គឺព្រះអង្គឃ្លាំមើលទូលបង្គំ ក្រែងលោទូលបង្គំប្រព្រឹត្តអំពើបាប ហើយព្រះអង្គមិនព្រមលើកលែងទោស ឲ្យទូលបង្គំទាល់តែសោះ។
ទំនុកតម្កើង 90:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គយកកំហុសរបស់យើងខ្ញុំ មកលាតត្រដាងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ហើយពន្លឺរបស់ព្រះអង្គ ចាំងឲ្យឃើញអំពើទាំងប៉ុន្មាន ដែលយើងខ្ញុំប្រព្រឹត្តដោយលាក់កំបាំង។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានដាក់អំពើទុច្ចរិតរបស់យើងខ្ញុំនៅចំពោះព្រះអង្គ ក៏បានដាក់អំពើលាក់កំបាំងរបស់យើងខ្ញុំនៅក្នុងពន្លឺនៃព្រះភក្ត្ររបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានដាក់អំពើទុច្ចរិតរបស់យើងខ្ញុំ នៅចំពោះព្រះអង្គ ហើយដាក់អំពើបាបដែលយើងខ្ញុំប្រព្រឹត្ត ដោយលាក់កំបាំង ឲ្យនៅក្នុងពន្លឺនៃព្រះភក្ត្រព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានដាក់អស់ទាំងអំពើទុច្ចរិត របស់យើងខ្ញុំនៅចំពោះទ្រង់ ព្រមទាំងអំពើបាបដែលយើងខ្ញុំប្រព្រឹត្តដោយលាក់កំបាំង ឲ្យនៅក្នុងពន្លឺនៃព្រះភក្ត្រទ្រង់ផង អាល់គីតាប ទ្រង់យកកំហុសរបស់យើងខ្ញុំ មកលាតត្រដាងនៅចំពោះទ្រង់ ហើយពន្លឺរបស់ទ្រង់ ចាំងឲ្យឃើញអំពើទាំងប៉ុន្មាន ដែលយើងខ្ញុំប្រព្រឹត្តដោយលាក់កំបាំង។ |
គឺព្រះអង្គឃ្លាំមើលទូលបង្គំ ក្រែងលោទូលបង្គំប្រព្រឹត្តអំពើបាប ហើយព្រះអង្គមិនព្រមលើកលែងទោស ឲ្យទូលបង្គំទាល់តែសោះ។
មនុស្សពាលគិតក្នុងចិត្តថា «ព្រះជាម្ចាស់មិនចាប់អារម្មណ៍ទេ! ព្រះអង្គបិទព្រះនេត្រ ទ្រង់មិនទតមើលទាល់តែសោះ!»។
សូមព្រះអម្ចាស់ចងចាំនូវអំពើបាបរបស់ពួកគេជានិច្ច ពេលពួកគេស្លាប់ សូមព្រះអង្គធ្វើ កុំឲ្យមាននរណានឹកនាដល់ពួកគេឡើយ!
គ្មាននរណាម្នាក់អាចមើលឃើញកំហុស ដែលខ្លួនប្រព្រឹត្តដោយ អចេតនានោះបានឡើយ សូមលើកលែងទោសឲ្យទូលបង្គំ នូវកំហុសណាដែលទូលបង្គំមើល មិនឃើញនោះផង។
អ្នកបានប្រព្រឹត្តអំពើទាំងនេះ តើឲ្យយើងនៅស្ងៀមម្ដេចកើត? អ្នកស្មានថាយើងដូចអ្នកដែរឬ? ប៉ុន្តែ យើងថ្កោលទោស ហើយបង្ហាញ ឲ្យអ្នកឃើញកំហុសទាំងនេះផ្ទាល់នឹងភ្នែក។
សូមឲ្យខ្មាំងសត្រូវដែលបានដុតបំផ្លាញ និងកាប់ឆ្ការចម្ការទំពាំងបាយជូរនេះ ត្រូវវិនាសសូន្យទៅ នៅពេលព្រះអង្គគំរាមកំហែងពួកគេ។
អ្វីៗដែលមនុស្សលោកប្រព្រឹត្ត ព្រះអម្ចាស់ជ្រាបទាំងអស់ ព្រះអង្គទតឃើញកិរិយាមារយាទរបស់គេ។
ព្រះជាម្ចាស់នឹងវិនិច្ឆ័យកិច្ចការទាំងប៉ុន្មានដែលមនុស្សធ្វើ ទោះបីជាអំពើដែលគេធ្វើដោយលាក់កំបាំង ហើយជាការល្អ ឬអាក្រក់ក្ដី។
យើងមើលឃើញអំពើទាំងប៉ុន្មានដែលប្រជាជននេះប្រព្រឹត្ត ឥតចន្លោះត្រង់ណាឡើយ អំពើអាក្រក់របស់ពួកគេមិនអាចលាក់កំបាំងនឹងភ្នែកយើងទេ។
ទោះបីអ្នកយកមេសាប៊ូដ៏ច្រើន មកលាងសម្អាត និងជម្រះខ្លួនក្ដី ក៏កំហុសរបស់អ្នកនៅជាប់ដូចក្អែលកាន់ ចំពោះមុខយើងជានិច្ច - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
គ្មាននរណាម្នាក់ពួននៅកន្លែងមួយ ហើយយើងមើលមិនឃើញនោះទេ ដ្បិតយើងស្ថិតនៅពាសពេញលើផ្ទៃមេឃ និងនៅលើផែនដី» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ តើអ្នកឃើញអំពើដែលព្រឹទ្ធាចារ្យរបស់ពូជពង្សអ៊ីស្រាអែលធ្វើនៅទីងងឹតឬទេ? នៅក្នុងបន្ទប់ ម្នាក់ៗថ្វាយបង្គំរូបព្រះរបស់ខ្លួន។ ពួកគេពោលថា “ព្រះអម្ចាស់មើលយើងពុំឃើញទេ! ព្រះអម្ចាស់បោះបង់ចោលស្រុកនេះហើយ”»។
នៅពេលគាត់ដឹងពីកំហុសរបស់ខ្លួនហើយ នោះគាត់ត្រូវយកពពែឈ្មោលមួយល្អឥតខ្ចោះ មកថ្វាយព្រះអម្ចាស់។
នៅពេលគាត់ដឹងពីកំហុសរបស់ខ្លួនហើយ នោះគាត់ត្រូវយកពពែញីមួយល្អឥតខ្ចោះ មកថ្វាយព្រះអម្ចាស់ ដើម្បីសូមឲ្យរួចពីបាប។
ការនេះនឹងលេចមកឲ្យឃើញច្បាស់ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក គឺព្រះអង្គនឹងវិនិច្ឆ័យ តាមរយៈព្រះគ្រិស្តយេស៊ូ នូវអំពើដែលគេប្រព្រឹត្តដោយលាក់កំបាំង ស្របតាមដំណឹងល្អ*ដែលខ្ញុំផ្សព្វផ្សាយ។
ហេតុនេះ សូមបងប្អូនកុំវិនិច្ឆ័យទោសនរណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន គឺព្រះអង្គនឹងយកអ្វីៗដែលមនុស្សបង្កប់ទុកក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយព្រះអង្គនឹងបង្ហាញបំណងដែលលាក់ទុកក្នុងចិត្តមនុស្ស។ នៅពេលនោះ ព្រះជាម្ចាស់នឹងសរសើរមនុស្សម្នាក់ៗទៅតាមការដែលខ្លួនបានប្រព្រឹត្ត។
ហេតុនេះ ប្រសិនបើចិត្តគំនិតរបស់យើងដាក់ទោសយើង នោះព្រះជាម្ចាស់ដែលធំជាងចិត្តរបស់យើង ព្រះអង្គឈ្វេងយល់ទាំងអស់។
ខ្ញុំក៏ឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច ឈរនៅមុខបល្ល័ង្ក ហើយមានក្រាំងជាច្រើនបើកជាស្រេច មានក្រាំងមួយទៀតបើកដែរ គឺក្រាំងនៃបញ្ជីជីវិត។ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក ទ្រង់វិនិច្ឆ័យទោសមនុស្សស្លាប់ទាំងអស់ តាមអំពើដែលគេបានប្រព្រឹត្ត ដូចមានកត់ត្រាទុកក្នុងក្រាំងទាំងនោះស្រាប់។