Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


មនុស្ស​មាន​ទោស​មិន​អាច​អង្វរ​ករ​ព្រះអង្គ​បាន​ទេ

1 លោក​យ៉ូប​រៀប​រាប់​សា​ជា​ថ្មី ដូច​ត​ទៅ៖

2 «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌ជាម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ! ព្រះអង្គ​មិន​ព្រម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ទេ។ ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត​បាន​ធ្វើ ឲ្យ​ចិត្ត​ខ្ញុំ​ពោរ‌ពេញ​ដោយ​ភាព​ជូរ​ចត់។

3 ដរាប​ណា​ខ្ញុំ​នៅ​មាន​ដង្ហើម​ចេញ​ចូល ហើយ​ខ្យល់​ដង្ហើម​របស់​ព្រះ‌ជាម្ចាស់ ស្ថិត​នៅ​ក្នុង​ច្រមុះ​របស់​ខ្ញុំ

4 នោះ​មាត់​របស់​ខ្ញុំ​នឹង​មិន​ស្រដី ចេញ​មក​នូវ​ពាក្យ​អាក្រក់ ហើយ​អណ្ដាត​របស់​ខ្ញុំ ក៏​មិន​ថ្លែង​ពាក្យ​វៀច‌វេរ​ដែរ។

5 ខ្ញុំ​មិន​ព្រម​ទទួល​ស្គាល់​ជា​ដាច់​ខាត​ថា ពាក្យ​របស់​អស់​លោក​ជា​ពាក្យ​ត្រឹម​ត្រូវ រហូត​ដល់​ថ្ងៃ​ស្លាប់ ក៏​ខ្ញុំ​មិន​ព្រម​ទទួល​ថា ខ្ញុំ​មាន​ទោស​ឡើយ។

6 ខ្ញុំ​នៅ​តែ​ប្រកាន់​ជំហរ​ថា​ខ្ញុំ​សុចរិត ដរាប​ណា​ខ្ញុំ​មាន​ជីវិត មន‌សិការ​របស់​ខ្ញុំ​មិន​ចោទ​ប្រកាន់​ខ្ញុំ​ទេ។

7 សូម​ឲ្យ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ ទទួល​ទោស​ដូច​មនុស្ស​អាក្រក់ សូម​ឲ្យ​អស់​អ្នក​ដែល​ប្រឆាំង​នឹង​ខ្ញុំ ទទួល​ទោស​ដូច​មនុស្ស​ទុច្ចរិត។

8 ពេល​ព្រះ‌ជាម្ចាស់​លុប​បំបាត់​មនុស្ស​ទមិឡ ព្រះអង្គ​ដក​ជីវិត​របស់​គេ តើ​គេ​នៅ​មាន​សង្ឃឹម​អ្វី​ទៀត?

9 ពេល​គេ​ជួប​នឹង​ភ័យ​អាសន្ន តើ​ព្រះ‌ជាម្ចាស់​ស្ដាប់​សម្រែក​របស់​គេ​ឬ​ទេ?

10 តើ​គេ​យក​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ធ្វើ​ជា​ប្រភព​នៃ​អំណរ​របស់​ខ្លួន​ឬ​ទេ? តើ​គេ​អង្វរ​រក​ព្រះ‌ជាម្ចាស់ គ្រប់​ពេល​វេលា​ឬ​ទេ?

11 ខ្ញុំ​សូម​បង្ហាញ​ឲ្យ​អស់​លោក​ស្គាល់ ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ខ្ញុំ​នឹង​មិន​លាក់​គម្រោង‌ការ​របស់ ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត​ឡើយ។

12 អស់​លោក​ផ្ទាល់​ក៏​ធ្លាប់​ឃើញ​ស្រាប់​ហើយ ហេតុ​អ្វី​បាន​ជា​អស់​លោក​និយាយ​ឥត​ខ្លឹម‌សារ ទាំង​អស់​គ្នា​ដូច្នេះ?


ការ​ចម្រុង‌ចម្រើន​ដែល​មិន​នៅ​ស្ថិត‌ស្ថេរ

13 មនុស្ស​អាក្រក់ មនុស្ស​ឃោរ‌ឃៅ ទទួល​ចំណែក​មត៌ក​ពី​ព្រះ‌ជាម្ចាស់​ដូច​ត​ទៅ:

14 ប្រសិន​បើ​គេ​មាន​កូន​ចៅ​ច្រើន កូន​ចៅ​ទាំង​នោះ​នឹង​ស្លាប់​ដោយ​មុខ​ដាវ ពូជ‌ពង្ស​របស់​គេ​គ្មាន​អាហារ បរិភោគ​គ្រប់​គ្រាន់​ឡើយ។

15 កូន​ចៅ​ដែល​រួច​ជីវិត នឹង​ត្រូវ​ស្លាប់ ដោយ​ជំងឺ​រាត​ត្បាត ប្រពន្ធ​របស់​គេ​ដែល​នៅ​មេម៉ាយ នឹង​មិន​យំ​កាន់​ទុក្ខ​ឲ្យ​គេ​ឡើយ។

16 ប្រសិន​បើ​គេ​ប្រមូល​បាន​ប្រាក់​ច្រើន​ដូច​ធូលី​ដី ហើយ​សម្លៀក‌បំពាក់​គរ​ដូច​ភ្នំ

17 គេ​បាន​ត្រឹម​តែ​ប្រមូល​ប៉ុណ្ណោះ តែ​មនុស្ស​សុចរិត​នឹង​ប្រើ​សម្លៀក‌បំពាក់​នោះ ហើយ​មនុស្ស​ស្លូត​ត្រង់​នឹង​ចែក​ប្រាក់​គ្នា។

18 ផ្ទះ​ដែល​គេ​សង់ ប្រៀប​ដូច​ជា​សំបុក​កណ្ដៀរ ឬ​ដូច​ខ្ទម​របស់​ឆ្មាំ​ចម្ការ។

19 ពេល​ចូល​ដំណេក គេ​ជា​អ្នក​មាន ប៉ុន្តែ នេះ​ជា​លើក​ចុង​ក្រោយ​ហើយ ដ្បិត​ពេល​ភ្ញាក់​ឡើង គេ​បាត់​បង់​ទ្រព្យ‌សម្បត្តិ​អស់។

20 ការ​ភ័យ​ខ្លាច​ធ្លាក់​មក​លើ​គេ​ដូច​ទឹក​ជំនន់ ហើយ​នៅ​ពេល​យប់ ខ្យល់​កួច​នាំ​យក​គេ​បាត់​ទៅ។

21 ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក កន្ត្រាក់​គេ​ចេញ​បាត់​ពី​លំ‌នៅ​របស់​ខ្លួន។

22 ខ្យល់​នោះ​បក់​បោក​ទៅ​លើ​គេ​ឥត​ត្រា​ប្រណី ធ្វើ​ឲ្យ​គេ​ខិត‌ខំ​រត់​គេច​ចេញ។

23 អ្នក​ដទៃ​ឃើញ​ដូច្នេះ ក៏​ទះ​ដៃ​ហ៊ោ ហើយ​នាំ​គ្នា​ហួច​ចំអក​ឲ្យ​ត្រង់​កន្លែង ដែល​គេ​ធ្លាប់​រស់​នៅ។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម