ទំនុកតម្កើង 31:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលទូលបង្គំខ្វល់ខ្វាយ ទូលបង្គំស្មានថា ព្រះអង្គបានបណ្តេញទូលបង្គំ ចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គហើយ ប៉ុន្តែ ពេលទូលបង្គំស្រែករកព្រះអង្គ ទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់ទូលបង្គំ។ ព្រះគម្ពីរខ្មែរសាកល ចំណែកឯទូលបង្គំវិញ ទូលបង្គំបានទូលទាំងភ័យស្លន់ថា៖ “ទូលបង្គំត្រូវបានកាត់ចេញពីចំពោះព្រះនេត្ររបស់ព្រះអង្គហើយ!” ប៉ុន្តែនៅពេលទូលបង្គំស្រែករកជំនួយពីព្រះអង្គ ព្រះអង្គបានសណ្ដាប់សំឡេងនៃពាក្យអង្វរកររបស់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំបានពោលទាំងភ័យស្លន់ថា «ទូលបង្គំត្រូវកាត់ចេញពីព្រះនេត្រ របស់ព្រះអង្គហើយ»។ ប៉ុន្តែ ពេលទូលបង្គំស្រែករកព្រះអង្គជួយ ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វរ របស់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទូលបង្គំ បាននិយាយដោយប្រញាប់ពេកថា ទូលបង្គំត្រូវកាត់ចេញពីចំពោះព្រះនេត្រទ្រង់ហើយ ប៉ុន្តែទ្រង់បានឮសំឡេងដែលទូលបង្គំទូលអង្វរ ក្នុងកាលដែលអំពាវនាវដល់ទ្រង់ អាល់គីតាប ពេលខ្ញុំខ្វល់ខ្វាយ ខ្ញុំស្មានថា ទ្រង់បានបណ្តេញខ្ញុំ ចេញឆ្ងាយពីទ្រង់ហើយ ប៉ុន្តែ ពេលខ្ញុំស្រែករកទ្រង់ ទ្រង់ស្តាប់ពាក្យអង្វររបស់ខ្ញុំ។ |
ពេលខ្ញុំមានភ័យអាសន្ន ខ្ញុំពោលឡើងថា យើងមិនអាចទុកចិត្តលើមនុស្ស ណាម្នាក់បានឡើយ ។
ព្រះអង្គតែងតែសង្គ្រោះអស់អ្នក ដែលមកជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ ឲ្យរួចពីពួកអ្នកសង្កត់សង្កិនគេ ដូច្នេះ សូមសម្តែងព្រះហឫទ័យសប្បុរសដ៏អស្ចារ្យរបស់ព្រះអង្គផង។
ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គ! សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយ តែឲ្យពួកមនុស្សពាលត្រូវអាម៉ាស់មុខវិញ គឺឲ្យពួកគេបិទមាត់ ធ្លាក់ទៅស្ថានមនុស្សស្លាប់ទៅ!។
ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យ ទទូចអង្វររបស់ខ្ញុំ ព្រះអម្ចាស់ទទួលពាក្យអធិស្ឋានរបស់ខ្ញុំហើយ។
សូមលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គពុំបាន បដិសេធពាក្យទូលអង្វររបស់ខ្ញុំទេ ហើយព្រះអង្គមានព្រះហឫទ័យ មេត្តាករុណាចំពោះខ្ញុំជានិច្ច!។
ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គ សង្កត់មកលើទូលបង្គំ ព្រះអង្គធ្វើឲ្យទូលបង្គំ ភ័យតក់ស្លុតបាត់ស្មារតី។
ក្រុងស៊ីយ៉ូនតែងពោលថា ព្រះអម្ចាស់បានបោះបង់ខ្ញុំចោល ព្រះអម្ចាស់ភ្លេចខ្ញុំហើយ!។
ពេលនោះ ខ្ញុំលាន់មាត់ថា៖ «ស្លាប់ខ្ញុំហើយ! ខ្ញុំពិតជាត្រូវវិនាស ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនបរិសុទ្ធ* ហើយខ្ញុំក៏រស់នៅកណ្ដាលចំណោមប្រជាជនដែលមានបបូរមាត់មិនបរិសុទ្ធដែរ តែខ្ញុំបានឃើញព្រះមហាក្សត្រ ជាព្រះអម្ចាស់នៃពិភពទាំងមូល»។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ឆ្អឹងទាំងអស់នេះជាពូជពង្សអ៊ីស្រាអែលទាំងមូល។ ពួកគេតែងពោលថា “ឆ្អឹងរបស់យើងស្ងួតហួតហែងអស់ យើងផុតសង្ឃឹមហើយ! យើងវិនាសហើយ!”
ព្រះអង្គបោះទូលបង្គំមកក្នុងបាតសមុទ្រ ដ៏សែនជ្រៅ ទឹកមករួបរឹតជុំវិញខ្លួនប្រាណទូលបង្គំ។ ព្រះអង្គក៏បញ្ជាឲ្យទឹករលកហូរបក់បោក មកលើទូលបង្គំដែរ។
ដ្បិតអ្នកណាសូម អ្នកនោះតែងតែទទួល អ្នកណាស្វែងរកតែងតែឃើញ ហើយគេតែងតែបើកទ្វារឲ្យអ្នកដែលគោះ។
កាលព្រះគ្រិស្តរស់នៅក្នុងលោកនេះនៅឡើយ ព្រះអង្គបានបន្លឺសំឡេងយ៉ាងខ្លាំង និងបង្ហូរទឹកភ្នែក ទូលអង្វរ ទូលសូមព្រះជាម្ចាស់ ដែលអាចសង្គ្រោះព្រះអង្គឲ្យរួចពីស្លាប់។ ដោយព្រះគ្រិស្តបានគោរពប្រណិប័តន៍ព្រះជាម្ចាស់ នោះព្រះជាម្ចាស់ក៏ប្រោសប្រទានតាមពាក្យទូលអង្វរ។
ព្រះបាទសូលដើរតាមជម្រាលភ្នំម្ខាង រីឯលោកដាវីឌ និងពួកលោកដើរតាមជម្រាលភ្នំម្ខាងទៀត។ លោកប្រញាប់ប្រញាល់រត់គេចពីព្រះបាទសូល ប៉ុន្តែ ព្រះបាទសូល និងពលទាហាន បានព័ទ្ធ ហើយបម្រុងនឹងចាប់ខ្លួនពួកលោក។
លោកដាវីឌតបទៅនាងអប៊ីកែលវិញថា៖ «សូមអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលបានចាត់នាងឲ្យមកជួបខ្ញុំ នៅថ្ងៃនេះ។
លោកដាវីឌរិះគិតថា៖ «ថ្ងៃណាមួយ ព្រះបាទសូលមុខជាសម្លាប់ខ្ញុំមិនខាន។ គ្មានផ្លូវណាល្អជាងរត់ភៀសខ្លួនទៅនៅស្រុកភីលីស្ទីនទេ ធ្វើដូច្នេះ ព្រះបាទសូលនឹងបោះបង់ចោលគំនិតដេញតាមចាប់ខ្ញុំ នៅក្នុងទឹកដីអ៊ីស្រាអែលទៀត ហើយខ្ញុំនឹងរួចផុតពីកណ្ដាប់ដៃរបស់ស្ដេច»។