សុភាសិត 16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 គំនិតដែលចាត់ចែងក្នុងចិត្ត នោះស្រេចនៅមនុស្ស តែគឺព្រះយេហូវ៉ាដែលឆ្លើយសំរេចការនោះវិញ។ 2 គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែស្អាតនៅភ្នែកខ្លួន តែគឺព្រះយេហូវ៉ាដែលទ្រង់ថ្លឹងអស់ទាំងទឹកចិត្តវិញ។ 3 ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯងនឹងបានសំរេច។ 4 ព្រះយេហូវ៉ាទ្រង់បានធ្វើគ្រប់របស់ទាំងអស់ ឲ្យសមនឹងប្រយោជន៍នៃរបស់នោះឯង អើ ទោះទាំងមនុស្សអាក្រក់ក៏បានកើតមកសំរាប់ថ្ងៃនៃសេចក្ដីអាក្រក់ដែរ។ 5 អស់អ្នកណាដែលមានចិត្តឆ្មើងឆ្មៃ នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ទោះបើព្រួតដៃគ្នា គង់តែគេមិនរួចពីទោសឡើយ។ 6 ឯអំពើកំហុស នោះនឹងបានជ្រះស្អាត ដោយសារសេចក្ដីមេត្តា នឹងសេចក្ដីពិត ហើយមនុស្សនឹងរួចពីសេចក្ដីអាក្រក់បាន ដោយកោតខ្លាចដល់ព្រះយេហូវ៉ា។ 7 កាលណាផ្លូវប្រព្រឹត្តរបស់មនុស្សណាជាទីគាប់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ា នោះទ្រង់ក៏បណ្តាលឲ្យទាំងពួកខ្មាំងសត្រូវបានជាមេត្រីនឹងអ្នកនោះដែរ។ 8 បើមានទ្រព្យតិច ហើយមានសេចក្ដីសុចរិត នោះវិសេសជាងមានកំរៃច្រើន តែមានសេចក្ដីទុច្ចរិតវិញ។ 9 ចិត្តរបស់មនុស្សរមែងគិតសំរេចផ្លូវរបស់ខ្លួន តែគឺព្រះយេហូវ៉ាដែលទ្រង់ដំរង់ជំហានគេវិញ។ 10 មានពាក្យទំនាយនៅព្រះរឹមនៃស្តេច ហើយព្រះឱស្ឋទ្រង់នឹងមិនសំរេចខុសក្នុងការវិនិច្ឆ័យឡើយ។ 11 ជញ្ជីង ហើយនឹងត្រាជូត្រឹមត្រូវ នោះជារបស់ផងព្រះយេហូវ៉ា ឯអស់ទាំងកូនជញ្ជីងនៅក្នុងថង់ក៏ជាស្នាដៃរបស់ទ្រង់ដែរ។ 12 បើស្តេចប្រព្រឹត្តអំពើអាក្រក់ នោះជាទីគួរស្អប់ខ្ពើមហើយ ដ្បិតរាជ្យបានតាំងនៅជាប់ ដោយសារតែសេចក្ដីសុចរិតទេ។ 13 ឯបបូរមាត់សុចរិត នោះជាទីគាប់ដល់ព្រះទ័យនៃស្តេចណាស់ ហើយទ្រង់ក៏ស្រឡាញ់ដល់អ្នកណាដែលពោលដោយត្រឹមត្រូវ។ 14 សេចក្ដីក្រោធរបស់ស្តេច ប្រៀបដូចជាអ្នកបំរើនៃសេចក្ដីស្លាប់ មនុស្សមានប្រាជ្ញានឹងខំរំងាប់សេចក្ដីក្រោធនោះទៅ។ 15 កាលណាស្តេចមានព្រះភក្ត្ររីករាយ នោះឯងបានជីវិតគង់នៅហើយ ឯព្រះគុណទ្រង់ក៏ដូចជាពពកនៅចុងរដូវភ្លៀង។ 16 ការដែលបានប្រាជ្ញា នោះវិសេសជាងបានមាសតើអំបាលម៉ានទៅ អើ ការដែលបានយោបល់ នោះគួររើសយកជាជាងប្រាក់ទៅទៀត។ 17 ផ្លូវរបស់មនុស្សទៀងត្រង់ នោះគឺជាការចៀសវាងពីអំពើអាក្រក់ អ្នកណាដែលរក្សាទុកនូវផ្លូវប្រព្រឹត្តរបស់ខ្លួននោះឈ្មោះថាការពារព្រលឹងខ្លួន។ 18 សេចក្ដីឆ្មើងឆ្មៃនាំមុខសេចក្ដីហិនវិនាស ហើយចិត្តព្រហើនក៏នាំឲ្យដួលចុះដែរ។ 19 ការដែលមានចិត្តសុភាព ជាមួយនឹងពួកមនុស្សរាបទាប នោះវិសេសជាងការចែករបឹបជាមួយនឹងមនុស្សអួតអាង។ 20 អ្នកណាដែលរំពឹងគិតពីដំណើរអ្វី នោះនឹងបានសេចក្ដីល្អចេញពីនោះមក ហើយអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះសប្បាយហើយ។ 21 ឯអ្នកណាដែលមានចិត្តប្រកបដោយប្រាជ្ញា នោះនឹងបានឈ្មោះថាជាអ្នកឆ្លៀវឆ្លាត ហើយសេចក្ដីផ្អែមល្ហែមនៃបបូរមាត់ក៏ចំរើនចំណេះកាន់តែច្រើនឡើង។ 22 អ្នកណាដែលមានយោបល់ហើយ យោបល់នោះឯងជារន្ធទឹកនៃជីវិតដល់អ្នកនោះ ហើយការវាយផ្ចាលរបស់មនុស្សល្ងីល្ងើ គឺជាសេចក្ដីចំកួតរបស់ខ្លួនគេ។ 23 ចិត្តរបស់មនុស្សដែលមានប្រាជ្ញា នោះបង្រៀនមាត់របស់ខ្លួន ហើយក៏បង្កើនឲ្យបបូរមាត់មានចំណេះកាន់តែច្រើនឡើងផង។ 24 ពាក្យសំដីពីរោះ នោះធៀបដូចជាសំណុំឃ្មុំ ក៏ផ្អែមដល់ព្រលឹង ហើយជាថ្នាំផ្សះដល់ឆ្អឹងផង។ 25 មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អ ដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ គឺជាសេចក្ដីស្លាប់។ 26 ការស្រេកឃ្លានរបស់អ្នកណាដែលរកស៊ី នោះខំធ្វើសំរាប់ខ្លួនអ្នកនោះឯង ដ្បិតមាត់ខ្លួនបង្ខំឲ្យធ្វើទៅ។ 27 មនុស្សចោលម្សៀត គេគិតគូបង្កើតការអាក្រក់ ហើយនៅបបូរមាត់គេមានភ្លើងក្តៅដែរ។ 28 មនុស្សវៀចវេរ គេសាបព្រោះសេចក្ដីទាស់ទែងគ្នា ហើយអ្នកបេះបួយក៏នាំឲ្យទាំងមិត្រសំឡាញ់យ៉ាងជិតស្និទ្ធបាក់បែកគ្នាដែរ។ 29 មនុស្សច្រឡោតគេល្បួងអ្នកជិតខាង ហើយក៏នាំទៅក្នុងផ្លូវដែលមិនល្អ។ 30 គេធ្មេចភ្នែក ដើម្បីគិតគូរបង្កើតការវៀច គេខាំមាត់ខ្លួន ដើម្បីនឹងគិតសំរេចការអាក្រក់។ 31 ឯសក់ស្កូវ បើឃើញនៅក្នុងផ្លូវសុចរិត នោះជាមកុដនៃកិត្តិសព្ទ។ 32 អ្នកណាដែលយឺតនឹងខឹង នោះវិសេសជាងអ្នកដែលមានកំឡាំងខ្លាំង ហើយអ្នកណាដែលឈ្នះចិត្តខ្លួន ក៏វិសេសជាងអ្នកដែលឈ្នះយកបានទីក្រុងទៅទៀត។ 33 មនុស្សតែងបោះឆ្នោតទៅក្នុងថ្នក់អាវ ប៉ុន្តែដែលសំរេចទៅជាយ៉ាងណា នោះស្រេចនៅព្រះយេហូវ៉ាទេ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia