Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




លូកា 16:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​តែងតែ​សម្តែង​ឫក‌ពា​ឲ្យ​មនុស្ស​លោក​ឃើញ​ថា អ្នក​រាល់​គ្នា​ជា​ជន​សុចរិត ប៉ុន្តែ ព្រះ‌ជាម្ចាស់​ឈ្វេង​យល់​ចិត្ត​អ្នក​រាល់​គ្នា។ អ្វីៗ​ដែល​មនុស្ស​លោក​យល់​ឃើញ​ថា​ល្អ​ប្រសើរ ព្រះ‌ជាម្ចាស់​ចាត់​ទុក​ថា​ជា​ការ​គួរ​ឲ្យ​ស្អប់​ខ្ពើម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“អ្នករាល់គ្នា​ជា​អ្នក​ដែល​បង្ហាញថា​ខ្លួន​សុចរិត​នៅមុខ​មនុស្ស ប៉ុន្តែ​ព្រះ​ទ្រង់​ជ្រាប​ចិត្ត​របស់អ្នករាល់គ្នា​។ ជាការពិត អ្វី​ដែល​រាប់ថា​ល្អប្រសើរ​ក្នុងចំណោម​មនុស្ស គឺជា​ទីស្អប់ខ្ពើម​នៅចំពោះ​ព្រះ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «អ្នក​រាល់គ្នា​ជា​ពួក​អ្នក​ដែល​រាប់​ខ្លួន​ឯង​ថា​សុចរិត​នៅ​ចំពោះ​មុខ​មនុស្ស​ តែ​ព្រះជាម្ចាស់​ជ្រាប​ពី​ចិត្ដ​អ្នក​រាល់គ្នា ដ្បិត​អ្វី​ដែល​ជា​ទី​រាប់​អាន​បំផុត​នៅ​ក្នុង​ចំណោម​មនុស្ស​ គឺ​ជា​ទី​ស្អប់ខ្ពើម​បំផុត​នៅ​មុខ​ព្រះជាម្ចាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ជា​ពួក​សម្តែង​ខ្លួន​ថា​សុចរិត​នៅ​ចំពោះ​មុខ​មនុស្ស តែ​ព្រះ​ជ្រាប​ចិត្ត​អ្នក​រាល់​គ្នា​ហើយ ដ្បិត​របស់​ណា​ដែល​មនុស្ស​គាប់​ចិត្ត​រាប់​អាន​ច្រើន នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 នោះ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ជា​ពួក​ដែល​សំដែង​ខ្លួន​ជា​សុចរិត នៅ​ចំពោះ​មុខ​មនុស្ស តែ​ព្រះ‌ទ្រង់​ជ្រាប​ចិត្ត​អ្នក​រាល់​គ្នា​ហើយ ដ្បិត​របស់​ណា​ដែល​មនុស្ស​គាប់​ចិត្ត​រាប់​អាន​ជា​ច្រើន នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​តែងតែ​សំដែង​ឫក‌ពា​ឲ្យ​មនុស្ស​លោក​ឃើញ​ថា អ្នក​រាល់​គ្នា​ជា​ជន​សុចរិត ប៉ុន្តែ អុលឡោះ​ឈ្វេង​យល់​ចិត្ដ​អ្នក​រាល់​គ្នា។ អ្វីៗ​ដែល​មនុស្ស​លោក​យល់​ឃើញ​ថា​ល្អ​ប្រសើរ អុលឡោះ​ចាត់​ទុក​ថា​ជា​ការ​គួរ​ឲ្យ​ស្អប់​ខ្ពើម។

សូមមើលជំពូក ចម្លង




លូកា 16:15
40 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «កុំ​មើល​តែ​សំបក​ក្រៅ ឬ​កម្ពស់​របស់​គេ​ឡើយ យើង​មិន​បាន​ជ្រើស​រើស​អ្នក​នេះ​ទេ។ ព្រះ‌អម្ចាស់​មិន​វិនិច្ឆ័យ​ដូច​មនុស្ស​លោក ដែល​មើល​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ​ទេ ព្រះ‌អម្ចាស់​ទត​មើល​ចិត្ត​គំនិត​វិញ»។


មនុស្ស​គ្រប់ៗ​រូប​តែង​យល់​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ត្រឹម‌ត្រូវ ក៏​ប៉ុន្តែ មាន​តែ​ព្រះ‌អម្ចាស់​ទេ ដែល​ឈ្វេង​យល់​ចិត្ត​របស់​មនុស្ស។


ហេតុ​នេះ សូម​បងប្អូន​កុំ​វិនិច្ឆ័យ​ទោស​នរណា​មុន​ពេល​កំណត់​ឡើយ ត្រូវ​រង់‌ចាំ​ព្រះ‌អម្ចាស់​យាង​មក​ដល់​សិន គឺ​ព្រះអង្គ​នឹង​យក​អ្វីៗ​ដែល​មនុស្ស​បង្កប់​ទុក​ក្នុង​ទី‌ងងឹត មក​ដាក់​នៅ​ទី​ភ្លឺ ហើយ​ព្រះអង្គ​នឹង​បង្ហាញ​បំណង​ដែល​លាក់​ទុក​ក្នុង​ចិត្ត​មនុស្ស។ នៅ​ពេល​នោះ ព្រះ‌ជាម្ចាស់​នឹង​សរសើរ​មនុស្ស​ម្នាក់ៗ​ទៅ​តាម​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​ឈ្វេង​យល់​ជម្រៅ​ចិត្ត​របស់​មនុស្ស យើង​មើល​ធ្លុះ​អាថ៌‌កំបាំង​របស់​គេ ដូច្នេះ យើង​នឹង​តប​ស្នង​ឲ្យ​មនុស្ស​ម្នាក់ៗ តាម​កិរិយា​មារយាទ​របស់​ខ្លួន និង​តាម​អំពើ ដែល​ខ្លួន​បាន​ប្រព្រឹត្ត។


ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​វាយ​ឫក​ខ្ពស់​ទេ ព្រះអង្គ​ពិត​ជា​ដាក់​ទោស​គេ​មិន​ខាន។


ព្រះ‌ជាម្ចាស់​ដែល​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​មនុស្ស ព្រះអង្គ​បាន​បញ្ជាក់​ថា ព្រះអង្គ​យល់​ព្រម​ទទួល ពួក​គេ ដោយ​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​ឲ្យ​គេ ដូច​ព្រះអង្គ​បាន​ប្រទាន​មក​យើង​ដែរ។


តែ​ត្រូវ​តុប‌តែង​ខាង​ក្នុង​ជម្រៅ​ចិត្ត​របស់​បងប្អូន​ដោយ​គ្រឿង​លំអ​ដែល​មិន​ចេះ​រលាយ ហើយ​មាន​តម្លៃ​ដ៏​លើស‌លុប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌ម្ចាស់​នោះ​វិញ គឺ​មាន​ចិត្ត​ស្លូត‌បូត ស្រគត់‌ស្រគំ។


ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ពួក​ផារីស៊ី​អើយ អ្នក​រាល់​គ្នា​សម្អាត​ពែង និង​ចាន តែ​ផ្នែក​ខាង​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ ផ្នែក​ខាង​ក្នុង​របស់​អ្នក​រាល់​គ្នា​ពោរ‌ពេញ​ទៅ​ដោយ​ចិត្ត​កេង‌ប្រវ័ញ្ច និង​គំនិត​អាក្រក់។


ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ដឹង​ថា ព្រះអង្គ​ស្ទង់​មើល​ចិត្ត​មនុស្ស ហើយ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​ស្មោះ​ត្រង់។ ហេតុ​នេះ ទូលបង្គំ​ស្ម័គ្រ​ចិត្ត​យក​តង្វាយ​ទាំង​នេះ​មក​ថ្វាយ​ព្រះអង្គ ដោយ​ចិត្ត​ស្មោះ ហើយ​ទូលបង្គំ​ក៏​មាន​អំណរ​ដោយ​ឃើញ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដែល​ជួប‌ជុំ​នៅ​ទី​នេះ នាំ​យក​តង្វាយ​ដោយ​ស្ម័គ្រ​ចិត្ត​មក​ថ្វាយ​ព្រះអង្គ​ដែរ។


ប៉ុន្តែ អាចារ្យ​នោះ​ចង់​បង្ហាញ​ថា សំណួរ​របស់​គាត់​ជា​សំណួរ​ត្រឹម​ត្រូវ គាត់​ក៏​សួរ​ព្រះ‌យេស៊ូ​ទៀត​ថា៖ «តើ​នរណា​ជា​បងប្អូន​របស់​ខ្ញុំ?»។


យើង​នឹង​ប្រហារ​ជីវិត​កូន​ចៅ​របស់​នាង ហើយ​ពេល​នោះ ក្រុម‌ជំនុំ​ទាំង​អស់​នឹង​ដឹង​ថា យើង​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្ស ហើយ​យើង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ផល​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។


រីឯ​ពួក​យុវជន​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​គោរព​ចុះ​ចូល​នឹង​ព្រឹទ្ធា‌ចារ្យ*។ ចូរ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សុភាព​រាប‌សា ដ្បិត«ព្រះ‌ជា‌ម្ចាស់​ប្រឆាំង​នឹង​អស់​អ្នក​ដែល​អួត​ខ្លួន តែ​ព្រះអង្គ​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន​វិញ»។


ដូច្នេះ គ្មាន​មនុស្ស​ណា​បាន​សុចរិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ទេ ព្រោះ​គម្ពីរ‌វិន័យ​គ្រាន់​តែ​នាំ​ឲ្យ​គេ​ស្គាល់​អំពើ​បាប​ប៉ុណ្ណោះ។


មិន​បាច់​មាន​នរណា​ពន្យល់​ព្រះអង្គ​អំពី​ចិត្ត​មនុស្ស​ឡើយ ព្រោះ​ព្រះអង្គ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ចិត្ត​មនុស្ស។


គេ​ធ្វើ​កិច្ចការ​ផ្សេងៗ ដើម្បី​ឲ្យ​មនុស្ស‌ម្នា​កោត​សរ‌សើរ គឺ​គេ​ធ្វើ​ក្លាក់ ​កាន់​តែ​ធំ​ឡើងៗ និង​ធ្វើ​ខ្សែ​រំយោល នៅ​ជាយ​អាវ​កាន់​តែ​វែង​ទៅៗ។


បុរស​នោះ​ទូល​ព្រះ‌យេស៊ូ​ថា “ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​នេះ​តាំង​តែ​ពី​ក្មេង​មក”។


មនុស្ស​ជា​ច្រើន​អះ‌អាង​ថា​ខ្លួន​សប្បុរស តែ​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត​ពិបាក​រក​ណាស់។


បុរស​ខាង​គណៈ‌ផារីស៊ី​ឈរ​អធិស្ឋាន​ក្នុង​ចិត្ត​ថា “បពិត្រ​ព្រះ‌ជាម្ចាស់ ទូលបង្គំ​សូម​អរ​ព្រះ‌គុណ​ព្រះអង្គ ព្រោះ​ទូលបង្គំ​មិន​ដូច​ជន​ឯ​ទៀតៗ​ទេ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ចោរ ជា​មនុស្ស​ទុច្ចរិត ជា​មនុស្ស​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ហើយ​ទូលបង្គំ​ក៏​មិន​ដូច​អ្នក​ទារ​ពន្ធ​នេះ​ដែរ


សូម​បញ្ឈប់​អំពើ​អាក្រក់​របស់​មនុស្ស​ទុច្ចរិត ហើយ​ជួយ​មនុស្ស​សុចរិត ឲ្យ​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង! ព្រះ​ដ៏​សុចរិត​អើយ ព្រះអង្គ​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្ស!


សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ទ្រង់​ព្រះ‌សណ្ដាប់ និង​លើក‌លែង​ទោស​ឲ្យ​ពួក​គេ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ធ្វើ ដ្បិត​មាន​តែ​ព្រះអង្គ​ទេ ដែល​ស្គាល់​ចិត្ត​របស់​មនុស្ស​លោក​យ៉ាង​ច្បាស់។


គាត់​យក​ប្រាក់​ដែល​បាន​មក​ពី​អំពើ​ទុច្ចរិត ទៅ​ទិញ​ដី​ចម្ការ​មួយ​កន្លែង បន្ទាប់​មក គាត់​ដួល​ផ្កាប់​មុខ ធ្លាយ​ពោះ ចេញ​ពោះ​វៀន​មក​ក្រៅ។


អ្នក​ទាំង​នោះ​តែង​នាំ​គ្នា​ឆ‌បោក​យក​ទ្រព្យ‌សម្បត្តិ​របស់​ស្ត្រី​មេ‌ម៉ាយ ដោយ​ធ្វើ​ឫក​ជា​សូត្រ​ធម៌​យ៉ាង​យូរ។ ពួក​គេ​មុខ​ជា​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​បំផុត»។


ពួក​គេ​នាំ​គ្នា​ឃ្លាំ​មើល​ព្រះ‌យេស៊ូ ហើយ​ចាត់​មនុស្ស​ឲ្យ​ទៅ​តាម​ដាន​យក​ការណ៍​ពី​ព្រះអង្គ។ អ្នក​ទាំង​នោះ​តាំង​ខ្លួន​ជា​មនុស្ស​ប្រកាន់​ឫក‌ពា​ត្រឹម​ត្រូវ ចាំ​ចាប់​កំហុស​ព្រះ‌យេស៊ូ នៅ​ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល ដើម្បី​ចាប់​បញ្ជូន​ព្រះអង្គ​ទៅ​អាជ្ញា‌ធរ និង​ទៅ​ក្នុង​អំណាច​របស់​លោក​ទេសា‌ភិបាល។


«កាល​ណា​អ្នក​រាល់​គ្នា​តម​អាហារ កុំ​ធ្វើ​មុខ​ក្រៀម​ដូច​ពួក​អ្នក​មាន​ពុត​នោះ​ឡើយ។ ពួក​គេ​បង្ហាញ​ទឹក​មុខ​ឲ្យ​អ្នក​ដទៃ​ឃើញ​ថា​ខ្លួន​តម​អាហារ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។


«កាល​ណា​អ្នក​រាល់​គ្នា​អធិស្ឋាន* កុំ​ធ្វើ​ដូច​ពួក​អ្នក​មាន​ពុត ដែល​ចូល​ចិត្ត​ឈរ​អធិស្ឋាន​នៅ​ក្នុង​សាលា​ប្រជុំ* និង​នៅ​ត្រង់​ថ្នល់​កែង ដើម្បី​ឲ្យ​មនុស្ស‌ម្នា​ឃើញ​នោះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ពួក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។


ពេល​ណា​អ្នក​ធ្វើ​ទាន​ដល់​ជន​ក្រីក្រ កុំ​ស្រែក​ប្រកាស​ក្ដែងៗ​ដូច​ពួក​មាន​ពុត​តែង​ធ្វើ​នៅ​ក្នុង​សាលា​ប្រជុំ* ឬ​នៅ​តាម​ដង​ផ្លូវ ដើម្បី​ឲ្យ​មនុស្ស‌ម្នា​កោត​សរ‌សើរ​នោះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ច្បាស់​ថា អ្នក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។


ពួក​យើង​សង្កេត​ឃើញ​ថា ឥឡូវ​នេះ មាន​តែ​មនុស្ស​ព្រហើន​ទេ ដែល​មាន​សុភមង្គល ហើយ​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ បែរ​ជា​បាន​ចម្រុង‌ចម្រើន​ទៅ​វិញ។ ទោះ​បី​ពួក​គេ​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់​ក្ដី ក៏​ពួក​គេ​គេច​ផុត​ពី​ទុក្ខ​ទោស​ជានិច្ច”»។


ទោះ​បី​គេ​យល់​ថា ខ្លួន​មាន​សុភមង្គល​ក្នុង​ជីវិត​នេះ ហើយ​ទោះ​បី​មាន​អ្នក​ដទៃ​កោត​សរសើរ ដោយ​ឃើញ​គេ​បាន​ចម្រុង‌ចម្រើន​ក៏​ដោយ


រីឯ​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ខ្លួន​ឯង ហើយ​ស្កប់​ចិត្ត​នឹង​ពាក្យ​សម្ដី​របស់​ខ្លួន អនាគត​របស់​គេ​នឹង​បាន​ដូច​ត​ទៅ​នេះ - សម្រាក


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ»។ លោក​ពេត្រុស​ព្រួយ​ចិត្ត​ណាស់ ព្រោះ​ព្រះអង្គ​សួរ​គាត់​ដល់​ទៅ​បី​លើក​ថា “អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ”​ដូច្នេះ។ លោក​ទូល​តប​ទៅ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​ជ្រាប​អ្វីៗ​សព្វ​គ្រប់​ទាំង​អស់ ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង។


មនុស្ស​ពាល​តែងតែ​និយាយ​អួត អំពី​ការ​លោភ‌លន់​របស់​ខ្លួន ហើយ​មនុស្ស​កេង‌ប្រវ័ញ្ច​នាំ​គ្នា​និយាយ​ចំអក និង​ប្រមាថ​ព្រះ‌អម្ចាស់។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​មួយ​ទៀត​ទៅ​កាន់​អ្នក​ខ្លះ ដែល​នឹក​ស្មាន​ថា​ខ្លួន​ជា​មនុស្ស​សុចរិត ហើយ​បែរ​ជា​មើល‌ងាយ​អ្នក​ដទៃ។


ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​ប្រោស​អ្នក​ទារ​ពន្ធ​នេះ​ឲ្យ​បាន​សុចរិត ហើយ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ រីឯ​បុរស​ខាង​គណៈ‌ផារីស៊ី​មិន​បាន​សុចរិត​ទេ។ អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន​នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។


បន្ទាប់​មក គេ​នាំ​គ្នា​អធិស្ឋាន​ដូច​ត​ទៅ៖ «បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​ជ្រាប​ចិត្ត​គំនិត​របស់​មនុស្ស​ទាំង​អស់ ហេតុ​នេះ សូម​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង​ថា ក្នុង​ចំណោម​បងប្អូន​ទាំង​ពីរ​រូប​នេះ តើ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ជ្រើស​រើស​អ្នក​ណា


រីឯ​ព្រះ‌ជា‌ម្ចាស់​ដែល​ឈ្វេង​យល់​ចិត្ត​មនុស្ស ព្រះអង្គ​ជ្រាប​ព្រះ‌បំណង​របស់​ព្រះ‌វិញ្ញាណ ព្រោះ​ព្រះ‌វិញ្ញាណ​ទូល‌អង្វរ​ឲ្យ​ប្រជា‌ជន​ដ៏វិសុទ្ធ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជា‌ម្ចាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម