លោកអប្រាហាំបានដាំដើមអំពិលមួយដើមនៅបៀរសេបា ហើយលោកគោរពបម្រើព្រះដ៏គង់នៅអស់កល្បជានិច្ច ដោយហៅព្រះនាមព្រះអង្គថា ព្រះអម្ចាស់។
យេរេមា 10:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯព្រះអម្ចាស់វិញ ព្រះអង្គជាព្រះនៃសេចក្ដីពិត ព្រះអង្គជាព្រះដែលមានព្រះជន្មគង់នៅ ជាព្រះមហាក្សត្រដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ច។ ពេលព្រះអង្គសម្តែងព្រះពិរោធ នោះផែនដីត្រូវញាប់ញ័រ។ ប្រជាជាតិទាំងឡាយពុំអាចទ្រាំទ្រនឹង ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះយេហូវ៉ាជាព្រះដ៏ពិត ព្រះអង្គជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ជាមហាក្សត្រដ៏នៅអស់កល្បជានិច្ច ផែនដីក៏ញ័រចំពោះសេចក្ដីក្រោធរបស់ព្រះអង្គ ហើយអស់ទាំងសាសន៍មិនអាចនឹងធន់នៅ ចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ព្រះអង្គបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ពិតវិញ ទ្រង់ជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ជាមហាក្សត្រដ៏នៅអស់កល្បជានិច្ច ផែនដីក៏ញ័រចំពោះសេចក្ដីក្រោធរបស់ទ្រង់ ហើយអស់ទាំងសាសន៍មិនអាចនឹងធន់នៅ ចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ទ្រង់បានឡើយ អាល់គីតាប រីឯអុលឡោះតាអាឡាវិញ ទ្រង់ជាម្ចាស់នៃសេចក្ដីពិត ទ្រង់ជាម្ចាស់ដែលនៅអស់កល្ប ជាស្តេចដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ច។ ពេលទ្រង់សំដែងកំហឹង នោះផែនដីត្រូវញាប់ញ័រ។ ប្រជាជាតិទាំងឡាយពុំអាចទ្រាំទ្រនឹង កំហឹងដ៏ខ្លាំងក្លារបស់ទ្រង់បានទេ។ |
លោកអប្រាហាំបានដាំដើមអំពិលមួយដើមនៅបៀរសេបា ហើយលោកគោរពបម្រើព្រះដ៏គង់នៅអស់កល្បជានិច្ច ដោយហៅព្រះនាមព្រះអង្គថា ព្រះអម្ចាស់។
កាលប្រជាជនទាំងមូលឃើញដូច្នេះ ក៏នាំគ្នាក្រាបថ្វាយបង្គំ ឱនមុខដល់ដី ហើយពោលថា៖ «គឺព្រះអម្ចាស់ហើយជាព្រះដ៏ពិតប្រាកដ!»។
ដូច្នេះ ជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងទទួលស្គាល់ថា មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលពិតជាព្រះជាម្ចាស់ គឺគ្មានព្រះឯណាទៀតឡើយ។
ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះដ៏ឧត្ដុង្គឧត្ដម ប្រកបដោយឫទ្ធានុភាព ព្រះបារមី តេជានុភាព និងសិរីរុងរឿង ដ្បិតអ្វីៗទាំងប៉ុន្មាននៅលើមេឃ និងនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គ។ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះមហាក្សត្រគ្រងរាជ្យលើអ្វីៗទាំងអស់ដែរ។
ក្នុងអំឡុងពេលដ៏យូរលង់ ជនជាតិអ៊ីស្រាអែលគ្មានព្រះពិតប្រាកដ គ្មានបូជាចារ្យសម្រាប់បង្ហាត់បង្រៀន ហើយក៏គ្មានក្រឹត្យវិន័យដែរ។
ព្រះអម្ចាស់ជាព្រះមហាក្សត្រដ៏គង់នៅ អស់កល្បជាអង្វែងតរៀងទៅ សាសន៍ដទៃនឹងត្រូវលុបបំបាត់ចេញ អស់ពីស្រុករបស់ព្រះអង្គ។
ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក យើងជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយជាប្រជាជនដែលព្រះអង្គថែរក្សា។
ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេរជានិច្ច ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
ពេលព្រះអង្គទតមកផែនដី នោះផែនដីក៏ញាប់ញ័រ ពេលព្រះអង្គពាល់ភ្នំ នោះក៏មានផ្សែងហុយឡើង។
ផែនដីអើយ ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រ ព្រះអម្ចាស់! ចូរញាប់ញ័រនៅចំពោះ ព្រះភ័ក្ត្រព្រះរបស់លោកយ៉ាកុប
ព្រះអង្គគ្រងរាជ្យគ្រប់ជំនាន់ទាំងអស់ ព្រះអង្គជាព្រះមហាក្សត្រ អស់កល្បជាអង្វែងតរៀងទៅ។ ព្រះអម្ចាស់តែងគោរពតាមព្រះបន្ទូល សន្យារបស់ព្រះអង្គជានិច្ច ហើយអ្វីៗដែលព្រះអង្គប្រព្រឹត្ត សុទ្ធតែផុសចេញពីព្រះហឫទ័យសប្បុរស។
ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី ព្រះអង្គបានបង្កើតសមុទ្រ និងអ្វីៗទាំងអស់ដែលស្ថិតនៅក្នុងសមុទ្រ ព្រះអង្គតែងតែគោរពតាមព្រះបន្ទូលសន្យា របស់ព្រះអង្គជានិច្ច។
ពេលនោះ ផែនដីក៏កក្រើកញាប់ញ័រ ភ្នំទាំងឡាយត្រូវរង្គើរហូតដល់គ្រឹះរបស់វា ហើយកក្រើក ដោយសារព្រះអង្គទ្រង់ព្រះពិរោធ។
ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំ ទៅក្នុងព្រះហស្ដព្រះអង្គ ។ ឱព្រះអម្ចាស់ ជាព្រះដ៏ស្មោះត្រង់អើយ! ព្រះអង្គបានជួយដោះលែងទូលបង្គំ។
ខ្ញុំស្រេកឃ្លានព្រះជាម្ចាស់ គឺព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ តើដល់កាលណាទើបខ្ញុំអាចទៅជិត ដើម្បីថ្វាយបង្គំព្រះអង្គបាន?
ពេលព្រះអម្ចាស់ចេញបញ្ជា ពួកស្ត្រីដែលប្រៀបបាននឹងកងទ័ពមួយយ៉ាងធំ នាំគ្នាចេញទៅប្រកាសដំណឹងថា:
ផែនដីរញ្ជួយ ផ្ទៃមេឃក៏បង្អុរភ្លៀង ចុះមកយ៉ាងខ្លាំងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ជាព្រះរបស់អ៊ីស្រាអែល ដូចគ្រានៅភ្នំស៊ីណៃដែរ។
ព្រះជាម្ចាស់អើយ ព្រះអង្គជាព្រះមហាក្សត្រ របស់ទូលបង្គំ តាំងពីដើមរៀងមក ព្រះអង្គតែងតែសង្គ្រោះយើងខ្ញុំ ជាច្រើនលើកច្រើនសានៅក្នុងស្រុកនេះ។
ព្រះអង្គអើយ ព្រះអង្គគួរជាទីស្ញែងខ្លាចណាស់! ពេលព្រះអង្គទ្រង់ព្រះពិរោធ តើនរណាអាច ទ្រាំឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គបាន?
ព្រះអង្គមានព្រះបន្ទូលជំនុំជម្រះពីលើមេឃមក មនុស្សម្នាលើផែនដីនៅស្ងៀមស្ងាត់ ដោយកោតខ្លាច
នៅពេលផ្គរលាន់បន្លឺសំឡេងយ៉ាងគគ្រឹកគគ្រេង ផ្លេកបន្ទោររបស់ព្រះអង្គភ្លឺចាំងមកលើពិភពលោក ធ្វើឲ្យផែនដីរញ្ជួយញាប់ញ័រ។
ទូលបង្គំអន្ទះអន្ទែងប្រាថ្នាចង់ចូល ទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ពន់ពេកក្រៃ ទូលបង្គំបន្លឺសំឡេងតម្កើង ព្រះដ៏មានព្រះជន្មគង់នៅ អស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។
ព្រះអង្គគ្រប់គ្រងលើផែនដីដោយសេចក្ដីសុចរិត ព្រះអង្គវិនិច្ឆ័យទោសប្រជាជនទាំងឡាយ ដោយយុត្តិធម៌។
តើនរណាអាចស្គាល់កម្លាំង នៃព្រះពិរោធរបស់ព្រះអង្គបាន? តើនរណាអាចស្គាល់ព្រះពិរោធនេះ ដើម្បីគោរពកោតខ្លាច ព្រះអង្គយ៉ាងត្រឹមត្រូវបាន?
មុនពេលភ្នំនានាកកើតឡើង ហើយមុនពេលព្រះអង្គបង្កើតផែនដី និងពិភពលោកមកនោះ ព្រះអង្គជាព្រះជាម្ចាស់តាំងពីអស់កល្បរៀងមក។
បល្ល័ង្ករបស់ព្រះអង្គនៅស្ថិតស្ថេរយ៉ាងមាំ តាំងពីដើមរៀងមក ព្រះអង្គមានព្រះជន្មគង់នៅ តាំងពីអស់កល្បជានិច្ច។
ផ្លេកបន្ទោររបស់ព្រះអង្គជះពន្លឺ មកលើពិភពលោក ផែនដីឃើញពន្លឺនេះ ហើយញាប់ញ័រជាខ្លាំង។
ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ! ព្រះអម្ចាស់អើយ សូមបើកព្រះនេត្រទតមើលផង! សូមទ្រង់ព្រះសណ្ដាប់សេចក្ដីទាំងប៉ុន្មានដែលស្ដេចសានហេរីបបានផ្ញើមកជេរប្រមាថ ព្រះដ៏មានព្រះជន្មគង់នៅ!
ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេទ័ពឲ្យមកជេរប្រមាថព្រះអម្ចាស់ ជាព្រះដែលមានព្រះជន្មគង់នៅ។ ប្រហែលជាព្រះអម្ចាស់ជាព្រះរបស់លោក ឮពាក្យរបស់មេទ័ពនោះដែរ ហើយព្រះអង្គមុខជាដាក់ទោសគេ ព្រោះតែពាក្យដែលព្រះអង្គបានឮ។ ហេតុនេះ សូមទូលអង្វរព្រះអម្ចាស់ជាព្រះរបស់លោក សូមព្រះអង្គមេត្តាប្រណីដល់ប្រជាជនដែលនៅសេសសល់នេះផង»។
ប្រជាជាតិទាំងឡាយប្រៀបដូចជា ដំណក់ទឹកដែលធ្លាក់ទៅក្នុងពាង ពួកគេមានតម្លៃដូចធូលីដីនៅលើជញ្ជីង។ កោះទាំងឡាយប្រៀបបាននឹងធូលីដី ដែលផាត់ទៅតាមខ្យល់។
តើអ្នកមិនធ្លាប់ដឹងទេឬ? តើអ្នកមិនធ្លាប់ឮទេឬថា ព្រះអម្ចាស់ជាព្រះដែលគង់នៅអស់កល្បជានិច្ច បានបង្កើតផែនដីទាំងមូល? ព្រះអង្គមិនចេះនឿយហត់ មិនចេះអស់កម្លាំង រីឯព្រះតម្រិះរបស់ព្រះអង្គ ក៏គ្មាននរណាអាចស្ទង់បានដែរ។
ដ្បិតព្រះដ៏ខ្ពង់ខ្ពស់បំផុតដែលគង់នៅ អស់កល្បជានិច្ច ហើយដែលមានព្រះនាមដ៏វិសុទ្ធបំផុត មានព្រះបន្ទូលថា: យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត និងជាស្ថានដ៏វិសុទ្ធមែន តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ និងមនុស្សរងទុក្ខខ្លោចផ្សា។
នៅក្នុងស្រុក អ្នកណាចង់ជូនពរ ត្រូវជូនពរក្នុងនាមព្រះជាម្ចាស់ដ៏ពិតប្រាកដ ហើយនរណាចង់ស្បថ ត្រូវស្បថក្នុងនាមព្រះជាម្ចាស់ដ៏ពិតប្រាកដ។ ទុក្ខលំបាកទាំងប៉ុន្មានដែលកើតមានកាលពីមុន នឹងលែងមានទៀតហើយ យើងក៏លែងនឹកនាពីការទាំងនោះទៀតដែរ»។
គឺមិនត្រូវពោលពាក្យ “ព្រះអម្ចាស់ព្រមាន” ទៀតឡើយ ដ្បិតអ្នកណាពោលពាក្យនេះ អ្នកនោះនឹងទទួលទោសតាមពាក្យរបស់ខ្លួន។ អ្នករាល់គ្នាបានបង្ខូចព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ គឺព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃយើង។
ប្រសិនបើអ្នកស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ គឺស្បថដោយនិយាយពាក្យពិត ស្របតាមយុត្តិធម៌ នោះប្រជាជាតិទាំងឡាយ មុខជាចង់បានពរពីយើង ព្រមទាំងបានខ្ពស់មុខ ដោយសារយើងផង។
ខ្ញុំមើលទៅភ្នំទាំងឡាយ ឃើញភ្នំទាំងនោះកក្រើករំពើក រីឯភ្នំតូចៗទាំងប៉ុន្មានក៏រញ្ជួយដែរ។
ពេលក្រុងបាប៊ីឡូនរលំ ផែនដីក៏កក្រើក មានសម្រែកលាន់ឮឡើងក្នុងចំណោម ប្រជាជាតិទាំងឡាយ។
ផែនដីកក្រើករំពើក និងញាប់ញ័រ នៅពេល ដែលព្រះអម្ចាស់ប្រព្រឹត្តចំពោះក្រុងបាប៊ីឡូន តាមគម្រោងការរបស់ព្រះអង្គ គឺធ្វើឲ្យក្រុងនេះក្លាយទៅជាទីស្មសាន គ្មានមនុស្សរស់នៅ។
ទីសម្គាល់របស់ព្រះអង្គធំឧត្ដុង្គឧត្ដមណាស់ បាដិហារិយ៍របស់ព្រះអង្គ ក៏ប្រកបដោយឫទ្ធិបារមីដែរ! ព្រះរាជ្យរបស់ព្រះអង្គជារាជ្យស្ថិតស្ថេរ អស់កល្បជានិច្ច ហើយព្រះអង្គគ្រងរាជ្យអស់កល្ប ជាអង្វែងតរៀងទៅ។
«លុះពេលកំណត់កន្លងផុតទៅ យើងនេប៊ូក្នេសាងើបមុខឡើងទៅលើមេឃ ហើយយើងក៏ដឹងស្មារតីឡើងវិញ។ យើងក៏អរព្រះគុណព្រះដ៏ខ្ពង់ខ្ពស់បំផុត យើងសរសើរ និងលើកតម្កើងព្រះដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច។ អំណាចគ្រប់គ្រងរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច ព្រះអង្គគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
យើងសុំចេញបញ្ជាដូចតទៅ គឺមនុស្សទាំងឡាយដែលរស់នៅទួទាំងរាជាណាចក្ររបស់យើង ត្រូវតែគោរពកោតខ្លាចព្រះរបស់លោកដានីយ៉ែល ដ្បិតព្រះអង្គជាព្រះដែលមានព្រះជន្មគង់នៅ ហើយព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច។ ព្រះរាជ្យរបស់ព្រះអង្គមិនសាបសូន្យឡើយ ព្រះអង្គគ្រងរាជ្យរហូតតរៀងទៅ។
ព្រះអង្គសង្គ្រោះ និងរំដោះមនុស្សលោក ព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ នៅលើមេឃ និងនៅលើផែនដី គឺព្រះអង្គនេះហើយដែលបានសង្គ្រោះ លោកដានីយ៉ែលឲ្យរួចពីក្រញាំតោ»។
លោកបានទទួលអំណាចគ្រប់គ្រងព្រះកិត្តិនាម ព្រមទាំងរាជសម្បត្តិផង។ ប្រជាជនទាំងអស់ ប្រជាជាតិទាំងអស់ និងមនុស្សគ្រប់ភាសា នាំគ្នាគោរពបម្រើលោក អំណាចគ្រប់គ្រងរបស់លោកនៅស្ថិតស្ថេរអស់កល្បជានិច្ចឥតសាបសូន្យឡើយ។ រាជសម្បត្តិរបស់លោកមិនត្រូវរលាយដែរ។»
ព្រះអម្ចាស់ចេញបញ្ជាទៅកងទ័ពរបស់ព្រះអង្គ ដែលមានចំនួនច្រើនលើសលុប និងខ្លាំងពូកែ។ ពួកវាធ្វើតាមបញ្ជារបស់ព្រះអង្គ ដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជាថ្ងៃដ៏មហិមា និងគួរឲ្យស្ញែងខ្លាច គ្មាននរណាអាចទ្រាំទ្របានឡើយ។
ភ្នំទាំងឡាយស្រុតចុះនៅក្រោមព្រះបាទា ហើយជ្រលងភ្នំទាំងឡាយក៏ត្រូវរលាយ ដូចក្រមួនរលាយនៅមុខភ្លើង ឬដូចទឹកហូរចុះតាមជម្រាលភ្នំដែរ។
ភ្នំធំៗរញ្ជួយនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ព្រះអង្គធ្វើឲ្យភ្នំតូចៗរលាយ។ ផែនដី និងអ្វីៗទាំងអស់នៅលើផែនដី កក្រើកញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។
ពេលព្រះអង្គខ្ញាល់ តើនរណាអាចទ្រាំទ្របាន? តើនរណាអាចតទល់នឹង កំហឹងរបស់ព្រះអង្គបាន? ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គ ប្រៀបដូចជាភ្លើងឆេះកម្ទេចផ្ទាំងថ្ម។
ភ្នំឃើញព្រះអង្គ នាំគ្នាភ័យញាប់ញ័រ ភ្លៀងក៏បង្អុរចុះមកដែរ មហាសាគរពុះកញ្ជ្រោលយ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យមានរលកធំៗ។
ពេលព្រះអង្គឈប់ ផែនដីកក្រើក។ ពេលព្រះអង្គទតមើល ប្រជាជាតិនានានាំគ្នាភ័យញាប់ញ័រ ភ្នំដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ប្រេះចេញពីគ្នា ភ្នំតូចៗដែលនៅស្ថិតស្ថេរតាំងពីដើមរៀងមក ជាផ្លូវដែលព្រះអង្គធ្លាប់យាងកាត់ ក៏ត្រូវរលាយសូន្យអស់ដែរ។
ប៉ុន្តែ នៅថ្ងៃដែលព្រះអង្គយាងមកដល់ តើនរណាអាចទ្រាំបាន? នៅពេលព្រះអង្គលេចមក តើនរណាអាចឈរបាន? ដ្បិតព្រះអង្គប្រៀបបាននឹងភ្លើងរបស់ជាងដែក និងដូចសាប៊ូរបស់អ្នកបោកសម្លៀកបំពាក់។
លោកស៊ីម៉ូនពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ត* ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ»។
ព្រះយេស៊ូនៅស្ងៀម។ លោកមហាបូជាចារ្យសួរព្រះអង្គទៀតថា៖ «ចូរស្បថដោយយកព្រះដ៏មានព្រះជន្មគង់នៅធ្វើជាប្រធាន តើអ្នកពិតជាព្រះគ្រិស្ត* ជាព្រះបុត្រារបស់ព្រះជាម្ចាស់មែនឬ?»។
រីឯជីវិតអស់កល្បជានិច្ចនោះគឺឲ្យគេស្គាល់ព្រះអង្គ ដែលជាព្រះជាម្ចាស់ដ៏ពិតតែមួយគត់ និងឲ្យគេស្គាល់ព្រះយេស៊ូគ្រិស្ត* ដែលព្រះអង្គចាត់ឲ្យមក។
«ហេតុអ្វីបានជាបងប្អូននាំគ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចបងប្អូនដែរ យើងខ្ញុំនាំដំណឹងល្អ*មកជម្រាបជូនបងប្អូន គឺសូមបងប្អូនងាកចេញពីការថ្វាយបង្គំរូបសំណាកឥតប្រយោជន៍នេះ ហើយបែរមករកព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើដែលមាននៅទីទាំងនោះផង។
ព្រះអង្គជាថ្មដា ហើយស្នាព្រះហស្ដរបស់ព្រះអង្គល្អឥតខ្ចោះ។ មាគ៌ារបស់ព្រះអង្គសុទ្ធតែទៀងត្រង់។ ព្រះអង្គជាព្រះដ៏ស្មោះត្រង់ ព្រះអង្គមិនអយុត្តិធម៌ឡើយ ដ្បិតព្រះអង្គសុចរិត និងយុត្តិធម៌។
មិនដែលមានមនុស្សណាបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ ពីក្នុងភ្លើង ដូចយើងខ្ញុំបានឮ ហើយនៅរស់រានមានជីវិតបែបនេះឡើយ។
មនុស្សម្នារៀបរាប់អំពីរបៀបដែលបងប្អូនទទួលយើង នៅពេលយើងមករកបងប្អូន និងអំពីរបៀបដែលបងប្អូនលះបង់ព្រះក្លែងក្លាយ បែរមករកព្រះជាម្ចាស់ ដើម្បីគោរពបម្រើព្រះអង្គដែលមានព្រះជន្មរស់ និងជាព្រះដ៏ពិតប្រាកដ។
សូមឲ្យព្រះមហាក្សត្រ ដែលគង់នៅអស់កល្បជានិច្ច ជាព្រះជាម្ចាស់តែមួយព្រះអង្គ មានព្រះជន្មមិនចេះសាបសូន្យ ដែលមនុស្សមើលពុំឃើញ បានប្រកបដោយព្រះកិត្តិនាម និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!
ចូរដាស់តឿនពួកអ្នកមាន នៅលោកីយ៍នេះ កុំឲ្យអួតខ្លួន និងយកទ្រព្យសម្បត្តិដែលមិនទៀងធ្វើជាទីសង្ឃឹមឡើយ គឺត្រូវសង្ឃឹមលើព្រះជាម្ចាស់ដែលប្រទានឲ្យយើងមានអ្វីៗទាំងអស់យ៉ាងបរិបូណ៌ សម្រាប់ឲ្យយើងប្រើប្រាស់នោះវិញ។
លោកយ៉ូស្វេមានប្រសាសន៍ទៀតថា៖ «មានសញ្ញាសម្គាល់មួយដែលនាំឲ្យអ្នករាល់គ្នាដឹងថា ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ ពិតជាសណ្ឋិតនៅជាមួយអ្នករាល់គ្នា ហើយព្រះអង្គពិតជាបណ្ដេញជនជាតិកាណាន ជនជាតិហេត ជនជាតិហេវី ជនជាតិពេរីស៊ីត ជនជាតិគើរកាស៊ី ជនជាតិអាម៉ូរី និងយេប៊ូស ឲ្យចេញពីមុខអ្នករាល់គ្នាមែន
យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ព្រះអង្គប្រទានប្រាជ្ញាឲ្យយើងស្គាល់ព្រះដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងព្រះដ៏ពិតប្រាកដ ដោយរួមក្នុងអង្គព្រះយេស៊ូគ្រិស្ត* ជាព្រះបុត្រារបស់ព្រះអង្គ គឺព្រះអង្គហើយដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ព្រះអង្គជាជីវិតអស់កល្បជានិច្ច។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កមួយធំពណ៌ស ព្រមទាំងឃើញព្រះអង្គដែលគង់នៅលើបល្ល័ង្កនោះផងដែរ។ ផែនដី និងផ្ទៃមេឃ បានរត់ចេញបាត់ពីព្រះភ័ក្ត្រព្រះអង្គទៅ ឥតមានសល់អ្វីឡើយ។
ឱព្រះអម្ចាស់អើយ កាលព្រះអង្គយាងចាកចេញពីស្រុកសៀរ កាលព្រះអង្គយាងមកពីស្រុកអេដុម នោះផែនដីបានរញ្ជួយ មេឃក៏ប្រែជាខ្មៅងងឹត ពពកក៏បង្អុរភ្លៀងចុះមកយ៉ាងខ្លាំង។
យុវជនដាវីឌសួរទាហានដែលនៅជិតខ្លួនថា៖ «តើអ្នកដែលសម្លាប់ជនភីលីស្ទីននោះ ហើយលុបលាងការអាម៉ាស់របស់អ៊ីស្រាអែល នឹងទទួលរង្វាន់អ្វី? ជនភីលីស្ទីនជាសាសន៍មិនកាត់ស្បែកនេះជានរណា បានជាហ៊ានបំបាក់មុខពលទ័ពរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅដូច្នេះ?»។
ជនភីលីស្ទីន ជាសាសន៍មិនកាត់ស្បែកនេះ នឹងត្រូវស្លាប់ដូចតោ ឬខ្លាឃ្មុំ ដែលទូលបង្គំបានសម្លាប់នោះជាមិនខាន ដ្បិតវាបំបាក់មុខកងទ័ពរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ»។