លូកា 1:35 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតា*ឆ្លើយទៅនាងវិញថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធ*នឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះ គេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធ ដែលត្រូវប្រសូតមកនោះថា “ព្រះបុត្រារបស់ព្រះជាម្ចាស់”។ ព្រះគម្ពីរខ្មែរសាកល ទូតសួគ៌តបនឹងនាងថា៖ “ព្រះវិញ្ញាណដ៏វិសុទ្ធនឹងសណ្ឋិតលើនាង ហើយព្រះចេស្ដារបស់ព្រះដ៏ខ្ពស់បំផុតនឹងគ្របដណ្ដប់នាង ហេតុនេះហើយបានជាកូនដ៏វិសុទ្ធដែលកើតមកនោះ នឹងត្រូវបានហៅថា ព្រះបុត្រារបស់ព្រះ។ Khmer Christian Bible ទេវតាឆ្លើយតបទៅនាងថា៖ «ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយអំណាចនៃព្រះដ៏ខ្ពស់បំផុតនឹងគ្របបាំងនាងដោយស្រមោល។ ដូច្នេះគេនឹងហៅបុត្រតូចដ៏បរិសុទ្ធដែលនឹងកើតមកនោះថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតាក៏ឆ្លើយទៅនាងថា៖ «ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុតនឹងគ្របបាំងនាងដោយស្រមោល ហេតុនេះ បុត្រដែលនឹងប្រសូតមកនោះ ជាបុត្របរិសុទ្ធ គេនឹងហៅទ្រង់ថា "ព្រះរាជបុត្រានៃព្រះ"។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេវតាក៏ឆ្លើយថា ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុត នឹងមកគ្របបាំងនាងដោយស្រមោល ហេតុដូច្នេះ បុត្របរិសុទ្ធដែលនឹងប្រសូតមកនោះ ត្រូវហៅថាជាព្រះរាជបុត្រានៃព្រះ អាល់គីតាប ម៉ាឡាអ៊ីកាត់ឆ្លើយទៅនាងវិញថា៖ «រសអុលឡោះដ៏វិសុទ្ធនឹងមកសណ្ឋិតលើនាង គឺអំណាចរបស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុត នឹងគ្របបាំងនាង។ ហេតុនេះ គេនឹងដាក់ឈ្មោះដល់បុត្រាដ៏វិសុទ្ធ ដែលត្រូវប្រសូតមកនោះថា “បុត្រារបស់អុលឡោះ”។ |
ចំណង់បើមនុស្សដ៏អាក្រក់ គួរស្អប់ខ្ពើម ដែលចូលចិត្តអំពើទុច្ចរិតដូចគេផឹកទឹក នោះព្រះអង្គរឹតតែមិនទុកចិត្តទៅទៀត!
ដូច្នេះ តើមនុស្សអាចតវ៉ាថាខ្លួនសុចរិត នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់បានឬ? តើអ្នកដែលកើតចេញពីស្ត្រីអះអាងថា ខ្លួនបរិសុទ្ធដូចម្ដេចកើត?
ខ្ញុំនឹងប្រកាសក្រឹត្យរបស់ព្រះអម្ចាស់ ព្រះអង្គមានព្រះបន្ទូលមកកាន់ខ្ញុំថា៖ «ព្រះអង្គជាបុត្ររបស់យើង! គឺយើងដែលបានបង្កើតព្រះអង្គនៅថ្ងៃនេះ ។
ទូលបង្គំមានកំហុសតាំងពីកំណើតមក ហើយទូលបង្គំមានបាបតាំងពី នៅក្នុងផ្ទៃម្ដាយមកម៉្លេះ!
នេះជាដំណើររឿងអំពីកំណើតរបស់ព្រះយេស៊ូគ្រិស្ត។ នាងម៉ារី មាតារបស់ព្រះអង្គ ត្រូវជាគូដណ្ដឹងរបស់លោកយ៉ូសែប។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីមានផ្ទៃពោះ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួចទៅហើយ។
ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវតា*របស់ព្រះអម្ចាស់មកប្រាប់លោក ក្នុងសុបិននិមិត្តថា៖ «លោកយ៉ូសែបជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ*អើយ សូមកុំខ្លាចនឹងទទួលនាងម៉ារីមកធ្វើជាភរិយាឡើយ! បុត្រដែលនៅក្នុងផ្ទៃនាង កើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធ*។
អ្នកនៅក្នុងទូកនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ ទាំងពោលថា៖ «ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។
កាលនាយទាហានរ៉ូម៉ាំង និងពួកទាហានដែលនៅយាមព្រះយេស៊ូ បានឃើញផែនដីរញ្ជួយ និងបានឃើញហេតុការណ៍ទាំងឡាយកើតឡើងដូច្នេះ គេកោតស្ញប់ស្ញែងជាខ្លាំង ហើយពោលថា៖ «លោកនេះ ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។
មេល្បួងចូលមកជិតព្រះអង្គ ពោលថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមធ្វើឲ្យដុំថ្មទាំងនេះទៅជានំប៉័ងមើល៍!»។
ដំណឹងល្អ*អំពីព្រះយេស៊ូគ្រិស្ត* ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ចាប់ផ្ដើមដូចតទៅ:
«ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតអើយ! តើព្រះអង្គចង់ធ្វើអ្វីយើង? ព្រះអង្គមកបំផ្លាញយើង! ខ្ញុំស្គាល់ព្រះអង្គហើយ ព្រះអង្គជាព្រះដ៏វិសុទ្ធ ដែលមកពីព្រះជាម្ចាស់»។
ដើម្បីជួបនឹងស្ត្រីក្រមុំព្រហ្មចារីម្នាក់ ជាគូដណ្ដឹងរបស់កំលោះម្នាក់ឈ្មោះ យ៉ូសែប ដែលត្រូវជាញាតិវង្សព្រះបាទដាវីឌ ស្ត្រីក្រមុំនោះឈ្មោះ នាងម៉ារី។
នាងម៉ារីសួរទៅទេវតាថា៖ «តើធ្វើដូចម្ដេចនឹងឲ្យការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផងដូច្នេះ?»។
ម្យ៉ាងទៀត នាងអេលីសាបិត ជាញាតិរបស់នាង មានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ ថែមទាំងជាស្ត្រីអារទៀតផងក៏ដោយ
ខ្ញុំបានឃើញដូច្នោះមែន ហើយខ្ញុំសូមបញ្ជាក់ថា លោកនេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន»។
លោកណាថាណែលទូលព្រះអង្គថា៖ «ព្រះគ្រូ! ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែលមែន»។
រីឯសេចក្ដីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងឲ្យអ្នករាល់គ្នាជឿថា ព្រះយេស៊ូពិតជាព្រះគ្រិស្ត និងពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយឲ្យអ្នករាល់គ្នាដែលជឿមានជីវិត ដោយរួមជាមួយព្រះអង្គ ។
លោកទាំងពីរចេះតែបន្តដំណើរទៅមុខ។ លុះដល់កន្លែងមួយមានទឹក លោកមន្ត្រីមានប្រសាសន៍ថា៖ «ទីនេះមានទឹក តើមានអ្វីឃាត់ខ្ញុំ មិនឲ្យទទួលពិធីជ្រមុជទឹក!»។
តែបើគិតតាមព្រះវិញ្ញាណ ដែលផ្ដល់ឲ្យមនុស្សបានវិសុទ្ធ*វិញ ព្រះជាម្ចាស់បានតែងតាំងព្រះអង្គ ជាព្រះបុត្រាប្រកបដោយឫទ្ធានុភាព ដោយប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ។
ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រិស្តទេតើ ដែលមានព្រះជន្មរស់នៅក្នុងរូបកាយខ្ញុំ។ រីឯជីវិតដែលខ្ញុំរស់ជាមនុស្សនាបច្ចុប្បន្នកាលនេះ ខ្ញុំរស់ដោយមានជំនឿទៅលើព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលបានស្រឡាញ់ខ្ញុំ និងបានបូជាព្រះជន្មសម្រាប់ខ្ញុំ។
រីឯយើងទាំងអស់គ្នាវិញ ពីដើម យើងក៏ដូចពួកគេដែរ យើងបានបណ្ដោយខ្លួនទៅតាមតណ្ហាលោភលន់នៃនិស្ស័យលោកីយ៍របស់យើង យើងប្រព្រឹត្តអំពើផ្សេងៗតាមបំណងចិត្តគំនិតរបស់លោកីយ៍។ ពីកំណើតមក យើងជាមនុស្សដែលត្រូវតែទទួលទោស ពីព្រះជាម្ចាស់ ដូចមនុស្សឯទៀតៗដែរ
ដ្បិតយើងមានមហាបូជាចារ្យ ដែលអាចរួមសុខទុក្ខជាមួយយើង ជាមនុស្សទន់ខ្សោយ គឺព្រះអង្គក៏ត្រូវរងការល្បងលគ្រប់ចំពូកដូចយើងដែរ តែព្រះអង្គមិនបានប្រព្រឹត្តអំពើបាបសោះឡើយ