អេម៉ុស 3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ពេលព្រះអម្ចាស់មានព្រះបន្ទូល ព្យាការីត្រូវតែថ្លែងប្រាប់ប្រជាជន 1 ជនជាតិអ៊ីស្រាអែលអើយ! ចូរនាំគ្នាស្ដាប់សេចក្ដីដែលព្រះអម្ចាស់ មានព្រះបន្ទូលប្រឆាំងនឹងអ្នករាល់គ្នា។ «យើងប្រឆាំងនឹងអ្នករាល់គ្នា ជាពូជអំបូរ ដែលយើងបាននាំចេញពីស្រុកអេស៊ីប។ 2 ក្នុងចំណោមពូជអំបូរទាំងអស់នៅលើផែនដី យើងចាប់ចិត្តតែលើពូជអំបូររបស់អ្នករាល់គ្នា ប៉ុណ្ណោះទេ ហេតុនេះ យើងកាត់ទោសអ្នករាល់គ្នា ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន ដែលអ្នករាល់គ្នាបានប្រព្រឹត្ត»។ 3 បើមនុស្សពីរនាក់មិនបានព្រមព្រៀងគ្នា ជាមុនសិនទេ តើគេអាចធ្វើដំណើរជាមួយគ្នាដូចម្ដេចកើត? 4 បើសត្វសិង្ហចាប់រំពាមិនទាន់បានទេ តើឲ្យវាគ្រហឹមក្នុងព្រៃកើតឬ? បើសិង្ហស្ទាវចាប់សត្វមិនទាន់បានទេ តើឲ្យវាគ្រហឹមក្នុងរូងដូចម្ដេចបាន? 5 បើគ្មាននុយទាក់ទាញទេ តើសត្វស្លាបហើរមកជាប់អន្ទាក់នៅដីបានឬ? បើគ្មានសត្វជាប់ទេ តើឲ្យអន្ទាក់វាត់ឡើងដូចម្ដេចបាន? 6 បើគេផ្លុំត្រែប្រកាសភាពអាសន្នក្នុងក្រុងមួយ តើប្រជាជនមិនជ្រួលច្របល់ឬ? បើព្រះអម្ចាស់មិនដាក់ទោសទេ តើមហន្តរាយអាចកើតមានដល់ ក្រុងណាមួយបានឬ? 7 យ៉ាងណាមិញ ពេលព្រះជាអម្ចាស់ធ្វើការអ្វីមួយ ព្រះអង្គតែងសម្តែងការលាក់កំបាំងប្រាប់ ពួកព្យាការីជាអ្នកបម្រើរបស់ព្រះអង្គជានិច្ច។ 8 ពេលសត្វសិង្ហគ្រហឹម តើនរណាមិនខ្លាច? ពេលព្រះជាអម្ចាស់មានព្រះបន្ទូល តើនរណាមិនថ្លែងព្រះបន្ទូលនេះ? ការដាក់ទោសក្រុងសាម៉ារី 9 ចូរស្រែកប្រកាសនៅតាមប្រាសាទក្រុងអាសដូឌ និងនៅតាមប្រាសាទនៃស្រុកអេស៊ីបថា: ចូរទៅជួបជុំគ្នានៅលើភ្នំនៃក្រុងសាម៉ារី ដើម្បីសង្កេតមើលអនាធិបតេយ្យ និងអយុត្តិធម៌ នៅទីនោះ។ 10 ពួកគេមិនចេះប្រព្រឹត្តអំពើទៀងត្រង់ទេ ពួកគេយករបស់របរដែលលួចប្លន់ និងរឹបអូស ទៅដាក់ពេញប្រាសាទរបស់ខ្លួន - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 11 ហេតុនេះហើយបានជាព្រះជាអម្ចាស់ មានព្រះបន្ទូលថា៖ «ខ្មាំងសត្រូវមកដល់ហើយ! គេឡោមព័ទ្ធស្រុកគេនឹងរំលំកំពែងដ៏រឹងមាំ ហើយកម្ទេចប្រាសាទរបស់អ្នកទៀតផង»។ 12 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ជនជាតិអ៊ីស្រាអែលនៅក្រុងសាម៉ារី ដែលដេកនៅលើគ្រែ និងលើកម្រាលព្រំ ដ៏មានតម្លៃពីស្រុកស៊ីរី ប្រៀបបាននឹងចៀមដែលគង្វាលដណ្ដើម យកពីសត្វសិង្ហវិញ ឃើញនៅសល់តែជើងពីរ និងត្រចៀកមួយដុំតែប៉ុណ្ណោះ។ 13 ចូរនាំគ្នាស្ដាប់ ហើយយកពាក្យព្រមាននេះ ទៅប្រាប់កូនចៅលោកយ៉ាកុបផង - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ ជាព្រះនៃពិភពទាំងមូល។ 14 នៅថ្ងៃដែលយើងនឹងដាក់ទោសអ៊ីស្រាអែល ព្រោះតែបទល្មើស យើងក៏នឹងដាក់ទោសពួកគេ ព្រោះតែអាសនៈនៅបេតអែលដែរ។ ស្នែងដែលនៅជ្រុងទាំងបួននៃអាសនៈនោះ នឹងត្រូវបាក់បែកធ្លាក់ដល់ដី។ 15 យើងនឹងធ្វើឲ្យដំណាក់រដូវរងា និងដំណាក់រដូវក្ដៅរលំលើគ្នា វិមានដែលធ្វើពីភ្លុកក៏ត្រូវបាក់បែក រីឯផ្ទះដ៏ស្កឹមស្កៃនឹងត្រូវរលំអស់ដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies