ដើម្បីឲ្យទូលបង្គំឃើញសុភមង្គល របស់ប្រជាជនដែលព្រះអង្គបានជ្រើសរើស ឲ្យទូលបង្គំមានអំណររួមជាមួយ ប្រជាជាតិរបស់ព្រះអង្គ ហើយឲ្យទូលបង្គំបានខ្ពស់មុខ រួមជាមួយប្រជារាស្ដ្ររបស់ព្រះអង្គ។
ដើម្បីឲ្យទូលបង្គំឃើញភាពមានពររបស់អ្នកដែលត្រូវបានជ្រើសរើសរបស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំអរសប្បាយក្នុងអំណរនៃប្រជាជាតិរបស់ព្រះអង្គ និងដើម្បីឲ្យទូលបង្គំអួតជាមួយមរតករបស់ព្រះអង្គ!
ដើម្បីឲ្យទូលបង្គំបានឃើញភាពចម្រុងចម្រើន របស់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស ហើយឲ្យទូលបង្គំបានសប្បាយរីករាយ រួមជាមួយជាតិសាសន៍របស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំបានខ្ពស់មុខ រួមជាមួយមត៌ករបស់ព្រះអង្គ។
ដើម្បីឲ្យទូលបង្គំបានឃើញសេចក្ដីចំរើន នៃពួករើសតាំងរបស់ទ្រង់ ឲ្យទូលបង្គំបានរីករាយ ដោយសេចក្ដីអំណនៃរាស្ត្រទ្រង់ ហើយឲ្យបានអរព្រឺព្រួច ជាមួយនឹងមរដករបស់ទ្រង់។
ដើម្បីឲ្យខ្ញុំឃើញសុភមង្គល របស់ប្រជាជនដែលទ្រង់បានជ្រើសរើស ឲ្យខ្ញុំមានអំណររួមជាមួយ ប្រជាជាតិរបស់ទ្រង់ ហើយឲ្យខ្ញុំបានខ្ពស់មុខ រួមជាមួយប្រជារាស្ដ្ររបស់ទ្រង់។
ក្រុងរបស់យើងខ្ញុំជាក្រុងមួយចង់បានតែសេចក្ដីសុខ និងស្មោះត្រង់ជាងគេ ក្នុងស្រុកអ៊ីស្រាអែល។ រីឯលោកវិញ លោកចង់បំផ្លាញក្រុងនេះ ដែលជាក្រុងដ៏សំខាន់ក្នុងស្រុកអ៊ីស្រាអែល! ហេតុអ្វីបានជាលោកចង់បំផ្លាញក្រុងជាមត៌ករបស់ព្រះអម្ចាស់ដូច្នេះ?»។
អ្នកនោះប្រៀបបាននឹងដើមឈើ ដុះនៅក្បែរផ្លូវទឹក ដែលផ្ដល់ផលផ្លែតាមរដូវកាល ហើយមានស្លឹកមិនចេះស្លោកស្រពោន អ្វីៗដែលគាត់ធ្វើសុទ្ធតែបានចម្រុងចម្រើនទាំងអស់។
ព្រះអង្គបាននាំប្រជារាស្ត្ររបស់ព្រះអង្គ ចេញមកដោយអំណរសប្បាយ ព្រះអង្គបាននាំប្រជាជនដែលទ្រង់ បានជ្រើសរើសចេញមកដោយហ៊ោកញ្ជ្រៀវ។
អ្នករាល់គ្នាជាពូជពង្សរបស់លោកអប្រាហាំ ដែលជាអ្នកបម្រើរបស់ព្រះអង្គ អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុប ដែលព្រះអង្គបានជ្រើសរើសអើយ
មនុស្សសុចរិតនឹងនាំគ្នាស្រែកហ៊ោ នៅក្នុងជំរំរបស់ខ្លួន ព្រោះតែមានជ័យជម្នះ ព្រះអម្ចាស់សម្តែងព្រះបារមីប្រកប ដោយឫទ្ធានុភាព!
សូមឲ្យអ៊ីស្រាអែលបានទទួល ការសង្គ្រោះពីក្រុងស៊ីយ៉ូន។ នៅពេលដែលព្រះអម្ចាស់នាំប្រជាជនរបស់ព្រះអង្គ ឲ្យងើបមុខឡើងវិញ ពូជរបស់លោកយ៉ាកុបនឹងត្រេកអរសប្បាយ ពូជរបស់លោកអ៊ីស្រាអែលនឹងមានអំណរ លើសលុប»។
សូមឲ្យអ្នកក្រុងស៊ីយ៉ូនបានរីករាយឡើង សូមឲ្យអ្នកស្រុកយូដាបានរីករាយជាខ្លាំង ដ្បិតព្រះអង្គវិនិច្ឆ័យប្រកបដោយយុត្តិធម៌។
អ្នកក្រុងស៊ីយ៉ូនអើយ ចូរនាំគ្នាបន្លឺសំឡេងជយឃោសដោយអំណរ! ដ្បិតព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ដែលគង់នៅកណ្ដាលចំណោមអ្នករាល់គ្នា ទ្រង់ឧត្ដុង្គឧត្ដម!
ពួកឈ្លើយសឹកដែលព្រះអម្ចាស់បានរំដោះ នឹងដើរត្រឡប់មកស្រុកវិញ ពួកគេមកដល់ក្រុងស៊ីយ៉ូន ដោយស្រែកហ៊ោយ៉ាងសប្បាយ។ ទឹកមុខរបស់ពួកគេពោរពេញទៅដោយអំណរ រកអ្វីប្រៀបស្មើពុំបាន ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសម្រែកយំថ្ងូរ លែងមានទៀតហើយ។
ពូជពង្សអ៊ីស្រាអែលទាំងមូលនឹងបានសុចរិត ហើយខ្ពស់មុខដោយសារព្រះអម្ចាស់។
អស់អ្នកដែលស្រឡាញ់ក្រុងយេរូសាឡឹមអើយ ចូរសប្បាយរួមជាមួយក្រុងនេះចុះ ចូរត្រេកអររីករាយយ៉ាងខ្លាំង! អស់អ្នកដែលកាន់ទុក្ខអាណិត ក្រុងយេរូសាឡឹមអើយ ចូរសប្បាយរីករាយ រួមជាមួយក្រុងនេះដែរ។
អ្នករាល់គ្នាជាប្រជាជននៅក្រុងស៊ីយ៉ូនអើយ ចូរអរសប្បាយរីករាយឡើង ដ្បិតព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ប្រទានទឹកភ្លៀងមកសង្គ្រោះអ្នករាល់គ្នាហើយ! ព្រះអង្គបង្អុរភ្លៀងមកឲ្យអ្នករាល់គ្នា តាំងពីដើមរដូវរហូតដល់ចុងរដូវ ដូចកាលពីមុនដែរ។
ក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងដោយអំណរ! ជនជាតិអ៊ីស្រាអែលអើយ ចូរនាំគ្នាស្រែកជយឃោស! ក្រុងយេរូសាឡឹមអើយ ចូរមានអំណរសប្បាយ! ចូររីករាយយ៉ាងខ្លាំង!
ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរមានអំណររីករាយដ៏ខ្លាំងឡើង ប្រជាជនក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោយ៉ាងសប្បាយ មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នក យាងមករកអ្នកហើយ ព្រះអង្គសុចរិត ព្រះអង្គនាំការសង្គ្រោះមក ព្រះអង្គមានព្រះហឫទ័យស្លូតបូត ព្រះអង្គគង់នៅលើខ្នងលា គឺព្រះអង្គគង់នៅលើខ្នងកូនលា។
មិនមែនអ្នករាល់គ្នាទេដែលបានជ្រើសរើសខ្ញុំ គឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា ហើយបានតែងតាំងអ្នករាល់គ្នាឲ្យទៅ និងបង្កើតផល ព្រមទាំងឲ្យផលរបស់អ្នករាល់គ្នានៅស្ថិតស្ថេរ។ ដូច្នេះ អ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាពុំខាន។
អ្នករាល់គ្នាក៏ដូច្នោះដែរ ឥឡូវនេះ អ្នករាល់គ្នាព្រួយចិត្ត ប៉ុន្តែ ខ្ញុំនឹងជួបអ្នករាល់គ្នាសាជាថ្មី អ្នករាល់គ្នានឹងសប្បាយចិត្ត ហើយគ្មាននរណាដកយកអំណរសប្បាយចេញពីចិត្តអ្នករាល់គ្នាឡើយ។
ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់វិញថា៖ «អញ្ជើញទៅចុះ! ដ្បិតខ្ញុំជ្រើសរើសបុរសនេះ ដើម្បីប្រើគាត់ឲ្យទៅប្រាប់ប្រជាជាតិ និងស្ដេចនានា ព្រមទាំងប្រាប់ជនជាតិអ៊ីស្រាអែលឲ្យស្គាល់ឈ្មោះខ្ញុំ។
សូមព្រះបិតាបំភ្លឺចិត្តគំនិតបងប្អូនឲ្យយល់ថា ដោយព្រះអង្គត្រាស់ហៅបងប្អូន បងប្អូនមានសេចក្ដីសង្ឃឹមយ៉ាងណា និងយល់ថា ដោយបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធ* បងប្អូននឹងមានសិរីរុងរឿងដ៏ប្រសើរលើសលុបយ៉ាងណាដែរ!។
ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រិស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានវិសុទ្ធ* និងឥតសៅហ្មងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង ។
ព្រះអម្ចាស់បានជ្រើសរើសអ៊ីស្រាអែល ទុកជាប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គជ្រើសរើសកូនចៅលោកយ៉ាកុប ទុកជាចំណែកមត៌ករបស់ព្រះអង្គផ្ទាល់។
ព្រះអម្ចាស់ ជាព្រះរបស់អ្នក ចាត់ទុកអ្នកជាប្រជាជនដ៏វិសុទ្ធ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសអ្នកពីក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី ឲ្យធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់»។
ដ្បិតយើងឯណេះវិញទេដែលជាអ្នកកាត់ស្បែកពិតប្រាកដ គឺយើងរាល់គ្នាដែលជាអ្នកគោរពថ្វាយបង្គំព្រះជាម្ចាស់ តាមព្រះវិញ្ញាណ យើងអួតអាងលើព្រះគ្រិស្ត*យេស៊ូ យើងមិនពឹងផ្អែកលើលោកីយ៍ទេ។
ចំពោះយើងវិញ បងប្អូនដ៏ជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់អំពីបងប្អូនជានិច្ច ដ្បិតព្រះជាម្ចាស់បានជ្រើសរើសបងប្អូន ឲ្យទទួលការសង្គ្រោះមុនគេ ដោយព្រះវិញ្ញាណប្រោសបងប្អូនឲ្យបានវិសុទ្ធ* និងដោយបងប្អូនមានជំនឿលើសេចក្ដីពិត។
បងប្អូនជាទីស្រឡាញ់អើយ សូមស្ដាប់ខ្ញុំ ព្រះជាម្ចាស់បានជ្រើសរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានផ្នែកខាងជំនឿ និងឲ្យទទួលព្រះរាជ្យ*ដែលព្រះអង្គបានសន្យាថាប្រទានឲ្យអស់អ្នកស្រឡាញ់ព្រះអង្គ ទុកជាមត៌ក។
រីឯបងប្អូនវិញបងប្អូនជាពូជសាសន៍ដែលព្រះអង្គបានជ្រើសរើស ជាក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រ ជាជាតិសាសន៍ដ៏វិសុទ្ធ ជាប្រជារាស្ដ្រដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ ដើម្បីឲ្យបងប្អូនប្រកាសដំណឹងអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ដែលបានហៅបងប្អូនឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ព្រះអង្គ។
ស្ដេចទាំងដប់នឹងនាំគ្នាធ្វើសឹកជាមួយកូនចៀម តែកូនចៀមនឹងឈ្នះស្ដេចទាំងដប់ ដ្បិតព្រះអង្គជាព្រះអម្ចាស់លើអម្ចាស់នានា និងជាព្រះមហាក្សត្រលើមហាក្សត្រនានា។ រីឯអស់អ្នកដែលនៅជាមួយកូនចៀម គឺអ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ និងបានជ្រើសរើស ហើយដែលមានជំនឿដ៏ស្មោះ ក៏នឹងមានជ័យជម្នះរួមជាមួយកូនចៀមដែរ»។