ទំនុកតម្កើង 85 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយ សូមពង្រឹងយើងខ្ញុំឡើងវិញ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់កូនចៅលោកកូរេ។ 1 ឱព្រះអម្ចាស់អើយ ព្រះអង្គគាប់ព្រះហឫទ័យ នឹងទឹកដីរបស់ព្រះអង្គ ព្រះអង្គបាននាំពូជពង្សរបស់លោកយ៉ាកុប ដែលគេចាប់យកទៅជាឈ្លើយនោះ ឲ្យត្រឡប់មកវិញ ។ 2 ព្រះអង្គបានលើកលែងទោស ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គបានអត់ទោសគេឲ្យរួច ពីអំពើបាបទាំងប៉ុន្មាន។ - សម្រាក 3 ព្រះអង្គបានដកព្រះពិរោធចេញពីយើងខ្ញុំ ព្រះអង្គឈប់ខ្ញាល់នឹងយើងខ្ញុំទៀតហើយ។ 4 ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយ សូមពង្រឹងយើងខ្ញុំឡើងវិញ សូមឈប់ប្រកែប្រកាន់យើងខ្ញុំទៀតទៅ។ 5 តើព្រះអង្គខ្ញាល់នឹងយើងខ្ញុំរហូតឬ? តើព្រះអង្គទ្រង់ព្រះពិរោធនឹងយើងខ្ញុំ អស់កល្បជាអង្វែងតរៀងទៅឬ? 6 តើព្រះអង្គមិនយាងមកវិញ ប្រទានឲ្យយើងខ្ញុំរស់រានមានជីវិត ដើម្បីឲ្យប្រជារាស្ត្ររបស់ព្រះអង្គ មានអំណរសប្បាយរួមជាមួយព្រះអង្គទេឬ? 7 ឱព្រះអម្ចាស់អើយ សូមសម្តែងព្រះហឫទ័យ មេត្តាករុណាចំពោះយើងខ្ញុំ ហើយសូមសង្គ្រោះយើងខ្ញុំផង! 8 ខ្ញុំត្រងត្រាប់ស្ដាប់សេចក្ដីដែលព្រះជាអម្ចាស់ មានព្រះបន្ទូល ដ្បិតព្រះអង្គមានព្រះបន្ទូលថា នឹងប្រទាន សេចក្ដីសុខសាន្តមកប្រជារាស្ត្រ ដែលជឿលើ ព្រះអង្គ គឺអស់អ្នកដែលមិនបែរចិត្តគំនិត ទៅរកអំពើលេលារបស់ខ្លួនវិញ។ 9 ពិតមែនហើយ ព្រះអង្គនឹងសង្គ្រោះអស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គក្នុងពេលឆាប់ៗ សិរីរុងរឿងរបស់ព្រះអង្គនឹងមកសណ្ឋិត នៅលើទឹកដីរបស់យើង។ 10 ព្រះអម្ចាស់នឹងសម្តែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើង ធ្វើឲ្យយើងស្គាល់យុត្តិធម៌ និងសេចក្ដីសុខសាន្ត។ 11 ពេលនោះ សេចក្ដីពិតនឹងដុះចេញពីដីមក ហើយក៏មានសេចក្ដីសុចរិត លេចចេញមកពីផ្ទៃមេឃដែរ។ 12 ព្រះអម្ចាស់ផ្ទាល់ប្រទានសុភមង្គលមកយើង ទឹកដីរបស់យើងក៏បង្កើតភោគផល។ 13 សេចក្ដីសុចរិតដើរនៅមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies