យេរេមា 51:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរលើកទង់សញ្ញាវាយលុកស្រុកនេះ! ចូរផ្លុំស្នែងក្នុងចំណោមប្រជាជាតិទាំងឡាយ! ចូរប្រមូលប្រជាជាតិនានាវាយលុកក្រុងនេះ! ចូរហៅនគរទាំងឡាយ គឺនគរអារ៉ារ៉ាត មិនី និងអ័សក្នាស មកច្បាំងនឹងក្រុងនេះ! ចូរតែងតាំងឲ្យមានអ្នកកេណ្ឌទ័ព ចូរបញ្ជូនទ័ពសេះយ៉ាងច្រើនកុះករដូចកណ្ដូប! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរដំឡើងទង់ជ័យនៅក្នុងស្រុក ចូរផ្លុំត្រែនៅនាកណ្ដាលសាសន៍ទាំងប៉ុន្មាន ត្រូវប្រមូលផ្តុំអស់ទាំងសាសន៍ មកទាស់នឹងក្រុងបាប៊ីឡូនចុះ ចូរហៅនគរទាំងប៉ុន្មាននៅស្រុកអារ៉ារ៉ាត មីនី និងអ័សក្នាស ឲ្យគេមូលគ្នាមកទាស់នឹងទីក្រុង ចូរតាំងមេទ័ពធំម្នាក់ ឲ្យទាស់នឹងវាចុះ ហើយឲ្យមានសេះឡើងមក បែបដូចជាដង្កូវមានរោមច្រាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរដំឡើងទង់ជ័យនៅក្នុងស្រុក ចូរផ្លុំត្រែនៅនាកណ្តាលសាសន៍ទាំងប៉ុន្មាន ត្រូវឲ្យប្រមូលផ្តុំអស់ទាំងសាសន៍ មកទាស់នឹងក្រុងបាប៊ីឡូនចុះ ចូរហៅនគរទាំងប៉ុន្មាននៅស្រុកអារ៉ារ៉ាត មីនី នឹងអ័សក្នាស ឲ្យគេមូលគ្នាមកទាស់នឹងទីក្រុង ចូរតាំងមេទ័ពធំម្នាក់ ឲ្យទាស់នឹងវាចុះ ហើយឲ្យមានសេះឡើងមក បែបដូចជាដង្កូវមានរោមច្រាង អាល់គីតាប ចូរលើកទង់សញ្ញាវាយលុកស្រុកនេះ! ចូរផ្លុំស្នែងក្នុងចំណោមប្រជាជាតិទាំងឡាយ! ចូរប្រមូលប្រជាជាតិនានាវាយលុកក្រុងនេះ! ចូរហៅនគរទាំងឡាយ គឺនគរអារ៉ារ៉ាត មិនី និងអ័សក្នាស មកច្បាំងនឹងក្រុងនេះ! ចូរតែងតាំងឲ្យមានអ្នកកេណ្ឌទ័ព ចូរបញ្ជូនទ័ពសេះយ៉ាងច្រើនកុះករដូចកណ្ដូប! |
ថ្ងៃមួយ ពេលស្ដេចកំពុងតែថ្វាយបង្គំព្រះនីសរ៉ុក នៅក្នុងវិហារ នោះបុត្របង្កើតពីរអង្គរបស់ស្ដេច គឺអ័ឌរ៉ាម៉ាឡេក និងសារេស៊ើរ បានធ្វើគុតស្ដេចដោយមុខដាវ រួចនាំគ្នាគេចខ្លួនទៅតំបន់អារ៉ារ៉ាត។ ព្រះរាជបុត្រមួយអង្គទៀតព្រះនាមអេសារ-ហាដោន ឡើងស្នងរាជ្យ។
អ្នកទាំងអស់គ្នាដែលរស់នៅក្នុងពិភពលោក អ្នករាល់គ្នាជាប្រជាជននៅលើផែនដីអើយ ពេលណាគេដោតទង់ជាសញ្ញានៅលើភ្នំនានា ចូរនាំគ្នាសម្លឹងមើលទៅ ហើយពេលណាគេផ្លុំស្នែង ចូរនាំគ្នាស្ដាប់កុំបីខាន។
ថ្ងៃមួយ ពេលស្ដេចកំពុងតែថ្វាយបង្គំព្រះនីសរ៉ុក នៅក្នុងវិហារ នោះបុត្រាពីរអង្គរបស់ស្ដេច គឺអ័ឌរ៉ាម៉ាឡេក និងសារេស៊ើរ បានធ្វើគុតស្ដេចដោយមុខដាវ រួចនាំគ្នាគេចខ្លួនទៅតំបន់អារ៉ារ៉ាត។ បុត្រាមួយអង្គទៀតនាមអេសារ-ហាដោន បានឡើងស្នងរាជ្យ។
យើងក៏ឲ្យប្រជាជាតិជាច្រើន និងស្ដេចដ៏ខ្លាំងពូកែយកស្រុកបាប៊ីឡូននេះធ្វើជាចំណុះ។ យើងនឹងដាក់ទោសពួកគេ តាមអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្ត និងតាមស្នាដៃដែលគេបានសូនធ្វើ»។
ទ័ពសត្រូវនាំគ្នាកាប់ព្រៃឈើ ទោះបីព្រៃនោះពិបាកចូលក៏ដោយ ដ្បិតពួកគេមានចំនួនច្រើនឥតគណនា គឺច្រើនជាងហ្វូងកណ្ដូបទៅទៀត។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
«ចូរប្រកាសប្រាប់ប្រជាជាតិនានា ចូរប្រាប់ឲ្យពួកគេដឹង ចូរលើកទង់សញ្ញាឡើង! ចូរប្រាប់ឲ្យពួកគេដឹង កុំលាក់ឲ្យសោះ! ចូរប្រកាសថា: សត្រូវវាយយកបានក្រុងបាប៊ីឡូនហើយ! ព្រះបាលត្រូវអាម៉ាស់ ព្រះម៉ារ៉ូឌូកត្រូវរលំ រូបបដិមារបស់ពួកគេត្រូវអាម៉ាស់ ព្រះក្លែងក្លាយរបស់ពួកគេក៏ត្រូវរលំដែរ!។
ប្រជាជាតិមួយនៅទិសខាងជើង លើកទ័ពមកវាយក្រុងបាប៊ីឡូន ធ្វើឲ្យស្រុកនេះក្លាយទៅជាទីស្មសាន គ្មាននរណារស់នៅទៀតទេ គឺទាំងមនុស្ស ទាំងសត្វ រត់ចេញពីទីនោះ អស់គ្មានសល់។
យើងនឹងប្រមូលប្រជាជាតិនានា ដែលជាមហាអំណាច ពីស្រុកខាងជើង ឲ្យមកវាយលុកក្រុងបាប៊ីឡូន។ ប្រជាជាតិទាំងនោះនឹងរៀបក្បួនទ័ព វាយយកក្រុងនេះ ព្រួញរបស់ពួកគេបាញ់មិនចេះខុសទេ គឺប្រៀបដូចជាទាហានដ៏មានថ្វីដៃ ដែលឥតត្រឡប់មកវិញ ដោយពុំបានប្រហារជីវិតមនុស្សឡើយ។
ចូរលើកទង់សញ្ញាវាយលុកកំពែងក្រុងបាប៊ីឡូន ចូរបន្ថែមកងយាមល្បាត ចូរដាក់អ្នកយាមឲ្យឃ្លាំមើល ចូរបង្កប់ទាហានចាំវាយឆ្មក់ ដ្បិតព្រះអម្ចាស់សម្រេចតាមផែនការ ដែលព្រះអង្គមានព្រះបន្ទូលប្រឆាំង នឹងអ្នកក្រុងបាប៊ីឡូន។
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូល យ៉ាងម៉ឺងម៉ាត់ ក្នុងនាមព្រះអង្គផ្ទាល់ថា៖ «យើងនឹងនាំកងទ័ពដ៏ច្រើនដូចហ្វូងកណ្ដូប មកវាយលុកអ្នក ពួកគេស្រែកយកជ័យជម្នះលើអ្នក»។
ចូរប្រមូលប្រជាជាតិនានាវាយលុកក្រុងនេះ ដោយរួមជាមួយស្ដេចស្រុកមេឌី ព្រមទាំងពួកចៅហ្វាយខេត្ត ទេសាភិបាល និងនគរចំណុះទាំងប៉ុន្មានរបស់ពួកគេ។
«កូនចៅបេនយ៉ាមីនអើយ ចូររត់ចេញពីក្រុងយេរូសាឡឹមទៅ! ចូរផ្លុំត្រែនៅតូអា ចូរលើកទង់សញ្ញានៅបេតហាកេរែម ដ្បិតមហន្តរាយ និងទុក្ខវេទនា កំពុងតែមកពីទិសខាងជើង។
ចូរប្រកាសក្នុងចំណោមប្រជាជាតិនានាដូចតទៅ: ចូរញែកខ្លួនជាសក្ការៈ ដើម្បីធ្វើសឹក! ចូរប្រមូលទាហានដ៏ពូកែ! ចូរឲ្យអ្នកចម្បាំងចេញទៅសមរភូមិ!
បើគេផ្លុំត្រែប្រកាសភាពអាសន្នក្នុងក្រុងមួយ តើប្រជាជនមិនជ្រួលច្របល់ឬ? បើព្រះអម្ចាស់មិនដាក់ទោសទេ តើមហន្តរាយអាចកើតមានដល់ ក្រុងណាមួយបានឬ?
យើងនឹងប្រមូលប្រជាជាតិទាំងអស់ ឲ្យលើកគ្នាមកវាយលុកក្រុងយេរូសាឡឹម។ ពួកគេនឹងវាយយកបានទីក្រុង ហើយរឹបអូសយកទ្រព្យសម្បត្តិអស់ពីផ្ទះ ព្រមទាំងរំលោភលើស្រីៗទៀតផង។ អ្នកក្រុងចំនួនពាក់កណ្ដាលនឹងត្រូវគេកៀរ យកទៅជាឈ្លើយ តែប្រជាជនដែលនៅសេសសល់ មិនត្រូវគេដេញចេញពីទីក្រុងឡើយ។
ពួកគេនាំគ្នាមក ទាំងដឹកហ្វូងសត្វ និងជំរំរបស់គេមកជាមួយផង ពួកគេមានគ្នាច្រើនអនេកដូចកណ្ដូប គឺទាំងមនុស្ស ទាំងសត្វអូដ្ឋ មានចំនួនច្រើនឥតគណនាចូលមកបំផ្លាញស្រុកអ៊ីស្រាអែល។