វិវរណៈ 10 - Khmer Christian Bible1 ខ្ញុំបានឃើញទេវតាដ៏ខ្លាំងពូកែមួយរូបទៀតចុះមកពីលើមេឃមានពពកព័ទ្ធជុំវិញ ហើយនៅលើក្បាលមានឥន្ទធនូ មុខទេវតានោះដូចជាដួងអាទិត្យ រីឯជើងដូចជាបង្គោលភ្លើង 2 ហើយនៅក្នុងដៃមានសៀវភៅតូចមួយដែលបានបើកជាស្រេច។ ទេវតានោះបានដាក់ជើងស្ដាំលើសមុទ្រ ហើយជើងឆ្វេងលើដីគោក 3 ទាំងស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងដូចជាសត្វតោស្រែករោទ៍ ហើយពេលទេវតានោះស្រែកឡើង ផ្គរលាន់ទាំងប្រាំពីរក៏និយាយដែរ។ 4 នៅពេលផ្គរលាន់ទាំងប្រាំពីរបាននិយាយរួចហើយនោះ ខ្ញុំក៏បម្រុងនឹងសរសេរទុក ប៉ុន្ដែខ្ញុំឮសំឡេងមួយចេញពីលើមេឃមកថា៖ «ចូរបំបិទសេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបាននិយាយនោះទៅ កុំសរសេរសេចក្ដីទាំងនោះទុកឡើយ»។ 5 បន្ទាប់មក ទេវតាដែលខ្ញុំបានឃើញឈរលើសមុទ្រ និងលើដីគោកនោះ ក៏លើកដៃស្ដាំឡើងទៅស្ថានសួគ៌ 6 ហើយស្បថនឹងព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ច គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និងអ្វីៗនៅលើមេឃ ផែនដី និងអ្វីៗនៅលើផែនដី ព្រមទាំងសមុទ្រ និងអ្វីៗនៅក្នុងសមុទ្រថា៖ «គ្មានពេលវេលាទៀតឡើយ 7 ដ្បិតនៅគ្រានៃសំឡេងត្រែរបស់ទេវតាទីប្រាំពីរដែលលោកបម្រុងនឹងផ្លុំ នោះសេចក្ដីអាថ៌កំបាំងរបស់ព្រះជាម្ចាស់នឹងបានសម្រេចដូចព្រះអង្គបានប្រកាសប្រាប់ពួកអ្នកនាំព្រះបន្ទូលជាបាវបម្រើរបស់ព្រះអង្គ»។ 8 បន្ទាប់មក សំឡេងដែលខ្ញុំបានឮពីលើមេឃនោះ ក៏និយាយមកកាន់ខ្ញុំម្ដងទៀតថា៖ «ចូរទៅយកសៀវភៅដែលបានបើកជាស្រេចនៅក្នុងដៃទេវតាដែលឈរលើសមុទ្រ និងលើដីគោកនោះចុះ»។ 9 ដូច្នេះខ្ញុំក៏ទៅ ហើយប្រាប់ទេវតានោះឲ្យប្រគល់សៀវភៅតូចនោះមកខ្ញុំ។ ទេវតានោះក៏និយាយមកខ្ញុំថា៖ «ចូរយកសៀវភៅនេះទៅបរិភោគចុះ សៀវភៅនេះនឹងធ្វើឲ្យពោះអ្នកល្វីង ប៉ុន្ដែនៅក្នុងមាត់អ្នកនឹងផ្អែមដូចទឹកឃ្មុំ»។ 10 ខ្ញុំក៏យកសៀវភៅតូចនោះពីដៃទេវតា រួចបរិភោគទៅ ហើយនៅក្នុងមាត់ខ្ញុំសៀវភៅតូចនោះផ្អែមដូចទឹកឃ្មុំ លុះពេលខ្ញុំបរិភោគរួចហើយ ក៏ធ្វើឲ្យពោះខ្ញុំល្វីងមែន។ 11 បន្ទាប់មក ពួកគេប្រាប់ខ្ញុំថា៖ «អ្នកត្រូវថ្លែងព្រះបន្ទូលម្ដងទៀតអំពីជនជាតិ អំពីប្រទេស អំពីភាសា និងអំពីស្ដេចជាច្រើន»។ |
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.