ខ្ញុំនឹងប្រកាសក្រឹត្យរបស់ព្រះអម្ចាស់ ព្រះអង្គមានព្រះបន្ទូលមកកាន់ខ្ញុំថា៖ «ព្រះអង្គជាបុត្ររបស់យើង! គឺយើងដែលបានបង្កើតព្រះអង្គនៅថ្ងៃនេះ ។
យ៉ូហាន 1:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបន្ទូលបានកើតមកជាមនុស្ស ហើយគង់នៅ ក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងនៃព្រះបុត្រាតែមួយគត់ ដែលមកពីព្រះបិតា ព្រះអង្គពោរពេញទៅដោយព្រះគុណ និងសេចក្ដីពិត។ ព្រះគម្ពីរខ្មែរសាកល ព្រះបន្ទូលបានក្លាយជាសាច់ឈាម ហើយតាំងលំនៅក្នុងចំណោមយើង។ យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងរបស់ព្រះបុត្រាតែមួយពីព្រះបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។ Khmer Christian Bible ព្រះបន្ទូលបានត្រលប់ជាសាច់ឈាម គង់នៅក្នុងចំណោមយើង ហើយយើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ដែលជាសិរីរុងរឿងនៃព្រះរាជបុត្រាតែមួយគត់មកពីព្រះវរបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយគង់នៅក្នុងចំណោមយើង យើងបានឃើញសិរីល្អរបស់ព្រះអង្គ គឺជាសិរីល្អនៃព្រះរាជបុត្រាតែមួយ ដែលមកពីព្រះវរបិតា មានពេញដោយព្រះគុណ និងសេចក្តីពិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ នឹងសេចក្ដីពិត អាល់គីតាប បន្ទូលនៃអុលឡោះបានកើតមកជាមនុស្ស ហើយនៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់គាត់ ជាសិរីរុងរឿងនៃបុត្រាតែមួយគត់ដែលមកពីអុលឡោះជាបិតា គាត់ពោរពេញទៅដោយសេចក្តីប្រណីសន្តោស និងសេចក្ដីពិត។ |
ខ្ញុំនឹងប្រកាសក្រឹត្យរបស់ព្រះអម្ចាស់ ព្រះអង្គមានព្រះបន្ទូលមកកាន់ខ្ញុំថា៖ «ព្រះអង្គជាបុត្ររបស់យើង! គឺយើងដែលបានបង្កើតព្រះអង្គនៅថ្ងៃនេះ ។
ក្នុងចំណោមបុរសទាំងអស់ មានតែព្រះអង្គទេដែលរូបសម្បត្តិល្អជាងគេ ព្រះអង្គមានសំនួនវោហារដ៏ពូកែ ហេតុនេះហើយបានជាព្រះជាម្ចាស់ ប្រទានពរដល់ព្រះអង្គរហូតតទៅ។
ពិតមែនហើយ ព្រះអង្គនឹងសង្គ្រោះអស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គក្នុងពេលឆាប់ៗ សិរីរុងរឿងរបស់ព្រះអង្គនឹងមកសណ្ឋិត នៅលើទឹកដីរបស់យើង។
ពេលនោះ ព្រះអម្ចាស់នឹងសម្តែងសិរីរុងរឿង ឲ្យមនុស្សលោកឃើញក្នុងពេលជាមួយគ្នា ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ»។
នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ អ្នកបម្រើប្រៀបបាននឹងពន្លកមួយ ដែលលូតលាស់មិនសូវល្អ ដូចដំណាំដែលដុះចេញពីដីហួតហែង។ លោកគ្មានរូបសម្បត្តិ និងគ្មានកិត្តិយសថ្លៃថ្នូរ គួរឲ្យចាប់អារម្មណ៍ឡើយ ហើយលោកក៏គ្មានរូបរាងអ្វីគួរឲ្យ ទាក់ទាញចិត្តយើងដែរ។
ហេតុនេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទាន ទីសម្គាល់មួយដល់អ្នករាល់គ្នា។ មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រាមួយ ហើយថ្វាយព្រះនាមថា «អេម៉ាញូអែល»។
ដំណាក់របស់យើងនឹងស្ថិតនៅជាមួយពួកគេ យើងនឹងទៅជាព្រះរបស់ពួកគេ ហើយពួកគេទៅជាប្រជារាស្ត្ររបស់យើង។
លោកយ៉ាកុបបង្កើតលោកយ៉ូសែប ជាស្វាមីរបស់នាងម៉ារី ដែលបង្កើតព្រះយេស៊ូហៅថាព្រះគ្រិស្ត*។
យប់នេះ នៅក្នុងភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រះសង្គ្រោះរបស់អ្នករាល់គ្នាប្រសូតហើយ គឺព្រះគ្រិស្តជាអម្ចាស់។
នាងសម្រាលបានបុត្រមួយ ជាបុត្រច្បង។ នាងរុំបុត្រនោះនឹងសំពត់ រួចដាក់ឲ្យផ្ទំក្នុងស្នូកសត្វ ដ្បិតពុំមានសល់កន្លែងសំណាក់ក្នុងផ្ទះសោះ។
លោកពេត្រុស និងមិត្តភក្ដិរបស់លោកសម្រាន្ដលង់លក់។ លុះភ្ញាក់ឡើង គេឃើញសិរីរុងរឿងរបស់ព្រះយេស៊ូ និងឃើញលោកទាំងពីរឈរជាមួយព្រះអង្គ។
កាលពីដើមដំបូងបង្អស់ ព្រះបន្ទូល មានព្រះជន្មគង់នៅ។ ព្រះបន្ទូលគង់នៅជាមួយ ព្រះជាម្ចាស់ ហើយព្រះបន្ទូលជាព្រះជាម្ចាស់។
ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំបានប្រាប់នាងរួចមកហើយថា បើនាងជឿ នាងនឹងឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់»។
ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។
ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ភីលីពអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតាំងពីយូរមកហើយ ម្ដេចអ្នកនៅតែមិនស្គាល់ខ្ញុំ!។ អ្នកណាបានឃើញខ្ញុំ ក៏បានឃើញព្រះបិតាដែរ។ ហេតុដូចម្ដេចបានជាអ្នកថា សូមបង្ហាញព្រះបិតាឲ្យយើងខ្ញុំឃើញផងដូច្នេះ?
រីឯសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំបានប្រគល់ទៅឲ្យគេហើយ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ
ឱព្រះបិតាអើយ! ទូលបង្គំចង់ឲ្យអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំ បាននៅជាមួយទូលបង្គំ ឯកន្លែងដែលទូលបង្គំនៅនោះដែរ ដើម្បីឲ្យគេឃើញសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ព្រោះព្រះអង្គបានស្រឡាញ់ទូលបង្គំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។
លោកពីឡាតទូលសួរព្រះអង្គថា៖ «បើដូច្នេះ តើអ្នកជាស្ដេចមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកទេតើ ដែលមានប្រសាសន៍ថា ខ្ញុំជាស្ដេច។ ខ្ញុំកើតមក ហើយខ្ញុំមកក្នុងលោកនេះ ដើម្បីផ្ដល់សក្ខីភាពអំពីសេចក្ដីពិត អ្នកណាកើតពីសេចក្ដីពិត អ្នកនោះនឹងស្ដាប់សំឡេងខ្ញុំ»។
នេះជាទីសម្គាល់ដំបូងបង្អស់ដែលព្រះយេស៊ូបានធ្វើ នៅភូមិកាណា ក្នុងស្រុកកាលីឡេ។ ព្រះអង្គបានសម្តែងសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សក៏បានជឿលើព្រះអង្គ។
ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច គឺមិនឲ្យគេវិនាសឡើយ។
អ្នកជឿលើព្រះបុត្រាមិនត្រូវទទួលទោសទេ រីឯអ្នកមិនជឿបានទទួលទោសរួចស្រេចទៅហើយ ព្រោះគេពុំបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់។
ខ្ញុំនេះហើយជាអាហារដែលមានជីវិត ចុះមកពីស្ថានបរមសុខ។ អ្នកណាបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច។ អាហារដែលខ្ញុំនឹងឲ្យនោះ គឺខ្លួនខ្ញុំ ផ្ទាល់ដែលត្រូវបូជាសម្រាប់ឲ្យមនុស្សលោកមានជីវិត»។
អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។
ព្រះអង្គបានធ្វើតាម ដើម្បីជាប្រយោជន៍ដល់យើង ដែលជាពូជពង្សរបស់លោកទាំងនោះហើយ គឺព្រះអង្គបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ ដូចមានចែងទុកក្នុងទំនុកតម្កើង ទីពីរថា: ព្រះអង្គជាបុត្ររបស់យើង គឺយើងដែលបានបង្កើតព្រះអង្គមក នៅថ្ងៃនេះ ។
ការអ្វីដែលក្រឹត្យវិន័យធ្វើពុំកើត ព្រោះនិស្ស័យលោកីយ៍បានធ្វើឲ្យក្រឹត្យវិន័យនោះទៅជាអស់ឫទ្ធិ ព្រះជាម្ចាស់បានសម្រេចការនោះរួចទៅហើយ គឺព្រោះតែបាប ព្រះអង្គចាត់ព្រះបុត្រារបស់ព្រះអង្គផ្ទាល់ឲ្យយាងមក មាននិស្ស័យជាមនុស្ស ដូចមនុស្សឯទៀតៗដែលមានបាប ដើម្បីដាក់ទោសបាបក្នុងនិស្ស័យជាមនុស្ស។
មានបុព្វបុរស ហើយព្រះគ្រិស្តក៏កើតមកជាមនុស្សក្នុងពូជពង្សរបស់ពួកគេថែមទៀតផង ព្រះអង្គជាព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់លើអ្វីៗទាំងអស់ សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច អាម៉ែន!
មនុស្សទីមួយកើតចេញពីដីមក មានលក្ខណៈជាដី។ រីឯមនុស្សទីពីរវិញ កើតមកពីស្ថានបរមសុខ*។
ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា «ព្រះគុណរបស់យើងបានផ្ដល់មកល្មមគ្រប់គ្រាន់សម្រាប់អ្នកហើយ ដ្បិតឫទ្ធានុភាពរបស់យើងនឹងលេចចេញមកយ៉ាងខ្លាំងបំផុត ក្នុងមនុស្សទន់ខ្សោយ»។ ដូច្នេះ ខ្ញុំចូលចិត្តអួតខ្លួនអំពីភាពទន់ខ្សោយរបស់ខ្ញុំជាង ដើម្បីឲ្យឫទ្ធានុភាពរបស់ព្រះគ្រិស្តមកសណ្ឋិតលើខ្ញុំ។
ប៉ុន្តែ លុះដល់ពេលកំណត់ហើយ ព្រះជាម្ចាស់ក៏ចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យមកប្រសូតចេញពីស្ត្រី ហើយប្រសូតក្រោមអំណាចរបស់វិន័យផង
ទោះបីខ្ញុំមានឋានៈតូចជាងគេបំផុតក្នុងចំណោមប្រជាជនដ៏វិសុទ្ធ*ក្ដី ក៏ព្រះជាម្ចាស់បានផ្ដល់ព្រះគុណនេះមកខ្ញុំ ដើម្បីនាំដំណឹងល្អទៅប្រាប់សាសន៍ដទៃ អំពីព្រះជន្មដ៏បរិបូណ៌បំផុតរបស់ព្រះគ្រិស្ត ដែលមនុស្សលោកគិតមិនដល់នោះដែរ។
ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យ គ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រិស្ត។
ដ្បិតព្រះតម្រិះ និងព្រះប្រាជ្ញាញាណដ៏ខ្ពង់ខ្ពស់ របស់ព្រះជាម្ចាស់ សុទ្ធតែលាក់ទុកក្នុងអង្គព្រះគ្រិស្តហ្នឹងហើយ។
ដ្បិតគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយព្រះគ្រិស្ត។
យើងត្រូវទទួលស្គាល់ថា គម្រោងការដ៏លាក់កំបាំងនៃការគោរពប្រណិប័តន៍ព្រះជាម្ចាស់នោះធំណាស់ គឺថា: ព្រះជាម្ចាស់បានបង្ហាញឲ្យយើង ស្គាល់ព្រះគ្រិស្តក្នុងឋានៈជាមនុស្ស ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យសុចរិត ដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ គេប្រកាសអំពីព្រះអង្គ នៅក្នុងចំណោមជាតិសាសន៍នានា គេបានជឿលើព្រះគ្រិស្ត ព្រះជាម្ចាស់បានលើកព្រះអង្គឡើង ឲ្យមានសិរីរុងរឿង។
ព្រះបុត្រានេះជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈដូចព្រះអង្គបេះបិទ។ ព្រះបុត្រាទ្រទ្រង់អ្វីៗទាំងអស់ ដោយសារព្រះបន្ទូលប្រកបដោយឫទ្ធានុភាព។ លុះព្រះអង្គប្រោសមនុស្សឲ្យបរិសុទ្ធ*ផុតពីបាប*រួចហើយ ព្រះអង្គក៏គង់នៅខាងស្ដាំព្រះដ៏ឧត្តុង្គឧត្ដមនាស្ថានដ៏ខ្ពង់ខ្ពស់បំផុត។
ព្រះជាម្ចាស់ពុំដែលមានព្រះបន្ទូលទៅកាន់ទេវតាណាម្នាក់ថា៖ «ព្រះអង្គជាបុត្ររបស់យើង គឺយើងហ្នឹងហើយដែលបានទទួលព្រះអង្គ ធ្វើជាបុត្រនៅថ្ងៃនេះ» ឬមានព្រះបន្ទូលថា៖ «យើងនឹងធ្វើជាបិតារបស់ព្រះអង្គ ហើយព្រះអង្គនឹងទៅជាបុត្រារបស់យើង» សោះឡើយ។
ហេតុនេះ នៅពេលដែលព្រះគ្រិស្តយាងចូលមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលទៅកាន់ព្រះជាម្ចាស់ថា៖ «ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានធ្វើរូបកាយមួយឲ្យទូលបង្គំ
ព្រះយេស៊ូដែលប្រោសមនុស្សឲ្យវិសុទ្ធ* និងមនុស្សដែលព្រះអង្គប្រោសឲ្យវិសុទ្ធនោះ ចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាព្រះយេស៊ូ មិនខ្មាសនឹងហៅគេថាជាបងប្អូនរបស់ព្រះអង្គឡើយ
រីឯព្រះគ្រិស្តវិញក៏ដូច្នោះដែរ ព្រះអង្គពុំបានលើកតម្កើងព្រះអង្គផ្ទាល់ធ្វើជាមហាបូជាចារ្យឡើយ គឺព្រះជាម្ចាស់ទេតើដែលបានតែងតាំងព្រះអង្គ ដោយមានព្រះបន្ទូលមកកាន់ព្រះអង្គថា៖ «ព្រះអង្គជាបុត្ររបស់យើង គឺយើងហ្នឹងហើយដែលបាន ទទួលព្រះអង្គធ្វើជាបុត្រនៅថ្ងៃនេះ» ។
រីឯយើងវិញ យើងបានឃើញ ហើយយើងផ្ដល់សក្ខីភាពថា ព្រះបិតាបានចាត់ព្រះបុត្រាឲ្យយាងមកសង្គ្រោះមនុស្សលោក។
ព្រះជាម្ចាស់បានសម្តែងព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គក្នុងចំណោមយើង គឺព្រះអង្គបានចាត់ព្រះបុត្រាតែមួយគត់របស់ព្រះអង្គឲ្យយាងមកក្នុងលោកនេះ ដើម្បីឲ្យយើងមានជីវិតដោយសារព្រះបុត្រា។
មានអ្នកបោកបញ្ឆោតជាច្រើននាក់បានចូលមកក្នុងលោកនេះ ពួកគេពុំទទួលស្គាល់ថា ព្រះយេស៊ូគ្រិស្ត*បានយាងមកជាមនុស្សទេ។ ជនប្រភេទនេះហើយដែលជាអ្នកបោកបញ្ឆោត និងជាមេប្រឆាំង*ព្រះគ្រិស្ត។
ព្រះអង្គមានសម្លៀកបំពាក់ទទឹកឈាមជោក។ ព្រះអង្គមានព្រះនាមថា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់»។
ខ្ញុំឮសំឡេងបន្លឺយ៉ាងខ្លាំងៗចេញពីបល្ល័ង្កមកថា៖ «មើលហ្ន៎ ព្រះពន្លា របស់ព្រះជាម្ចាស់ស្ថិតនៅជាមួយមនុស្សលោកហើយ! ព្រះអង្គនឹងស្ថិតនៅក្នុងចំណោមពួកគេ ពួកគេនឹងទៅជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយព្រះជាម្ចាស់ផ្ទាល់នឹងគង់ជាមួយពួកគេ។