២ យ៉ូហាន 1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥បុរេកថា 1 ខ្ញុំជាចាស់ទុំ សូមជម្រាបមកលោកស្រី ដែលព្រះជាម្ចាស់បានជ្រើសរើស និងជម្រាបមកកូនចៅរបស់លោកស្រី ដែលខ្ញុំស្រឡាញ់ តាមសេចក្ដីពិត មិនមែនតែខ្ញុំប៉ុណ្ណោះទេដែលស្រឡាញ់ គឺអស់អ្នកដែលបានស្គាល់សេចក្ដីពិតក៏ស្រឡាញ់ដែរ 2 ព្រោះតែសេចក្ដីពិតនៅជាប់នឹងយើងឥឡូវនេះ ហើយក៏នឹងនៅជាមួយយើង រៀងរហូតអស់កល្បជានិច្ច។ 3 សូមព្រះជាម្ចាស់ ជាព្រះបិតា និងព្រះយេស៊ូគ្រិស្ត* ជាព្រះបុត្រារបស់ព្រះអង្គ ប្រទានព្រះគុណ ព្រះហឫទ័យមេត្តាករុណា និងសេចក្ដីសុខសាន្តមកយើង ក្នុងសេចក្ដីពិត និងក្នុងសេចក្ដីស្រឡាញ់។ សេចក្ដីស្រឡាញ់រវាងបងប្អូន 4 ខ្ញុំសប្បាយចិត្តណាស់ ដោយបានឃើញកូនចៅរបស់លោកស្រីមួយចំនួនប្រតិបត្តិតាមសេចក្ដីពិត ស្របតាមបទបញ្ជាដែលយើងបានទទួលពីព្រះបិតាមក។ 5 ឥឡូវនេះ ខ្ញុំសូមអង្វរលោកស្រីថា យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ ខ្ញុំមិនសរសេរបទបញ្ជាថ្មីផ្ញើមកជូនទេ នេះគឺជាបទបញ្ជាដែលយើងបានទទួល តាំងពីដើមដំបូងមកម៉្លេះ។ 6 សេចក្ដីស្រឡាញ់មានដូចតទៅ: យើងត្រូវតែប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន។ នេះហើយជាបទបញ្ជាដែលអ្នករាល់គ្នាបានឮ តាំងពីដើមដំបូងមក ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម។ គ្រូក្លែងក្លាយ 7 មានអ្នកបោកបញ្ឆោតជាច្រើននាក់បានចូលមកក្នុងលោកនេះ ពួកគេពុំទទួលស្គាល់ថា ព្រះយេស៊ូគ្រិស្ត*បានយាងមកជាមនុស្សទេ។ ជនប្រភេទនេះហើយដែលជាអ្នកបោកបញ្ឆោត និងជាមេប្រឆាំង*ព្រះគ្រិស្ត។ 8 ចូរមើលគ្នាឯងឲ្យមែនទែន ក្រែងខូចផលប្រយោជន៍នៃកិច្ចការដែលអ្នករាល់គ្នា បានធ្វើ។ ផ្ទុយទៅវិញ ចូរខំឲ្យបានទទួលរង្វាន់ដ៏បរិបូណ៌។ 9 អ្នកណាមិនស្ថិតនៅជាប់នឹងព្រះឱវាទរបស់ព្រះគ្រិស្ត* គឺទៅហួស អ្នកនោះគ្មានព្រះជាម្ចាស់គង់ជាមួយទេ។ អ្នកណាស្ថិតនៅជាប់នឹងព្រះឱវាទរបស់ព្រះគ្រិស្ត ទើបមានព្រះបិតា និងព្រះបុត្រាគង់ជាមួយ។ 10 ប្រសិនបើមាននរណាម្នាក់មករកអ្នករាល់គ្នា តែមិននាំព្រះឱវាទនេះមកទេ កុំទទួលគេនៅក្នុងផ្ទះអ្នករាល់គ្នាឡើយ ហើយក៏មិនត្រូវជម្រាបសួរគេផង 11 ដ្បិតអ្នកណាជម្រាបសួរមនុស្សបែបនេះ ក៏ដូចជាសមគំនិតនឹងអំពើអាក្រក់របស់គេដែរ។ 12 ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវជម្រាបអ្នករាល់គ្នា តែខ្ញុំមិនចង់សរសេរផ្ញើមក តាមរយៈក្រដាស និងទឹកខ្មៅនេះទេ គឺខ្ញុំសង្ឃឹមថានឹងមកជួបអ្នករាល់គ្នា និយាយផ្ទាល់មាត់តែម្ដង ដើម្បីឲ្យយើងមានអំណរពេញលក្ខណៈ។ 13 កូនចៅបងស្រីរបស់លោកស្រី គឺបងស្រីដែលព្រះអង្គបានជ្រើសរើសនោះ ក៏សូមជម្រាបសួរមកលោកស្រីដែរ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies