យេរេមា 14:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីពួកគេតមអាហារក្ដី ក៏យើងមិនស្ដាប់ពាក្យអង្វររបស់ពួកគេដែរ។ ទោះបីពួកគេថ្វាយតង្វាយដុត និងតង្វាយផ្សេងៗទៀតក៏យើងមិនព្រមទទួលដែរ ដ្បិតយើងនឹងប្រហារពួកគេឲ្យវិនាស ដោយសារសង្គ្រាម ដោយសារទុរ្ភិក្ស និងដោយសារអាសន្នរោគ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាគេតមអត់ នោះយើងមិនព្រមស្ដាប់សម្រែករបស់គេទេ កាលណាគេថ្វាយតង្វាយដុត និងតង្វាយម្សៅ នោះយើងមិនព្រមទទួលឡើយ គឺនឹងធ្វើឲ្យគេសូន្យទៅដោយដាវ អំណត់ និងអាសន្នរោគ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាគេតមអត់ នោះអញមិនព្រមស្តាប់សំរែករបស់គេទេ កាលណាគេថ្វាយដង្វាយដុត នឹងដង្វាយម្សៅ នោះអញមិនព្រមទទួលឡើយ គឺនឹងធ្វើឲ្យគេសូន្យទៅដោយដាវ អំណត់អត់ នឹងអាសន្នរោគវិញ។ អាល់គីតាប ទោះបីពួកគេតមអាហារក្ដី ក៏យើងមិនស្ដាប់ពាក្យអង្វររបស់ពួកគេដែរ។ ទោះបីពួកគេជូនគូរបានដុត និងជំនូនផ្សេងៗទៀតក៏យើងមិនព្រមទទួលដែរ ដ្បិតយើងនឹងប្រហារពួកគេឲ្យវិនាស ដោយសារសង្គ្រាម ដោយសារទុរ្ភិក្ស និងដោយសារអាសន្នរោគ»។ |
ពេលនោះ អ្នករាល់គ្នាមុខជាស្រែកអង្វរឲ្យយើងជួយ តែយើងមិនឆ្លើយតបទេ អ្នករាល់គ្នានឹងស្វែងរកយើង តែរកមិនឃើញឡើយ។
ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជារបស់មនុស្សអាក្រក់ឡើយ តែព្រះអង្គទទួលពាក្យទូលអង្វររបស់មនុស្សទៀងត្រង់។
ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជារបស់មនុស្សអាក្រក់ទេ ដ្បិតពួកគេយកមកថ្វាយដោយបំណងអាក្រក់។
អ្នកណាមិនប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ទេ សូម្បីតែពាក្យអធិស្ឋានរបស់អ្នកនោះ ក៏គួរឲ្យស្អប់ខ្ពើមដែរ។
ពួកគេតែងពោលថា “យើងតមអាហារបានប្រយោជន៍អ្វី បើព្រះអង្គមិនទតមើលផងនោះ!។ យើងបន្ទាបខ្លួនបានប្រយោជន៍អ្វី បើព្រះអង្គមិនចាប់អារម្មណ៍ផងនោះ!”។ យើងប្រាប់ពួកគេឲ្យដឹងវិញថា «នៅថ្ងៃដែលអ្នករាល់គ្នាតមអាហារ អ្នករាល់គ្នាតែងតែឆ្លៀតរកផលប្រយោជន៍ អ្នករាល់គ្នាវាយធ្វើបាបកម្មករទាំងអស់ របស់ខ្លួនថែមទៀតផង។
ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងធ្វើឲ្យទុក្ខវេទនាធ្លាក់មកលើពួកគេ ពួកគេពុំអាចគេចផុតបានឡើយ។ ពួកគេនឹងស្រែកអង្វរយើង តែយើងមិនស្ដាប់ពួកគេទេ។
«រីឯអ្នកវិញ កុំទូលអង្វរឲ្យប្រជាជននេះធ្វើអ្វី! គឺកុំស្រែកអង្វរ ឬអធិស្ឋានឲ្យពួកគេឡើយ ដ្បិតពេលពួកគេមានទុក្ខ ហើយនាំគ្នាអង្វររកយើង យើងនឹងមិនស្ដាប់ពួកគេជាដាច់ខាត»។
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ទោះបីម៉ូសេ និងសាំយូអែល មកអង្វរយើងឲ្យត្រាប្រណីប្រជាជននេះក្ដី ក៏យើងមិនអត់ឱនឲ្យពួកគេដែរ។ ចូរបណ្ដេញប្រជាជននេះឲ្យបាត់ពីមុខយើងទៅ!
គេទាំងអស់គ្នានឹងស្លាប់យ៉ាងសែនវេទនា តែគ្មាននរណាធ្វើបុណ្យ ឬបញ្ចុះសពពួកគេទេ។ សាកសពរបស់ពួកគេនឹងក្លាយទៅជាជី។ ពួកគេនឹងស្លាប់ដោយសារមុខដាវ និងទុរ្ភិក្ស ហើយសាកសពរបស់ពួកគេនឹងក្លាយទៅជាចំណីរបស់សត្វត្មាត និងចចក»។
យើងនឹងប្រហារទាំងមនុស្ស ទាំងសត្វ នៅក្រុងនេះ ឲ្យស្លាប់ ដោយជំងឺអាសន្នរោគយ៉ាងសាហាវបំផុត។
យើងនឹងធ្វើឲ្យពួកគេវិនាសដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ រហូតដល់ពួកគេបាត់សូន្យពីទឹកដី ដែលយើងប្រគល់ឲ្យពួកគេ និងដូនតារបស់ពួកគេ»។
ជនជាតិខាល់ដេកំពុងតែលើកទួលព័ទ្ធជុំវិញ ដើម្បីវាយយកទីក្រុង។ ក្រុងនេះនឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំង គឺពួកគេវាយលុកធ្វើឲ្យប្រជាជនស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។ ព្រះបន្ទូលដែលព្រះអង្គប្រកាសពិតជាសម្រេចជារូបរាង ដូចព្រះអង្គទតឃើញស្រាប់។
តើយើងត្រូវការឲ្យអ្នករាល់គ្នាយកធូបពី ស្រុកសេបា និងយកគ្រឿងក្រអូបពីស្រុកឆ្ងាយ មកថ្វាយយើងឬ? យើងមិនព្រមទទួលតង្វាយដុតរបស់ អ្នករាល់គ្នាទេ ហើយយើងក៏មិនពេញចិត្តនឹងយញ្ញបូជា របស់អ្នករាល់គ្នាដែរ»។
ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: «យើងសម្រេចចិត្តបំផ្លាញពួកគេចោល ព្រោះពេលយើងចង់ប្រមូលផល ពួកគេគ្មានផលអ្វីទាល់តែសោះ គឺដូចចម្ការទំពាំងបាយជូរដែលគ្មានផ្លែ ដូចដើមឧទុម្ពរដែលគ្មានផ្លែ ហើយស្លឹករបស់វាក៏ស្វិតក្រៀម។ ដូច្នេះ យើងនឹងប្រគល់ដីឲ្យ អស់អ្នកដែលដើរកាត់តាមនោះ»។
យើងកម្ចាត់កម្ចាយពួកគេឲ្យទៅរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយដែលពួកគេផ្ទាល់ ឬដូនតារបស់ពួកគេពុំធ្លាប់ស្គាល់។ យើងឲ្យសត្រូវដេញកាប់សម្លាប់ពួកគេ រហូតទាល់តែស្លាប់អស់គ្មានសល់»។
ប្រសិនបើយើងធ្វើឲ្យជំងឺរាតត្បាតកើតមានក្នុងស្រុកនេះ ដើម្បីដាក់ទោសពួកគេ ដោយប្រល័យជីវិតទាំងមនុស្សទាំងសត្វ
ពិតមែនហើយ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ទោះបីយើងដាក់ទោសក្រុងយេរូសាឡឹម ដោយគ្រោះកាចទាំងបួនយ៉ាង គឺសង្គ្រាម ទុរ្ភិក្ស សត្វសាហាវ និងជំងឺរាតត្បាត ដើម្បីប្រល័យជីវិតពួកគេទាំងមនុស្សទាំងសត្វក្ដី
យើងនឹងប្រព្រឹត្តចំពោះពួកគេ តាមកំហឹងរបស់យើង។ យើងនឹងមិនអាណិតមេត្តាពួកគេ ហើយក៏មិនត្រាប្រណីពួកគេដែរ។ កាលណាពួកគេស្រែកអង្វរយើង យើងនឹងមិនស្ដាប់ពួកគេឡើយ»។
ពួកគេនាំគ្នាស្វែងរកព្រះអម្ចាស់ ដោយយកចៀម និងគោទៅជាមួយ ដើម្បីថ្វាយយញ្ញបូជា តែពួកគេរកព្រះអង្គពុំឃើញឡើយ ព្រោះព្រះអង្គបោះបង់ចោលពួកគេហើយ។
«យើងមិនចូលចិត្តពិធីបុណ្យរបស់អ្នករាល់គ្នា ហើយយើងក៏មិនអាចទ្រាំនឹងពិធីផ្សេងៗ ដែលអ្នករាល់គ្នាប្រារព្ធដែរ។
អ្នករាល់គ្នាស្រែកអង្វរព្រះអម្ចាស់ តែព្រះអង្គមិនឆ្លើយតបមកវិញឡើយ ពេលនោះ ព្រះអង្គគេចព្រះភ័ក្ត្រពីអ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាបានប្រព្រឹត្តអំពើអាក្រក់។
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា “ពេលយើងហៅរកពួកគេ ពួកគេពុំព្រមស្ដាប់យើងទេ ហេតុនេះពេលពួកគេហៅរកយើង យើងក៏ពុំព្រមស្ដាប់ពួកគេដែរ។
បើនៅតែដូច្នេះ គួរឲ្យនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារព្រះវិហារ ដើម្បីកុំឲ្យអ្នករាល់គ្នាបង្កាត់ភ្លើង ជាអសារបង់នៅលើអាសនៈរបស់យើងទៀត! យើងមិនពេញចិត្តនឹងអ្នករាល់គ្នាទេ ហើយយើងក៏មិនទទួលតង្វាយពីដៃ របស់អ្នករាល់គ្នាដែរ! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។
អ្នករាល់គ្នាបានប្រព្រឹត្តការមួយទៀត គឺអ្នករាល់គ្នាយំសោកសង្រេង សម្រក់ទឹកភ្នែក ជោកអាសនៈរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ព្រោះព្រះអង្គលែងរវីរវល់នឹងតង្វាយ របស់អ្នករាល់គ្នា ព្រះអង្គមិនសព្វព្រះហឫទ័យនឹងអ្វីៗដែល អ្នករាល់គ្នាយកមកថ្វាយទេ។
ខ្ញុំមើលទៅឃើញសេះមួយសម្បុរត្រួយចេក អ្នកជិះសេះនោះឈ្មោះមច្ចុរាជ ហើយស្ថានមច្ចុរាជ ក៏មកជាមួយគាត់ដែរ។ មច្ចុរាជ និងស្ថានមច្ចុរាជ បានទទួលអំណាចលើមួយភាគបួននៃផែនដី ហើយយកដាវ ទុរ្ភិក្ស ជំងឺអាសន្នរោគ និងសត្វសាហាវនៅលើផែនដី ឲ្យមកប្រល័យជីវិតមនុស្សលោក។