ព្រះអង្គបានសង់ព្រះដំណាក់ខ្ពស់ លើសផ្ទៃមេឃទៅទៀត ព្រះអង្គយកពពកធ្វើជាព្រះរាជរថ ព្រះអង្គប្រើវាយោធ្វើជាជំនិះ។
វិវរណៈ 10:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំឃើញទេវតា*ខ្លាំងពូកែមួយរូបទៀតចុះពីលើមេឃមក មានពពក*ព័ទ្ធជុំវិញខ្លួន មានឆព្វណ្ណរង្សីនៅលើក្បាល មុខលោកដូចព្រះអាទិត្យ ហើយជើងលោកដូចសសរភ្លើង។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ខ្ញុំបានឃើញទូតសួគ៌ខ្លាំងពូកែមួយរូបទៀតចុះមកពីលើមេឃ ទាំងដណ្ដប់ដោយពពក ហើយមានឥន្ទធនូនៅលើក្បាលរបស់គាត់។ មុខគាត់ដូចព្រះអាទិត្យ ជើងគាត់ដូចសសរភ្លើង Khmer Christian Bible ខ្ញុំបានឃើញទេវតាដ៏ខ្លាំងពូកែមួយរូបទៀតចុះមកពីលើមេឃមានពពកព័ទ្ធជុំវិញ ហើយនៅលើក្បាលមានឥន្ទធនូ មុខទេវតានោះដូចជាដួងអាទិត្យ រីឯជើងដូចជាបង្គោលភ្លើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំឃើញទេវតាដ៏ពូកែមួយទៀត ចុះពីលើមេឃមក មានពពកព័ទ្ធជុំវិញខ្លួន ហើយមានឥន្ទធនូនៅលើក្បាល មុខលោកដូចព្រះអាទិត្យ ហើយជើងលោកដូចជាបង្គោលភ្លើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំក៏ឃើញទេវតាដ៏ខ្លាំងពូកែ១ទៀត ចុះមកពីលើមេឃ មានពពកហ៊ុំ ហើយមានឥន្ទធនូនៅលើក្បាល មុខនៃទេវតានោះដូចជាថ្ងៃ ហើយជើងដូចជាបង្គោលភ្លើង អាល់គីតាប ខ្ញុំឃើញម៉ាឡាអ៊ីកាត់ខ្លាំងពូកែម្នាក់ទៀតចុះពីលើមេឃមក មានពពកព័ទ្ធជុំវិញខ្លួន មានឆព្វណ្ណរង្សីនៅលើក្បាល មុខលោកដូចព្រះអាទិត្យ ហើយជើងគាត់ដូចសសរភ្លើង។ |
ព្រះអង្គបានសង់ព្រះដំណាក់ខ្ពស់ លើសផ្ទៃមេឃទៅទៀត ព្រះអង្គយកពពកធ្វើជាព្រះរាជរថ ព្រះអង្គប្រើវាយោធ្វើជាជំនិះ។
មានពពកដ៏ខ្មៅងងឹតនៅព័ទ្ធជុំវិញព្រះអង្គ ព្រះអង្គគ្រងរាជ្យដោយសុចរិតយុត្តិធម៌។
នៅពេលលោកអើរ៉ុនកំពុងតែមានប្រសាសន៍ទៅកាន់សហគមន៍អ៊ីស្រាអែលទាំងមូល ពួកគេនាំគ្នាបែរមើលទៅវាលរហោស្ថាន ឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកនៅក្នុងពពក។
ជើងរបស់គាត់ប្រៀបបាននឹងសសរ ធ្វើពីថ្មកែវពណ៌ស ដែលបញ្ឈរនៅលើជើងសសរធ្វើពីមាសសុទ្ធ។ គាត់មានរាងសង្ហាដូចភ្នំលីបង់ ហើយមានរូបល្អស្អាតដូចដើមតាត្រៅ។
សេចក្ដីប្រកាសស្ដីអំពីស្រុកអេស៊ីប: ព្រះអម្ចាស់យាងមកស្រុកអេស៊ីប ដោយគង់លើពពកមួយដុំ ដែលរសាត់យ៉ាងលឿន។ ព្រះក្លែងក្លាយរបស់ស្រុកអេស៊ីបនាំគ្នាញាប់ញ័រ នៅចំពោះព្រះភ័ក្ត្រព្រះអង្គ ជនជាតិអេស៊ីបក៏បាត់បង់ទឹកចិត្តអស់ដែរ។ ព្រះអង្គមានព្រះបន្ទូលថា:
កាលពីជំនាន់លោកណូអេ យើងបានសន្យាយ៉ាងម៉ឹងម៉ាត់ថា លែងឲ្យទឹកជន់លិចផែនដីម្ដងទៀត ឥឡូវនេះ ក៏ដូច្នោះដែរ យើងសន្យាថា លែងខឹង លែងគំរាមអ្នកទៀតហើយ។
ព្រះអង្គពួននៅក្នុងពពក* ដើម្បីកុំឲ្យពាក្យដែលយើងខ្ញុំទូលអង្វរ ឮទៅដល់ព្រះអង្គឡើយ។
ពន្លឺដ៏ត្រចះត្រចង់ព័ទ្ធជុំវិញនោះ ដូចឥន្ទធនូ នៅថ្ងៃមានភ្លៀង គឺដូចជារស្មីនៃសិរីរុងរឿងរបស់ព្រះអម្ចាស់។ ពេលឃើញភ្លាម ខ្ញុំក្រាបថ្វាយបង្គំឱនមុខដល់ដី ហើយខ្ញុំឮសំឡេងមួយពោលមកកាន់ខ្ញុំ។
រូបកាយរបស់លោកភ្លឺចាំងដូចត្បូងប៊ុតលឿង ផ្ទៃមុខលោកភ្លឺផ្លេកដូចផ្លេកបន្ទោរ ភ្នែកលោកប្រៀបបាននឹងភ្លើងគប់ ដៃជើងរបស់លោកប្រៀបបាននឹងលង្ហិនដែលគេខាត់យ៉ាងរលោង ហើយសំឡេងរបស់លោកឮសូរអឹងកង ដូចសំឡេងមនុស្សយ៉ាងច្រើន។
ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំឃើញមានម្នាក់ដូចបុត្រមនុស្ស* មកជាមួយពពកនៅលើផ្ទៃមេឃ លោកចូលទៅជិតព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុយឺនយូរ ហើយគេក៏នាំលោកទៅគាល់ព្រះអង្គ។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុនជាបងរបស់អ្នក កុំឲ្យចូលទៅក្នុងទីសក្ការៈគ្រប់ពេលវេលាឡើយ ពោលគឺចូលទៅខាងក្រោយវាំងនន ដែលនៅពីមុខគម្របហិប*នៃសម្ពន្ធមេត្រី* បើមិនដូច្នោះទេ ក្រែងលោគាត់ត្រូវស្លាប់ ដ្បិតយើងនឹងលេចមកក្នុងពពកនៅលើគម្របហិប។
ពេលនោះ ព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុន នៅមុខសិស្ស*ទាំងបី គឺព្រះភ័ក្ត្ររបស់ព្រះអង្គបញ្ចេញរស្មីចែងចាំងដូចពន្លឺថ្ងៃ ហើយព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សដូចពន្លឺ។
ពេលនោះ គេនឹងឃើញបុត្រមនុស្ស*យាងមកក្នុងពពក* ប្រកបដោយឫទ្ធានុភាព និងសិរីរុងរឿងពន់ពេកក្រៃ។
បពិត្រព្រះរាជា នៅតាមផ្លូវ ប្រមាណជាថ្ងៃត្រង់ ទូលបង្គំបានឃើញពន្លឺមួយភ្លឺជាងពន្លឺថ្ងៃទៅទៀត ចាំងពីលើមេឃមកលើទូលបង្គំ និងលើអ្នកដែលរួមដំណើរជាមួយទូលបង្គំ។
មើល៍! ព្រះអង្គយាងមកនៅកណ្ដាលពពក*។ មនុស្សទាំងអស់នឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលបានចាក់ទម្លុះព្រះអង្គ ក៏នឹងឃើញព្រះអង្គដែរ។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដីនឹងត្រូវសោកសៅ ព្រោះតែព្រះអង្គ។ មែន! ពិតជាកើតមានដូច្នេះមែន! អាម៉ែន!។
ក្រោយមក ខ្ញុំឃើញទេវតា*មួយរូបទៀត មានអំណាចដ៏ខ្លាំងពូកែ ចុះពីលើមេឃមក ហើយសិរីរុងរឿងរបស់ទេវតានោះភ្លឺចាំងមកលើផែនដី។
ពេលនោះ ទេវតា*មួយរូបដ៏មានឥទ្ធិឫទ្ធិបានលើកថ្មមួយដុំដូចត្បាល់កិន បោះទៅក្នុងសមុទ្រ ទាំងពោលថា៖ «គេនឹងច្រានក្រុងបាប៊ីឡូនមហានគរទម្លាក់ទៅក្នុងសមុទ្រដូច្នោះដែរ!។ គ្មាននរណារកក្រុងនោះឃើញទៀតឡើយ។
បន្ទាប់មក ខ្ញុំឃើញទេវតា*មួយរូបចុះពីលើមេឃ ទាំងកាន់កូនសោស្ថាននរកអវិចី និងច្រវាក់មួយយ៉ាងធំនៅដៃផង។
ព្រះអង្គដែលគង់នៅលើបល្ល័ង្ក មើលទៅដូចជាត្បូងមណីជោតិរស និងត្បូងទទឹម ហើយមានឆព្វណ្ណរង្សី ភ្លឺដូចកែវមរកត ព័ទ្ធជុំវិញបល្ល័ង្កនោះដែរ។
បន្ទាប់មកទៀត ខ្ញុំឃើញទេវតាដ៏ខ្លាំងពូកែមួយរូបប្រកាសយ៉ាងខ្លាំងថា៖ «តើនរណាមានឋានៈសមនឹងបកត្រាចេញ ហើយបើកក្រាំងនេះបាន?»។
ពេលនោះ ខ្ញុំមើលទៅ ហើយឮសូរសត្វឥន្ទ្រីមួយហើរកាត់អាកាសវេហាស៍ ទាំងស្រែកឡើងយ៉ាងខ្លាំងៗថា: «វេទនាហើយ! វេទនាហើយ! មនុស្សនៅលើផែនដីនឹងត្រូវវេទនាហើយ ព្រោះតែសំឡេងត្រែឯទៀតៗ ដែលទេវតាទាំងបីរូបហៀបនឹងផ្លុំ!»។