ហេព្រើរ 2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ការសង្គ្រោះដ៏ថ្លៃវិសេស 1 ហេតុនេះហើយបានជាយើងត្រូវយកចិត្តទុកដាក់នឹងសេចក្ដីប្រៀនប្រដៅ ដែលយើងបានស្ដាប់ឲ្យមែនទែន ក្រែងលោយើងត្រូវរសាត់បាត់ទៅ។ 2 ប្រសិនបើព្រះបន្ទូលដែលពួកទេវតាថ្លែងប្រាប់យកជាការបាន ហើយបើអ្នកដែលប្រព្រឹត្តល្មើស និងមិនស្ដាប់តាម បានទទួលទោសយ៉ាងហ្នឹងទៅហើយ 3 ចុះចំណង់បើយើងវិញ ធ្វើម្ដេចនឹងឲ្យរួចខ្លួនបាន បើយើងធ្វេសប្រហែសនឹងការសង្គ្រោះដ៏ថ្លៃវិសេសនេះ? ជាបឋម ព្រះអម្ចាស់បានថ្លែងអំពីការសង្គ្រោះ ហើយអស់អ្នកដែលបានស្ដាប់ក៏បញ្ជាក់ប្រាប់យើងដែរ។ 4 ព្រះជាម្ចាស់ផ្ដល់សក្ខីភាពរួមជាមួយពួកគេ ដោយសម្តែងទីសម្គាល់ ឫទ្ធិបាដិហារិយ៍ ការអស្ចារ្យគ្រប់យ៉ាង ព្រមទាំងចែកព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ*មក ស្របតាមព្រះហឫទ័យព្រះអង្គផង។ 5 ព្រះជាម្ចាស់ពុំបានប្រគល់ឲ្យពួកទេវតា*ត្រួតត្រាពិភពលោកខាងមុខ ដូចយើងធ្លាប់និយាយនោះទេ។ 6 ផ្ទុយទៅវិញ មានម្នាក់បានផ្ដល់សក្ខីភាពនៅក្នុងវគ្គមួយដែលចែងថា៖ «តើមនុស្សមានឋានៈអ្វីបានជាព្រះអង្គនឹក ដល់គេដូច្នេះ តើបុត្រមនុស្សជាអ្វីដែរបានជាព្រះអង្គយក ព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ»? 7 «ព្រះអង្គបានធ្វើឲ្យគេមានឋានៈទាបជាង ទេវតាតែមួយរយៈប៉ុណ្ណោះ ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់គេ ទុកជាមកុដរាជ្យ 8 ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ឲ្យ នៅក្រោមជើងរបស់គេ» ។ ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឥតទុកឲ្យមានអ្វីមួយនៅសល់ ដែលពុំបានចុះចូលនោះឡើយ។ ប៉ុន្តែ នៅពេលនេះ យើងពុំឃើញថា អ្វីៗសព្វសារពើសុទ្ធតែបានចុះចូលនឹងអំណាចរបស់មនុស្សហើយនោះទេ 9 តែយើងឃើញថា ព្រះយេស៊ូដែលមានឋានៈទាបជាងពួកទេវតាមួយរយៈ ព្រោះព្រះអង្គបានរងទុក្ខ និងសោយទិវង្គតនោះ ឥឡូវនេះ ព្រះអង្គទទួលសិរីរុងរឿង និងព្រះកិត្តិនាមទុកជាមកុដរាជ្យ។ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ព្រះគ្រិស្តបានសោយទិវង្គតសម្រាប់មនុស្សគ្រប់ៗរូប។ 10 អ្វីៗទាំងអស់មានជីវិតដោយសារព្រះជាម្ចាស់ និងសម្រាប់ព្រះអង្គ ទ្រង់សព្វព្រះហឫទ័យនឹងនាំបុត្រធីតាជាច្រើនឲ្យទទួលសិរីរុងរឿង ដូច្នេះ គួរគប្បីព្រះអង្គប្រោសប្រទានឲ្យម្ចាស់នៃការសង្គ្រោះ បានគ្រប់លក្ខណៈ ដោយរងទុក្ខលំបាក។ 11 ព្រះយេស៊ូដែលប្រោសមនុស្សឲ្យវិសុទ្ធ* និងមនុស្សដែលព្រះអង្គប្រោសឲ្យវិសុទ្ធនោះ ចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាព្រះយេស៊ូ មិនខ្មាសនឹងហៅគេថាជាបងប្អូនរបស់ព្រះអង្គឡើយ 12 គឺព្រះអង្គមានព្រះបន្ទូលថា៖ «ទូលបង្គំនឹងផ្សាយដំណឹងអំពីព្រះនាម របស់ព្រះអង្គឲ្យបងប្អូនទូលបង្គំស្គាល់ ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំ» ។ 13 ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ទូលបង្គំទុកចិត្តលើព្រះអង្គ» ហើយថា«ខ្ញុំនៅឯនេះរួមជាមួយនឹងកូនចៅ ដែលព្រះជាម្ចាស់ប្រទានឲ្យខ្ញុំ» ។ 14 ដោយកូនចៅនោះជាប់សាច់ឈាមជាមួយគ្នា ព្រះអង្គក៏បានយកឋានៈជាមនុស្សរួមជាមួយគេដែរ ហើយព្រះអង្គសោយទិវង្គត ដើម្បីកម្ទេចមារ*ដែលមានអំណាចលើសេចក្ដីស្លាប់ 15 និងដើម្បីរំដោះអស់អ្នកដែលជាប់ជាទាសករមួយជីវិត ព្រោះតែខ្លាចស្លាប់។ 16 ព្រះយេស៊ូពិតជាពុំបានយាងមកជួយពួកទេវតា*ទេ គឺព្រះអង្គមកជួយពូជពង្សរបស់លោកអប្រាហាំវិញ។ 17 ហេតុនេះហើយបានជាព្រះអង្គត្រូវតែមានលក្ខណៈដូចបងប្អូនរបស់ព្រះអង្គគ្រប់ចំពូកទាំងអស់ ដើម្បីធ្វើជាមហាបូជាចារ្យ* ដែលមានចិត្តមេត្តាករុណា មានចិត្តស្មោះត្រង់ក្នុងការបម្រើព្រះជាម្ចាស់ និងដើម្បីរំដោះប្រជាជនឲ្យរួចផុតពីបាប*ផង។ 18 ដោយព្រះអង្គផ្ទាល់បានរងទុក្ខលំបាក នៅពេលជួបការល្បងល ព្រះអង្គក៏អាចជួយអស់អ្នកដែលជួបនឹងការល្បងលបានដែរ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies