គេបញ្ចើចបញ្ចើលើកតម្កើងខ្លួនឯងខ្លាំងពេក រហូតមិនអាចទទួលស្គាល់ថា ខ្លួនមានកំហុស គួរឲ្យស្អប់នោះឡើយ។
សុភាសិត 16:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សរមែងនឹកស្មានថា អំពើទាំងអស់ដែលខ្លួនប្រព្រឹត្តសុទ្ធតែត្រូវ ប៉ុន្តែ ព្រះអម្ចាស់ឈ្វេងយល់ចិត្តគំនិតរបស់មនុស្ស។ ព្រះគម្ពីរខ្មែរសាកល អស់ទាំងផ្លូវរបស់មនុស្ស បរិសុទ្ធក្នុងភ្នែកខ្លួនឯង ប៉ុន្តែព្រះយេហូវ៉ាស្ទង់ចិត្តវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែស្អាតនៅភ្នែកខ្លួន តែគឺព្រះយេហូវ៉ាដែលព្រះអង្គថ្លឹង អស់ទាំងទឹកចិត្តវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែស្អាតនៅភ្នែកខ្លួន តែគឺព្រះយេហូវ៉ាដែលទ្រង់ថ្លឹងអស់ទាំងទឹកចិត្តវិញ។ អាល់គីតាប មនុស្សរមែងនឹកស្មានថា អំពើទាំងអស់ដែលខ្លួនប្រព្រឹត្តសុទ្ធតែត្រូវ ប៉ុន្តែ អុលឡោះតាអាឡាឈ្វេងយល់ចិត្តគំនិតរបស់មនុស្ស។ |
គេបញ្ចើចបញ្ចើលើកតម្កើងខ្លួនឯងខ្លាំងពេក រហូតមិនអាចទទួលស្គាល់ថា ខ្លួនមានកំហុស គួរឲ្យស្អប់នោះឡើយ។
មនុស្សខ្លៅគិតស្មានថាខ្លួនប្រព្រឹត្តត្រូវ រីឯមនុស្សដែលសុខចិត្តទទួលយោបល់ពីអ្នកដទៃ ជាមនុស្សមានប្រាជ្ញា។
មនុស្សខ្លះយល់ថា ផ្លូវដែលខ្លួនដើរជាផ្លូវត្រឹមត្រូវ ប៉ុន្តែ នៅទីបំផុត ផ្លូវនោះនាំទៅរកសេចក្ដីស្លាប់។
គេអាចស្គាល់តម្លៃមាស និងប្រាក់ ដោយសារដុតក្នុងភ្លើង រីឯចិត្តមនុស្សវិញ មានតែព្រះអម្ចាស់ទេដែលអាចលត់ដំ ដើម្បីស្គាល់តម្លៃ។
មនុស្សគ្រប់ៗរូបតែងយល់ថា អំពើដែលខ្លួនប្រព្រឹត្តសុទ្ធតែត្រឹមត្រូវ ក៏ប៉ុន្តែ មានតែព្រះអម្ចាស់ទេ ដែលឈ្វេងយល់ចិត្តរបស់មនុស្ស។
បើអ្នកពោលថា «ខ្ញុំមិនបានដឹងទេ!» តោងដឹងថា ព្រះជាម្ចាស់ដែលស្គាល់ចិត្តមនុស្ស ទ្រង់ជ្រាបទាំងអស់។ ព្រះអង្គពិនិត្យមើលអ្នក ទ្រង់ឈ្វេងយល់ចិត្តអ្នក ហើយព្រះអង្គតបស្នងដល់ម្នាក់ៗ តាមអំពើដែលខ្លួនប្រព្រឹត្ត។
ជនប្រភេទខ្លះស្មានថា ខ្លួនជាមនុស្សបរិសុទ្ធ ក៏ប៉ុន្តែ គេមិនដែលជម្រះអំពើសៅហ្មងចេញពីខ្លួនឡើយ។
អ្វីៗដែលមនុស្សលោកប្រព្រឹត្ត ព្រះអម្ចាស់ជ្រាបទាំងអស់ ព្រះអង្គទតឃើញកិរិយាមារយាទរបស់គេ។
ឱព្រះអម្ចាស់អើយ! ព្រះអង្គបង្ហាញឲ្យ មនុស្សសុចរិតស្គាល់មាគ៌ាដ៏ទៀងត្រង់ ព្រះអង្គពង្រាបមាគ៌ារបស់មនុស្សសុចរិត ឲ្យរាបស្មើ។
ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងឈ្វេងយល់ជម្រៅចិត្តរបស់មនុស្ស យើងមើលធ្លុះអាថ៌កំបាំងរបស់គេ ដូច្នេះ យើងនឹងតបស្នងឲ្យមនុស្សម្នាក់ៗ តាមកិរិយាមារយាទរបស់ខ្លួន និងតាមអំពើ ដែលខ្លួនបានប្រព្រឹត្ត។
“តេកែល” (ប្រែថាថ្លឹង) មានន័យថា ព្រះជាម្ចាស់បានថ្លឹងព្រះករុណាលើជញ្ជីងរួចហើយ ហើយទ្រង់ទតឃើញថា ស្រាលពេក។
ទេវតារបស់ព្រះអម្ចាស់ពោលមកលោកថា៖ «ហេតុអ្វីបានជាលោកវាយលារបស់លោកដល់ទៅបីដងដូច្នេះ? ខ្ញុំបានចេញមកឃាត់លោក ដ្បិតផ្លូវដែលលោកតម្រង់ទៅនេះជាផ្លូវនាំឲ្យវិនាស។
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាតែងតែសម្តែងឫកពាឲ្យមនុស្សលោកឃើញថា អ្នករាល់គ្នាជាជនសុចរិត ប៉ុន្តែ ព្រះជាម្ចាស់ឈ្វេងយល់ចិត្តអ្នករាល់គ្នា។ អ្វីៗដែលមនុស្សលោកយល់ឃើញថាល្អប្រសើរ ព្រះជាម្ចាស់ចាត់ទុកថាជាការគួរឲ្យស្អប់ខ្ពើម។
«ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំនៅក្រុងធាទេរ៉ា ដូចតទៅនេះ៖ ព្រះបុត្រារបស់ព្រះជាម្ចាស់ គឺព្រះអង្គដែលមានព្រះនេត្រភ្លឺដូចអណ្ដាតភ្លើង និងព្រះបាទាដូចលង្ហិន ទ្រង់មានព្រះបន្ទូលថា:
យើងនឹងប្រហារជីវិតកូនចៅរបស់នាង ហើយពេលនោះ ក្រុមជំនុំទាំងអស់នឹងដឹងថា យើងឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស ហើយយើងផ្ដល់ឲ្យអ្នករាល់គ្នាទទួលផលម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
នៅគ្រានោះ ក្នុងស្រុកអ៊ីស្រាអែលគ្មានស្ដេចសោយរាជ្យទេ ម្នាក់ៗធ្វើអ្វីៗតាមតែខ្លួនយល់ឃើញ។
ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «កុំមើលតែសំបកក្រៅ ឬកម្ពស់របស់គេឡើយ យើងមិនបានជ្រើសរើសអ្នកនេះទេ។ ព្រះអម្ចាស់មិនវិនិច្ឆ័យដូចមនុស្សលោក ដែលមើលតែសំបកក្រៅប៉ុណ្ណោះទេ ព្រះអម្ចាស់ទតមើលចិត្តគំនិតវិញ»។
កុំចេះតែពោលពាក្យអួតបំប៉ោងឡើយ ហើយក៏មិនត្រូវឲ្យមានពាក្យសម្ដីព្រហើន ចេញពីមាត់អ្នករាល់គ្នាដែរ ដ្បិតព្រះអម្ចាស់ជាព្រះ ដែលជ្រាបសព្វគ្រប់ទាំងអស់ ព្រះអង្គវិនិច្ឆ័យគ្រប់អំពើរបស់មនុស្ស។