Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 51 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


ពាក្យ​អធិស្ឋាន​សូម​ព្រះ‌អម្ចាស់​លើក‌លែង​ទោស
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង ទំនុក​របស់​ស្ដេច​ដាវីឌ។ នៅ​ពេល​ព្យាការី​ណាថាន​មក​គាល់​ស្ដេច​ដាវីឌ បន្ទាប់​ពី​ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នាង​បាត‌សេបា។

1 ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ដ៏​លើស‌លុប សូម​លើក‌លែង​ទោស​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ អាណិត​មេត្តា​ដ៏​ទូលំ‌ទូលាយ។

2 សូម​លុប​លាង​កំហុស​ទូលបង្គំ ឲ្យ​បាន​ស្អាត​ទាំង​ស្រុង សូម​ជម្រះ​ទូលបង្គំ​ឲ្យ​បាន​បរិសុទ្ធ រួច​ពី​បាប!

3 ទូលបង្គំ​ទទួល​សារ‌ភាព​ថា ទូលបង្គំ​បាន​ធ្វើ​ខុស​ហើយ អំពើ​បាប​របស់​ទូលបង្គំ​ដិត​ជាប់ នៅ​ក្នុង​អារម្មណ៍​ទូលបង្គំ​ជានិច្ច។

4 ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ ព្រះអង្គ គឺ​ទាស់​នឹង​ព្រះអង្គ​តែ​មួយ​គត់ ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​មួយ ដែល​ព្រះអង្គ​ចាត់​ទុក​ថា​ជា​អំពើ​អាក្រក់។ ទោះ​បី​ព្រះអង្គ​កាត់​ទោស​ទូលបង្គំ​យ៉ាង​ណា​ក្ដី ក៏​ព្រះអង្គ​នៅ​តែ​សុចរិត ហើយ​ទោះ​បី​ព្រះអង្គ​ធ្វើ​ទោស​ទូលបង្គំ​យ៉ាង​ណា​ក្ដី ក៏​ព្រះអង្គ​នៅ​តែ​ឥត​កំហុស​ដដែល។

5 ទូលបង្គំ​មាន​កំហុស​តាំង​ពី​កំណើត​មក ហើយ​ទូលបង្គំ​មាន​បាប​តាំង​ពី នៅ​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ!

6 ក៏​ប៉ុន្តែ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ នឹង​សេចក្ដី​ពិត​នៅ​ក្នុង​ជម្រៅ​ចិត្ត​មនុស្ស។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ មាន​ប្រាជ្ញា​នៅ​ក្នុង​ជម្រៅ​ដួង​ចិត្ត​ផង!

7 សូម​ជម្រះ​ទូលបង្គំ ដោយ​ស្លឹក​ហ៊ីសុប* នោះ​ទូលបង្គំ​នឹង​បាន​បរិសុទ្ធ សូម​លាង​សម្អាត​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​បាន​ស​ជាង​សំឡី​ទៅ​ទៀត ។

8 សូម​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ថា ព្រះអង្គ​អត់‌ទោស​ទូលបង្គំ​ហើយ នោះ​ទូលបង្គំ​មាន​អំណរ​សប្បាយ ហើយ​ចិត្ត​សោក​សង្រេង​របស់​ទូលបង្គំ នឹង​បាន​រីក‌រាយ​ឡើង​វិញ។

9 ព្រះអង្គ​អើយ សូម​កុំ​ទត​មើល អំពើ​បាប​របស់​ទូលបង្គំ​ឡើយ តែ​សូម​លុប​បំបាត់​កំហុស​ទាំង​ប៉ុន្មាន របស់​ទូលបង្គំ​ទៅ។

10 ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​បរិសុទ្ធ សូម​ប្រទាន​ចិត្ត​គំនិត​ថ្មី​ដ៏​រឹង‌ប៉ឹង​មក​ទូលបង្គំ​ផង។

11 សូម​កុំ​បោះ​បង់​ទូលបង្គំ​ឲ្យ​នៅ​ឆ្ងាយ​ពី​ព្រះអង្គ សូម​កុំ​ដក​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ របស់​ព្រះអង្គ​ចេញ​ពី​ទូលបង្គំ​ឡើយ។

12 សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​អំណរ ព្រោះ​តែ​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ សូម​គាំទ្រ​ទូលបង្គំ ដោយ​ប្រទាន​ឲ្យ​ទូលបង្គំ មាន​ចិត្ត​ទូលាយ​មក​ពី​ព្រះ‌វិញ្ញាណ។

13 ទូលបង្គំ​នឹង​ប្រៀន‌ប្រដៅ​មនុស្ស​ពាល ទាំង‌ឡាយ​ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ នោះ​ពួក​គេ​នឹង​បែរ​ចិត្ត​វិល​មក​រក​ព្រះអង្គ​វិញ។

14 ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​នៃ​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ស្លាប់ នោះ​ទូលបង្គំ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិត របស់​ព្រះអង្គ​ដោយ​អំណរ។

15 ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ទូលបង្គំ​ឲ្យ​បន្លឺ​សំឡេង ពោល​ពាក្យ​សរសើរ​តម្កើង​ព្រះអង្គ​ផង។

16 ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​ទូលបង្គំ​ថ្វាយ​យញ្ញ‌បូជា​ទេ ទោះ​បី​តង្វាយ​ដុត​ទាំង​មូល ក៏​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ដែរ។

17 យញ្ញ‌បូជា​ដែល​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​ទូលបង្គំ​ថ្វាយ គឺ​ចិត្ត​សោក​ស្ដាយ ព្រះអង្គ​តែងតែ​ទទួល​ចិត្ត​សោក​ស្ដាយ និង​ចិត្ត​លែង​មាន​អំនួត។

18 ព្រះ‌អម្ចាស់​អើយ សូម​ប្រោស‌ប្រណី​ក្រុង​ស៊ីយ៉ូន ហើយ​សូម​មេត្តា​ប្រទាន​ឲ្យ ក្រុង​យេរូ‌សាឡឹម​បាន​រឹង‌មាំ​ឡើង​វិញ​ផង។

19 ពេល​នោះ ព្រះអង្គ​មុខ​ជា​គាប់​ព្រះ‌ហឫទ័យ នឹង​តង្វាយ​ដែល​ស្រប​តាម​វិន័យ*​របស់​ព្រះអង្គ គឺ​តង្វាយ​ដុត​ទាំង​មូល ហើយ​គេ​នឹង​យក​គោ​ឈ្មោល មក​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ព្រះអង្គ​ដែរ។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម