អេសាយ 38 - អាល់គីតាបស្តេចហេសេគាឈឺ និងបានជាវិញ 1 នៅគ្រានោះ ស្តេចហេសេគាឈឺជាទម្ងន់ ហៀបនឹងស្លាប់។ ណាពីអេសាយ ជាកូនលោកអម៉ូស មកជួបស្តេច ហើយជម្រាបថា៖ «អុលឡោះតាអាឡាមានបន្ទូលថា សូមស្តេចផ្ដែផ្ដាំរាជវង្សានុវង្សឲ្យហើយទៅ ដ្បិតស្តេចមិនអាចរស់រានតទៅទៀតបានទេ គឺស្តេចជិតស្លាប់ហើយ»។ 2 ស្តេចហេសេគាបែរមុខទៅរកជញ្ជាំង ហើយទូរអាអង្វរអុលឡោះតាអាឡា ដូចតទៅ៖ 3 «ឱ! អុលឡោះតាអាឡាអើយ សូមកុំភ្លេចថា ខ្ញុំដើរតាមមាគ៌ារបស់ទ្រង់ ដោយចិត្តស្មោះស្ម័គ្រ និងចិត្តទៀងត្រង់ ខ្ញុំប្រព្រឹត្តតែអំពើដែលគាប់បំណងទ្រង់ប៉ុណ្ណោះ!»។ ស្តេចហេសេគាបង្ហូរទឹកភ្នែកយ៉ាងខ្លាំង។ 4 ពេលនោះ អុលឡោះតាអាឡាមានបន្ទូលមកកាន់អេសាយដូចតទៅ៖ 5 «ចូរវិលទៅប្រាប់ស្ដេចហេសេគាថា អុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចទតដែលជាអយ្យកោរបស់ស្តេច មានបន្ទូលដូចតទៅនេះ: “យើងបានឮពាក្យអង្វររបស់អ្នក ហើយយើងក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។ យើងនឹងបន្ថែមអាយុឲ្យអ្នកដប់ប្រាំឆ្នាំទៀត។ 6 យើងនឹងរំដោះអ្នក ព្រមទាំងរំដោះក្រុងយេរូសាឡឹមនេះ ឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរី យើងក៏នឹងការពារក្រុងនេះដែរ”»។ 7 អេសាយជម្រាបស្ដេចវិញថា៖ «អុលឡោះតាអាឡានឹងប្រទានទីសំគាល់មួយ ដើម្បីឲ្យស្តេចជ្រាបថា អុលឡោះតាអាឡាមុខជាសម្រេចតាមបន្ទូលសន្យារបស់ទ្រង់ 8 គឺទ្រង់នឹងធ្វើឲ្យស្រមោលថ្ងៃ ដែលជះទៅលើរង្វាស់ម៉ោងរបស់ស្តេចអហាស ដើរថយក្រោយដប់កាំ»។ ពេលនោះ ស្រមោលដែលជ្រេទៅហើយក៏ថយក្រោយវិញដប់កាំមែន។ 9 ក្រោយពេលស្តេចហេសេគា ជាស្ដេចស្រុកយូដាបានជាសះស្បើយពីជំងឺវិញ ស្តេចក៏លើកទំនុកតម្កើងអុលឡោះតាអាឡាដូចតទៅ: 10 «ខ្ញុំនឹកថា ខ្ញុំរស់បានតែពាក់កណ្ដាលអាយុ ហើយខ្ញុំត្រូវលាចាកលោកនេះ ទៅកាន់ស្ថានមនុស្សស្លាប់ ដើម្បីបន្តអាយុជីវិត ដែលនៅសល់នៅស្ថាននោះ។ 11 ខ្ញុំនឹកថា ខ្ញុំនឹងលែងឃើញ អុលឡោះតាអាឡាក្នុងពិភពរបស់មនុស្សទៀតហើយ ហើយនៅក្នុងពិភពនេះ ខ្ញុំក៏នឹងលែងឃើញមុខមនុស្សណាម្នាក់ដែរ។ 12 ជីវិតខ្ញុំត្រូវឃ្លាតចាកឆ្ងាយពីខ្ញុំទៅ ដូចអ្នកគង្វាលរើជំរំរបស់គេ អុលឡោះតាអាឡាធ្វើឲ្យជីវិតខ្ញុំត្រូវចប់ នៅពេលល្ងាច ដូចជាងតម្បាញមូរក្រណាត់ ដែលគាត់បានត្បាញហើយនោះដែរ។ 13 ខ្ញុំនឹងត្រូវវិនាសមុនពេលថ្ងៃរះ ទ្រង់ធ្វើឲ្យខ្ញុំឈឺសព្វសព៌ាង្គកាយ ប្រៀបដូចជាមានសត្វសិង្ហមកទំពាឆ្អឹងខ្ញុំ អុលឡោះអើយចាប់ពីថ្ងៃដល់យប់ ទ្រង់នឹងធ្វើឲ្យជីវិតខ្ញុំត្រូវចប់។ 14 ខ្ញុំស្រែកយំដូចសត្វត្រចៀកកាំ ខ្ញុំថ្ងូរដូចព្រាប ភ្នែកខ្ញុំសម្លឹងមើលទៅលើមេឃ ទាំងទុក្ខសោក ឱអុលឡោះតាអាឡាអើយ ខ្ញុំវេទនាខ្លាំងណាស់ សូមជួយស្រោចស្រង់ខ្ញុំផង! 15 តើខ្ញុំអាចថ្លែងដូចម្ដេច? តើខ្ញុំជម្រាបទ្រង់ដូចម្ដេចខ្លះ? ទ្រង់ទេតើដែលបានធ្វើ ឲ្យការណ៍នេះកើតឡើង ខ្ញុំមានចិត្តជូរចត់ជាខ្លាំង ធ្វើឲ្យខ្ញុំទទួលទានដំណេកមិនលក់ឡើយ។ 16 អុលឡោះតាអាឡាអើយ មនុស្សមានជីវិត ដោយសារចិត្តសប្បុរសរបស់ទ្រង់ ខ្ញុំនៅមានដង្ហើមចេញចូល ក៏ដោយសារតែចិត្តសប្បុរសនេះដែរ ទ្រង់ប្រោសប្រទានឲ្យខ្ញុំ មានកម្លាំង និងមានជីវិតឡើងវិញ។ 17 ឥឡូវនេះ ចិត្តជូរចត់របស់ខ្ញុំ ប្រែមកជាចិត្តដ៏សុខសាន្ត ដ្បិតទ្រង់ផ្ទាល់គាប់ បំណងស្រង់ជីវិតខ្ញុំ ឲ្យចៀសផុតពីរណ្ដៅមច្ចុរាជ ទ្រង់លែងនឹកនាពីអំពើបាបរបស់ខ្ញុំ ទៀតហើយ។ 18 ក្នុងស្ថានមនុស្សស្លាប់ គ្មាននរណាអាចលើកតម្កើងទ្រង់បានឡើយ មច្ចុរាជក៏ពុំអាចសរសើរតម្កើងទ្រង់ ហើយអស់អ្នកដែលចុះទៅក្នុងរណ្ដៅ ក៏ពុំអាចសង្ឃឹមលើចិត្តស្មោះស្ម័គ្រ របស់ទ្រង់បានទៀតដែរ។ 19 មានតែអ្នកដែលនៅរស់ប៉ុណ្ណោះ ដែលអាចលើកតម្កើងទ្រង់ ដូចខ្ញុំលើកតម្កើងទ្រង់នៅថ្ងៃនេះ។ ឪពុកនឹងតំណាលប្រាប់កូនៗរបស់ខ្លួន អំពីចិត្តស្មោះស្ម័គ្ររបស់ទ្រង់។ 20 ឱអុលឡោះតាអាឡាអើយ ទ្រង់បានសង្គ្រោះខ្ញុំ យើងខ្ញុំនឹងប្រគំតូរ្យតន្ត្រី នៅក្នុងដំណាក់របស់ទ្រង់ ជារៀងរាល់ថ្ងៃ អស់មួយជីវិតយើងខ្ញុំ»។ 21 បន្ទាប់មក អេសាយបង្គាប់ទៅអ្នកបម្រើថា៖ «ចូរយកម្សៅឧទុម្ពរមកលាបលើដំបៅរបស់ស្តេចទៅ នោះស្ដេចនឹងបានជាសះស្បើយមិនខាន»។ 22 ពេលនោះ ស្តេចហេសេគាមានប្រសាសន៍សួរថា៖ «តើមានទីសំគាល់អ្វីដែលនាំឲ្យខ្ញុំដឹងថា ខ្ញុំមុខជាអាចឡើងទៅដំណាក់របស់អុលឡោះតាអាឡាបាន?»។ |
© 2014 United Bible Societies, UK.
United Bible Societies