៉ូលអើយ កុំខ្លាចអី ដ្បិតអ្នកត្រូវតែបានទៅឈរនៅមុខព្រះចៅអធិរាជ ហើយដោយព្រះជាម្ចាស់ប្រោសប្រណីអ្នក ព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលរួមដំណើរជាមួយអ្នក ឲ្យបានរួចជីវិតផងដែរ”។
ប៉ុន្តែ ព្រះជាម្ចាស់ដែលតែងតែសម្រាលទុក្ខអ្នកទន់ទាប ព្រះអង្គបានសម្រាលទុក្ខយើង ដោយលោកទីតុសទៅដល់។
ដ្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្ក ទ្រង់នឹងឃ្វាលពួកគេ ព្រះអង្គនឹងនាំគេទៅរកប្រភពទឹកដែលផ្ដល់ជីវិត ហើយព្រះជាម្ចាស់នឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ »។